ព្រះចៅអធិរាជ្យជប៉ុនអាគីហ៊ីតូ អគ្គមហេសី និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (រូបថត៖ sggp.org.vn) |
ទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពរវាងវៀតណាមនិងជប៉ុនកំពុងស្ថិតនៅដំណាក់កាលដ៏ល្អប្រសើរបំផុតតាំងពីមុនមក។ ក្នុងរយៈពេល២៥ឆ្នាំកន្លងមក កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនចាប់តាំងពីនយោបាយ សេដ្ឋកិច្ច រហូតដល់ការទូត វប្បធម៌ សុទ្ធតែទទួលបាន សមទ្ធិផលដ៏ធំធេង។ ក្នុងនោះ ទំនាក់ទំនងនយោបាយជាកម្លាំងចលករ ទំនាក់ទំនងសេដ្ឋកិច្ចជាសសរទ្រូងនិងទំនាក់ទំនងវប្បធម៌ជាគ្រឹះស្ថាន។
គ្រឹះស្ថានដ៏រឹងមាំ
ការអភិវឌ្ឍយ៉ាងលឿននិងរឹងមាំនៃទំនាក់ទំនងនយោបាយរវាងវៀតណាមនិងជប៉ុនជាប្រការដែលមិនអាចបដិសេធបានឡើយ។ ដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងនោះមានដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះចៅអធិរាជ្យនិងអគ្គមហេសីជប៉ុន នាដើមឆ្នាំ២០១៧ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang កាលពីខែមិថុនាកន្លងទៅ គឺជាភស្តុតាងលំអិត។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនលោក Nguyen Quoc Cuong បានវាយតំលៃថា៖
“ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយដើម្បីសន្តិភាពនិងវិបុលភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទិសដៅធំបំផុតនៃប្រទេសទាំងពីរនោះគឺធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងនោះឲ្យកាន់តែស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ”។
មិនត្រឹមតែជាក្របខ័ណ្ឌទ្វេភាគីប៉ុណ្ណោះទេ ប្រទេសទាំងពីរនៅតែសហការនិងមានការស្រុះចិត្តគំនិតគ្នានៅវេទិកាអន្តរជាតិជាច្រើនដូចជាអង្គការសហប្រជាជាតិ វេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ហើយរួមគ្នាចូលរួមការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ទំនាក់ទំនងនយោបាយពោរពេញទៅដោយការជឿទុកចិត្តគ្នាទៅវិញទៅមកនេះបានបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងពេញលេញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាមលោក Umeda Kunio បានអះអាងថា៖
“ជំនឿទុកចិត្តដ៏ធំធេងដែលថ្នាក់ដឹកនាំក៏ដូចជាប្រជាជនវៀតណាមលៃទុកសម្រាប់ជប៉ុន ធ្វើឲ្យយើងខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង។ ជប៉ុនមានគោលបំណងចង់សហប្រតិបតិ្តការជាមួយវៀត ណាមគ្រប់វិស័យ ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តនោះ”។
លើវិស័យសេដ្ឋកិច្ច ជប៉ុនជាដៃគូសំខាន់ជួរមុខរបស់វៀតណាម និងជាប្រទេសដំបូងក្នុងក្រុម G7 ដែលទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម នាខែតុលាឆ្នាំ២០១១។ នាបច្ចុប្បន្ន ជប៉ុនជាវិនិយោគិនបរទេសធំទី២ ដៃគូពាណិជ្ជកម្មធំទី៤និងដៃគូទេសចរណ៍ធំទី៣របស់វៀតណាម។ ជប៉ុនក៏ជាប្រទេសដែលផ្ដល់ទុនឧបត្ថម្ភការអភិវឌ្ឍជាផ្លូវការ (ODA) ជាច្រើនបំផុតជូនចំពោះវៀតណាមផងដែរ។ មានសហគ្រាសជប៉ុនប្រមាណ២ពាន់៥រយអង្គភាពដែលកំពុងបណ្ដាក់ទុនចូលមកវៀត ណាម ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ជប៉ុនសឹងតែទាំងអស់។ លោក Hironobu Kitagawa តំណាងអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) ប្រចាំវៀតណាម បានចាត់ទុកថា៖
“កិច្ចសហប្រតិបតិ្តការរវាងជប៉ុននិងវៀតណាមមានការផ្លាស់ប្ដូរក្នុងដំណាក់កាលនីមួយៗ។ ក្នុងទសវត្សទី៩០នៃសតវត្សទី២០ ជប៉ុនបានផ្ដោតកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មផលិត។ ចំណែកឯក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហគ្រាសជប៉ុនកំពុងផ្ដោតទៅលើវិស័យលក់រាយ ចែកចាយនិងអប់រំ នៅវៀតណាម។ ដោយហេតុនេះ ខ្ញុំចាត់ទុកថាទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនឹងកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ”។
យថាទស្សន៍ដ៏សកម្ម
ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនក្នុងអំឡុងពេល៤៥ឆ្នាំកន្លងទៅ មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដែលជាគ្រឹះស្ថានដ៏សំខាន់ដើម្បីបន្តអភិវឌ្ឍន៍គ្រប់វិស័យនាពេលខាងមុខ។ ក្រៅពីនោះ គ្រឹះស្ថានថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនោះគឺ វៀតណាមនិងជប៉ុនបានក្លាយទៅជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP ដូចគ្នា។ កិច្ចព្រមព្រៀងនេះគ្រោងនឹងចូលជាធរមានចាប់ពីឆ្នាំ២០១៩ ដោយបើកចេញយថាទស្សន៍សហប្រតិបតិ្តការថ្មីសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។
នាពេលខាងមុខ ដោយមានការខិតខំប្រឹងប្រែង ការស្រុះចិត្តគំនិតនិងគោលនយោបាយដ៏ត្រឹមត្រូវនៃភាគីទាំងពីរ វៀតណាមនិងជប៉ុននឹងបន្តនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដើម្បីសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ីឲ្យឈានចូលដំណាក់កាលអភិវឌ្ឍថ្មីគ្រប់វិស័យ ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខនិងបច្ចេកវិទ្យាខ្ពស់៕