ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN) |
ក្នុងប៉ុន្មានថ្ងៃកន្លងទៅ អាមេរិកនិងប្រទេសជាច្រើនផ្សេងទៀតដែលក្នុងនោះភាគច្រើនគឺសមាជិកសហភាពអឺរ៉ុប (EU) បានប្រកាសបណ្ដេញអ្នកការទូតរុស្ស៊ីជាង១១០នាក់។
សេចក្ដីសំរេចខាងលើរបស់អាមេរិកនិងក្រុមប្រទេសអឺរ៉ុប ត្រូវបានធ្វើឡើង ប៉ុន្មានថ្ងៃក្រោយពីអង់គ្លេសបណ្ដេញ អ្នកការទូតរុស្ស៊ីចំនួន២៣នាក់ ដើម្បីតបតវិញនូវករណី អតីតចារបុរសរុស្ស៊ីលោក Sergei Skripal ត្រូវបំពុលសម្លាប់នៅទីក្រុងឡុងដ៍កាលពីថ្ងៃទី៤ មីនា។
លោកខាងលិចគាំទ្រក្រុងឡុងដ៍
ការដែលអាមេរិកប្រកាសបិទទ្វារស្ថានកុងស៊ុលរុស្ស៊ីប្រចាំទីក្រុង Seattle ហើយបណ្ដេញ បុគ្គលិកការទូតរុស្ស៊ីចំនួន៦០នាក់នៅស្ថានកុងស៊ុលនេះ និងក្រុមបេសកកម្មរុស្ស៊ីប្រចាំអ.ស.បនោះ ត្រូវបានចាត់ទុកជាសកម្មភាពគួរឲ្យភ្ញាក់ផ្អើល ដោយសារមុននោះ រដ្ឋអំណាចប្រធានាធិបតីលោក Donald Trump មានអាកប្បកិរិយាដ៏សកម្មក្នុងការកសាងទំនាក់ទំនងជាមួយរុស្ស៊ី។
ក្រៅពីអាមេរិក ប្រទេសផ្សេងៗជាច្រើននៅទ្វីបអឺរ៉ុបនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក៏បានប្រកាសបណ្ដេញអ្នកការទូតរុស្ស៊ីយ៉ាងដូច្នេះដែរ។ នេះត្រូវបានចាត់ទុកថា ជាសង្គ្រាមការទូតដ៏ធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ីជាមួយលោកខាងលិច គិតតាំងពីសង្គ្រាមត្រជាក់មក។
មជ្ឈដ្ឋានអ្នកនយោបាយអង់គ្លេសបានស្វាគមន៍ប្រតិកម្មរបស់បណ្ដាប្រទេសខាងលើ ដោយចាត់ទុកថា នេះជាសារដ៏ខ្លាំងក្លាផ្ញើរជូនចំពោះទីក្រុងម៉ូស្គូ ដែលបញ្ជាក់ថា លោកខាងលិចនឹងមិនលើកលែងទោសក្នុងពេលរុស្ស៊ីបន្តមិនអើពើដល់ច្បាប់អន្តរជាតិឡើយ។
នៅលើម្ខាងទៀត ក្រសួងការបរទេសរុស្ស៊ីបានវាយតំលៃថា ប្រទេសជាច្រើនបានដើរតាមគោលជំហររបស់ក្រុងឡុងដ៍អំពីករណីចារបុរសដោយល្ងិតល្ងង់ ព្រោះថារហូតដល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយដែលសរឲ្យឃើញថា រុស្ស៊ីជាប់ពាក់ព័ន្ធនឹងករណីខាងលើនៅឡើយ។ ការបណ្ដេញអ្នកការទូតរុស្ស៊ីជាសកម្មភាពមិនត្រឹមត្រូវ មានលក្ខណៈបង្ករឿងហេតុ ហើយជះឥទ្ធិពលអវិជ្ជមានទៅលើទំនាក់ទំនងអន្តរជាតិនិងការស៊ើបអង្កេតរឿងហេតុនេះ។
ជំលោះឡើងកំពូល
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានប្រកាសថា “កិច្ចសហការបណ្ដេញ អ្នកការទូតខាងលើបានបង្ហាញឲ្យឃើញនូវការស្រុះចិត្តគំនិតរបស់លោកខាងលិចក្នុងការផ្ញើរសារដ៏ខ្លាំងក្លាទៅកាន់រុស្ស៊ីដែលថា ម៉ូស្គូមិនអាចបន្តមើលស្រាលលើច្បាប់អន្តរជាតិឡើយ”។ ប៉ុន្តែ ចំណុចគួរឲ្យយកចិត្តទុកដាក់គឺរហូតមកដល់ពេលនេះអង់គ្លេសនិងក្រុមប្រទេសលោកខាងលិចមិនដាក់ចេញបានភស្តុតាងដ៏បរានុម័តនិងពេញលេញណាមួយ ហើយក៏មិនមានចេតនាសហការជាមួយរុស្ស៊ីដើម្បីបំភ្លឺរឿងហេតុនេះឡើយ។ អាចនិយាយបានថា លោកខាងលិចមិនចង់បង្ហាញភស្តុតាងទាក់ទិនដល់រឿងហេតុនេះ ស្ដីពីអ្វីៗបានកើតមានឡើង និងកើតមានឡើងយ៉ាងម៉េចទេ។
តើក្រុមប្រទេសលោកខាងលិចបានឆ្លៀតប្រើប្រាស់រឿងអតីតចារបុរស Sergei Skripal ដើម្បីធ្វើជាមូលហេតុ ក្នុងផែនការប្រឆាំងរុស្ស៊ីក្នុងរយៈពេលយូរអង្វែង?
ពិតណាស់ថា រុស្ស៊ីនឹងតបតវិញយ៉ាងសក្តិសមចំពោះការបណ្ដេញអ្នកការទូតរបស់លោកខាងលិច ប៉ុន្តែ រឿងហេតុនេះបានសរឲ្យឃើញថា ទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិចបានធ្លាក់ចូលក្នុងដំណាក់កាលដ៏តានតឹងបំផុតក្នុងអំឡុង៣០ឆ្នាំកន្លងមក។ រុស្ស៊ីកំពុងប្រឈមមុខនឹងសង្គ្រាមការទូតយ៉ាងទូលំទូលាយមួយជាមួយលោកខាងលិច៕