វៀតណាមធានាបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ

Van Giang
Chia sẻ

(VOVWORLD) - ថ្ងៃទី ២១ ខែកញ្ញាជារៀងរាល់ឆ្នាំគឺជាទិវាសន្តិភាពអន្តរជាតិ។ សម្រាប់វៀតណាម ការធានាបាននូវបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាទិសដៅចុងក្រោយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងពិភពលោក ក៏ដូចជានៅតាមប្រទេសនីមួយៗ។ មិនត្រឹមតែរក្សាសន្តិភាពជូនប្រទេសជាតិប៉ុណ្ណោះទេ វៀតណាមបាននិងកំពុងរួមចំណែកចូលក្នុងការងាររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាកត្តាសំខាន់រួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។

វៀតណាមជាប្រទេសដែលស្រឡាញ់សន្តិភាពជាមួយប្រពៃណីនៃសេចក្តីសប្បុរស និងរក្សាចំណងមេត្រីភាព។ ដោយបានឆ្លងកាត់សង្គ្រាមជាច្រើនដើម្បីដណ្តើមឯករាជ្យ និងឯកភាពប្រទេសជាតិ វៀតណាមតែងតែគោរពជាពិសេសចំពោះតម្លៃនៃសន្តិភាព ព្រមទាំងចលនាឲ្យមិត្តភ័ក្តិ និងប្រជាជនជុំវិញពិភពលោកគោរព ការពារ និងខិតខំដើម្បីសន្តិភាព ដើម្បីស្ថាបនាពិភពលោកប្រកបដោយសន្តិភាព។

ប្រពៃណីស្រលាញ់សន្តិភាពរបស់ប្រជាជនវៀតណាម

សាវតានៃប្រជាជាតិវៀតណាម គឺជាប្រវត្តិសាស្ត្រនៃការតស៊ូយ៉ាងអង់អាចក្លាហានប្រឆាំងការឈ្លានពានរបស់បរទេសដើម្បីការពារប្រទេសជាតិ។ សន្តិភាពតែងតែជាក្តីសង្ឈឹមនិងសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមគ្រប់រូប។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានឥណ្ឌាក្នុងឆ្នាំ ១៩៥៤ លោកប្រធានហូជីមិញបានមានប្រសាសន៍ថា គោលដៅរបស់លោកគឺ "ជំរុញសន្តិភាព ឯកភាព ឯករាជ្យ និងប្រជាធិបតេយ្យនៅទូទាំងប្រទេស"។ ដើម្បីអនុវត្តភារកិច្ចទាំងនេះ “វៀតណាមត្រៀមជាស្រេច សហការដោយស្មោះស្ម័គ្រជាមួយអង្គការ និងបុគ្គលវៀតណាមដែលជាអ្នកគាំទ្រ គោលនយោបាយខាងលើ ដោយមិនគិតពីជំនឿនយោបាយ និងសាសនារបស់ពួកគេយ៉ាងដូចម្ត៉េចឡើយ”។

បន្តនូវសតិអារម្មណ៍សន្តិភាពរបស់លោកប្រធានហូជីមិញ ថ្នាក់ដឹកនាំវៀត ណាមជានិច្ចកាលបានអះអាងថា  រួមដៃគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់មនុស្សជាតិ; មានបំណងចង់បញ្ចប់ជម្លោះ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសជាតិ។

