លក្ខណៈប្រជាធិបតេយ្យនិងការស្ថាបនាក្នុងសកម្មភាពសួរដេញដោល

Chia sẻ

(VOVWORLD) - ការសួរដេញដោល ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពឃ្លាំមើលដ៏សំខាន់ និងផុសផុលបំផុតនៃសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់កាលពីរសៀលថ្ងៃទី៩ មិថុនា បន្ទាប់ពីរយៈពេល២ថ្ងៃកន្លះធ្វើការ។ បញ្ហាសេដ្ឋកិច្ច សង្គម ដែលសាធារណជននិងម្ចាស់ឆ្នោតមានការយកចិត្តទុកដាក់ខ្លាំងបំផុត ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងក្រុមខ្លឹមសារទាំង៤ដែលត្រូវបានចោទសួរនៅក្នុងសម័យប្រជុំនេះ ចាប់ពីវិស័យកសិកម្ម ជនបទ ហិរញ្ញវត្ថុ ធនាគារ រហូតដល់គមនាគមន៍ ដឹកជញ្ជូន។ មិនត្រឹមតែរដ្ឋមន្ត្រី និងប្រមុខវិស័យទាំង៤ ខាងលើ ឆ្លើយសំណួរប៉ុណ្ណោះទេ ថែមទាំងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីចំនួន៥ទៀត ក៏បានចូលរួមស្រាយបំភ្លឺបញ្ហាជាច្រើនផងដែរ។ ប្រការនោះបានបង្ហាញឲ្យឃើញស្មារតីទទួលខុសត្រូវ បរិយាកាសប្រជាធិបតេយ្យនិងស្មោះត្រង់ មានវត្តមានកាន់តែច្រើននៅក្នុងសកម្មភាពសួរដេញដោលរបស់រដ្ឋសភា។

លក្ខណៈប្រជាធិបតេយ្យនិងការស្ថាបនាក្នុងសកម្មភាពសួរដេញដោល - ảnh 1សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ បានសួរដេញដោលលើក្រុមខ្លឹមសារចំនួន៤។
(រូបថត៖ quochoi.vn)

រួមជាមួយរដ្ឋមន្ត្រីទាំង៣ និងទេសាភិបាលធនាគាររដ្ឋដែលទទួលខុសត្រូវឆ្លើយសំណួរនោះ គឺឧប នាយករដ្ឋមន្ត្រី លោក Le Minh Khai លោក Le Van Thanh និងរដ្ឋមន្ត្រីក្រសួង៖ ឧស្សាហកម្មនិងពាណិជ្ជកម្ម ធនធាននិងបរិស្ថាន អប់រំនិងបណ្តុះបណ្តាល វប្បធម៍ កីឡា និងទេសចរណ៍ សំណង់ ក៏បានចូលរួមឆ្លើយសំណួរ និងបកស្រាយបំភ្លឺបន្ថែមនូវខ្លឹមសារទាក់ទងនឹងក្រុមខ្លឹមសារដែលត្រូវបានចោទសួរផងដែរ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh បានតាងនាមរដ្ឋាភិបាល ដើម្បីរាយការណ៍ ស្រាយបំភ្លឺបញ្ហានានាដែលស្ថិតនៅក្រោមការទទួលខុសត្រូវរួមរបស់រដ្ឋាភិបាល ហើយបានឆ្លើយសំណួរដោយផ្ទាល់របស់សមាជិករដ្ឋសភា។

ប្រជាធិបតេយ្យ ពោរពេញទៅដោយលក្ខណៈស្ថាបនា

ទន្ទឹមនឹងការផ្លាស់ប្ដូរថ្មីរបស់រដ្ឋសភា សកម្មភាពសួរដេញដោលក្នុងអាណត្តិជាច្រើនកន្លងមកនេះ ពិតជាមានការផ្លាស់ប្ដូរថ្មីផងដែរ។ វគ្គសួរដេញដោលជាច្រើន បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយការជជែកពិភាក្សាយ៉ាងស្មោះត្រង់របស់សមាជិករដ្ឋសភា ដោយឈានដល់ឫសគល់នៃបញ្ហាដែលបានចោទសួរ។ ក្នុងសម័យប្រជុំលើកនេះ មានសមាជិករដ្ឋសភាចំនួន ២៦៦ នាក់បានចុះឈ្មោះសួរដេញដោល សមាជិករដ្ឋសភាចំនួន ១៣១ នាក់បានអនុវត្តន៍សិទ្ធិសួរដេញដោល។ តាមរយៈសម័យសួរដេញដោល សមាជិករដ្ឋសភាបានលើកឡើងសំណួរដែលឆ្លុះបញ្ចាំងយ៉ាងដិតដល់នូវការពិតជាក់ស្តែងនៃជីវភាពរស់នៅ និងបំណងប្រាថ្នារបស់ម្ចាស់ឆ្នោត មានការសន្ទនា និងការជជែកពិភាក្សាយ៉ាងស្មោះត្រង់ ប្រកបដោយលក្ខណៈស្ថាបនា ហើយបានប្រើប្រាស់ពេលវេលាដោយមានប្រសិទ្ធភាពបំផុតដើម្បីសួរដេញដោល។

លក្ខណៈប្រជាធិបតេយ្យនិងការស្ថាបនាក្នុងសកម្មភាពសួរដេញដោល - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ (រូបថត៖ quochoi.vn)

