ដោយមានប្រធានបទ “ប្រគល់អំណាច បរិយាប័ន្ន កំណើន” សប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ឆ្នាំនេះ រួមមានសកម្មភាពជាបន្តបន្ទាប់ ដែលក្នុងនោះការផ្តោតសំខាន់លើកិច្ចប្រជុំជាន់ខ្ពស់ដោយមានការចូលរួមពីប្រមុខ នៃសមាជិកសេដ្ឋកិច្ច APEC ជាច្រើនរូបដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា។
កំណត់តួនាទីរបស់ APEC
ក្រោមប្រធានបទ “ប្រគល់អំណាច បរិយាប័ន្ន កំណើន” ក្នុងឆ្នាំ APEC ២០២៤ ត្រូវបាន ប្រទេសម្ចាស់ផ្ទះប៉េរូ ផ្តោតទៅលើអាទិភាពសំខាន់ៗចំនួនបី រួមមានៈ ពាណិជ្ជកម្មនិងការវិនិយោគសម្រាប់កំណើនប្រកបដោយបរិយាប័ន្ននិងការតភ្ជាប់; នវានុវត្តន៍និងឌីជីថលភាវូបនីយកម្ម ដើម្បីជំរុញការផ្លាស់ប្តូរពីសេដ្ឋកិច្ចក្រៅផ្លូវការ ទៅជាសេដ្ឋកិច្ចផ្លូវការ និងសកល; កំណើនប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍដោយភាពខ្លួនទីពឹងខ្លួន។
ចំណុចស្នូលនៃសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ២០២៤ គឺជាបណ្តាកិច្ចប្រជុំកំពូលដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា រួមទាំងសកម្មភាពសំខាន់ៗដូចជា៖ កិច្ចប្រជុំកំពូល APEC លើកទី ៣១ ផ្តោតការពិភាក្សាលើការផ្លាស់ប្តូរអំពីការជំរុញរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ននិងការអនុវត្តចក្ខុវិស័យ រួមទាំងផែនការសកម្មភាពរបស់ APEC; កិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC និងថ្នាក់ដឹកនាំជាភ្ញៀវកិត្តិយស ស្តីពីការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ APEC និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចអន្តរតំបន់; កិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC និងក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច APEC (ABAC); កិច្ចប្រជុំកំពូលធុរកិច្ច APEC (CEO Summit) ក្រោមប្រធានបទ “ច្រកផ្លូវទៅកាន់ទឹកដីនៃឱកាស”។ ក្រៅពីនោះ មានវគ្គពិភាក្សាសំខាន់ៗមួយចំនួនទៀតក៏ត្រូវបានប្រារព្ធឡើង ដូចជា៖ តួនាទីរបស់សហគ្រាសធុនតូចនិងមធ្យម; ជំរុញការចូលរួមរបស់សហគមន៍ជនជាតិភាគតិចក្នុងដំណើរការអភិវឌ្ឍន៍...។ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែនដីនូវែលហ្សេឡង់ លោក Chris Penk បានឲ្យដឹងថា ក្នុងបរិបទនៃអស្ថិរភាពពាណិជ្ជកម្មដែលកំពុងកើនឡើងនៅលើពិភពលោក APEC កាន់តែមានតួនាទីសំខាន់ជាង។ “APEC គឺជាវេទិកាឈានមុខគេរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ការជំរុញគំនិតផ្តួចផ្តើម សំដៅកែលម្អ និងបង្កើនពាណិជ្ជកម្ម ខណៈដែល APEC នៅតែរក្សាតួនាទីប្រពៃណីរបស់ខ្លួនជាអ្នកបណ្តុះគំនិតផ្តួចផ្តើម។ នេះជាការកោតសរសើរយ៉ាងខ្លាំង ជាពិសេសនៅពេលមានបញ្ហាប្រឈមធំៗ ទាំងក្នុងតំបន់ និងសកលលោក ដែលអាចគំរាមកំហែងដល់បរិយាកាសពាណិជ្ជកម្មសេរី និងថាមវន្ត ដែលយើងចង់លើកទឹកចិត្ត”។
ប្រព្រឹត្តទៅក្នុងបរិបទនៃភូមិសាស្ត្រនយោបាយពិភពលោកដែលបន្តមានភាពស្មុគស្មាញ ដោយសារជម្លោះអូសបន្លាយនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា សប្តាហ៍នៃកិច្ចប្រជុំកំពូល APEC នៅទីក្រុងលីម៉ា ក៏ត្រូវបានរំពឹងថា នឹងជំរុញកិច្ចសន្ទនារវាងមេដឹកនាំជាន់ខ្ពស់ដោយហេតុនេះ បង្កើតឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏សំខាន់ដូចឆ្នាំមុន នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (សហរដ្ឋអាមេរិក) បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសប៉េរូទទួលបន្ទុក APEC លោក Renato Reyes បានឲ្យដឹងថា៖ “APEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដូចជាវេទិកាក្រៅនយោបាយ មិនអនុញ្ញាតឲ្យបញ្ហាភូមិសាស្ត្រនយោបាយជ្រៀតចូលឡើយ។ យ៉ាងណាមិញ ប្រការនេះកំពុងមានការផ្លាស់ប្តូរជាបណ្តើរៗ។ យើងបានឃើញថា ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ការដែល APEC បានឆ្លើយតបទៅនឹងស្ថានភាពថ្មីនេះយ៉ាងដូចម្ត៉េច ហើយខ្ញុំគិតថា នោះក៏ជាចំណុចខ្លាំងថ្មីរបស់ APEC ផងដែរ”។
