សន្និសីទអនឡាញទូទាំងប្រទេសរវាងរដ្ឋាភិបាលជាមួយខេត្ត ក្រុងនានាស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនា និងត្រីមាសទី១ ឆ្នាំ២០២២ (រូបថត៖ qdnd.vn) |
យោងតាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថាក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ស្ថានភាពអន្តរជាតិមានការវិវឌ្ឍថ្មីៗដូចជា៖ ជម្លោះនៅអ៊ុយក្រែន អតិផរណាខ្ពស់នៅប្រទេសមួយចំនួន តម្លៃសំភារៈ តម្លៃប្រេងពិភពលោក និងតម្លៃសេវាកម្មភស្តុភាបានកើនឡើង ដោយជះឥទ្ធិពលផ្ទាល់ដល់វៀតណាម។ ក្រៅពីនេះ ប្រទេសជាតិក៏មានការលំបាកផ្ទៃក្នុងផងដែរ; បណ្ដាបញ្ហាដែលបន្សល់ទុកជាច្រើនឆ្នាំ ដែលចាំបាច់ត្រូវដោះស្រាយ ព្រមទាំងបញ្ហាថ្មីៗជាច្រើនដូចជាការរំលោភបំពានលើទីផ្សារអចលនទ្រព្យ មូលបត្រ មូលបត្របំណុលសហគ្រាស បញ្ហាបរិស្ថាន ការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្មជាដើម។ យ៉ាងណាមិញ ក្រោមការដឹកនាំរបស់មជ្ឈឹម ការិយាល័យនយោបាយ ដែលមានលោកអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ជាប្រមុខ ការសម្របសម្រួលរបស់រដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងការគាំទ្រជួយឧបត្ថម្ភរបស់ប្រជាជន សហគ្រាសនោះ ស្ថានភាពសេដ្ឋកិច្ច សង្គមសម្រេចបានលទ្ធផលគួរឲ្យគោរព។
ស្ថានភាពជំងឺរាតត្បាតកូវីដ -១៩ ត្រូវបានគ្រប់គ្រង។ សេដ្ឋកិច្ច សង្គមត្រូវបានស្ដារឡើងវិញយ៉ាងឆាប់រហ័ស ដោយសម្រេចបានកំណើនល្អបង្គួរ ហើយខេត្ត ក្រុងជាច្រើនសម្រេចបានកំណើននៅខ្ទង់ ១០%។ ម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាស្ថិរភាព អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង ទីផ្សាររូបិយប័ណ្ណ អត្រាការប្រាក់មានស្ថេរភាព។ ទន្ទឹមនឹងនោះ ការទាក់ទាញទុនវិនិយោគពីបរទេស និងទុនវិនិយោគសង្គមទទួលបានលទ្ធផលជាវិជ្ជមាន។ការអភិវឌ្ឍសហគ្រាសទទួលបានលទ្ធផលជាផ្លែផ្កា ដោយមានសហគ្រាសចំនួន ៦ ម៉ឺន ត្រូវបានចុះបញ្ជីថ្មី និងវិលត្រឡប់មកទីផ្សារវិញ។ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីត្រូវបានរក្សាយ៉ាងរឹងមាំ នយោបាយមានស្ថិរភាព។ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានធានា។ ការងារកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិត្រូវបានពង្រឹង និងសម្រេចបានប្រសិទ្ធភាព។ ដើម្បីសម្រេចបានលទ្ធផលទាំងនេះ ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់រាល់គោលការណ៍ គោលមាគ៌ា សេចក្ដីសម្រេចចិត្ត សារាចររបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល។ ប្រព័ន្ធនយោបាយ និងប្រជាជន សហគ្រាសនៅតាមមូលដ្ឋានបានខិតខំប្រឹងប្រែងឈានឡើង។ ជាពិសេសការសម្របសម្រួលគ្នាអនុវត្តន៍ភារកិច្ចរវាងក្រសួង ស្ថាប័ន និងមូលដ្ឋានកាន់តែជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពជាង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ស្ថានភាពនារយៈពេលខាងមុខ នៅតែមានការលំបាក ដែលនៅតែបន្យល់ទុក និងហានិភ័យ។ នោះគឺ៖ ជំងឺរាតត្បាតនៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ សម្ពាធអតិផរណាកើនឡើង; ការបើកថវិកាចំណាយសាធារណៈនៅតែយឺតយ៉ាវ ហើយបំណុលអាក្រក់ទំនងនឹងកើនឡើង។ ទីផ្សារមូលបត្រ អចលនទ្រព្យ និងមូលបត្របំណុលសហគ្រាសបង្កប់ហានិភ័យ។ ទន្ទឹមនឹងនោះ ទីផ្សារសំខាន់ៗមួយចំនួនរបស់វៀតណាមកំពុងមានការប្រែប្រួលថ្មី ដែលប៉ះពាល់ដល់ដំណើរការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានណែនាំឲ្យផ្នែក និងមូលដ្ឋានត្រូវផ្ដោតសំខាន់លើក្រុមភារកិច្ច ដំណោះស្រាយសំខាន់ៗចំនួន ១២។ តាមនោះវៀតណាមបន្តអនុវត្តន៍ឲ្យបានល្អនូវរាល់សម្រេចចិត្តមជ្ឈិម ជាពិសេសគឺការសន្និដ្ឋាននៃសន្និបាតមជ្ឈិមលើកទី ៤ នីតិកាលទី ១៣ កម្មវិធីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញជាដើម។ ទន្ទឹមនឹងនេះ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា។ ជំរុញខ្លាំងការបើកថវិកាចំណាយទុនវិនិយោគសាធារណៈ ដោយចាត់ទុកថានេះជាភារកិច្ចសំខាន់។ផ្តោតសំខាន់លើការដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងអាជីវកម្ម។ ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងអនុវត្តន៍ការប្តេជ្ញាចិត្តនៅ COP ២៦។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ Duong Giang) |
ទាក់ទិននឹងភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យប្រទេសជាតិទាំងមូលផ្តោតសំខាន់លើការពន្លឿនល្បឿនស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសគឺវិស័យទេសចរណ៍។ ជំរុញការចាក់វ៉ាក់សាំងតាមផែការ ជាពិសេសគឺចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ។ ធានាការផ្គត់ផ្គង់ និងតម្រូវការកម្លាំងពលករ។ ផ្តោតសំខាន់លើការពិនិត្យឡើងវិញ និងសុក្រិតរបៀបរបប ធ្វើកំណែទម្រង់បែបបទរដ្ឋបាលបម្រើប្រជាជន និងសហគ្រាស។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជំរុញខ្លាំងការងារអធិការកិច្ច ត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម។ រក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំ; រក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានគោលបំណង និងមានក្ដីជឿជាក់យ៉ាងមុតមាំថា ក្នុងត្រីមាសទី ២ ឆ្នាំ២០២២ ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាង ប្រកប ដោយ ប្រសិទ្ធភាព និងនិរន្តរភាពថែមទៀតផងដែរ៕