ថ្នាក់ដឹកនាំអឺរ់ុបអញ្ជើញចូលរួមកិច្ចប្រជុំដោយផ្ទាល់លើកដំបូងក្រោយពីការផ្ទុះជម្ងឺ Covid-19។ (រូបថត៖ Reuters) |
ក្រោយរយៈពេល៤ថ្ងៃធ្វើការចរចាមក កិច្ចប្រជុំកំពូលដោយផ្ទាល់លើក ដំបូងរបស់សហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចសែលក្រោយពីការផ្ទុះជម្ងឺ Covid-19 ទីបំផុតបានឈានដល់កិច្ចព្រមព្រៀងស្ដីពីមូលនិធិជួយសង្គ្រោះ សេដ្ឋកិច្ចក្រោយជម្ងឺរាតត្បាត។ ប៉ុន្តែ ដើម្បីទទួលបានលទ្ធផលនេះ ថ្នាក់ ដឹកនាំអឺរ៉ុបត្រូវតែអូសបន្លាយរយៈពេលនៃកិច្ចប្រជុំទ្វេដង ជំនួសឲ្យរយៈពេល២ ថ្ងៃតាមការគ្រោងទុកមុននោះ ដោយសារការខ្វែងគំនិតយ៉ាងជ្រាលជ្រៅរវាងប្រទេស សមាជិកនានា។ អ្វីៗដែលបានបន្សល់ទុកនៅ ក្នុងសាធារណៈមតិក្រោយពីកិច្ច ប្រជុំនេះ គឺរូបភាពអឺរ៉ុបមួយបែកបាក់គ្នា និងពោរពេញទៅដោយការខ្វែង គំនិតនៅពេលដោះស្រាយបញ្ហារួមរបស់ប្លុកនេះ។
មូលនិធិជួយសង្គ្រោះសេដ្ឋកិច្ចពោលខាងលើមានតម្លៃរុប៧៥០ពាន់លាន អឺរ៉ូ ដែលត្រូវបានបង្កើតឡើងពីកម្ចីរួមរបស់ EU សំដៅស្ដារខឿនសេដ្ឋកិច្ច របស់សមាជិកនានាឡើងវិញ ក្រោយវិបត្តិជម្ងឺ Covid-19 ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរ បំផុតក្រោយសង្គ្រាមលោកលើកទី២។ ប៉ុន្តែ អឺរ៉ុបបានជួបប្រទះនឹងបញ្ហា ជំពាក់ជំពិនដ៏ធំចំនួន២។ ទីមួយគឺ សមាមាត្ររវាងជំនួយនិងកម្ចីក្នុងកញ្ចប់ទឹកប្រាក់៧៥០ ពាន់លានអឺរ៉ូនោះ។ ទីពីរគឺ យន្តការបែងចែកប្រភពទឹកប្រាក់ប្រកប ដោយលក្ខខ័ណ្ឌ រួមមានសំណូមពរអំពីការកែទម្រង់ ការគោរពគោល ការណ៍ស្ដីពីនីតិរដ្ឋ និងការសន្យាប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។
សារសំខាន់នៃការជួយសង្គ្រោះ
កញ្ចប់ទឹកប្រាក់ជួយសង្គ្រោះសេដ្ឋកិច្ចពោលខាងលើត្រូវបាននាំចេញក្នុង បរិបទដែលប្រទេសសមាជិក EU ទាំងអស់សុទ្ធតែរងការខូចខាតផ្នែកសេដ្ឋ កិច្ចយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិ Covid-19។ យោងតាមការព្យាករណ៍ស្ដីពី កំណើនសេដ្ឋកិច្ចនៅរដូវក្ដៅ ដែលបានប្រកាសដោយគណៈកម្មាធិការអឺរ៉ុប (EC) កាលពីថ្ងៃទី៧ កក្កដា ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ីតាលី នឹងធ្លាក់ចុះ១១,២%ក្នុងឆ្នាំ២០២០ បន្ទាប់មកគឺអេស្ប៉ាញ់ (១០,៩%) និង បារាំង (១០,៦%) ហើយតំបន់ចាយប្រាក់អឺរ៉ូទាំងមូលនឹងធ្លាក់ចុះ៨,៧%ក្នុង ឆ្នាំ២០២០ផងដែរ។
ហេតុដូច្នេះ កញ្ចប់ទឹកប្រាក់ជួយសង្គ្រោះសេដ្ឋកិច្ចចំនួន៧៥០ពាន់លានអឺរ៉ូ មានអត្ថន័យដ៏សំខាន់ណាស់ចំពោះអនាគតរបស់ខឿនសេដ្ឋកិច្ចសមាជិក EU ទាំងឡាយ។ ប្រសិនបើមិនអាចអនុម័តលើកញ្ចប់ទឹកប្រាក់នេះឲ្យបាន ឆាប់ៗនោះទេ គឺសេដ្ឋកិច្ចនៃប្រទេស EU ជាច្រើននឹងត្រូវប្រឈមនឹងហានិភ័យដួល រលំជាពុំខាន។ មុនពេលបើកកិច្ចប្រជុំកំពូល ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាក់ថា ប៉ុន្មានម៉ោងខាងមុខនឹងសម្រេចលើអនាគតទាំង ស្រុងរបស់ EU។
