រដ្ឋសភាវៀតណាមបង្កើនសកម្មភាពកិច្ចការបរទេសពហុភាគីនិងទ្វេភាគី

Chia sẻ

(VOVWORLD) - នៅថ្ងៃទី១២ ខែកញ្ញា ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានបញ្ចប់ដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើកទី៥ (WCSP5) នៅសាធារណៈរដ្ឋអូទ្រីស ដំណើរទស្សនកិច្ចការងារនៅសភាអឺរ៉ុប (EP) បែលហ្សិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១ ខែកញ្ញា។ ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue សម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើន ដែលរួមចំណែកដល់ការពង្រឹងកិច្ចការបរទេសពហុភាគី ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមជាមួយបណ្ដាប្រទេស។

រដ្ឋសភាវៀតណាមបង្កើនសកម្មភាពកិច្ចការបរទេសពហុភាគីនិងទ្វេភាគី - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue ចូលរួមពិធីបើកកិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើកទី៥។ (រូបថត៖ VOV)

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue ជាដំណើរទស្សនកិច្ចលើកដំបូងនៅអឹរ៉ុបរបស់ថ្នាក់ដឹកនាំកំពូលវៀតណាម ក្រោយពីការសុក្រិតក្បាលម៉ាស៊ីនរដ្ឋ ព្រមទាំងបង្ហាញពីភាពម្ចាស់ការ សកម្មនិងការទទួលខុសត្រូវរបស់វៀតណាមនៅវេទិកាសភាពហុភាគី លើកកំពស់ជំនឿទុកចិត្តនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមជាមួយសភានៃប្រទេសដទៃ។

ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការទូតសភា

ចំណុចលេចធ្លោនៃការទូតពហុភាគីលើកនេះ គឺកិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើកទី៥ ដែលបានធ្វើឡើងនៅរដ្ឋធានីវីយ៉ែន ប្រទេសអូទ្រីស ដោយមានវត្តមានប្រធានរដ្ឋសភាចំនួន ១១០ រូបលើពិភពលោក។ នៅកិច្ចប្រជុំនេះ លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានចូលរួមសកម្មភាពជាង២០ជាបន្តបន្ទាប់ក្នុងរយៈពេលតែជាង១ថ្ងៃប៉ុណ្ណោះ។ លោកប្រធានរដ្ឋសភាវៀតណាមបានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់ចំនួន២ នៅពិធីបើក និងកិច្ចប្រជុំពិភាក្សាតាមប្រធានបទ។

ក្នុងរយៈពេលចូលរួមព្រឹត្តិការណ៍ពហុភាគីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏មានជំនួបប្រាស្រ័យទ្វេភាគីរាប់សិបលើក ជាមួយថ្នាក់ដឹកនាំសភានៃប្រទេសអាស៊ី អាហ្វ្រិក អាមេរិកឡាទីន ប្រទេសដៃគូសំខាន់ៗដូចជាជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង ឥណ្ឌានិងឈីលី។ លោកប្រធានរដ្ឋសភាក៏បានជួបសន្ទនាជាមួយប្រធានការិយាល័យអង្គការសហប្រជាជាតិនិងអគ្គនាយកស្ថាប័នថាមពលបរិមាណូអន្តរជាតិប្រចាំអូទ្រីស តាមនោះរួមចំណែកបង្ហាញពីតួនាទីម្ចាស់ការ សកម្មរបស់រដ្ឋសភាវៀតណាមក្នុងការជំរុញកិច្ចការបរទេសសភាពហុភាគី ក៏ដូចជារួមជាមួយសហភាពអន្តរសភាពិភពលោកចូលរួមដោះស្រាយបញ្ហាជាសកលនានាដូចជាសន្តិសុខ ការកាត់បន្ថយភាពក្រីក្រ ការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ការប្រឆាំងជម្ងឺកូវីដ ១៩ និងការស្ដារសេដ្ឋកិច្ចក្រោយជម្ងឺរាតត្បាត។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha ចាត់ទុកថា៖

“ការទូតសភាតំណាងឲ្យឆន្ទៈ បំណងប្រាថ្នារបស់ប្រជាជន ដែលជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ហើយតភ្ជាប់ជាមួយប្រជាជននៃប្រទេសដៃគូនានា។ ពីនោះ យើងកសាងបាននូវទំនាក់ទំនងដ៏ពិសេស។ ចំពោះ EU យើងមានទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ តែមានលក្ខណៈយុទ្ធសាស្ត្រ ដូច្នេះ សភានៃភាគីទាំងពីរអាចរួមវិភាគទាន ហើយជាពិសេស ប្រធាន សភាអឺរ៉ុប ក៏ត្រៀមខ្លួនជាស្រេចគាំទ្រចំពោះសំណើររបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue អំពីការបង្កើតយន្តការមួយដើម្បីឲ្យសភាអឺរ៉ុបនិងរដ្ឋសភាវៀតណាមពង្រឹងទំនាក់ទំនង រួមវិភាគទានទៅក្នុងការអភិវឌ្ឍរបស់វៀតណាម”។

រដ្ឋសភាវៀតណាមបង្កើនសកម្មភាពកិច្ចការបរទេសពហុភាគីនិងទ្វេភាគី - ảnh 2ពិធីប្រគល់-ទទួលវ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យបង្ការប្រឆាំងជម្ងឺកូវីដ ១៩ នៅបែលហ្ស៊ិក។
(រូបថត៖ VOV)

