យុទ្ធនាការវាយសម្រុកបុណ្យតេតឆ្នាំ១៩៦៨៖ ឫទ្ធានុភាព ប្រាជ្ញានិងសេចក្ដីប្រាថ្នាឯករាជ្យរបស់ប្រជាជាតិវៀតណាម

Chia sẻ

(VOVWORLD) - កាលពី ៥៥ ឆ្នាំមុន នៅរាត្រីថ្ងៃទី ២៩ ទៀបភ្លឺថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៦៨ ការវាយសម្រុកនិងក្រោកឡើងរបស់កងទ័ពនិងប្រជាជនវៀតណាមបានប្រព្រឹត្តទៅនៅទូទាំងតំបន់ភាគខាងត្បូងវៀតណាម។ នេះគឺជាការវាយសម្រុកដ៏គួរឱ្យភ្ញាក់ផ្អើល សំដៅវាយសម្រុកត្រង់លើទីជម្រករបស់ពួកខ្មាំងសត្រូវ ដែលបង្ហាញពីយុទ្ធសាស្ត្រវាយប្រហារ ឫទ្ធានុភាព ប្រាជ្ញា និងសេចក្តីប្រាថ្នាអំពីសន្តិភាព ឯករាជ្យ និងឯកភាពជាតិរបស់ប្រជាជាតិវៀតណាម។

យុទ្ធនាការវាយសម្រុកបុណ្យតេតឆ្នាំ១៩៦៨៖ ឫទ្ធានុភាព ប្រាជ្ញានិងសេចក្ដីប្រាថ្នាឯករាជ្យរបស់ប្រជាជាតិវៀតណាម - ảnh 1ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សពលកម្មវៀតណាម បើកកិច្ចប្រជុំពិភាក្សាអំពីយុទ្ធនាការវាយសម្រុកនិងក្រោកឈរឡើងបុណ្យតេតឆ្នាំ១៩៦៨ ដែលនាំបដិវត្តន៍វៀតណាមទៅកាន់ដំណាក់កាលថ្មីមួយ (ខែធ្នូ ឆ្នាំ ១៩៦៧)។ (រូបថតឯកសារ៖ dangcongsan.vn)

ជោគជ័យនៃការវាយសម្រុកបុណ្យតេតឆ្នាំ ១៩៦៨ បានផ្លាស់ប្តូរស្ថានភាពសង្រ្គាមដែលកងទ័ពអាមេរិកដំណើរការនៅវៀតណាម បង្កើតឡើងរបត់ដ៏សំខាន់មួយ ដែលបង្ខំឱ្យសហរដ្ឋអាមេរិកត្រូវចរចាជាមួយគណៈប្រតិភូវៀតណាមនៅឯសន្និសីទទីក្រុងប៉ារីសនៅឆ្នាំ ១៩៧៣ បញ្ឈប់ការវាយប្រហារដោយឯតោភាគី ទៅលើតំបន់ភាគខាងជើងវៀតណាម គិតពីខ្សែស្របលេខ ២០ តទៅមុខ បង្កើតបុព្វបទសម្រាប់ការតស៊ូឯកភាពជាតិរបស់កងទ័ព និងប្រជាជនវៀតណាម។

បង្កើតផ្លាស់ប្តូរក្នុងស្ថានភាពសង្គ្រាម

ការវាយសម្រុកនិងក្រោកឈរឡើងបុណ្យតេតឆ្នាំ១៩៦៨ ប្រព្រឹត្តទៅនៅពេលដែលតុល្យភាពកម្លាំងរវាងវៀតណាម និងខ្មាំងសត្រូវនៅលើសមរភូមិ បានផ្អៀងយ៉ាងខ្លាំងទៅខាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអាយ៉ង Sai Gon។ ដោយការវាយសម្រុកនិងក្រោកឡើងព្រមៗគ្នាយ៉ាងក្លាហាន តម្រង់ទៅលើគោលដៅទីក្រុងនៅទូទាំងតំបន់ភាគខាងត្បូង កងទ័ព និងប្រជាជនវៀតណាមបានវាយប្រហារយ៉ាងប្ដូរផ្ដាច់ទៅលើឆន្ទៈឈ្លានពាន របស់អាមេរិក ដោយបង្ខំឱ្យអាមេរិកត្រូវ "កាត់បន្ថយកម្រិតសង្គ្រាម" ដោយឯកតោភាគី ដែលជាការចាប់ផ្តើមនៃដំណើរការធ្លាក់ចុះជាយុទ្ធសាស្ត្រ។ ឧត្តមសេនីយ៍ទោ Nguyen Van Bao នាយកបណ្ឌិតសភានយោបាយ (ក្រសួងការពារប្រទេស) បានអធិប្បាយថា៖

