អាស៊ានជំរុញរាល់អាទិភាព លើកកម្ពស់តម្លៃនិងតួនាទីជាមជ្ឈភាព

Chia sẻ

(VOVWORLD) - ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃនេះ (២៦ តុលា) បានចាប់ផ្តើមចូលរួមបណ្តាកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូ  កិច្ចប្រជុំកំពូលអាស៊ាន+៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)។ ជំងឺរាតត្បាត កូវីដ-១៩ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងចំណោមប្រទេសធំៗ កំពុងបង្កបញ្ហាប្រឈមជាច្រើនដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប៉ុន្តែ នេះក៏ជាឱកាសសម្រាប់អាស៊ានដើម្បីជំរុញរាល់អាទិភាព លើកកម្ពស់តម្លៃនិងតួនាទីជាមជ្ឈភាពរបស់អង្គការប្រចាំតំបន់នេះ។

អាស៊ានជំរុញរាល់អាទិភាព លើកកម្ពស់តម្លៃនិងតួនាទីជាមជ្ឈភាព - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញពិភាក្សាជាមួយសមាជិកនៃគណៈប្រតិភូវៀតណាមដែលចូលរួមកិច្ចប្រជុំ (រូបថត៖ VGP/Nhat Bac)

កិច្ចប្រជុំជាបន្តបន្ទាប់លើកនេះ បន្តដាក់អាស៊ានជាចំណុចកណ្តាលនៃរបៀបវារៈដ៏សំខាន់បំផុតនៅក្នុងតំបន់។ ពីស្ថានភាពនៅមីយ៉ាន់ម៉ា ឧបទ្វីបកូរ៉េ សមុទ្រខាងកើត រហូតទៅដល់ផែនការដោះស្រាយវិបត្តិកូវីដ ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការលើកកម្ពស់សម្លេងរួមក្នុងបរិបទពោរពេញទៅដោយបញ្ហាប្រឈម

កិច្ចប្រជុំលើកនេះបានប្រារព្ធធ្វើឡើងក្នុងពេលវេលាដ៏ពិសេសមួយ។ អាស៊ានប្រឈមមុខនឹងបញ្ហាជាច្រើន អាចនិយាយបានថា គឺជួបប្រទះនឹងការលំបាកខ្លាំង ទាំងការផ្ទុះនិងឆ្លងរាលដាលរបស់វីរុសបម្លែងថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ ដែលជះឥទ្ធិពលយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ។ បញ្ហាផលិតវ៉ាក់សាំងឱ្យបានគ្រប់គ្រាន់សម្រាប់ចែកចាយស្មើៗគ្នា ក៏ជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់តំបន់ផងដែរ ពីព្រោះ រហូតមកដល់ពេលនេះ អាស៊ាននៅតែមិនទាន់មានប្រភពផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ ខណៈដែលមិនមានថ្នាំសម្រាប់ព្យាបាលជំងឺនេះទាល់តែសោះ។

ទាក់ទងនឹងការស្តារសេដ្ឋកិច្ចវិញ អាស៊ានឥឡូវបានយល់ព្រមបង្កើតច្រករបៀងធ្វើដំណើរសម្រាប់ពាណិជ្ជករនិងប្រជាជន។ ប៉ុន្តែ នេះក៏ជាបញ្ហាប្រឈមដ៏ធំមួយ ក្នុងការគ្រប់គ្រងជំងឺរាតត្បាត ខណៈដែលប្រទេសនានាកំពុងបន្ធូរបន្ថយវិធានការមួយចំនួន ដើម្បីអនុញ្ញាតឱ្យមានការធ្វើដំណើរ។ ទន្ទឹមនឹងនោះគឺជាបញ្ហាប្រឈមដូចជា គ្រោះមហន្តរាយធម្មជាតិ សន្តិសុខក្នុងតំបន់ ជាពិសេសការប្រកួតប្រជែងរវាងមហាអំណាច។

