វៀតណាមនិងកិច្ចខិតខំប្រឹងប្រែងរួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត

Chia sẻ

(VOVWORLD) - ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ជាការខួបគម្រប់ ២០ ឆ្នាំ ចាប់តាំងពីប្រទេស សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក្នុង ក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៨ ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជា (ខែវិច្ឆិកា ឆ្នាំ ២០០២)។ ក្នុងអំឡុងពេលកន្លងមក វៀតណាមបានអនុវត្តន៍ DOC យ៉ាង ម៉ឺងម៉ាត់និងពេញលេញ ហើយខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការសមុទ្រ រួម ចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ។

វៀតណាមនិងកិច្ចខិតខំប្រឹងប្រែងរួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត - ảnh 1យុទ្ធជននៅលើកោះ Nui Le ស្រុក Truong Sa ខេត្ត Khanh Hoa ធ្វើពិធីគោរពទង់ជាតិ។ (រូបថត៖ Duy Tien/ baodaklak.vn)

ជាឯកសារដំបូងដែលអាស៊ាននិងចិនសម្រេចបានអំពីបញ្ហាសមុទ្រខាងកើត DOC គឺជាមូលដ្ឋានសម្រាប់ផ្ទៀងផ្ទាត់ វាយតម្លៃពីលក្ខណៈស្របច្បាប់ និងត្រឹមត្រូវក្នុងឥរិយាបទរបស់ភាគីពាក់ព័ន្ធ តាមការសន្យារបស់ខ្លួន។ ទន្ទឹមនឹងនោះ DOC ក៏ជំរុញការកសាងទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការសមុទ្ររវាងអាស៊ាន និងចិនផងដែរ។

គោរពការសន្យាក្នុង DOC

នៅក្នុងសេចក្តីថ្លែងការណ៍ DOC ខ្លឹមសារដែលបានលើកឡើងដំបូងនោះ គឺភាគីនានាបញ្ជាក់ឡើងវិញនូវការសន្យាចំពោះគោលដៅ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅភាគអាគ្នេយ៍ គោលការណ៍ទាំង ៥ស្ដីពីការរួមរស់ដោយសន្តិភាព និងគោលការណ៍សកលផ្សេងទៀតនៃច្បាប់អន្តរជាតិ គឺជាគោលការណ៍មូលដ្ឋានដែលកែតម្រូវទំនាក់ទំនងរវាងបណ្ដាប្រទេស។

ដោយមានគោលជំហរកិច្ចការបរទេសសន្តិភាព ចាប់តាំងពីសេចក្តីថ្លែងការណ៍ DOC ត្រូវបានចុះហត្ថលេខារហូតមកដល់ពេលនេះ វៀតណាមជានិច្ចកាលគោរពការសន្យាក្នុង DOC ព្រមទាំង តម្រូវឱ្យប្រទេសពាក់ព័ន្ធអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការសន្យាដែលបានចែងនៅក្នុងឯកសារនេះផងដែរ។ ក្នុងអំឡុងពេលអនុវត្តន៍ DOC វៀតណាមបានប្រកាន់ខ្ជាប់នូវគោលជំហរដោះស្រាយជម្លោះទាក់ទងនឹងសមុទ្រខាងកើតដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ជំរុញការអនុវត្ត DOC យ៉ាងពេញលេញ ឆ្ពោះទៅរកការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។

អញ្ជើញថ្លែងមតិនៅវេទិកាពហុភាគី ទ្វេភាគី ឬជំនួបប្រាស្រ័យជាន់ខ្ពស់ ថ្នាក់ដឹកនាំវៀតណាមបានបញ្ជាក់ជាច្រើនលើកច្រើនសារថា ទស្សនៈដ៏ឥតងាករេនោះ គឺផ្តល់អាទិភាពដល់ការដោះស្រាយគ្រប់ជម្លោះនិងភាពខុសប្លែកគ្នាទាំងអស់ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ វៀតណាមប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សកម្មភាពសហប្រតិបត្តិការលើសមុទ្រដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ DOC ដូចជាការការពារបរិស្ថានសមុទ្រ ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការស្វែងរកនិងជួយសង្គ្រោះ ជាដើម ក៏ត្រូវបានវៀតណាមគោរពផងដែរ។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនជាមួយប្រទេសពាក់ព័ន្ធក្នុងការដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នា។

ក្នុងកិច្ចសហប្រតិបត្តិការសមុទ្រជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋានស្របតាមច្បាប់អន្តរជាតិនិងធនធាននៃភាគីនីមួយៗ ប្រទេសទាំងពីរក៏មានគម្រោងជាច្រើនក្នុងវិស័យស្រាវជ្រាវ ជំរុញគម្រោងសហប្រតិបត្តិការថ្មីៗមួយចំនួនក្នុងវិស័យការពារបរិស្ថានសមុទ្រ។

លទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិលើសមុទ្រក្នុងរយៈពេលកន្លងមក បានបញ្ជាក់ពីភាពត្រឹមត្រូវនៃគោលជំហរ និងប្រសិទ្ធភាពពិតប្រាកដនៃសកម្មភាពសហប្រតិបត្តិការ ក៏ដូចជាបញ្ជាក់ថា គោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើតគឺច្បាស់លាស់និងឥតងាករេ។

សាធារណមតិអន្តរជាតិគាំទ្រ

គោលលជំហរដ៏ឥតងាករេរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើតទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ។

ក្នុងអត្ថបទសរសេរនៅលើគេហទំព័រ Infox.ru (រុស្ស៊ី) ក្រោមចំណងជើងថា “វៀតណាម - ទង់ជួរមុខរបស់អាស៊ាន” អ្នកនិពន្ធ Grigory Trofimchuk បានបញ្ជាក់ថា គោលជំហរដ៏ឥតងាករេនិងប្រកបដោយលក្ខណៈស្ថាបនារបស់វៀតណាមក្នុងការបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល រួមទាំងសមុទ្រខាងកើតផងដែរ គឺជាកត្តាសំខាន់ក្នុងការជួយវៀតណាមសម្របខ្លួនទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយទំនើប។ ជាពិសេសអ្នកជំនាញរុស្ស៊ីបានសង្កត់ធ្ងន់លើតួនាទីរបស់វៀតណាមក្នុងបញ្ហាតំបន់នានា ហើយបញ្ជាក់ពីកិត្យានុភាពនិងឋានៈកាន់តែកើនឡើងៗរបស់វៀតណាម នៅលើឆាកអន្តរជាតិផងដែរ។

ចែករំលែកទស្សនៈនេះ អ្នកជំនាញ Valeria Vershinina នៃសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិរដ្ឋម៉ូស្គូ (MGIMO) ក្រសួងការបរទេសរុស្ស៊ីបានរំលេចតួនាទីរបស់វៀតណាមក្នុងការជំរុញរបៀបវារៈដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះនៅសមុទ្រខាងកើត។

ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីអាស៊ាន និងចិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត វៀតណាមជានិច្ចកាលគោរពខ្លឹមសារដែលបានសន្យា  ហើយមានបំណងចង់សហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វិធីអភិក្រមសមហេតុផល និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់វៀតណាមក្នុងការជំរុញការអនុវត្ត DOC គ្រប់ជ្រុងជ្រោយ បានរួមចំណែកលើកកំពស់តួនាទីនិងអត្ថន័យរបស់ DOC ដែលជាការរួមចំណែកដ៏សក្តិសមចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីសមុទ្រខាងកើតប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