ចំណែកឯខាងរដ្ឋមន្ត្រីវិញ ទោះបីជាទើបតែចាប់ផ្ដើមអាណត្តិបេសកកម្មបាន១ឆ្នាំក៏ដោយ ក៏សមាជិករដ្ឋាភិបាលបានក្ដាប់ជាប់បញ្ហាដោយទាន់ពេលវេលា ហើយឆ្លើយសំណួរយ៉ាងត្រង់ៗ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃថា៖ “មិនថាអ្នកដែលទើបតែឆ្លើយសំណួរជាលើកដំបូងដូចរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan ទេសាភិបាលធនាគាររដ្ឋ លោកស្រី Nguyen Thi Hong រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phuc ឬមានបទពិសោធន៍ជាច្រើនក្នុងការឆ្លើយសំណួរ ដូចរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van The នោះទេ ក៏សុទ្ធតែបង្ហាញពីឫទ្ធានុភាព ក្តាប់ជាប់បាននូវស្ថានភាពបច្ចុប្បន្ននៃវិស័យដែលគេទទួលបន្ទុក ហើយឆ្លើយយ៉ាងស្មោះត្រង់ មិនជៀស វាងបញ្ហាលំបាក ស្មុគស្មាញឡើយ; ក្នុងនោះមានបញ្ហាដែលនៅសល់តាំងពីសម័យប្រជុំមុនៗ ក៏ត្រូវបានឆ្លើយយ៉ាងពេញលេញជាស្ថាពរផងដែរ”។

ការវិវឌ្ឍន៍នៃសម័យសួរដេញដោលលើកនេះ បានបង្ហាញថា ការជ្រើសរើសក្រុមខ្លឹមសារដើម្បីសួរ និងឆ្លើយសំណួរគឺត្រឹមត្រូវ និងចំគោលដៅ ដោយមានបញ្ហាដែលអូសបន្លាយជាច្រើនឆ្នាំកន្លងមក ប៉ុន្តែមិនទាន់ត្រូវបានដោះស្រាយយ៉ាងពេញលេញ និងសមហេតុផលនៅឡើយ ហើយក៏មានបញ្ហាដែលទើបកើតមានផងដែរ។ អាស្រ័យហេតុនេះ បំពេញតាមតម្រូវការ និងការរំពឹងទុករបស់ម្ចាស់ឆ្នោត ប្រជាពលរដ្ឋ និងសមាជិករដ្ឋសភាខ្លួនឯង។ លោក Trinh Xuan An សមាជិករដ្ឋសភាខេត្ត Dong Nai បានឲ្យដឹងថា៖ “ការសួរដេញដោលនេះ មិនត្រឹមតែដើម្បីឲ្យយើងវាយតម្លៃ និងពិនិត្យឡើងវិញនូវទំនួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាការផ្ដល់យោបល់ ការចែករំលែករបស់សមាជិករដ្ឋសភាចំពោះការងារនាពេលខាងមុខទៀតផង។ ការឆ្លើយតបសំណួរលើកនេះ បានធ្វើឲ្យសមាជិករដ្ឋសភាអាចនឹងនរចិត្តជាបណ្ដោះអាសន្នចំពោះផែនការដែលបានដាក់ចេញ។

សញ្ញាសម្គាល់

ក្រោយរយៈពេល២ថ្ងៃកន្លះនៃសកម្មភាពសួរដេញដោល អាចមើលឃើញថា វិស័យទាំង៤ សុទ្ធតែត្រូវបានសមាជិករដ្ឋសភាចោទសួរយ៉ាងត្រង់ៗ ដោយមានការផ្លាស់ប្តូរគ្នាទៅវិញទៅមក។ តាមរយៈដំណើរការនៃការសួរដេញដោល និងឆ្លើយសំណួររវាងសមាជិករដ្ឋសភាជាមួយរដ្ឋមន្ត្រី និង “ប្រមុខវិស័យ” ប្រជាជនអាចឃ្លាំមើល និងវាយតម្លៃពីសមត្ថភាពរបស់រដ្ឋមន្ត្រី ព្រមទាំងវាយតម្លៃពីសមាជិករដ្ឋសភាផងដែរ។

ក្នុងសុន្ទរកថាបិទសម័យសួរដេញដោលនោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានបញ្ជាក់ថា លទ្ធផលនៃសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល បានបង្ហាញពីភាពម៉ឺងម៉ាត់ ការទទួលខុសត្រូវខ្ពស់របស់សមូហភាពរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ប្រមុខវិស័យក្នុងការឆ្លើយសំណួរដេញដោល។ ដោយផ្អែកលើលទ្ធផលនៃការសួរដេញដោល រដ្ឋសភានឹងចេញផ្សាយសេចក្តីសម្រេចចិត្តនៅចុងបញ្ចប់ សម័យប្រជុំ ដើម្បីធ្វើជាមូលដ្ឋានរៀបចំការអនុវត្ត និងឃ្លាំមើលតាមបទប្បញ្ញត្តិ។

ការសួរដេញដោល គឺដើម្បីកំណត់ស្ថានភាពឲ្យបានច្បាស់ ស្វែងរកដំណោះស្រាយ ហើយបំភ្លឺការទទួលខុសត្រូវដើម្បីជំនះពុះពារ។ ការសួរដេញដោល ក៏ដើម្បីស្វែងរកសំឡេងជាឯកឆ័ន្ទ ដើម្បីជួយដល់ការងារគ្រប់គ្រង និងប្រតិបត្តិរបស់រដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ក្រោយយៈពេល២ថ្ងៃកន្លះធ្វើការ អាចនិយាយបានថា សម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោលក្នុងសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ បានបំពេញតាមតម្រូវការរបស់ម្ចាស់ឆ្នោត៕

ប្រតិកម្មទៅវិញ