ថ្នាក់ដឹកនាំវៀតណាមក៏បានសង្កត់ធ្ងន់លើសារថា ស្មារតីយកច្បាប់ជាចម្បង គោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ  ដោះស្រាយជម្លោះដោយសន្តិវិធី ហើយគួរតែត្រូវបានលើកកំពស់ ហើយគួរតែត្រូវបានអនុវត្តដោយការប្តេជ្ញាចិត្តជាក់ស្តែង; អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះណាមួយត្រូវដោះស្រាយតាមរយៈការសន្ទនា និងការចរចា ក្នុងគោលបំណងស្វែងរកដំណោះស្រាយយូរអង្វែង។ វៀតណាមមិនរើសភាគីទេ តែជ្រើសរើសសុចរិតនិងយុត្តិធម៌។  អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សនៃក្រសួងការបរទេស ស្តីពីការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ និងអភិវឌ្ឍន៍វិស័យការទូត នាថ្ងៃទី២៩ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូឡឹម បានមានប្រសាសន៍ថា៖ “គោលដៅខ្ពស់បំផុតនៃសកម្មភាពកិច្ចការបរទេសក្នុងយុគសម័យថ្មីគឺ ធានាផលប្រយោជន៍ជាតិខ្ពស់បំផុត ដើម្បីបក្សរឹងមាំ ដើម្បីសង្គមនិយមវៀតណាមរឹងមាំ និងមានតួនាទីសំខាន់ក្នុងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចសកល អរិយធម៌មនុស្សជាតិដើម្បីភាពរុងរឿងនិងសុភមង្គលរបស់ប្រជាជន។ ការទូតវៀតណាមត្រូវតែការពារផលប្រយោជន៍ជាតិ បម្រើប្រជាជន ខិតខំដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ប្រជាជនក្នុងតំបន់និងលើពិភពលោក”។

វៀតណាម៖ កត្តាសំខាន់ដែលរួមវិភាគទានដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក

សព្វថ្ងៃនេះ សន្តិភាពមិនត្រឹមតែរួមបញ្ចូលឯករាជ្យជាតិ បូរណភាពទឹកដីនិងសន្តិសុខជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបរិយាកាសប្រកបដោយនិរន្តរភាព សន្តិសុខមនុស្ស សង្គមយុត្តិធម៌ សុខដុមរមនា និងរបៀបរស់នៅប្រកបដោយមនុស្សធម៌។ អស់រយៈពេលជិត ៥០ ឆ្នាំក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ (១៩៧៧ - ២០២៤) វៀតណាមបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការងាររួមរបស់អង្គការពហុភាគីដ៏ធំបំផុតនៅលើពិភពលោក ក្នុងនោះទទួលតំណែងចំនួនពីរលើក ជាសមាជិកអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខ ចូលរួមសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣ - ២០២៥ ចូលរួមក្នុងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ...។ សមិទ្ធិផលទាំងនេះបានអះអាងពីតួនាទីនិងឋានៈរបស់វៀតណាម ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់កាន់តែខ្លាំងឡើង រួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក។ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា៖ “ក្នុងចំណោមទីភ្នាក់ងារអង្គការសហប្រជាជាតិ មានតែក្រុមប្រឹក្សាសន្តិសុខប៉ុណ្ណោះទេ ដែលត្រូវបានប្រគល់ភារកិច្ចក្នុងការរក្សាសន្តិភាពនិងសន្តិសុខពិភពលោក។ មានតែការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខប៉ុណ្ណោះដែលមានលក្ខណៈចាប់បង្ខំលើសមាជិកទាំងអស់។ ប្រទេសភាគច្រើនដែលមានសមត្ថភាពគ្រប់គ្រាន់ចង់កាន់តួនាទីជាសមាជិកក្រុមប្រឹក្សាសន្តិសុខ។ ចូលរួមសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ វៀតណាមបានរួមវិភាគទានជាសំឡេងដ៏វិជ្ជមានក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងសន្តិភាព និងសន្តិសុខពិភពលោក។ ទន្ទឹមនឹងនេះ ធ្វើការងារឲ្យបានល្អក្នុងនាមជាប្រធាន។ រាល់ការរួមចំណែកទាំងនោះត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់ផងដែរ”។

សន្តិភាពគឺតែងតែជាក្តីសង្ឃឹម សេចក្តីប្រាថ្នាជាប្រចាំរបស់មនុស្សជាតិ ដែលជាទីមកដល់ចុងក្រោយសម្រាប់ការធ្វើដំណើរទាំងអស់ និងជាខ្សែដើម្បីតភ្ជាប់ពិភពលោក។ គោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការធានាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ទន្ទឹមនឹងការរួមចំណែកជាវិជ្ជមានដល់សន្តិភាពពិភពលោកគឺពិតជាដូចការវាយតម្លៃរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres៖ វៀតណាមគឺជាកត្តាសំខាន់ដែលរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