“បក្សកុម្មុយនិស្តវៀតណាម បានជ្រើសរើសការវាយសម្រុកក្នុងឱកាសបុណ្យតេតប្រពៃណី ចំនឹងរាត្រីចូលឆ្នាំថ្មី នៅពេលដែលខ្មាំងសត្រូវបានបង្ហាញចន្លោះប្រហោង និងការធ្វេសប្រហែស។ ដូច្នេះហើយ នៅពេលដែលយើងវាយប្រហារ ខ្មាំងសត្រូវ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេមិនត្រឹមតែភ្ញាក់ផ្អើលនឹងពេលវេលាប៉ុណ្ណោះទេ ថែមទាំងភ្ញាក់ផ្អើលចំពោះគោលដៅដែលរងការវាយប្រហារ ដែលជាទីក្រុង មូលដ្ឋានសំខាន់ៗ ហើយភ្ញាក់ផ្អើលចំពោះទ្រង់ទ្រាយនៃការវាយប្រហារផងដែរ ដោយសារ តែយើងមិនវាយប្រហារលើ គោលដៅតូចៗជាច្រើនដូចការព្យាករណ៍របស់ចារកម្មសត្រូវនោះឡើយ គឺយើងវាយប្រហារដោយព្រមៗគ្នា លើទូទាំងសមរភូមិភាគខាងត្បូង”។

យុទ្ធនាការវាយសម្រុកបុណ្យតេតឆ្នាំ១៩៦៨៖ ឫទ្ធានុភាព ប្រាជ្ញានិងសេចក្ដីប្រាថ្នាឯករាជ្យរបស់ប្រជាជាតិវៀតណាម - ảnh 2ស្ត្រីវៀតណាមម្នាក់ចូលរួមយុទ្ធនាការវាយសម្រុកនិងក្រោកឈរឡើងឆ្នាំ១៩៦៨។
(រូបថតឯកសារ៖ TTXVN)

ជ័យជម្នះដ៏ធំបំផុត និងសំខាន់បំផុតនៃការវាយសម្រុកនិងក្រោកឡើងបុណ្យតេតឆ្នាំ ១៩៦៨ គឺបានបង្កើតការផ្លាស់ប្តូរមិនអាចទាយទុកជាមុនបាន នៅក្នុងស្ថានភាពសង្រ្គាម។ នេះគឺជាជ័យជម្នះដែលមានអត្ថន័យយុទ្ធសាស្ត្រដ៏សំខាន់បំផុត ដែលបង្កើតឡើងរបត់មួយនៃសង្គ្រាម ហើយ គូសសញ្ញានូវបរាជ័យនៃយុទ្ធសាស្ត្រ "សង្គ្រាមក្នុងស្រុក" របស់អាមេរិក។

ជាងនេះទៅទៀត ការវាយសម្រុកនិងក្រោកឡើងបុណ្យតេត ឆ្នាំ ១៩៦៨ ក៏ជានិមិត្តរូបនៃស្មារតីឯករាជ្យ ខ្លួនទីពឹងខ្លួន ភាពច្នៃប្រឌិត និងភាពឈ្លាសវៃក្នុងសិល្បៈដឹកនាំសង្គ្រាមរបស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសគឺសិល្បៈនៃការឆក់យកឱកាសដើម្បីម្ចាស់ការធ្វើការវាយសំពងជាសម្រេច ដែលផ្លាស់ប្តូរស្ថានភាពសង្រ្គាម; ជាសិល្បៈនៃការរៀបចំ ចាត់ចែង និងប្រើប្រាស់កម្លាំងដោយ “យកតូចវាយធំ” “យកតិចវាយច្រើន” យកប្រាជ្ញារបស់មនុស្សវៀតណាម ដើម្បីឈ្នះអាវុធនិងប្រាជ្ញានៃក្បាលម៉ាស៊ីនគ្រប់គ្រងសង្រ្គាមរបស់អាមេរិក។

និងការទទួលស្គាល់ពីភាគីម្ខាងទៀត

នៅក្នុងសៀវភៅអនុស្សាវរីយ៍ ដែលមានចំណងជើងថា “ប្រៀបខ្លាំង” - The vantage point (បោះពុម្ពក្នុងឆ្នាំ ១៩៧២) ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Lyndon B. Johnson បានទទួលស្គាល់ថា៖ “យើងដឹងថា នឹងមានការបង្ហាញកម្លាំងដោយសត្រូវហើយ ប៉ុន្តែតាមពិតទៅ វាប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាជាងច្រើន បើធៀបនឹងកម្រិតដែលយើងព្យាករណ៍… យើងនឹកស្មានមិនដល់ថា ពួកគេអាចវាយប្រហារបានច្រើនគោលដៅនោះទេ អាចសម្របសម្រួលបានដូច្នេះ នៅទូទាំងតំបន់ភាគខាងត្បូងវៀតណាម... ហើយចុងក្រោយ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង អាចរំពឹងទុកថា ពួកគេនឹងវាយប្រហារចំវេលាបុណ្យតេតនោះដែរ…”។ ចំណែកឯអ្នកនិពន្ធសៀវភៅ “សង្គ្រាមមួយម៉ឺនថ្ងៃ” លោក Michael Maclear បានសរសេរថា៖ "សង្រ្គាមវៀតណាមមានការភ្ញាក់ផ្អើលជាច្រើនណាស់ ប៉ុន្តែគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលដូចការវាយសម្រុកក្នុងបុណ្យតេតនោះទេ"។

