បច្ចុប្បន្នវៀតណាមមានពលករជាង ៥២ លាននាក់។ សិទ្ធិរបស់ពលករជាផ្នែកមួយនៃប្រព័ន្ធសិទ្ធិមនុស្ស ដែលបក្ស និងរដ្ឋវៀតណាម តែងតែផ្តោត យកចិត្តទុកដាក់ និងអនុវត្តតាមរយៈគោលការណ៍ណែនាំ និងគោលនយោបាយសំខាន់ៗ។
ការធានាសិទ្ធិរបស់ពលករត្រូវបានទទួលស្គាល់នៅក្នុងគោលនយោបាយសំខាន់ៗ
បញ្ហាសិទ្ធិមនុស្សនៅវៀតណាមត្រូវបានទទួលស្គាល់នៅក្នុងរដ្ឋធម្មនុញ្ញពីឆ្នាំ ១៩៤៦ រហូតដល់បច្ចុប្បន្ន។ មនុស្ស ក្នុងនោះមានវណ្ណៈកម្មករ និងនិយោជិត ត្រូវបានកំណត់ថាជាមជ្ឈមណ្ឌល ជាកម្មវត្ថុ គោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ (ឆ្នាំ២០២១) កំណត់យ៉ាងច្បាស់នូវគោលនយោបាយថែទាំប្រជាជនទាំងអស់ ធានានូវគោលនយោបាយពលកម្ម ការងារ ចំណូល និងការអនុវត្តល្អសុខុមាលភាពសង្គម សន្តិសុខ; បន្តធ្វើឱ្យប្រសើរឡើងនូវសម្ភារៈ និងជីវភាពខាងវិញ្ញាណរបស់ប្រជាជន។ ចាប់តាំងពីឆ្នាំ ២០១៦ ដោយមានគំនិតផ្តួចផ្តើមរបស់សហព័ន្ធសហជីពវៀតណាម លោកនាយករដ្ឋមន្ត្រីបានជួបសន្ទនាដោយផ្ទាល់ចំនួន ៧ លើកជាមួយកម្មករ និយោជិត និងពលករនៅតាមខេត្ត តំបន់ជាច្រើន។ គំនិត បំណងប្រាថ្នា អនុសាសន៍ និងសំណើជាច្រើនដែលទាក់ទងដោយផ្ទាល់ទៅនឹងជីវភាព និងការងាររបស់កម្មករ និយោជិតត្រូវបានប្រមុខរដ្ឋាភិបាលផ្ទៀងស្តាប់ និងបញ្ជាណែនាំការដោះស្រាយ។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រព័ន្ធគោលនយោបាយ និងច្បាប់ស្តីពីពលករត្រូវបានធ្វើវិសោធនកម្ម និងបំពេញបន្ថែមឱ្យសមស្របទៅនឹង គោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស ក៏ដូចជាការធ្វើបច្ចុប្បន្នភាពជាមួយនឹងស្តង់ដាររបស់អង្គការពលកម្មអន្តរជាតិ (ILO) ហើយឆ្លុះបញ្ចាំងពីគោលបំណងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ វៀតណាមក៏បានខិតខំប្រឹងប្រែងដើម្បីប្តេជ្ញា និងអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីទំនាក់ទំនងការងារ សំដៅជម្រុញនិងធានាស្តង់ដារការងារជាមូលដ្ឋានសម្រាប់ពលករនៅវៀតណាមស្របតាមស្តង់ដារអន្តរជាតិ ស្តីពីសិទ្ធពលករ។
គួរកត់សម្គាល់ថា ចាប់តាំងពីអគ្គនាយកនៃអង្គការពលកម្មអន្តរជាតិបានដាក់ចេញនូវរបៀបវារៈការងារសមរម្យជាសកលមក វៀតណាម និង ILO បានរួមគ្នាកសាង និងចុះហត្ថលេខាដើម្បីអនុវត្ត កិច្ចសហប្រតិបត្តិការចំនួន ៣វដ្ត សម្រាប់ដំណាក់កាល (២០២៦-២០១០; ២០១២-២០១៦ និង ២០១៧-២០២១)។ ស្តីអំពីវដ្ដនៃកិច្ចសហប្រតិបត្តិការលើកទី៤ ដំណាក់កាល ២០២២ - ២០២៦ លោក Luu Quang Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានឲ្យដឹងថា៖ “នៅក្នុងវដ្ដនៃកិច្ចសហប្រតិបត្តិការលើកទី៤នេះ យើងបន្តផ្តោតលើការងារ ការអភិវឌ្ឍធនធានមនុស្ស និងសន្តិសុខសង្គម ដោយធានាបាននូវសុខដុមរមនារវាងសិទ្ធិពលករ និងសិទ្ធិអាជីវកម្មដែលផ្សាភ្ជាប់នឹងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពជាតិ ក៏ដូចជារបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ កម្មវិធីសហប្រតិបត្តិការរវាងវៀតណាម និង ILO ស្តីពីការងារសមស្រប ដំណាក់កាល ២០២២-២០២៦ ជំរុញគោលដៅនៃការងារសមស្រប និងនិរន្តរភាពនៅវៀតណាម។
លទ្ធផលគឺមិនអាចប្រកែកបានឡើយ
ប្រសិទ្ធភាពនៃគោលនយោបាយធានាសិទ្ធិពលករទទួលបានលទ្ធផលវិជ្ជមានក្នុងការអនុវត្តជាក់ស្តែង។ យោងតាមសេចក្តីប្រកាសរបស់ការិយាល័យស្ថិតិទូទៅ (ក្រសួងផែនការ និងវិនិយោគ) ក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ រចនាសម្ព័ន្ធពលកម្មរបស់វៀតណាមបានផ្លាស់ប្តូរជាវិជ្ជមាន។ កម្លាំងពលកម្មដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ មានចំនួន ៥២,៤ លាននាក់ កើនឡើងជិត ១៧៦ ពាន់នាក់ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្លាំងពលកម្មបានវិលទៅរកនិន្នាការអភិវឌ្ឍន៍ធម្មតាដូចមុនការរាតត្បាតនៃជំងឺកូវីដ-១៩។
ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពលករបន្តបានកែលម្អ។ ពោលគឺ ត្រីមាសទីមួយនៃឆ្នាំនេះមានចំនួន ៧,៦ លានដុង កើនឡើងជាង ៣០០ ពាន់ដុងធៀបនឹងត្រីមាសមុន និងកើនឡើង ៥៤៩ ពាន់ដុង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពលករបានកើនឡើងនៅក្នុងវិស័យសេដ្ឋកិច្ចភាគច្រើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាគ្មានការងារធ្វើក្នុងចំណោមប្រជាជនដែលមានអាយុធ្វើការនៅក្នុងតំបន់ទីក្រុងបន្តនៅកម្រិតទាបជាង ៣% ចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ ២០២២។
ដើម្បីដោះស្រាយតម្រូវការលំនៅឋានរបស់ពលករ សេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល ស្តីពីភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋនៅឆ្នាំ២០២៤ តម្រូវឱ្យជំរុញការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានសម្រាប់ពលករ; ផ្តោតលើការដាក់ពង្រាយគម្រោង "វិនិយោគ និងការសាងសង់លំនៅដ្ឋានសង្គមយ៉ាងតិច ០១ លានយូនិត សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងពលករនៅតំបន់ឧស្សាហកម្មដំណាក់កាល ២០២១-២០៣០” ដោយខិតខំបញ្ចប់នៅឆ្នាំ ២០២៤ ដែលសម្រេចបានចំនួនប្រហែល ១៣០ ពាន់យូនិត។
ជាទូទៅ ទោះបីជានៅតែមានផលប៉ះពាល់ដែលមិនចង់បានមួយចំនួនក៏ដោយ គោលនយោបាយពលកម្ម (រួមទាំងគោលនយោបាយសន្តិសុខសង្គមសម្រាប់និយោជិត) បាននាំមកនូវផលវិជ្ជមានជាច្រើន។ ប្រការនេះបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការយកចិត្តទុកដាក់ និងអនុវត្តជាក់ស្តែងសិទ្ធិរបស់ពលករ៕