ក្រុមបាតុករប្រមូលផ្តុំគ្នានៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN) |
ចលាចលនយោបាយនៅមីយ៉ាន់ម៉ាបានកើតឡើងកាលពីដើមខែកុម្ភៈឆ្នាំ២០២១ បន្ទាប់ពីកង ទ័ពមីយ៉ាន់ម៉ាចាប់ខ្លួនថ្នាក់ដឹកនាំដែលបានជ្រើសតាំងដោយការបោះឆ្នោត ដោយការចោទប្រ កាន់ពីអំពើលួចបន្លំក្នុងការបោះឆ្នោត។ ក្នុងអំឡុងពេលជាង៤ខែកន្លងមក សហគមន៍អន្តរ ជាតិ ជាពិសេសគឺអាស៊ានមានកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការសម្រុះសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងមានលក្ខណៈស្ថាបនាសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។
អាស៊ាននិងតួនាទីជាអ្នកសម្រុះសម្រួល
ក្នុងសេចក្ដីប្រកាសថ្មីបំផុតស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ារបស់ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន រដ្ឋមន្រ្តីទី២នៃក្រសួងការបរទេសប្រ៊ុយណេដារូសាឡឹម លោក Dato Erywan Pehin Yusof និងអគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi នោះ លេខាធិការដ្ឋានអាស៊ានបានអះអាងថា ដំណើរទស្សនកិច្ចមានលទ្ធផលវិជ្ជមាន។ ក្នុងនោះ សង្កត់ធ្ងន់ទៅលើការមូលមតិគ្នាលើចំណុចទាំង៥ ដែលសម្រេចបាននៅកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅ ជាពិសេសគឺការតែងតាំងនិងតួនាទីរបស់បេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ក៏ដូចជាវិធីដែលអាស៊ានអាចជួយសម្រួលដល់កិច្ចសន្ទនាដោយមានលក្ខណៈស្ថាបនារវាងភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ាផងដែរ។ អាស៊ានក៏បានលើកឡើងលទ្ធភាពផ្ដល់ជំនួយមនុស្សធម៌ជូនមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានអំពីមនុស្សធម៌ក្នុងគ្រោះមហន្តរាយធម្មជាតិ (AHA) ជាមួយនឹងកិច្ចសហប្រតិបត្តិការនៃអង្គការអន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាលនានា។
ប្រជាជននៅរដ្ឋការ៉ែនបានចាកចេញពីភូមិនៅថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២១ ដោយសារតែការភ័យខ្លាចការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពព្រះពុទ្ធសា |
ដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកនេះរបស់លោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi និង លោក Erywan Yusof រដ្ឋមន្រ្តីទី២នៃក្រសួងការបរទេសប្រ៊ុយណេ ដែលជាប្រធានអាស៊ានក្នុងឆ្នាំ២០២១ គឺជាចំណែកមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានសំដៅស្វែងរកដំណោះស្រាយសម្រាប់បញ្ហាមីយ៉ាន់ម៉ា។ នាបច្ចុប្បន្ន អាស៊ានកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូតបន្ទាប់ ពីមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភាពជាប់គាំងនយោបាយចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ មក។ នាចុងខែមេសា ឆ្នាំ ២០២១ ថ្នាក់ដឹកនាំអាស៊ានសម្រេចបានការមូលមតិជាឯកឆន្ទលើចំណុចចំនួន៥ សំដៅបញ្ចប់អំពើហឹង្សានៅមីយ៉ាន់ម៉ា ដែលរួមមានការជំរុញកិច្ចសន្ទនា ការផ្គត់ផ្គង់ជំនួយឧបត្ថម្ភ តែងតាំងបេសកជនពិសេសមួយ ចាត់បញ្ជូនក្រុមការងារដឹកនាំដោយបេសកជនពិសេសនេះទៅកាន់មីយ៉ាន់ម៉ាដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់។
