ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ qdnd.vn |
ម្ចាស់ការក្នុងការផ្លាស់ប្ដូរប្រព័ន្ធស្បៀងអាហារ
យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan បានឲ្យដឹងថា ខឿនកសិកម្មវៀតណាមកំពុងស្ថិតនៅចំពោះការវិវឌ្ឍដ៏ ធំៗចំនួន ៣ គឺ៖ ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលទីផ្សារ និងការផ្លាស់ប្តូរនិន្នាការប្រើប្រាស់។ វៀតណាមមានយុទ្ធសាស្ត្រមេលើវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀងអាហារ ហើយបានលើកកំពស់ជីវភាពរស់នៅរបស់ប្រជាកសិករជាបណ្តើរៗ។ នាពេលថ្មីៗនេះ ពោលគឺថ្ងៃទី ២៨ ខែមីនា រដ្ឋាភិបាលវៀតណាមបានចេញ "ផែនការសកម្មភាពជាតិដើម្បីផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព មានការទទួលខុសត្រូវ និងនិរន្តរភាពដល់ឆ្នាំ ២០៣០"។
យោងតាមលោករដ្ឋមន្ត្រីបានឲ្យដឹងថា ដើម្បីអនុវត្តផែនការនេះ វៀតណាមនឹងវាយតម្លៃ និងសុក្រិតយន្តការ គោលនយោបាយ ដំណើរការ ស្តង់ដារ សម្រាប់ផលិតកម្ម ការកែច្នៃ និងការប្រើប្រាស់ស្បៀងអាហារប្រកបដោយតម្លាភាព មានការទទួលខុសត្រូវ និងនិរន្តរភាពឆ្ពោះទៅរកខឿនកសិកម្មបៃតង។ វៀតណាមក៏កំពុងសិក្សាស្រាវជ្រាវអំពីការបង្កើត "មជ្ឈមណ្ឌលនវានុវត្តន៍ស្បៀងអាហារ"; កសាង “កម្មវិធីស្រូវ ១ លានហិកតា ប្រកបដោយគុណភាពខ្ពស់ និងបំភាយជាតិពុលទាប” លោករដ្ឋមន្ត្រី Le Minh Hoan បានអះអាងថា៖ “ក្រសួងកសិកម្មកំពុងអនុវត្តន៍ផែនការសកម្មភាព ដើម្បីសម្រេចយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម និងជនបទប្រកបដោយនិរន្តរភាព ក្នុងនោះយើងបានលើកឡើងអំពីនិន្នាការគឺ ក្លាយទៅជាមជ្ឈមណ្ឌលអំពីការផ្លាស់ប្ដូរប្រព័ន្ធស្បៀងអាហារនៃតំបន់។ នោះគឺជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរបស់អង្គការអន្តរជាតិ ម្ចាស់ជំនួយ និងស្ថាប័នហិរញ្ញវត្ថុរួមជាមួយវៀតណាមដើម្បីផ្លាស់ប្ដូរខឿនកសិកម្មស្របតាមនិន្នាការថ្មីផងដែរ”។
ស្របជាមួយនឹងផែនការសកម្មភាពជាតិផ្លាស់ប្ដូរប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព មានការទទួលខុសត្រូវ និងនិរន្តរភាពដល់ឆ្នាំ ២០៣០ វៀតណាមក៏បានជំរុញការអនុវត្តការប្តេជ្ញាចិត្តបំភាយឧស្ម័នមក ត្រឹមកម្រិតសូន្យ នៅឆ្នាំ ២០៥០ និងការប្តេជ្ញាចិត្តចំនួនពីរ ផ្សេងទៀតដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយវិស័យកសិកម្មគឺ៖ ចូលរួម គំនិតផ្តួចផ្តើម "កាត់បន្ថយការបំភាយឧស្ម័នមេតានជាសកល"; ការអនុវត្ត “សេចក្តីប្រកាស Glasgow ស្តីពីព្រៃឈើ និងការប្រើប្រាស់ដីធ្លី”។ លោករដ្ឋមន្ត្រី Le Minh Hoan បានឲ្យដឹងថា៖ “វៀតណាមបានប្តេជ្ញាថាដល់ដំណាច់ឆ្នាំ ២០៥០ គឺ “Net – Zero” (កាត់បន្ថយការបំភាយមកត្រឹមកម្រិតសូន្យ)។ វៀតណាមប្ដេជ្ញាចិជាខឿនកសិកម្មប្រកបដោយមានការទទួលខុសត្រូវ ចីរភាព។ យើងចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល ចូលរួមក្នុងប្រព័ន្ធផ្គត់ផ្គង់ស្បៀងអាហារ សកល។ សារទាំងនេះនឹងក្លាយទៅជាសកម្មភាពជាក់ស្តែង តាមរយៈ ការទទួលខុសត្រូវរបស់អ្នកផលិត ប្រជាកសិករ និងសហគ្រាសផងដែរ”។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan (រូបថត៖ VNA) |
វៀតណាមកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ
ជាមួយនឹងការតំរង់ទិសដៅដែលត្រូវបានវៀតណាមចែករំលែក នៅខាងក្រៅសន្និសីទពិភពលោកលើកទី ៤ ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព តំណាងអង្គការអន្តរជាតិមួយចំនួនបានចាត់ទុកថា វៀតណាមកំពុងបំពេញ ល្អនូវតួនាទីជំរុញការផ្លាស់ប្តូរទៅជាអាហារនិរន្តរភាព ផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ។ លោក Gunther Beger នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានវាយតម្លៃថា វៀត ណាមមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់លើងវិស័យផលិតកម្មស្បៀងអាហារ ជាពិសេសលើការកែច្នៃម្ហូបម្ហូងអាហារ។
លោកស្រី Corinna Hawkes នាយិកាប្រព័ន្ធស្បៀងអាហារ និងសុវត្ថិភាពម្ហូបអាហារ នៃអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានឲ្យដឹងថា សន្និសីទដែលរៀបចំឡើងដោយវៀតណាមបានបង្ហាញពីតួនាទីរបស់វៀតណាមក្នុងការផ្លាស់ប្តូរឆ្ពោះទៅទិសដៅនិរន្តរភាព ហើយតាមនោះវៀតណាមអាច ចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយពិភពលោក ហើយផ្ទុយទៅវិញ ប្រទេសនានាអាចរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីអនុវត្តន៍ការខិតខំប្រឹងប្រែងនេះ។
ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារដើរតួនាទីដ៏សំខាន់ក្នុងការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទាំង ១៧ នាឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ ជាមួយនឹងការប្តេជ្ញាចិត្តដែលបានដាក់ចេញ និងផែនការអនុវត្តន៍នាពេលខាងមុខ រួមជាមួយលទ្ធផលនៃសន្និសីទពិភពលោកលើកទី ៤ វៀតណាមកាន់តែបង្ហាញយ៉ាងច្បាស់នូវតួនាទីជំរុញការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារពិភពលោកផងដែរ៕