ពិភពលោកនិងបញ្ហាប្រឈមនៃការរក្សាសន្តិភាព

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ១ ខែកញ្ញាឆ្នាំនេះ ពិភពលោកនឹងប្រារព្ធខួបលើកទី ៨៥ នៃការផ្ទុះឡើងសង្គ្រាមលោកលើកទីពីរ (១៩៣៩-២០២៤) ដែលជាសង្រ្គាមដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅ នៅពេលដែលសន្តិភាពពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរបំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក។

ពិភពលោកនិងបញ្ហាប្រឈមនៃការរក្សាសន្តិភាព - ảnh 1សន្និសិទសន្តិសុខទីក្រុង Munich (MSC)។ (រូបថត៖securityconference)

ថ្លែងនៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich (MSC) កាលពីខែមីនាកន្លងទៅ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលបែកបាក់គ្នាបំផុតក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ដោយបង្កឡើងហានិភ័យដ៏ធ្ងន់ធ្ងរដល់សន្តិភាពពិភពលោក។

ហានិភ័យនៃជម្លោះកើនឡើង

ជាង ៥ ខែបន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រមុខស្ថាប័នពហុភាគីដ៏សំខាន់បំផុតនៅលើភពផែនដី ផ្ទាំងរូបភាពនៃសន្តិភាព និងសន្តិសុខអន្តរជាតិមិនមានភាពប្រសើរឡើងទេ។ ជម្លោះដ៏ធំបំផុតទាំងពីរនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា នៅតែបន្តអូសបន្លាយជាមួយនