វៀតណាមជំរុញកិច្ចខិតខំប្រឹងប្រែងបង្ការប្រឆាំងអំពើពុករលួយ

Chia sẻ
(VOVWORLD) - នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនាចុងសប្ដាហ៍កន្លងទៅ អគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាងថា នឹង មិនដែលរាថយក្នុងការតស៊ូបង្ការប្រឆាំងអំពើពុករលួយទេ។ មុននោះ រដ្ឋសភា វៀតណាមក៏បានអនុម័តលើកច្បាប់ស្ដីពីការបង្ការប្រឆាំងអំពើពុករលួយ។ សញ្ញា ទាំងពីរនេះគឺជាមូលដ្ឋានដើម្បីវៀតណាមបន្តអនុវត្តន៍ការតស៊ូបង្ការប្រឆាំងអំពើ ពុករលួយអោយបានខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេល ខាងមុខ។

នាពេលកន្លងទៅ កិច្ចការបង្ការប្រឆាំងអំពើពុករលួយនៅវៀតណាមទទួលបានលទ្ធផលសំខាន់ៗ។ ប្រការនេះបានសរអោយឃើញនូវការប្ដេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូលក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងទាន់ពេលវេលារបស់បក្ស។

        មិនដែលរាថយក្នុងការបង្ការប្រឆាំងអំពើពុករលួយ

        នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅរដ្ឋធានីហាណូយនាចុងសប្ដាហ៍កន្លងទៅ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា មិនមានជំនួបប្រាស្រ័យណាដែលអ្នកបោះឆ្នោតមិននិយាយអំពីបញ្ហាបង្ការប្រឆាំងអំពើពុករលួយទេ។ ប្រការនេះសរបញ្ជាក់ថា នេះជាបញ្ហាធំមួយដែលត្រូវបានប្រជាជនយកចិត្តទុកដាក់ជាពិសេស។ តាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋអោយដឹងថា នាបច្ចុប្បន្ន កិច្ចការបង្ការប្រឆាំងអំពើពុករលួយបានមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ សភាពការណ៍ “ខាងលើសកម្ម ខាងក្រោមអសកម្ម” ក្នុងកិច្ចការបង្ការប្រឆាំងអំពើពុករលួយត្រូវបានជំនះពុះពារជាបណ្ដើៗ។

        អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអោយដឹងថា នាបច្ចុប្បន្ន ការងារជាក់ស្ដែងក្នុងវិស័យបង្ការប្រឆាំងអំពើពុករលួយគឺមានច្រើនណាស់ ហេតុដូច្នេះបានជាត្រូវធ្វើតាមជំហានៗ ក៏ដូចជាត្រូវមានធនធានមនុស្សនិងបទពិសោធន៍ផងដែរ។ លោកអះអាងថា គ្មានការរាថយឬភាពនឿយណាយក្នុងកិច្ចការបង្ការប្រឆាំងអំពើពុករលួយនោះឡើយ។

        “មានការបញ្ជាណែនាំយ៉ាងខ្លាំងក្លារបស់ក្បាលម៉ាស៊ីនរដ្ឋនិងការប្ដេជ្ញាចិត្តរបស់ប្រជាជន គឺធ្វើបានជាពុំខាន។ ឥឡូវនេះមានការងារជាច្រើនណាស់ ហេតុនេះហើយត្រូវដោះស្រាយការងារនីមួយៗអោយបានរួចរាល់។ ទន្ទឹមនឹងនោះគឺត្រូវពង្រឹងប្រព័ន្ធច្បាប់ផងដែរ។ ស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា ការដោះស្រាយរឿងក្ដីនាពេលកន្លងទៅទទួលបានការគាំទ្ររបស់ប្រជាជន។ នេះក៏ជាមេរៀនបទពិសោធន៍ដ៏ថ្លៃថ្លាដែរ”។

        សុក្រិតរបៀបរបប

        រួមជាមួយនឹងការប្ដេជ្ញាចិត្តបង្ការប្រឆាំងអំពើពុករលួយនោះ ចំណុចលេចធ្លោនាពេលកន្លងទៅគឺជាការចាប់បដិសន្ធិនៃច្បាប់ស្ដីពីការបង្ការប្រឆាំងអំពើពុករលួយឆ្នាំ២០១៨។ ច្បាប់នេះត្រូវបានចេញផ្សាយកាលពីឆ្នាំ២០០៥ ហើយត្រូវបានធ្វើវិសោធនកម្មនាឆ្នាំ២០០៧និងឆ្នាំ២០១២។