ក្នុងបរិបទនោះ នៅកិច្ចប្រជុំទាំងនេះ អាស៊ានបានបន្តលើកកំពស់សាមគ្គីភាព ពង្រីកកម្លាំងផ្ទៃក្នុង ស្របតាមរបៀបរៀបចំការងាររបស់អាស៊ាន ជាពិសេសការពារគោលការណ៍ឯកភាព និងគោលការណ៍ផ្សេងទៀត ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។ ទន្ទឹមនឹងនោះ ត្រូវសាមគ្គីគ្នា រក្សាតួនាទីជាមជ្ឈភាពរបស់អាស៊ាន លើកកម្ពស់តួនាទីរបស់បណ្តាយន្តការដឹកនាំដោយអាស៊ាន ហើយទន្ទឹមនឹងនោះ ធានាឱ្យមានសម្លេងរួម និងវិធីសាស្រ្តប្រកបដោយតុល្យភាពក្នុងទំនាក់ទំនងជាមួយដៃគូ។

បញ្ជាក់ពីតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងកិច្ចការតំបន់និងពិភពលោក

ទន្ទឹមនឹងការផ្តោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ កិច្ចប្រជុំលើកនេះក៏ជាឱកាសសម្រាប់អាស៊ានក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយដៃគូនានានៅក្រៅតំបន់ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងរុស្ស៊ី; រក្សាតួនាទីស្នូលរបស់អាស៊ានក្នុងយន្តការសហប្រតិបត្តិការដែលផ្តួចផ្តើមដោយអាស៊ាន ដូចជា អាស៊ាន+៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)។

ក្នុងរយៈពេលកន្លងមក អាស៊ានតែងតែរក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយដៃគូក្នុងបរិបទដែលដៃគូជាច្រើនបង្ហាញបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន លើកទឹកចិត្តដៃគូគាំទ្រអាស៊ានក្នុងការគ្រប់គ្រងនិងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ ទាំងនេះរួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសជាមួយចិនក្នុងខែមិថុនា ឆ្នាំ ២០២១, ជាមួយរុស្ស៊ីក្នុងខែកក្កដា ឆ្នាំ ២០២១ ជាមួយសហរដ្ឋអាមេរិកក្នុងខែកក្កដា ឆ្នាំ ២០២១។ អាស៊ានក៏បានឈានដល់កិច្ចព្រមព្រៀងស្តីពីការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-G7 នៅខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ គួរកត់សម្គាល់ថា អាស៊ានបានទទួលស្គាល់ចក្រភពអង់គ្លេសជាដៃគូសន្ទនាទី ១១ របស់អាស៊ានផងដែរ។

នៅចំពោះមុខស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា អាស៊ានបានចាត់វិធានការយ៉ាងរហ័ស និងទាន់ពេលវេលា ជាពិសេសការអនុម័ត និងអនុវត្តន៍ការឯកភាព ៥ ចំណុចស្តីពីមីយ៉ាន់ម៉ាក្នុងខែមេសា ឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ សមុទ្រខាងកើតនៅតែបន្តជាប្រធានបទ ដែលត្រូវបានបណ្តាប្រទេសអាស៊ាននិងដៃគូផ្តោតការយកចិត្តទុកដាក់ពិសេស និងបានលើកយកមកពិភាក្សាយ៉ាងទូលំទូលាយ។ ជាមួយគ្នានោះ អាស៊ានតែងតែរក្សានូវទស្សនៈលើកតម្កើងតម្លៃនៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត; អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) នាពេលឆាប់ៗខាងមុខនេះ សម្រេចបាននូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតប្រកបដោយមានប្រសិទ្ធភាព និងជាក់ស្តែងនៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ។

ការអភិវឌ្ឍទាំងនេះ បន្តបង្ហាញពីតួនាទីកាន់តែច្បាស់របស់អាស៊ានក្នុងរចនាសម្ព័ន្ធក្នុងតំបន់។ ប្រទេសទាំងអស់សុទ្ធតែមានការយកចិត្តទុកដាក់និងអាទិភាពរៀងៗខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងនោះមានទាំងជម្លោះដែលអាចកើតមាន ឡើងនិងទស្សនៈមិនចុះសម្រុងគ្នា។ កិច្ចប្រជុំកំពូលអាស៊ាននេះគឺជាឱកាសមួយសម្រាប់អាស៊ានដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះកង្វល់របស់ប្រទេសនីមួយៗ ដើម្បីប្រែក្លាយទៅជាផ្នែកមួយនៃការអភិវឌ្ឍរួមរបស់តំបន់ទាំងមូល ជំរុញរាល់អាទិភាពនិងលើកកម្ពស់តម្លៃ តួនាទីជាមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