កិច្ចប្រជុំបូកសរុបការងាររយៈពេល ១ ឆ្នាំប្រតិបត្តិការរបស់គណៈកម្មការ (រូបថត៖ qdnd.vn) |
នាថ្ងៃនេះ (ទី១៦ សីហា) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានគណៈកម្មការដឹកនាំមជ្ឈិមទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអសកម្មបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអនុវត្តន៍ភារកិច្ចដ៏សំខាន់ៗជាច្រើនរបស់គណៈកម្មការដឹកនាំ បានសរឲ្យឃើញថា វៀតណាមនឹងបន្តជំរុញខ្លាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអសកម្មនារយៈពេលខាងមុខ។
ប្រសិទ្ធភាពនៃគណៈកម្មការដឹកនាំ ប្រយុទ្ធប្រឆាំងអំពើពុករលួយថ្នាក់ខេត្ត
នាថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថាប័នប៉ូលីសស៊ើបអង្កេតខេត្ត Thanh Hoa បានផ្ដើមចោទប្រកាន់ជនជាប់ចោទ ហើយចាប់ឃុំខ្លួនជាបណ្ដុះអាសន្នលោក Cam Ba Xuan អនុប្រធានសមាគមកសិករខេត្ត Thanh Hoa ពីបទ "រំលោភបំពានលើតួនាទី និងអំណាចក្នុងការបំពេញភារកិច្ច"។ ជាមួយនឹងការរំលោភបំពានដែលបានកើតឡើងនៅគម្រោង Hac Thanh Tower កម្មាភិបាលចំនួន ២ នាក់គឺលោក Nguyen Ba Hung អតីតលេខាគណៈកម្មាធិការបក្សស្រុក Nhu Xuan និងលោកស្រី Dinh Cam Van អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត Thanh Hoa ក៏ត្រូវផ្ដើមចោទប្រកាន់ ក្រោយពីលោក Cam Ba Xuan ពីបទឧក្រិដ្ឋ “រំលោភបំពានលើមុខតំណែង និងសិទ្ធិអំណាចក្នុងការបំពេញតាតព្វកិច្ច”។ នេះត្រឹមតែជាករណីចំនួនពីរប៉ុណ្ណោះក្នុងករណីដែលមានសញ្ញាពុករលួយនៅខេត្ត Thanh Hoa ដែលត្រូវបានចាត់ការនៅចំពោះមុខច្បាប់ ដោយអះអាងពីការប្ដេជ្ញាចិត្តថា រាល់ទង្វើរំលោភបំពានខុសច្បាប់ទាំងអស់គឺសុទ្ធតែត្រូវបានធ្វើចំណាត់ការ។ លោក Nguyen Ngoc Tien អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអសកម្មខេត្ត Thanh Hoa បានឲ្យដឹងថា៖
“ក្រោយរយៈពេល ១ ឆ្នាំប្រតិបត្តិការមក គណៈកម្មការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអសកម្មខេត្ត Thanh Hoa បានតាមដាន និងធ្វើចំណាត់ការលើសំណុំរឿងចំនួន ១៥ ស្ដីពីអំពើពុករលួយ អសកម្មដ៏ស្មុគស្មាញ ដែលត្រូវបានសាធារណៈមតិយកចិត្តទុកដាក់។ តាមកាលកំណត់ ឬនៅពេលចាំបាច់ គណៈកម្មការដឹកនាំ និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំបានបើកកិច្ចប្រជុំ តម្រង់ទិសដៅសម្រាប់ស្ថាប័នមានសមត្ថកិច្ចជំរុញល្បឿនស៊ើបអង្កេត ធ្វើចំណាត់ការ ជាពិសេសគឺបង្កើនការងារសម្របសម្រួល ដើម្បីដោះស្រាយការលំបាកផងដែរ”។
ទីក្រុងហាណូយគឺជាតំបន់ដែលបានបង្កើត គណៈកម្មការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអសកម្មថ្នាក់ខេត្តមុនបង្អស់នៅទូទាំងប្រទេស។ នាបច្ចុប្បន្ន គណៈកម្មការដឹកនាំ បានតាមដាន និងធ្វើចំណាត់ការលើសំណុំរឿងចំនួន ៦០ ស្ដីពីអំពើពុករលួយ អសកម្មដ៏ស្មុគស្មាញ ដែលត្រូវបានសាធារណៈមតិយកចិត្តទុកដាក់។ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ប្រធានគណៈកម្មការដឹកនាំទីក្រុងទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអសកម្មបានឲ្យដឹងថា៖
“ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ គណៈកម្មការដឹកនាំបានរកឃើញ បំពេញបន្ថែមសំណុំរឿងចំនួន ២៤ ដើម្បីតាមដាន ធ្វើចំណាត់ការនៅតាមមជ្ឈមណ្ឌលចុះបញ្ជីពិនិត្យយានយន្តនៅទីក្រុងហាណូយ។ គណៈកម្មាធិការបក្សទីក្រុងបានដឹកនាំស្ថាប័ន និងអង្គភាពនានាពន្លឿនការធ្វើចំណាត់ការលើសំណុំរឿងតាមសេចក្តីសន្និដ្ឋាន និងអនុសាសន៍របស់គណៈកម្មការដឹកនាំមជ្ឈឹមទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយ អសកម្ម និងស្ថាប័នមានសមត្ថកិច្ចដទៃទៀតផងដែរ”។
លោក Dinh Tien Dung ប្រធានគណៈកម្មការដឹកនាំទីក្រុងទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម (រូបថត៖ dangcongsan.vn) |
សញ្ញាសម្គាល់អំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងពាក់កណ្តាលអាណត្តិនៃមហាសន្និបាត
នាពេលថ្មីៗនេះ ក្នុងកិច្ចប្រជុំបូកសរុបប្រតិបត្តិការរយៈពេល ១ឆ្នាំរបស់គណៈកម្មការថ្នាក់ខេត្តទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអសកម្ម លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីមានសេចក្តីសម្រេចចិត្តពីមជ្ឈឹម ខេត្ត ក្រុងទាំង ៦៣/៦៣ បានបង្កើត គណៈកម្មការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអសកម្មថ្នាក់ខេត្ត។ គណៈកម្មការថ្នាក់ខេត្តនានាបានធ្វើប្រតិបត្តិការជាបន្ទាន់ ដោយបង្កើតការផ្លាស់ប្តូរថ្មីក្នុងការងារស្វែងរក និងធ្វើចំណាត់ការលើអំពើពុករលួយ និងអសកម្មនៅមូលដ្ឋាន។ គណៈកម្មការដឹកនាំថ្នាក់ខេត្តបានចុះត្រួតពិនិត្យឃ្លាំមើលអំពើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអសកម្មដោយផ្ទាល់ចំនួន ១៥០ លើក។
ចាប់តាំងពីពេលបង្កើតមក ខេត្តក្រុងនៅទូទាំងប្រទេសបានធ្វើការផ្ដើមផ្តន្ទាទោសលើសំណុំរឿងចំនួន ៥៣០ ករណី និងជនជាប់ចោទចំនួន ១ ៨៥៨ នាក់ ពីបទពុករលួយ ពោលគឺចំនួនសំណុំរឿងរំលោភបំពានបានកើនឡើង ១,៥ ដង ហើយចំនួនជនជាប់ចោតបានកើនជាង ៨០០ នាក់ បើធៀបនឹងឆ្នាំ ២០២១។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖
“លទ្ធផលនៃការរកឃើញនិងការធ្វើចំណាត់ការអំពើពុករលួយនិងអសកម្មនៅមូលដ្ឋានមានការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់ ក្រោយពេលគណៈកម្មការដឹកនាំថ្នាក់ខេត្តត្រូវបានបង្កើត និងដាក់ឲ្យដំណើរការ។ ចំនួនករណីពុករលួយ និងអសកម្មដែលត្រូវបានរកឃើញ និងផ្ដើមផ្ដន្ទាទោសបានកើនឡើងខ្ពស់។ ករណីដែលមានលក្ខណៈដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញ ហើយចំនួនកម្មាភិបាលជាថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងទាំងអ្នកកាន់តំណែង និងចូលនិវត្តន៍ដែលបានរំលោភបំពាន់ ក៏ត្រូវបានរកឃើញ និងធ្វើចំណាត់ការច្រើនជាងមុន។ ប្រការទាំងនេះគឺជា ចម្លើយដ៏គួរឲ្យជឿជាក់បំផុត ចំពោះក្តីកង្វល់ ការក្តីបារម្ភរបស់កម្មាភិបាល បក្ខជន និងប្រជាជនអំពីប្រសិទ្ធភាពនៃគណៈកម្មការដឹកនាំថ្នាក់ខេត្តផងដែរ”។
លទ្ធផលដ៏រស់រវើកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងអសកម្មនៅទីក្រុងហាណូយ ខេត្ត Thanh Hoa និងតំបន់ជាច្រើនទៀតនៅទូទាំងប្រទេស គឺជាសក្ខីភាពជាក់ស្ដែងអំពីភាពចាំបាច់ និងភាពត្រឹមត្រូវនៃគោលការណ៍បង្កើតគណៈកម្មការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអសកម្មខេត្ត ហើយបន្តនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអសកម្មរបស់វៀតណាមឡើងកម្ពស់ថ្មីមួយ។ តាមនោះ រួមចំណែកយ៉ាងសកម្មក្នុងការសម្រេចឲ្យបានរាល់គោលដៅនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សផងដែរ៕