ប្រធានបទសំខាន់នៅខាងក្រៅកិច្ចប្រជុំកំពូល
ប្រធានបទគួរឱ្យកត់សម្គាល់មួយទៀត ដែលអាចបង្កើតការពិភាក្សាជាច្រើននៅសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC នៅឆ្នាំនេះ ទោះបីជាមិនស្ថិតក្នុងរបៀបវារៈផ្លូវការក៏ដោយ គឺផលប៉ះពាល់នៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលថ្មីៗនេះ លើតម្រូវការពាណិជ្ជកម្មពិភពលោក ជាដំបូងបង្អស់គឺសម្រាប់ពាណិជ្ជកម្មរវាងសេដ្ឋកិច្ចសមាជិក APEC ផ្ទាល់។ យោងតាមអ្នកសង្កេតការណ៍ ការដែលលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ប្រាកដជានឹងបង្ខំឱ្យប្រទេសសេដ្ឋកិច្ច APEC ជាច្រើនត្រូវរៀបចំសេណារីយ៉ូឆ្លើយតប ប្រសិនបើមានការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មពីសហរដ្ឋអាមេរិក ព្រោះក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី លោក Donald Trump បានប្រកាសម្តងហើយម្តងទៀតថា លោកនឹងបង្កើនពន្ធលើការនាំចូលទំនិញទៅសហរដ្ឋអាមេរិកសម្រាប់ដៃគូសេដ្ឋកិច្ចទាំងអស់ កម្រិតទាបបំផុតគឺ ១០% និងខ្ពស់បំផុតអាចឡើងដល់ ៦០% សូម្បីតែ ១០០% សម្រាប់ទំនិញជាក់ស្តែងពីប្រទេសមួយចំនួន។ សេចក្តីប្រកាសទាំងនេះបង្កើនការងឿងឆ្ងល់ចំពោះការដែល តើរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden អាចធ្វើការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាពគ្រប់គ្រាន់ចំពោះអាទិភាពអនាគតរបស់ APEC ដែរឬទេ បើទោះបីជាលោក Joe Biden នឹងចូលរួមដោយផ្ទាល់នៅក្នុងសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC នៅទីក្រុងលីម៉ាក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកអឌ្ឍគោលលោកខាងលិច លោក Brian Nichols បានចាត៉ទុកថា សហរដ្ឋអាមេរិកតែងតែប្តេជ្ញាចិត្តចំពោះ APEC អស់រយៈពេលជាងបីទសវត្សរ៍មកហើយ ហើយនេះទំនងជាមិនផ្លាស់ប្តូរនៅក្រោមរដ្ឋបាលថ្មីនោះទេ។ “ប្រជាជនអាមេរិកបានជ្រើសរើសប្រធានាធិបតីបន្ទាប់ ហើយយើងរង់ចាំរដ្ឋបាលបន្ទាប់ដើម្បីកំណត់គោលនយោបាយ និងគោលដៅផ្ទាល់ខ្លួន ប៉ុន្តែអាមេរិកបានឆ្លងកាត់ប្រធានាធិបតីជាច្រើនជំនាន់ ចាប់តាំងពី APEC កើតចេញមក ហើយយើងបន្តរក្សាការប្តេជ្ញាចិត្តយ៉ាងសកម្មជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកហើយ។ ដូច្នេះហើយ យើងនៅតែមានការរំពឹងចំពោះកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ APEC ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ”។
ក្រៅពីឥទ្ធិពលនៃការផ្លាស់ប្តូររដ្ឋបាលនៅសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការ APEC ព្រឹត្តិការណ៍នៅខាងក្រៅកិច្ចប្រជុំមួយទៀត ដែលទាក់ទាញការយកចិត្តទុកដាក់ខ្លាំងផងដែរ គឺការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរវាងចិននិងបណ្តាប្រទេសនៅអាមេរិកឡាទីន និងជាពិសេសប្រទេសម្ចាស់ផ្ទះប៉េរូ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល APEC ប្រធានាធិបតីចិនលោក ស៊ី ជីនពីង គ្រោងនឹងចូលរួមជាមួយមេដឹកនាំប្រទេសប៉េរូក្នុងពិធីសម្ពោធកំពង់ផែរទឹកជ្រៅ Chancay ដែលមានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីរដ្ឋធានីលីម៉ា។ នេះគឺជាកំពង់ផែទឹកជ្រៅដ៏ធំបំផុតនៅអាមេរិកខាងត្បូង ដែលសាងសង់ដោយក្រុមហ៊ុន Cosco Group របស់ប្រទេសចិនក្នុងការចំណាយរហូតដល់ ៣,៥ ពាន់លានដុល្លារអាមេរិក។ នៅពេលដាក់ឱ្យដំណើរការ កំពង់ផែនេះត្រូវបានរំពឹងថានឹងក្លាយទៅជាកំពង់ផែកណ្តាលនៃទ្វីបអាមេរិកខាងត្បូងក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ីដោយកាត់បន្ថយពេលវេលាដឹកជញ្ជូនពាក់កណ្តាលដោយសមុទ្រពីអាមេរិកខាងត្បូងទៅអាស៊ីបូព៌ា (ពី ៤០ ថ្ងៃ ចុះត្រឹម ២០ ថ្ងៃ) ដោយសារតែ មិនចាំបាច់ធ្វើដំណើរវាលឡើងខាងជើងតាមប្រឡាយប៉ាណាម៉ាទេ៕