ជំរុញការទូតសេដ្ឋកិច្ចជាមួយប្រទេស EU នានា

ដំណើរទស្សនកិច្ចការងារនៅអឺរ៉ុបរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue នៅមានភារកិច្ចជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយសហភាពអឺរ៉ុប ដែលជាដៃគូដ៏សំខាន់ជួរមុខរបស់វៀត ណាមផងដែរ។ នៅក្នុងជំនួបសវនាការជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងជំនួបពិភាក្សាការងារជាមួយប្រធានសភាអឺរ៉ុប ភាគីទាំងពីរបានសម្ដែងការប្ដេជ្ញាចិត្តនាំឲ្យទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រយដោយមាលក្ខណៈយុទ្ធសាស្ត្ររវាងវៀតណាមនិង EU ឡើងដល់កំពស់ថ្មី។ នៅក្នុដំណើរទស្សកិច្ចលើកនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue និងបណ្ដារដ្ឋមន្រ្តី ក៏បានជួបជុំជាមួយសហគ្រាសចំនួនជិត ៥០ ក្នុងនោះមានសហគ្រាសជួរមុខរបស់អឺរ៉ុបដែលប្រតិបត្តិការលើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ សុខាភិបាល អប់រំបណ្ដុះបណ្ដាល ផ្លាស់ប្ដូរឌីជីថល និងនវានុវត្តភាព។ បើតាមលោក Nguyen Chi Dung រដ្ឋមន្រ្តីក្រសួងផែនការនិងវិនយោគបានបង្ហើបឲ្យដឹងថា តាមរយៈសកម្មភាពនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យា អនុស្សារណៈយោគយល់គ្នជាច្រើនដោយមានតម្លៃឡើងដល់ទៅរាប់ពាន់ លាន ដុល្លាអាមេរិក។

“ខ្ញុំមានការចាប់អារម្មណ៍ពិសេសចំពោះការគោរពរបស់សហគ្រាសអឺរ៉ុបដល់ទីផ្សារវៀតណាម។ ពួក គេបានចាត់ទុកវៀតណាមជាដៃគូសំខាន់មួយនៅអាស៊ីអាគ្នេយ៍ ជាមិត្តភក្តិនិងដៃគូគួរឲ្យជឿទុកចិត្ត។ ដោយស្ដែងចេញពីមនោសញ្ចេតនិងសុឆន្ទៈនោះ ពួកគេកំពុងរៀបចំរចនាសម្ព័ន្ធការវិនិយោគឡើងវិញ ដូច្នេះ នេះជាឱកាសល្អណាស់ដើម្បីយើងទាញយកដើមទុនវិនិយោគពីសហគ្រាសធំៗរបស់អឺរ៉ុប។ លើសពីនេះទៅទៀត ពួកគេក៏បានបង្ហាញសុឆន្ទៈដោយអនុញ្ញាតឲ្យយើងទទួលបានការផ្ទេរប្រគល់បច្ចេកវិទ្យាផងដែរ។ នេះជាបញ្ហាថ្មីថ្មោង ដែលកម្រមានតាំងពីមុនមក ចំពោះសហគ្រាសអឺរ៉ុបបោះទុនចូលមកវៀតណាម”។

ជំរុញការទូតវ៉ាក់សាំង

ក្នុងដំណើរទស្សនកិច្ចការងារនៅអឺរ៉ុបលើកនេះរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្នាក់ដឹកនាំសហភាពអឺរ៉ុប សភាអឺរ៉ុប សុទ្ធតែឯកភាពលើសំណើររបស់វៀតណាម ហើយបញ្ជាក់ថា នឹងជំរុញ ចលនាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសមាជិក បង្កើនការជួយឧបត្ថម្ភវៀតណាមក្នុងការធ្វើលទ្ធកម្មនឹងប្រភពផ្គត់ផ្គង់វ៉ាក់សាំងនៅសេសសល់របស់ប្រទេស EU នានា ព្រមទាំងជួយឧបត្ថម្ភការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងផងដែរ។ ក្នុងឱកាសនេះដែរ រដ្ឋាភិបាល បែលហ្ស៊ិក ស្លូវ៉ាគី សហគ្រាស សម្ព័ន្ធក្រុមហ៊ុនជាច្រើន និងសហគមន៍ជនវៀតណាមនៅបរទេសបានប្រគល់ជូនវៀតណាមនូវវ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យ ថ្នាំព្យាបាល ឧបករណ៍ធ្វើតេស្តកូវីដ ១៩។ សហគ្រាសវៀតណាមក៏បានចុះហត្ថលេខាជាមួយដៃគូអឺរ៉ុបលើកិច្ចសន្យា កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនអំពីការទិញ ផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង ឧបករណ៍ kit ធ្វើតេស្ត កូវីដ ១៩ តាមនោះរួមវិភាគទានយ៉ាងសំខាន់ដល់ប្រភពធនធានបង្ការប្រឆាំងជម្ងឺរាតត្បាតរបស់ប្រទេសជាតិ។

លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏មានជំនួបសំណេះសំណាលយ៉ាងស្មោះសរជាមួយសហ គមន៍ជនវៀតណាមនៅឯបរទេសដើម្បីផ្ទៀងស្ដាប់មតិយោបល់ បំណងប្រាថ្នារបស់ជនរួមជាតិ ព្រមទាំងសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅឯបរទេសគឺជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីសហគមន៍បណ្ដាជនជាតិវៀតណាមផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍនៃកិច្ចការបរទេសរដ្ឋសភា ទាំងខាងទ្វេភាគីនិងពហុភាគី ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពនិងជំរុញកិច្ចសហប្រតិបត្តិការរវាង វៀតណាមជាមួយប្រទេសនានា។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចសម្រេចបានលទ្ធផលល្អប្រសើរគ្រប់ជ្រុងជ្រោយអំពីនយោបាយកិច្ចការបរទេស ការទូតសេដ្ឋកិច្ច ការទូតវ៉ាក់សាំង និងការងារ ជនវៀតណាមនៅឯបរទេសផងដែរ៕

ប្រតិកម្មទៅវិញ