នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (រូបថត៖ VGP/Quang Hiếu) |
បន្ទាប់ពីទទួលបានជោគជ័យក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក។ ប្រការនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនិងអ្នកជំនាញអន្តរជាតិបញ្ជាក់អះអាងនាពេលកន្លងមក។ដោយមានមូលដ្ឋានគ្រឹះនយោបាយប្រកបដោយចីរភាព វៀតណាមកំពុងកែលំអរកាន់តែខ្លាំងឡើងនូវបរិយាកាសវិនិយោគអាជីវកម្ម និងឋានៈខ្ពស់របស់ខ្លួននៅលើឆាកអន្តរជាតិ។ កត្តាទាំងអស់នេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមបន្តទទួលបានកំណើនគួរឱ្យចាប់អារម្មណ៍ពេលពេលខាងមុខ។
ឆ្នាំ ២០២១ - ចំណុចចាប់ផ្តើមដែលជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ដំណាក់កាល ២០២១-២០២៥
យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក (WB) នៅឆ្នាំ ២០២១ យថាទស្សន៍របស់វៀតណាមត្រូវបានចាត់ទុកថាមានភាពវិជ្ជមាន នៅពេលដែលសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងកម្រិត ប្រហែល ៦,៨% ហើយនឹងមានស្ថេរភាពក្នុងកម្រិតប្រហែល ៦.៥% នៅឆ្នាំបន្តបន្ទាប់។
នៅឆ្នាំ ២០២១ វៀតណាមឈានចូលដល់ឆ្នាំដំបូងនៃអាណត្តិមហាសន្និបាតបក្សលើកទី ១៣ នៃដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ដោយមានការសម្រេចចិត្តនិងទិសដៅសេដ្ឋកិច្ចសំខាន់ៗ ហើយនឹងបង្កើតនូវចំណុចលោតផ្លោះថ្មីមួយអំពីកំណើនសម្រាប់ដំណាក់កាលបន្តនាពេលខាងមុខ។ ភារកិច្ចចម្បងត្រូវបានរដ្ឋាភិបាលដាក់ចេញ នោះគឺ “បន្តផ្តោតលើការអនុវត្ត “គោលដៅពីរទន្ទឹមគ្នា” ពោលគឺ ទប់ស្កាត់ជំងឺឆ្លងរាលដាលប្រកបដោយប្រសិទ្ធភាព ការពារសុខភាពប្រជាជននិងប្រើប្រាស់ឱកាស ខិតខំប្រឹងប្រែងដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងស្ថានភាពធម្មតាថ្មីមួយ”។
ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ រដ្ឋាភិបាលក៏បានដាក់ចេញនូវភារកិច្ចនិងដំណោះស្រាយយ៉ាងតិចបំផុតចំនួន ១០ ដែលអាចត្រូវបានលើកឡើងដូចជា៖ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងប្រកប ដោយប្រសិទ្ធភាពនូវវិធានការបង្ការទប់ស្កាត់និងបន្ធូបន្ថយការខូចខាតបណ្តាលមកពីជំងឺរាតត្បាត; បន្តរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា; លើកកម្ពស់ការប្រើប្រាស់ធនធានមនុស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាព ជំរុញការច្នៃប្រឌិត ការអនុវត្តនិងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយ៉ាងរឹងមាំ ក៏ដូចជាបង្កើតមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម។
កិច្ចខិតខំប្រឹងប្រែងបង្កើតចំណុចលោតផ្លោះអំពីកំណើន
ក្នុងខែដំបូងនៃឆ្នាំ ២០២១ វៀតណាមត្រូវប្រឈមនឹងរលកនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩។ ថ្វីត្បិតដូច្នេះក៏ដោយ ជាមួយនឹងបទពិសោធន៍ដែលមានស្រាប់ក្នុងការឆ្លើយតបនឹងការរាតត្បាតមុននោះ វៀតណាមបានបន្តភាពម្ចាស់ការរបស់ខ្លួន និងត្រៀមសេណារីយ៉ូ រួមទាំងដំណោះស្រាយដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះកូវីដ ១៩ ដោយប្តេជ្ញាធ្វើសកម្មភាពយ៉ាងឆាប់សហ័ស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងឆាប់បំផុត។ ទន្ទឹមនឹងនោះ វៀតណាមក៏ផ្តោតលើដំណោះស្រាយជំរុញកំណើនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ដើម្បីសម្រេចគោលដៅកំណើន GDP ៦.៥% នៅឆ្នាំ ២០២១។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមគូសបញ្ជាក់លើការលើកកម្ពស់វិស័យសេដ្ឋកិច្ចចំនួន ៣ រួមមានសេដ្ឋកិច្ចក្នុងប្រទេសដែលមានចំនួនប្រជាជន ១០០ លាននាក់នេះ ហើយត្រូវជំរុញខ្លាំងសេដ្ឋកិច្ចអន្តរជាតិនិងការចូលរួមសមាហរណកម្ម រួមទាំងជំរុញសេដ្ឋកិច្ចឌីជីថលនៅវៀតណាមទៀតផង។ ផ្តោតជាប្រចាំទៅលើស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាបាននូវសមតុល្យសេដ្ឋកិច្ចសំខាន់ៗ ព្រមទាំងរួមចំណែកជំរុញកំណើន។ ជាមួយគ្នានោះ ក្រសួងហិរញ្ញវត្ថុនិងក្រសួងផែនការនិងវិនិយោគត្រូវបន្តម្ចាស់ការក្នុងការបែងចែកធនធាន អនុវត្តដំណោះស្រាយសមស្រប ដោះស្រាយការលំបាកសម្រាប់សហគ្រាស និងកម្មករបាត់បង់ការងារ គ្មានការងារធ្វើដោយផលប៉ះពាល់នៃកូវីដ - ១៩ ជាពិសេសស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ”។
ធ្វើការវាយតម្លៃចំពោះវិធានការបន្ទាន់ក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាល អ្នកជំនាញសេដ្ឋកិច្ចជាច្រើនក៏បានខិតខំប្រឹងប្រែងរួមជាមួយរដ្ឋាភិបាល ដើម្បីវិភាគ និងផ្តល់មតិយោបល់នូវដំណោះស្រាយដើម្បីនាំសេដ្ឋកិច្ចរបស់ប្រទេសជាតិរឹងមាំបោះជំហានទៅរកភាពលោតផ្លោះ។ អ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិត Vo Tri Thanh បានចាតុទុកថា៖ “ទីមួយ ឥឡូវនេះ ស្មារតីដែលត្រូវធ្វើគឺស្មារតីនៃសម័យសង្គ្រាម ពោលគឺឆ្លើយតបឱ្យបានរហ័ស ម៉ឺងម៉ាត់ មានលក្ខណៈសមកាលជាមួយនឹងការចូលរួមទាំងអស់គ្នា រួមទាំងអ្វីៗ ដែលយើងធ្វើបានល្អក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ ក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឧបត្ថម្ភ កញ្ចប់គោលនយោបាយនៅតែអាចបន្តពង្រឹងឲ្យបានខ្លាំង។ ក្រៅពីនេះយើងក៏ត្រូវគិតគូរពីគោលនយោ បាយថ្មី ដែលទាក់ទងនឹងការកែទម្រង់រចនាសម្ព័ន្ធនិងផ្សារភ្ជាប់ជាមួយនឹងនិន្នាការអភិវឌ្ឍន៍របស់ពិភព លោក។ ឧទាហរណ៍ បញ្ហាផ្លាស់ប្តូរឌីជីថល របៀបរស់នៅ របៀបប្រើប្រាស់ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុជាដើម”។
យ៉ាងណាមិញ ជំងឺរាតត្បាតកូវីដ ១៩ នៅតែកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ការស្តារសេដ្ឋកិច្ចពិភពលោកមិនអាចកើតឡើងយ៉ាងឆាប់រហ័ស ដោយសារតែឥទ្ធិពលយ៉ាងជ្រៅនៃការឆ្លងរាលដាលកូវីដ ១៩។ ជាមួយនឹងសេដ្ឋកិច្ចបើកចំហខ្ពស់ដូចជា វៀតណាម បើចង់អភិវឌ្ឍន៍ក៏ត្រូវពឹងផ្អែកច្រើនទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ទាំងនេះគឺជាកត្តាដែលមិនអំណោយផលសម្រាប់សេដ្ឋកិច្ចវៀតណាម។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងការប្តេជ្ញាចិត្តជំនះរាល់ការលំបាករបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងឆ្នាំ ២០២១ ដ៏សំខាន់នេះ សេដ្ឋកិច្ចវៀតណាមអាចឆ្លៀតយកឱកាសដ៏លំបាកដើម្បីឆ្ពោះទៅរកការអភិវឌ្ឍខ្លាំងក្លាក្នុងរយៈពេល ២ ឆ្នាំខាងមុខ នៅពេលសេដ្ឋកិច្ចពិភពលោកបានស្តារឡើងវិញ៕