សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ (រូបថត៖ VOV) |
SDGs បានក្លាយជាគោលដៅឥតងាករេនៅក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយជាតិ
របៀបវារៈឆ្នាំ ២០៣០ ត្រូវបានប្រទេសសមាជិកនានានៃអង្គការសហប្រជាជាតិ អនុម័តនៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ ដោយផ្តោតលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ចំនួន ១៧។ វៀតណាមបានកសាងនិងបង្ហាញជាលើកដំបូងនូវការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) ដែលជារបាយការណ៍ស្តីពីផែនការអនុវត្ត SDGs ក្នុងឆ្នាំ ២០១៨។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ SDGs បានក្លាយជាគោលដៅឥតងាករេនៅក្នុងយុទ្ធសាស្ត្រ គោលនយោបាយជាតិ ផ្នែក និងវិស័យនានា ដែលក្នុងនោះកត្តា "គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយ" ត្រូវបានសង្កត់ធ្ងន់នៅក្នុងគោលនយោបាយរបស់វៀតណាមជានិច្ច។ ជាលទ្ធផល វៀតណាមសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើន ក្នុងនោះគោលដៅចំនួន ៤ សម្រេចបានវឌ្ឍនភាពល្អប្រសើរ រួមមាន៖ មិននៅមានភាពក្រីក្រ (គោលដៅទី១); ទឹកស្អាត និងអនាម័យបរិស្ថាន (គោលដៅទី ៦); ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ (គោលដៅទី ៩); កាត់បន្ថយវិសមភាព (គោលដៅទី ១០)។
ជាក់ស្តែង អត្រាគ្រួសារក្រីក្រពហុវិមាត្របានថយចុះពី ៩,២% មក ៣,៦% ក្នុងដំណាក់កាល ២០១៦-២០២២។ វៀតណាមផ្តល់ទឹកស្អាតសម្រាប់ ៩៨,១%និងបង្គន់អនាម័យសម្រាប់ ៩៥,៦% នៃចំនួនប្រជាជន។ វៀតណាមក៏បានផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ដែលនាំឱ្យមានការកែលម្អគួរឲ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍឧស្សាហកម្ម បង្កើន
នវានុវត្តន៍កនិងកសាងហេដ្ឋារចនាសម្ព័ន្ធ។ កំណើនបរិយាប័ន្ន និងបង្កើនការបែងចែកធនធានសម្រាប់សន្តិសុខសង្គមឡើង ១៥% ក្នុងមួយឆ្នាំ រួមចំណែកកាត់បន្ថយវិសមភាព… ប្រសិនបើ
វៀតណាមរក្សាបាននូវល្បឿនវឌ្ឍនភាពដូចច្នេះក្នុងឆ្នាំដែលនៅសល់ គឺសន្ទស្សន៍ភាគច្រើននឹងត្រូវបានសម្រេចរួចរាល់នៅឆ្នាំ ២០៣០។
កបណ្ឌិត Le Viet Anh ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ អប់រំ ធនធានធម្មជាតិ និងបរិស្ថាន ក្រសួងផែនការនិងការវិនិយោគ។ |
ទាក់ទិននឹងការដែលវៀតណាមបានចុះបញ្ជីបង្ហាញ VNRs នៅអង្គការសហប្រជាជាតិ (រំពឹងទុកនៅខែកក្កដា ឆ្នាំ ២០២៣) លោកបណ្ឌិត Le Viet Anh ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ អប់រំ ធនធានធម្មជាតិ និងបរិស្ថាន ក្រសួងផែនការនិងការវិនិយោគ បាននិយាយថា៖
“ចូលរួមក្នុងការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តឆ្នាំ ២០២៣ វៀតណាមមានបំណងចែករំលែកសមិទ្ធិផល និងវឌ្ឍនភាពរបស់ខ្លួនក្នុងការអនុវត្ត SDGs; ព្រមទាំងចែករំលែកការលំបាក បញ្ហាប្រឈម មេរៀនបទពិសោធន៍ក្នុងការអនុវត្ត SDGs ក៏ដូចជាទិសដៅ និងសកម្មភាពសំខាន់ៗនៅក្នុងពាក់កណ្ដាលដំណើរដែលនៅសល់។ ការចូលរួមក្នុងការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) ឆ្នាំ២០២៣លើកនេះ បានបញ្ជាក់ថា វៀតណាមបន្តសន្យាយ៉ាងមុតមាំ និងខ្ជាប់ខ្ជួន រួមជាមួយមិត្តភក្តិអន្តរជាតិក្នុងការអនុវត្ត SDGs ឆ្ពោះទៅរកពិភពលោកមួយប្រកបដោយចីរភាព បិរយាប័ន្ន និងវិបុលភាពសម្រាប់មនុស្សទាំងអស់”។
វិស័យអាទិភាពក្នុងការអនុវត្ត SDGs នាពេលខាងមុខ
ដើម្បីធានាការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ប្រកបដោយជោគជ័យ ក្រៅពីការរក្សាល្បឿនអនុវត្តនូវគោលដៅដែលបានសម្រេចនោះ វៀតណាមត្រូវបន្តពន្លឿនការអនុវត្តគោលដៅដែលមិនទាន់សម្រេច។ ជាពិសេស វៀតណាមក៏ត្រូវពន្លឿនការពង្រីកទំនាក់ទំនងភាពជាដៃគូ ដើម្បីជំរុញការអនុវត្ត SDGs ជាពិសេសផ្តោតលើការកៀរគរប្រភពធនធានហិរញ្ញវត្ថុបន្ថែមទៀត (គោលដៅទី
១៧)។ តាមនោះ គួរតែផ្ដល់អាទិភាពដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការជួយទ្រទ្រង់ការស្តារឡើងវិញក្រោយពីជំងឺកូវីដ-១៩។ កៀរគរប្រភពហិរញ្ញវត្ថុបន្ថែម ហើយលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានហិរញ្ញវត្ថុដែលមានស្រាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះ ការវិនិយោគលើធនធានមនុស្ស នវានុវត្តន៍ ការផ្លាស់ប្ដូរឌីជីថលដើម្បីលើកកំពស់ផលិតភាព គឺជាវិស័យសំខាន់មួយទៀតផងដែរ។ លោកស្រីបណ្ឌិត Pham My Hang Phuong សមាជិកនៃក្រុមអ្នកជំនាញផ្ដល់ប្រឹក្សាលើសេចក្តីព្រាងរបាយការណ៍ VNR ចាត់ទុកថា៖
“វៀតណាមត្រូវមានកិច្ចខិតខំប្រឹងប្រែងក្នុងដំណាក់កាលបន្ទាប់ ហើយត្រូវការដំណោះស្រាយជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ដើម្បីអាចអនុវត្តន៍របៀបវារៈបាន។ ក្រុមដំណោះស្រាយដំបូងគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចឆ្ពោះទៅរកដំណោះស្រាយទាក់ទងនឹងសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ”។
សល់តែ ៧ ឆ្នាំទៀតប៉ុណ្ណោះសម្រាប់វៀតណាមដើម្បីសម្រេច SDGs (ត្រឹមឆ្នាំ ២០៣០)។ សមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក និងទិសដៅនាពេលខាងមុខ គឺជាកម្លាំងចលករ និងជាមូលដ្ឋានសម្រាប់វៀតណាមដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង ១៧ របស់អង្គការសហប្រជាជាតិ៕