ក្នុងបម្រែបម្រួលថ្មីបំផុត នាថ្ងៃទី៦ ខែមិថុនា ប្រធានក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ (SAC) និងជាអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍លោក Min Aung Hlaing បានបញ្ជាក់ថា ប្រទេសនេះត្រៀមខ្លួនជាស្រេចសហការជាមួយអាស៊ានដើម្បីធានាស្ថិរភាពក្នុងប្រទេស ហើយអនុវត្តន៍ការមូលមតិពាក់ព័ន្ធ។
កិច្ចខិតខំប្រឹងប្រែងនាំឲ្យស្ថានការណ៍ក្នុងប្រទេសមានស្ថិរភាពឡើងវិញ
បន្ទាប់ពីចូលរួមអាស៊ានកាលពីឆ្នាំ១៩៩៧មក មីយ៉ាន់ម៉ាតែងតែជាសមាជិកដ៏សកម្មរបស់អាស៊ានក្នុងការកសាងសហគមន៍ និងអនុវត្តន៍ចក្ខុវិស័យ។ ជាក់ស្ដែង ក្នុងប៉ុន្មានឆ្នាំកន្លងមក មីយ៉ាន់ម៉ាបានយកចិត្តទុកដាក់ខ្ពស់ដល់តួនាទីរបស់អាស៊ានក្នុងការជំរុញសន្តិភាពនិងស្ថិរភាពតំបន់។
ក្នុងដំណាក់កាលសមាហរណកម្មរបស់អាស៊ាន មីយ៉ាន់ម៉ាតែងតែសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកដទៃដើម្បីស្វែងរកសម្លេងរួម សហការគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ជំរុញសន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់។ នៅចំពោះមុខស្ថានការណ៍អស្ថិរភាពនៅមីយ៉ាន់ម៉ា អាស៊ានមានចំណុចស្រដៀងគ្នាជាច្រើន ដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ការជួយគាំទ្រមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយដោយសន្តិវិធី មានសារសំខាន់ចំពោះអាស៊ានក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងក៏ដូចជាតួនាទីរបស់អាស៊ានលើឆាកអន្តរជាតិផងដែរ។
ប្រធានក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ (SAC) និងជាអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ Min Aung Hlaing នៅថ្ងៃទី ៥ ខែមិថុនាបានបញ្ជាក់ថា មីយ៉ាន់ម៉ាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលជាមួយអាស៊ាន ដើម្បីធានាស្ថេរភាពក្នុងប្រទេសនិងប្រតិបត្តិកិច្ចព្រមព្រៀងដែលពាក់ព័ន្ធ (ប្រភព៖ AFP/TTXVN) |
ក្នុងអំឡុងពេលប៉ុន្មានខែកន្លងមក អាស៊ានបានខិតខំខ្នះខ្នែងដោយឥតឈប់ឈរដោយមានបំណងជំរុញដំណោះស្រាយសម្រាប់វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ហើយអំពាវនាវឲ្យមានកិច្ចសន្ទនា ការផ្សះផ្សាដើម្បីឆ្លើយតបនឹងគោលបំណងនិងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។ អាស៊ានបានបញ្ជាក់ជាច្រើនលើកច្រើនសារហើយយ៉ាងដូច្នេះថា ប្រជាជនមីយ៉ាន់ម៉ាទាំង៥៥លាននាក់សុទ្ធតែជាសមាជិកនៃមហាគ្រួសារអាស៊ាន ម្លោះហើយអាស៊ានជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភមីយ៉ាន់ម៉ាដោយឈរលើស្មារតីស្ថាបនា សន្តិភាព តាមរយៈយន្តការពាក់ព័ន្ធនា នា។ អាស៊ានក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនិងជំហររបស់អាស៊ាន ព្រមទាំងមានបំណងចង់ឲ្យកិច្ចពិភាក្សានៅអង្គការសហប្រជាជាតិអំពីបញ្ហាសំខាន់ ៗ ដែលជាប់ពាក់ព័ន្ធ គួរតែមានការពិគ្រោះយោបល់យ៉ាងពេញលេញជាមួយប្រទេសអាស៊ាននានានិងប្រទេសផ្សេងៗក្នុងតំបន់ផងដែរ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាពេលថ្មីៗនេះក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ អាស៊ានកំពុងខិតខំដើរតួនាទីជាស្ពានតភ្ជាប់មួយ ដោយមានបំណងចង់ឲ្យមីយ៉ាន់ម៉ាមានស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗ ដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិ បន្តចូលរួមវិភាគទានទៅក្នុងសន្តិភាព ស្ថិរភាពតំបន់និងពិភពលោក៕