អនុវត្តន៍ជាក់ស្ដែងនូវសេចក្តីសម្រេចចិត្តរបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ

Chia sẻ

(VOVWORLD) - សេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការមជ្ឈិមបក្ស (នីតិកាលទី ១២) ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកប ដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្ររបស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានកំណត់គោលដៅដល់ឆ្នាំ ២០៣០ នាំវៀតណាមក្លាយជាប្រទេសខ្លាំងមាំមួនក្នុងវិស័យសមុទ្រ ហើយអាចចូលរួមដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ទាក់ទងនឹងសមុទ្រ និងមហាសមុទ្រ។ រហូតមកដល់ពេលនេះ ក្រោយរយៈពេលជិត ៥ ឆ្នាំអនុវត្តន៍សេចក្តីសម្រេចចិត្តដូចពោលខាងលើ សេដ្ឋកិច្ចសមុទ្រមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងតំបន់ឆ្នេរសមុទ្រនីមួយៗ។

អនុវត្តន៍ជាក់ស្ដែងនូវសេចក្តីសម្រេចចិត្តរបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ - ảnh 1ក្រុមនាវានេសាទរបស់វៀតណាម។ (រូបថត៖ VNA)

ការអភិវឌ្ឍដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចសមុទ្រនិងតំបន់ឆ្នេរសមុទ្រ

ដោយអនុវត្តន៍គោលជំហរ គោលនយោបាយស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ បរិមាណទំនិញសរុបដែលបានដឹកជញ្ជូនតាមប្រព័ន្ធកំពង់ផែសមុទ្ររបស់វៀតណាមក្នុងឆ្នាំ ២០២២ សម្រេចបានជាង ៧៣៣ លានតោន។ ទំហំនាំចេញជលផលរបស់វៀតណាមក្នុងឆ្នាំ ២០២២ សម្រេចបាន ១១ ពាន់លានដុល្លារអាមេរិក ដែលជាតួលេខខ្ពស់បំផុតតាំងពីមុនមក។ គម្រោងវាយោអគ្គីសនី និងថាមពលពន្លឺព្រះអាទិត្យបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅតាមខេត្តឆ្នេរសមុទ្រភាគកណ្តាលនិងភាគខាងត្បូង រួមមាន Ninh Thuan, Binh Thuan, Phu Yen, Bac Lieu, Soc Trang, Tra Vinh និង Can Gio (ទីក្រុងហូជីមិញ)។

ប្រទេសទាំងមូលមានតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រចំនួន ១៩ ដែលមានផ្ទៃដីនិងផ្ទៃទឹកសរុបជាង ៨៤៥ ពាន់ហិចតា; មណ្ឌលឧស្សាហកម្មចំនួន ៣៣០ កន្លែង ដែលមានផ្ទៃដីធម្មជាតិសរុបជិត ៩៧ ពាន់ហិចតា ក្នុងនោះផ្ទៃដីឧស្សាហកម្មមានប្រហែល ៦៥.៩០០ ហិចតា។ ទាក់ទិននឹងបញ្ហានេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Tran Dinh Thien អតីតប្រធានវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម សមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីបាននិយាយថា៖

“ការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តជាប់មាត់សមុទ្រ ត្រូវបានកែលម្អយ៉ាងច្រើន។ តំបន់សេដ្ឋកិច្ចសមុទ្រជាច្រើនបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្លាយជាមូលដ្ឋានសេដ្ឋកិច្ចសមុទ្រដ៏សំខាន់បំផុត។ លេចធ្លោគឺ Phu Quoc, Van Phong, Van Don និង Ha Long ដោយមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ ប្រការនេះបង្ហាញថានាពេលខាងមុខយើងនឹងមានជំហានអភិវឌ្ឍន៍ជាប្រព័ន្ធប្រកបដោយរបៀបរៀបរយ”។

អនុវត្តន៍ជាក់ស្ដែងនូវសេចក្តីសម្រេចចិត្តរបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ - ảnh 2កន្ត្រកខ្សែកាប An Thoi - Hon Thom បម្រើភ្ញៀវទេសចរទៅកាន់កោះ Phu Quoc។
(រូបថត៖ Le Huy Hai/VNA)

