វៀតណាមសកម្មរួមជាមួយសហគមន៍អន្តរជាតិក្នុងការងារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី១៨ដល់ទី២០ ខែមិថុនា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម ប្រព្រឹត្តទៅកិច្ចប្រជុំ ASEM អំពីការរួមគ្នាធ្វើសកម្មភាពទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ សំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍដោយចីរភាពនា អនាគត។ កិច្ចប្រជុំនេះមិនត្រឹមតែបង្ហាញនូវការរួមវិភាគទានរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ ASEM និងពិភពលោកទាំងមូលប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីតំបន់វាលសណ្ដទន្លេ Cuu Long របស់វៀតណាមឆ្លៀតយកការគាំទ្រនិងកិច្ចសហការរបស់ដៃគូអាស៊ី អឺរ៉ុបនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុទៀតផង។
វៀតណាមសកម្មរួមជាមួយសហគមន៍អន្តរជាតិក្នុងការងារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ - ảnh 1(រូបថត៖ tainguyenmoitruong.vn)

ការផ្ដួចផ្ដើមគំនិតរបស់វៀតណាមអំពីការចាត់តាំងកិច្ចប្រជុំខាងលើទទួលបានការគាំទ្រពីប្រទេសជាច្រើនដូចជា អូស្ត្រាលី ដាណឺម៉ាក មីយ៉ាន់ម៉ាប៉ូឡួញ ហូឡង់និងអ៊ីតាលី។ នេះជាកិច្ចប្រជុំអន្តរទ្វីបអាស៊ី-អឺរ៉ុប និងជាសកម្មភាពសំខាន់បំផុតដែលវៀតណាមទទួលរៀបចំក្នុងក្របខ័ណ្ឌ ASEM ២០១៨ ក៏ដូចជាការផ្ដួចផ្ដើមគំនិតដំបូងរបស់ ASEM ក្នុងវិស័យនេះផងដែរ។

        ជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុបអំពីការបង្ការប្រឆាំងបម្រែបម្រួលអាកាសធាតុ

        កិច្ចប្រជុំ ASEM អំពីការរួមគ្នាធ្វើសកម្មភាពទប់ទល់នឹងបម្រែបម្រួលអាកាសធាតុមានអត្ថន័យសំខាន់ ក្នុងបរិបទដែលវៀតណាមកំពុងជំរុញខ្លាំងការលាតត្រដាងអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ។

        ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈខ្លឹមសារនានាដែលត្រូវបានលើកយកមកពិភាក្សានៅកិច្ចប្រជុំដូចជា សភាពការណ៍អនុវត្តរបៀបវារៈឆ្នាំ២០៣០ដើម្បីការអភិវឌ្ឍដោយចីរភាព កិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ ការផ្ទេរប្ដូរទៅជាខឿនសេដ្ឋកិច្ចដែលប្រើប្រាស់បរិមាណឧស្ម័នកាបូនតិច និងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុក្នុងកាលៈទេសៈនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ជាដើម។

        កិច្ចប្រជុំលើកនេះក៏ជាឱកាសដើម្បីប្រទេសនានាក្នុង ASEM សហការគ្នាកសាងសមត្ថភាពបន្សាំជាមួយនឹងបម្រែបម្រួលអាកាសធាតុតាមរយៈស្ថានភាពជាក់ស្ដែងនិងមេរៀនបទពិសោធន៍នៅទាំងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ក្នុងវិស័យទប់ទល់នឹងគ្រោះធម្មជាតិ គ្រប់គ្រងប្រភពទឹកដោយចីរភាព ថាមពលកកើតឡើងវិញ ថាមពលស្អាត និងកសិកម្មបន្សាំជាមួយបម្រែបម្រួលអាកាសធាតុ។

        មិនឈប់នៅត្រឹមការពិភាក្សាប៉ុណ្ណោះទេ អង្គប្រជុំក៏បានជំរុញទំនាក់ទំនងភាពជាដៃគូក្នុងវិស័យអាកាសធាតុរវាងអាស៊ីនិងអឺរ៉ុប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការដូចជាការផ្ទេរប្ដូរបច្ចេកវិទ្យា ការបង្កើតបណ្ដាញ ប្រព័ន្ធវាយតំលៃរួម ជាដើម។

        ឱកាសសំរាប់វៀតណាម

        វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយបម្រែបម្រួលអាកាសធាតុ ក្នុងនោះតំបន់វាលដីសណ្ដទន្លេ Cuu Long ជាតំបន់វាលដីសណ្ដមួយក្នុងចំណោមវាលសណ្ដទាំង៣លើពិភពលោកដែលងាយរងគ្រោះដោយការឡើងនីវ៉ូទឹកសមុទ្រ។ បម្រែបម្រួលអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងអាហារនិងការអភិវឌ្ឍ

កសិកម្ម។

        ចំពោះមុខសភាពការណ៍ខាងលើ ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅ ខេត្តក្រុងតំបន់ដីសណ្ដទន្លេ Cuu Long និយាយរួមក៏ដូចជាទីក្រុង Can Tho និយាយដោយឡែកបាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ក្នុងនោះមានគម្រោងការណ៍ជាច្រើនដែលទទួលបានការជួយឧបត្ថម្ភនិងការផ្ដល់ហិរញ្ញប្បទានរបស់អង្គការអន្តរជាតិនានា។ ហេតុនេះហើយ កិច្ចប្រជុំលើកនេះគឺជាឱកាសល្អដើម្បីផ្នែកធនធានធម្មជាតិនិងបរិស្ថាននៃខេត្តក្រុងទាំងនេះ សិក្សារៀនសូត្របទពិសោធន៍ក្នុងវិស័យទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ គ្រប់គ្រងប្រភពទឹកដោយចីរភាព និងចលនាប្រភពកម្លាំងពីភាគីផ្សេងៗដើម្បីចូលរួមការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាដើម។

        កិច្ចប្រជុំ ASEM អំពីការរួមគ្នាធ្វើសកម្មភាពទប់ទល់នឹងបម្រែបម្រួលអាកាសធាតុប្រព្រឹត្តទៅក្នុងបរិបទដែលមានប្រទេសកាន់តែច្រើនត្រូវរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។ ការជំរុញកិច្ចសហប្រតិបតិ្តការអន្តរតំបន់អាស៊ី អឺរ៉ុប ក្នុងបរិបទនេះ គឺជាឱកាសល្អមួយដើម្បីធានាការអភិវឌ្ឍដោយចីរភាពនៃប្រទេសនីមួយៗ ក្នុងនោះមានវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