ប្រធានរដ្ឋវៀតណាមលោក To Lam (រូបថត៖ vov.vn) |
ដំណើរទស្សនកិច្ចនេះ អះអាងសារថា វៀតណាមជានិច្ចកាលគោរព និងផ្ដល់អាទិភាពខ្ពស់បំផុតសម្រាប់ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែងរវាងវៀតណាម និង កម្ពុជា។
ពង្រឹងទំនាក់ទំនងពិសេសវៀតណាម-ឡាវ
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក To Lam ទៅកាន់ឡាវបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងឡាវកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ សេចក្តីថ្លែងការណ៍រួមនានាក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរកំពុងត្រូវបានភាគីទាំងពីរអនុវត្តន៍យ៉ាងសកម្ម ហើយសម្រេចបានលទ្ធផលដ៏សំខាន់ៗជាច្រើនលើគ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អភិវឌ្ឍន៍យ៉ាងសកម្មជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៣ សម្រេចបានជាង ១,៦៤ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះសម្រេចបាន ៦២០ លានដុល្លារអាមេរិក កើនជាង ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរកត់សម្គាល់ថា គម្រោងជំនួយ ODA របស់វៀតណាមសម្រាប់ឡាវក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសគឺសំណង់ និងគម្រោងក្នុងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពនៅតំបន់ដែលមានស្ថានភាពលំបាក និងឆ្ងាយដាច់ស្រយាលជាច្រើនរបស់ឡាវ បាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន កែលម្អសុខុមាលភាពសង្គម ហើយត្រូវបានអាជ្ញាធរនិងប្រជាជនឡាវកត់សម្គាល់ និងវាយតម្លៃខ្ពស់។
“គម្រោងបម្រើវិស័យផលិតកម្មកសិកម្មរបស់តំបន់ បានជួយសម្រួលការជំរុញផលិតកម្មទំនិញ ដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រជាជំហានៗជូនប្រជាជនក្នុងតំបន់”។
“នេះក៏ជាបំណងប្រាថ្នារបស់បងប្អូនប្រជាជនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។ គម្រោងនឹងរួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាពពិសេសរវាងឡាវ និងវៀតណាម”។
“វៀតណាមបានជួយឧបត្ថម្ភឡាវក្នុងការសិក្សាស្រាវជ្រាវ អនុវត្តន៍រាល់គោលនយោបាយអភិវឌ្ឍន៍កសិកម្ម ជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគលើវិស័យកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដើម្បីផលិតកសិផលស្អាត និងគ្រប់គ្រងប្រកបដោយចីរភាព”។
នៅលើមូលដ្ឋានទំនាក់ទំនងដ៏ល្អប្រសើរនោះ ក្នុងដំណើរទស្សនកិច្ច ប្រធានរដ្ឋវៀតណាមលោក To Lam និងអគ្គលេខា ប្រធានរដ្ឋឡាវលោក Thongloun Sisoulith រួមជាមួយថ្នាក់ដឹកនាំផ្សេងទៀតរបស់ឡាវវាយតម្លៃចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរក្នុងរយៈពេលកន្លងទៅ ព្រមទាំងផ្លាស់ប្តូរ និងឯកភាពគ្នាលើគោលដៅគោលការណ៍ និងវិធានការធំៗ សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ក៏ដូចជាសម្របសម្រួលគ្នាទៅវិញទៅមកលើវេទិកានានា ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិពាក់ព័ន្ធនានា។ ជាពិសេស ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក To Lam បានបង្ហាញថា បក្សនិង រដ្ឋវៀតណាមជានិច្ចកាលគោរព និងផ្ដល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង ពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានសង្កត់ធ្ងន់ថា៖
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung (រូបថត៖ vov.vn) |
“តាមរយៈដំណើរទស្សនកិច្ចនេះ បក្សនិងរដ្ឋវៀតណាមមានគោលបំណងចង់បញ្ជូនសារទៅកាន់ពិភពលោកអំពីទំនាក់ទំនងពិសេស ស្មោះត្រង់ មានតែមួយគ្មានពីរនៅលើពិភពលោករវាងវៀតណាម និងឡាវ។ ដំណើរទស្សនកិច្ចនេះក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាម រួមជាមយួយមិត្តឡាវនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មីមួយ”។
ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ប្រកបដោយនិរន្តរភាព និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា
ក្នុងពេលនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក To Lam ទៅកាន់កម្ពុជាបានប្រព្រឹត្តិទៅក្នុងបរិបទដែលប្រទេសទាំងពីរទើបតែរៀបចំពិធីរំលឹកខួបលើកទី ៥៧ ទិវាបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤)។
ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងទៅ ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រជាច្រើន ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាបានឈានដល់កំរិតខ្ពស់ថ្មី ស៊ីជម្រៅ និងឥតងាករេលើគ្រប់វិស័យ។ ទំនាក់ទំនងដ៏ល្អប្រសើរនេះបានក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ ជាមួយនឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ វិស័យ សហប្រតិបត្តិការផ្សេងទៀតក៏ត្រូវបានភាគីទាំងពីរបន្តជំរុញជាក់ស្ដែងជាង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាចំណុចភ្លឺក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា ហើយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះឈានដល់ ៣.៩ ពាន់លានដុល្លារអាមេរិក កើន ១៦.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។វាយតម្លៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក សុខ ចិន្តាសោភា បានអះអាងថា៖
“ទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជានិងវៀតណាមត្រូវបានបង្ហាញលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែបានផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក។ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មានជំនួបចំនួន ៦ ដង ក្នុងរយៈពេល ៩ ខែ ដើម្បីជូនដំណឹងដល់គ្នាទៅវិញទៅមក អំពីស្ថានភាព និងទស្សនៈរបស់ប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងតំបន់នានាក៏មានជំនួបពិភាក្សាជាប្រចាំផងដែរ”។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋលោក To Lam នឹងមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់របស់កម្ពុជា។ នេះគឺជាឱកាសអំណោយផលសម្រាប់ភាគីទាំងពីរត្រួតពិនិត្យកិច្ចព្រមព្រៀងជាន់ខ្ពស់ និងរាល់វិស័យសហប្រតិបត្តិការដ៏សំខាន់ៗ ព្រមទាំងដាក់ចេញទិសដៅសហប្រតិបត្តិការនាំពេលខាងមុខផងដែរ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋលោក To Lam ទៅកាន់កម្ពុជា និងឡាវនឹងបង្កើតកម្លាំងចលករថ្មី សំដៅអភិវឌ្ឍន៍ស៊ីជម្រៅជាង ទូលំទូលាយជាង និងខ្លាំងក្លាជាងនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាម ជាមួយប្រទេសទាំងពីរផងដែរ៕