ថ្នាក់ដឹកនាំអឺរ៉ុបជួបប្រទះនឹងការលំបាកជាច្រើនពាក់ព័ន្ធដល់កញ្ចប់ថវិកាជួយសង្គ្រោះសេដ្ឋកិច្ច។ (រូបថត៖ Reuters) |
ការខ្វែងគំនិតកើតមានឡើង
យោងតាមកម្មវិធីបែងចែកកញ្ចប់ទឹកប្រាក់ជួយសង្គ្រោះសេដ្ឋកិច្ច អ៊ីតាលី នឹងទទួលបានទឹកប្រាក់៨១ពាន់លានអឺរ៉ូ អេស្ប៉ាញ់ ៧៧ពាន់លានអឺរ៉ូ បារាំង ៣៩ ពាន់លានអឺរ៉ូ ប៉ូឡួញ ៣៨ ពាន់លានអឺរ៉ូ និងក្រិក ៣២ ពាន់លានអឺរ៉ូ។ ល។
ដូចដែលបានរំពឹងទុក ផែនការនេះបានជួបប្រទះនឹងការប្រឆាំង ជំទាស់យ៉ាងខ្លាំងក្លាពីក្រុមប្រទេសត្បិតត្បៀតដូចជាហូឡង់ អូទ្រីស ស៊ុយ អែត និងដាណឺម៉ាក។ ក្រុមប្រទេសដែលចាយលុយត្បិតត្បៀតទាំង៤នេះ បានសម្ដែងនូវការមិនពេញចិត្តដោយសារផែនការនេះនឹងផ្ដល់អនុគ្រោះ ច្រើនបំផុតដល់អ៊ីតាលីនិងអេស្ប៉ាញ់ ជាប្រទេស២ដែលរងការខូចខាតយ៉ាង ធ្ងន់ធ្ងរបំផុតតែក៏ជាប្រទេសដែលមានវិន័យថវិកាធូរលង់បំផុត។ ហេតុដូច្នេះ ក្រុមប្រទេសពោលខាងលើស្នើឲ្យរក្សាលក្ខខ័ណ្ឌពាក់ព័ន្ធដល់ការបែងចែកទឹកប្រាក់ ក៏ដូចជាកែតម្រូវសមាមាត្ររវាងចំណែកជំនួយឧបត្ថម្ភនិងចំណែកកម្ចី ដែលត្រូវបង់ការប្រាក់។
ជំហរដ៏រឹងមាំរបស់ក្រុមប្រទេសប្រឆាំងជំទាស់បានបណ្ដាលឲ្យភាព តានតឹងក្នុង EU កើនឡើង។ នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានរិះគន់សមភាគីហូឡង់លោក Mark Rutte ដោយត្រង់ៗថា បានវាយ ប្រហារដោយមានចេតនាទៅលើហុងគ្រីពាក់ព័ន្ធដល់បញ្ហានីតិរដ្ឋ។ លោក Orban ក៏បានប្រកាសថា ហុងគ្រីគាំទ្រចំពោះទស្សនៈរបស់អ៊ីតាលីនោះគឺ ត្រូវជួយឧបត្ថម្ភប្រទេសនិងតំបន់ដែលរងការខូចខាតដោយសារជម្ងឺ Covid- 19 យ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារ ព័ត៌មាន នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានទទួលស្គាល់ ថា រឿងនេះស្មុគស្មាញជាងការរំពឹងទុក។ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក៏បានទទួលស្គាល់ដែរថា ការខ្វែងគំនិតរវាងភាគីនានាគឺធំណាស់។
ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 កាលពីខែមីនាឆ្នាំ២០២០ EU ធ្លាប់ បានឯកភាពបិទច្រកទ្វារព្រំដែនក្នុងអំឡុងពេល៣០ថ្ងៃចំពោះអ្នកដែលមិនមែនជាពលរដ្ឋនៃប្លុកនេះ ព្រមទាំងឯកភាពបង្កើត “ខ្សែផ្លូវខៀវ” ដើម្បីធានា ការដឹកជញ្ជូនទំនិញនិងសម្ភារៈបរិក្ខារពេទ្យឲ្យបានរលូន។ ហើយនាសព្វថ្ងៃ នេះ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ EU ក៏បានអនុម័តលើកិច្ចព្រមព្រៀងស្ដីពី កញ្ចប់ទឹកប្រាក់ជួយសង្គ្រោះដ៏សំខាន់ផងដែរ។ ប៉ុន្តែ ចំណងសាមគ្គីភាពក្នុងប្លុក ដែលជាមូលដ្ឋានគ្រឹះនៃសហភាពអឺរ៉ុបនេះ ត្រូវរងផលប៉ះពាល់មិនតូចតាច នោះទេ៕