នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងភរិយា។ (រូបថត៖ baoquocte.vn) |
នេះជាលើកទីមួយហើយដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូល G20 ទោះបីជាវៀតណាមមិនកាន់តំណែងជាប្រធានប្តូរវេននៃវេទិកាពហុភាគីណាមួយក៏ដោយ។ ប្រការនេះមិនត្រឹមតែបញ្ជាក់ពីតួនាទី និងឋានៈកាន់តែខ្ពស់របស់វៀតណាមលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិក G20 ទៀតផង។
កិច្ចប្រជុំកំពូល G20 លើកនេះមានប្រធានបទ "កសាងពិភពលោកមួយប្រកបដោយសមធម៌ និងភពផែនដីមួយប្រកបដោយនិរន្តរភាព"។ ក្រៅពីសមាជិក G20 ជាផ្លូវការ កិច្ចប្រជុំកំពូលឆ្នាំនេះក៏មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសភ្ញៀវចំនួន ១៩ និងមេដឹកនាំនៃអង្គការអន្តរជាតិសំខាន់ៗចំនួន ១៥ ទៀតផង។
ការរួមចំណែកប្រកបដោយទំនួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមសកល
យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Thanh Binh ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រី មានសារៈសំខាន់ក្នុងទិដ្ឋភាពជាច្រើន។ ទី១ គឺលើកកម្ពស់ឋានៈរបស់វៀតណាមនៅ G20។ នេះជាលើកដំបូងដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូល G20 ទោះបីជាវៀតណាមមិនកាន់តំណែងជាប្រធានប្ដូរវេននៃវេទិកាពហុភាគីណាមួយក៏ដោយ (ពីមុនវៀតណាមធ្លាប់ត្រូវបានអញ្ជើញឱ្យចូលរួម G20 នៅពេលធ្វើជាប្រធាន APEC ឆ្នាំ ២០១៧ អាស៊ាន ឆ្នាំ ២០១០ និង ឆ្នាំ២០២០)។ ប្រការនេះបង្ហាញថា សហគមន៍អន្តរជាតិ រួមទាំងប្រទេសម្ចាស់ផ្ទះប្រេស៊ីល កាន់តែគោរពតួនាទីនៃសេដ្ឋកិច្ចវៀតណាមក្នុងសេដ្ឋកិច្ចពិភពលោក ក៏ដូចជាឥទ្ធិពល និងការចូលរួមចំណែករបស់វៀតណាមក្នុងយន្តការពហុភាគីសកលនានាផងដែរ។
ទីពីរ ដំណើរទស្សនកិច្ចបានអះអាងនូវការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់
វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល; ពង្រីកគុណសម្បត្តិរបស់វៀតណាមក្នុងខ្លឹមសារដែលខ្លួនមានប្រៀបខ្លាំងនិងបទពិសោធន៍។ នៅក្នុងកិច្ចប្រជុំ G20 ក្នុងឋានៈជាភ្ញៀវ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងថ្លែងក្នុងសម័យប្រជុំចំនួនពីរ (ថ្ងៃទី ១៨ និង ១៩ ខែវិច្ឆិកា) អំពីប្រធានបទសំខាន់ចំនួនពីរគឺ "ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ" និង "ការអភិវឌ្ឍប្រកបដោយចីរភាពនិងការផ្លាស់ប្តូរថាមពល"។ លោកនាយករដ្ឋមន្ត្រីគ្រោងនឹងចែករំលែកមេរៀនអំពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ជាវិស័យដែលវៀតណាមមានបទពិសោធន៍ជាច្រើន ហើយទទួលបានសមិទ្ធិផលដ៏ធំធេង ត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ និងវាយតម្លៃខ្ពស់ ព្រមទាំងផ្លាស់ប្តូរទស្សនៈ វិធីសាស្រ្តអភិក្រម និងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការផ្លាស់ប្តូរថាមពលរបស់វៀតណាមក្នុងរយៈពេលខាងមុខ។
ទន្ទឹមនឹងនោះ ចំណុចសំខាន់មួយទៀតនៃកិច្ចប្រជុំកំពូល G20 គឺជាជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំដទៃទៀត ដែលវៀតណាមអាចពិភាក្សា ជំរុញបញ្ហាជាក់ស្ដែងនានាអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាមជាមួយដៃគូ ឬប្រទេសសមាជិក G20។
បើកលំហសហប្រតិបត្តិការដ៏ធំរវាងវៀតណាមនិងប្រេស៊ីល
សម្រាប់ប្រទេសប្រេស៊ីល ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងរួមចំណែកនាំទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប្រេស៊ីលឡើងដល់កម្ពស់ថ្មី ពង្រឹងការសន្យា និងទំនុកចិត្តនយោបាយ ព្រមទាំងបើកលំហសហប្រតិបត្តិការកាន់តែធំជាងមុន។
បច្ចុប្បន្ននេះ ប្រទេសប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមនៅអាមេរិកឡាទីន និងជាប់ចំណាត់ថ្នាក់លេខ ២ នៅទ្វីបអាមេរិក នៅពីក្រោយសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ផ្ទុយទៅវិញ វៀតណាមក៏ជាដៃគូឈានមុខគេមួយរបស់ប្រេស៊ីលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។
ជាពិសេស សកម្មភាពសហប្រតិបត្តិការវប្បធម៌ សិល្បៈ កីឡា ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក៏ត្រូវបានបង្កើន ដែលរួមចំណែកលើកកម្ពស់ការយល់ដឹង និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung បានឲ្យដឹងថា៖
“ការអភិវឌ្ឍវប្បធម៌ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍បានបង្ហាញយ៉ាងស៊ីជម្រៅនូវទស្សនៈរបស់បក្សនោះគឺ អភិវឌ្ឍន៍វប្បធម៌ ដោយស្មើរភាពនឹងសេដ្ឋកិច្ច និងនយោបាយ នាំវប្បធម៌វៀតណាមខិតមកជិតមិត្តភក្តិអន្តរជាតិ ព្រមទាំងក្រេបយកគុណតម្លៃវប្បធម៌របស់ពិភពលោក សំដៅកសាងវប្បធម៌សម្បូរបែប ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ”។
តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ដើម្បីពិនិត្យការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីកាលពីខែកញ្ញាឆ្នាំមុន ហើយពិភាក្សាអំពីទិសដៅសំខាន់ៗ និងវិធានការជាក់ស្តែង ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ G20 គឺជាយន្តការមួយក្នុងចំណោមយន្តការដ៏សំខាន់បំផុតក្នុងអភិបាលកិច្ចសកល ដែលមានអត្ថន័យដ៏ធំធេងក្នុងការដឹកនាំ និងតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម នឹងអះអាងជាថ្មីម្តងទៀតនូវឋានៈ កិត្យានុភាព ទំនួលខុសត្រូវ និងការរួមចំណែករបស់វៀតណាមក្នុងវេទិកាអន្តរជាតិសំខាន់ៗ ទន្ទឹមនឹងនោះពង្រឹងថែមទៀតនិងបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមនិងប្រេស៊ីលផងដែរ៕