យុទ្ធនាការវាយសម្រុកបុណ្យតេតឆ្នាំ១៩៦៨៖ ឫទ្ធានុភាព ប្រាជ្ញានិងសេចក្ដីប្រាថ្នាឯករាជ្យរបស់ប្រជាជាតិវៀតណាម - ảnh 3បាតុកម្មប្រឆាំងជំទាស់នឹងសង្គ្រាមវៀតណាមនៅអាមេរិក។ (រូបថត៖ Arthur Rothstein)

មិនត្រឹមតែប៉ុណ្ណោះទេ ការវាយសម្រុកនិងក្រោកឡើងបុណ្យតេតឆ្នាំ១៩៦៨ បានធ្វើឲ្យផ្ទុះចលនាប្រឆាំងនឹងសង្រ្គាមវៀតណាមនៅសហរដ្ឋអាមេរិកទៀតផង។ លោក Nathaniel James សកម្មជនសន្តិភាពម្នាក់ បានចែករំលែកថា៖

“ចលនាប្រឆាំងនឹងសង្រ្គាមបានចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែវាពិតជាផ្ទុះឡើង បន្ទាប់ពីការវាយសម្រុកបុណ្យតេតឆ្នាំ១៩៦៨ប៉ុណ្ណោះ។ ព្រឹត្តិការណ៍នេះជាភស្តុតាង ដែលបញ្ជាក់ថាសង្គ្រាមនៅវៀតណាមមិនមែនសម្រាប់ប្រជាជនអាមេរិកនោះទេ។ វាក៏បង្ហាញឱ្យឃើញថា អាមេរិកអាចបរាជ័យហើយមិនទទួលបានអ្វីសោះ”។

ទោះបីជា ត្រូវចំណាយ ៥ ឆ្នាំក្រោយពីការវាយសម្រុកបុណ្យតេតឆ្នាំ១៩៦៨ ទើបសហរដ្ឋអាមេរិកដកកងទ័ពទាំងអស់ចេញពីតំបន់ភាគខាងត្បូងវៀតណាម ហើយត្រូវចំណាយពេល ៧ ឆ្នាំទៀត ទើប របបអាយ៉ង Sai Gon ដួលរលំ ប៉ុន្តែលើទិដ្ឋភាពយុទ្ធសាស្ត្រ សហរដ្ឋអាមេរិកបានបរាជ័យពីនិទាឃរដូវឆ្នាំ ១៩៦៨ ហើយ។ ក្រោយរយៈពេល ៥៥ ឆ្នាំក្រឡេកមើលឡើងវិញនូវការសម្រេចវាយសម្រុកនិងក្រោកឡើងក្នុងបុណ្យតេតឆ្នាំ១៩៦៨ យើងកាន់តែឃើញច្បាស់ពីឫទ្ធានុភាព ប្រាជ្ញានិងការប្ដេជ្ញាចិត្ត របស់កងទ័ព និងប្រជាជនវៀតណាមនៅលើមាគ៌ាឆ្ពោះទៅរកឯករាជ្យជាតិ និងឯកភាពប្រទេសជាតិ៕

យោងតាមលោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau នាយករងបណ្ឌិតសភាប្រវត្តិសាស្ត្រយោធា (ក្រសួងការពារប្រទេស) ក្នុងយុទ្ធនាការវាយសម្រុកនិងក្រោកឡើងបុណ្យតេតឆ្នាំ១៩៦៨ កងទ័ព និងប្រជាជនវៀតណាមបានវាយប្រហារដោយព្រមៗគ្នាលើទីក្រុងចំនួន ៤ ក្នុងចំណោមទីក្រុងធំៗទាំង ៦ ទីរួមខេត្តចំនួន ៣៧ ក្នុងចំណោមទីរួមខេត្តទាំង ៤៤ និងទីរួមស្រុក ខ័ណ្ឌសង្កាត់រាប់រយ រួមជាមួយបញ្ជាការដ្ឋានកងពលធំ កងពលតូច កងវរសេនាធំ និងមូលដ្ឋានយោធា រាប់រយរបស់ខ្មាំងសត្រូវ។ ការវាយសម្រុកដោយកម្លាំងសរុបនេះ បានបំបែកកងទ័ពសត្រូវចំនួន ១៥ម៉ឺននាក់ រំដោះឃុំចំនួន ១០០ បន្ថែមទៀតដែលមានប្រជាជនជាង ១,៦ លាននាក់។ 

ប្រតិកម្មទៅវិញ