ទន្ទឹមនឹងការអភិវឌ្ឍតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្មឆ្នេរសមុទ្រនោះអត្រានគរូបនីយកម្មនៃខេត្តក្រុងឆ្នេរសមុទ្រទាំង ២៨ សម្រេចបានប្រមាណ ៣៩,៥% ខ្ពស់ជាងកម្រិតមធ្យមនៃប្រទេសទាំងមូល។ គិតត្រឹមចុងឆ្នាំ ២០២២ ផ្ទៃដីសរុបនៃតំបន់សមុទ្រនិងកោះដែលត្រូវបានគ្រោងទុកសម្រាប់តំបន់អភិរក្ស សម្រេចបាន ២០០.៥០០ ហិចតា។ រហូតមកដល់ពេលនេះ ខេត្តក្រុងក្រោមឱវាទមជ្ឈិមចំនួន ១៧/២៨ ដែលមានសមុទ្រ បានចេញផ្សាយសេចក្តីសម្រេចផ្ដល់សច្ចាប័ន្តលើបញ្ជីច្រករបៀងការពារឆ្នេរសមុទ្រ។ ស្ថាប័នសមត្ថកិច្ចវៀតណាមបានចុះហត្ថលេខា និងអនុវត្តន៍កិច្ចព្រមព្រៀងស្តីពីការចែករំលែកព័ត៌មាន ការសម្របសម្រួលរវាងកងទ័ពជើងទឹក និងប៉ូលីសសមុទ្រវៀតណាម ជាមួយនឹងកងកម្លាំងសមត្ថកិច្ចនៃប្រទេសនានាដូចជាឥណ្ឌា ជប៉ុន ចិន និងកម្ពុជា; បង្កើតបណ្តាញទូរស័ព្ទទាន់ហេតុការណ៍រវាងកងទ័ពជើងទឹកវៀតណាម ជាមួយកងទ័ពជើងទឹកនៃប្រទេសប្រ៊ុយណេ កម្ពុជា ថៃ និងប្រទេសជាប់ឆ្នេរសមុទ្រផ្សេងៗទៀត ដើម្បីអនុវត្តន៍សកម្មភាពជួយឧបត្ថម្ភប្រជានេសាទ ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពនាវាចរណ៍។

អនុវត្តន៍ជាក់ស្ដែងនូវសេចក្តីសម្រេចចិត្តរបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ - ảnh 3លោក Tran Tuan Anh សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម។ (រូបថត៖ VNA)

បន្តអនុវត្តន៍ដំណោះស្រាយដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ

ដើម្បីប្រែក្លាយគោលដៅនានានៃសេចក្តីសម្រេចចិត្តលេខ ៣៦-NQ/TW ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្ររបស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ទៅជាការពិតក្នុងពេលឆាប់ៗនេះ គណៈកម្មាធិការជាតិទទួលបន្ទុកការអនុវត្តយុទ្ធសាស្ត្រ បានចាត់ទុកថា ចាំបាច់ត្រូវបន្តអនុវត្តន៍ដោយព្រមៗគ្នានិងយ៉ាងប្ដូរផ្ដាច់ នូវដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រនាពេលខាងមុខ។ លោក Tran Tuan Anh សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមបានមានប្រសាសន៍ថា៖

“ចីរភាពគឺមានហើយ ប៉ុន្តែយើងក៏ត្រូវតែធានាការអភិវឌ្ឍយ៉ាងលឿនផងដែរ។ ហើយត្រូវធានាភាពសុខដុមរមនារវាងការអភិវឌ្ឍជាមួយនឹងការការពារបរិស្ថាន ជាមួយនឹងការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនូវជីវចម្រុះ

សមុទ្រ ត្រូវតែឈរលើមូលដ្ឋាននៃការធានាការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ជាមួយនឹងការកើនឡើងនៃនីវ៉ូទឹកសមុទ្រ រវាងជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយនឹងការកសាងវប្បធម៌សមុទ្រ។ ទាំងនេះគឺជាគោលជំហរ និងតម្រូវការនៅក្នុងសេចក្ដីសម្រេចចិត្តលេខ ៣៦”។

ក្នុងដំណាក់កាលចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ បណ្ដាក្រសួង ស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធនានាក្នុងប្រទេសវៀតណាម បន្តកែលម្អផែនការមេលំហសមុទ្រជាតិដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; ផែនការមេស្តីពីការធ្វើអាជីវកម្ម ការប្រើប្រាស់ប្រកបដោយចីរភាពនូវធនធានតំបន់ឆ្នេររបស់ប្រទេសជាតិក្នុងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដោយធានាការតភ្ជាប់អន្តរតំបន់ រវាងតំបន់ដែលមានសមុទ្រ និងគ្មានសមុទ្រ។ បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានក៏ផ្តោតសំខាន់លើការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៦ របស់រដ្ឋាភិបាល តាមនោះសុក្រិតកម្មវិធីគន្លឹះសម្រាប់ការស៊ើបអង្កេតជាមូលដ្ឋានអំពីធនធាន បរិស្ថានសមុទ្រ និងកោះដល់ឆ្នាំ ២០៣០; ផែនការសកម្មភាពជាតិស្តីពីការគ្រប់គ្រងកាកសំណល់ប្លាស្ទិកនៅមហាសមុទ្រដល់ឆ្នាំ ២០៣០; កម្មវិធីបង្កើនសមត្ថភាព និងធ្វើទំនើបកម្មនូវមូលដ្ឋានសម្ភារៈ និងបច្ចេកទេសបម្រើការគ្រប់គ្រងធនធាន បរិស្ថានសមុទ្រ និងកោះដល់ឆ្នាំ២០៣០ ហើយរៀបចំធនធានដើម្បីធានាការសម្រេចបាននូវគោលដៅដែលបានកំណត់។ តំបន់ឆ្នេរសមុទ្រនានាក៏នឹងបន្តបង្កើតគណៈកម្មាធិការដឹកនាំការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៦-NQ/TW ហើយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានសមុទ្រនិងកោះវៀតណាម (ក្រោមក្រសួងធនធាននិងបរិស្ថាន) ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រ៕

ប្រតិកម្មទៅវិញ