        ច្បាប់នេះមានមាត្រាចំនួន២៤ក្នុងចំណោមមាត្រាសរុបទាំង៩៦ដែលចែងអំពីការគ្រប់គ្រងទ្រព្យសម្បត្តិនិងចំណូលរបស់អ្នកមានមុខតំណែងនិងអំណាច។ វាជាលើកដំបូងដែលវៀតណាមមានស្ថាប័នគ្រប់គ្រងទ្រព្យសម្បត្តិនិងចំណូលដ៏ឯករាជ្យ។ យន្តការនេះមានសារសំខាន់ណាស់។ ចាប់តាំងពីនេះមក អធិការកិច្ចរដ្ឋាភិបាលនឹងគ្រប់គ្រងទ្រព្យសម្បត្តិនិងចំណូលរបស់កម្មាភិបាលពីថ្នាក់នាយកមន្ទីរនិងថ្នាក់ស្មើៗគ្នានៅតាមមូលដ្ឋាន ក៏ដូចជានៅក្រសួងនានាក្នុងរដ្ឋាភិបាលផងដែរ។ ចំពោះថ្នាក់ទាបជាងគឺអធិការកិច្ចថ្នាក់មូលដ្ឋាននិងអធិការកិច្ចថ្នាក់ក្រសួងនឹងទទួលការខុសត្រូវ។

        ច្បាប់នេះក៏ប្រគល់សិទ្ធិជាច្រើនចំពោះស្ថាប័នគ្រប់គ្រងទ្រព្យសម្បត្តិនិងចំណូលនេះ ដើម្បីអនុវត្តន៍ភារកិច្ចនេះផងដែរ។ តាមនោះ រតនាគារ អង្គការឥណទាន ធនាគារបរទេស នគរបាល ស្ថាប័នពន្ធ គយ និងគ្រប់គ្រងដីធ្លី ត្រូវផ្គត់ផ្គង់ព័ត៌មានដើម្បីបម្រើអោយការគ្រប់គ្រងទ្រព្យសម្បត្តិនិងចំណូលរបស់មនុស្សដែលមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ។

        ស្ដីពីការដកហូតទ្រព្យសម្បត្តិពីអំពើពុករលួយ លោកស្រី Vo Thi Nhu Hoa សមាជិកាសភាមណ្ឌលទីក្រុងដាណាំង បានចាត់ទុកថា៖

        “ការដកហូតទ្រព្យសម្បត្តិពីអំពើពុករលួយគឺជាសំណូមពរចាប់បង្ខំដែលមិនអាចកាត់ផ្ដាច់ចេញពីកិច្ចការបង្ការប្រឆាំងអំពើពុករលួយទេ។ វាមានឥទ្ធិពល ដ៏សកម្មចំពោះកិច្ចការបង្ការប្រឆាំងអំពើពុករលួយ ហើយនេះជាកត្តាសំខាន់ដើម្បីវាយតម្លៃចំពោះប្រសិទ្ធភាពនៃកិច្ចការបង្ការប្រឆាំងអំពើពុករលួយ”។

        នាពេលខាងមុខ វៀតណាមនឹងបន្តកែតម្រូវដល់ច្បាប់ផ្សេងៗជាច្រើនអោយបានសមស្របទៅនឹងបទបញ្ញត្តិនៃច្បាប់បង្ការប្រឆាំងអំពើពុករលួយឆ្នាំ២០១៨។

        ក្នុងបរិបទដែលប្រជាជនចង់កំចាត់អំពើពុករលួយនោះ គឺការប្ដេជ្ញាចិត្តរបស់បក្ស រដ្ឋ រួមជាមួយការចេញផ្សាយបទបញ្ញត្តិថ្មីៗ នឹងរួមចំណែកជំរុញកិច្ចការបង្ការប្រឆាំងអំពើពុករលួយអោយកាន់តែខ្លាំងក្លា មានរបៀបរៀបរយនិងប្រកបដោយប្រសិទ្ធភាពថែមទៀត៕

ប្រតិកម្មទៅវិញ