កម្លាំងនគរបាលវៀតណាមទទួលទារកម្នាក់ដែលត្រូវគេជួញដូរទៅប្រទេសចិន។
(រូបថតឯកសារ៖ Nguyen Hoang/VNA) |
ការជួញដូរមនុស្សត្រូវបានអង្គការសហប្រជាជាតិកំណត់ថា ជាឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់បំផុតទាំង៤ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសកល។ នៅប្រទេសវៀតណាម ការងារបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សត្រូវបានចាត់ទុកថាជាភារកិច្ចនយោបាយជាប្រចាំ យូរអង្វែង និងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងតាំងពីមុនមក។
ការពារជនចំណាកស្រុក ទប់ស្កាត់ហានិភ័យនៃការជួញដូរមនុស្ស
រហូតមកដល់ពេលនេះ រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននិងមូលដ្ឋាននានានៃប្រទេសវៀតណាម បានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវការងារបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏ដូចជាអនុវត្តន៍កម្មវិធីបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដំណាក់កាល ២០២១-២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០ ជាមួយនឹងដំណោះស្រាយនិងភារកិច្ចថ្មីៗ សំដៅទប់ស្កាត់ការជួញដូរមនុស្សលើគ្រប់វិស័យ។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖
“ក្នុងរយៈពេលកន្លងមក វៀតណាមបានបន្តអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវកម្មវិធីបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដំណាក់កាល២០២១-២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០ ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនដូចជា បង្កើនការសម្របសម្រួលអន្តរវិស័យប្រកបដោយប្រសិទ្ធភាព កែលម្អការងារធ្វើស្ថិតិ ជំរុញខ្លាំងនូវការស៊ើបអង្កេត ចាត់ការឧក្រិដ្ឋជនជួញដូរមនុស្ស និងឃោសនា លើកកម្ពស់ការយល់ដឹង។ វៀតណាមក៏កំពុងខិតខំប្រឹងប្រែងអនុវត្តន៍គោលដៅនៃកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ សំដៅពង្រឹងបរិយាកាសធ្វើចំណាកស្រុកប្រកបដោយតម្លាភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនចំណាកស្រុក ទប់ស្កាត់សកម្មភាពជួញដូរមនុស្សក្នុងការចំណាកស្រុកអន្តរជាតិ”។
ចាប់តាំងពីកម្មវិធីបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដំណាក់កាលឆ្នាំ២០២១-២០២៥ និងទិសដៅដល់ឆ្នាំ២០៣០ ត្រូវបានចេញផ្សាយដោយរដ្ឋាភិបាលក្នុងខែកុម្ភៈ ឆ្នាំ២០២១ មក ក្រសួង ផ្នែក និងមូលដ្ឋាននានាបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ និងសកម្មនូវភារកិច្ច ដំណោះស្រាយក្នុងវិសាលភាពភារកិច្ចដែលបានប្រគល់ជូន។ ក្នុងនោះ កិច្ចខិតខំប្រឹងប្រែងដ៏លេចធ្លោជាងគេ គឺជាការចេញផ្សាយដោយទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវឯកសារគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងការងារបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ក្រសួងការពារប្រទេស ក្រសួងនគរបាលនិងក្រសួងការបរទេស ក៏បានចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការសម្របសម្រួលក្នុងការទទួល ការពារ និងជួយឧបត្ថម្ភជនរងគ្រោះពីការជួញដូរ ដែលជាសញ្ញាសម្គាល់ដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងនិងការប្ដេជ្ញាចិត្តរួមក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះពីការជួញដូរ។ ជាពិសេសចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ ច្បាប់ស្តីពីជនជាតិវៀតណាមដែលធ្វើការនៅបរទេសក្រោមកិច្ចសន្យាផ្លូវការ បានចូលជាធរមាន តាមនោះការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនៅឯបរទេសបានល្អជាងមុន ហើយទប់ស្កាត់ការជួញដូរមនុស្ស។
ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ
ក្រៅពីការសុក្រិតនិងចេញផ្សាយយន្តការ គោលនយោបាយ និងច្បាប់ពាក់ព័ន្ធ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សត្រូវបានវៀតណាមយកចិត្តទុកដាក់អនុវត្តន៍ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ នៅថ្នាក់ជាតិ វៀតណាមបានខិតខំប្រឹងប្រែងអនុវត្តន៍គោលដៅនៃកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាព និងសណ្តាប់ធ្នាប់ យោងតាមផែនការដែលបានចេញផ្សាយដោយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ ដើម្បីបង្កើតបរិយាសតម្លាភាពដល់ការធ្វើចំណាកស្រុក ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជន
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម។ (រូបថត៖ VNA) |
ចំណាកស្រុក ទប់ស្កាត់ហានិភ័យនៃការជួញដូរមនុស្សក្នុងសកម្មភាពចំណាកស្រុកអន្តរជាតិ។ គួរឲ្យសោកស្ដាយថា កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សមិនទាន់ត្រូវបានទទួលស្គាល់គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវនៅឡើយ ព្រោះថាថ្មីៗនេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញរបាយការណ៍ឆ្នាំ ២០២៣ ស្តីពីស្ថានភាពនៃការជួញដូរមនុស្សលើពិភពលោក ដែលក្នុងនោះបានលើកឡើងប្រទេសវៀតណាម និងប្រទេសមួយចំនួនទៀត។ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានលើកច្បាស់ថា៖
“វៀតណាមកត់សម្គាល់ថា ភាគីអាមេរិកមានការវាយតម្លៃជាវិជ្ជមានជាងមុននៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ ស្តីពីស្ថានភាពជួញដូរមនុស្សនៅលើពិភពលោករបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ឈរលើស្មារតីនោះ វៀតណាមមានបំណងថា ភាគីទាំងពីរនឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធនាពេលខាងមុខ ដើម្បីឲ្យភាគីអាមេរិកមានការវាយតម្លៃប្រកបដោយសត្យានុម័ត ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយថែមទៀតអំពីកិច្ចខិតខំប្រឹងប្រែងជាក់ស្ដែងរបស់វៀតណាម”។
នៅថ្នាក់មូលដ្ឋាន ក្រសួង ផ្នែក និងមូលដ្ឋាននានារបស់វៀតណាមបន្តធ្វើសេនាធិការ និងរៀបចំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី និងពហុភាគីស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស; ត្រៀមរៀបចំសម្រាប់សន្និសីទអន្តររដ្ឋមន្ត្រីនៃមហាអនុតំបន់មេគង្គស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (COMMIT)។ កម្លាំងនគរបាល និងឆ្មាំព្រំដែននៃបណ្ដាខេត្តដែលមានព្រំដែនគោក ក៏បានសម្របសម្រួលជាមួយកម្លាំងមានសមត្ថកិច្ចនៃប្រទេសចិន ឡាវ និងកម្ពុជា ដើម្បីរក្សាការសង្ខេបព័ត៌មានជាប្រចាំ ហើយបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ ដើម្បីម្ចាស់ការផ្លាស់ប្តូរព័ត៌មាន សហការក្នុងការស៊ើបអង្កេត ដេញតាមចាប់ខ្លួនឧក្រិដ្ឋជន និងជួយសង្គ្រោះ ទទួល ជួយឧបត្ថម្ភជនរងគ្រោះនៃការជួញដូរ។ តំណាងក្រសួងការបរទេស និងក្រសួង ផ្នែក មូលដ្ឋាននានារបស់វៀតណាមក៏ត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីពិភាក្សាជាមួយភាគីអាមេរិក និងភាគីពាក់ព័ន្ធអំពីកិច្ចសហប្រតិបត្តិការនៅក្នុងករណីជាក់លាក់នីមួយៗ ដើម្បីរយមគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការងារបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅវៀតណាមក៏ដូចជាលើទូទាំងពិភពលោកផងដែរ៕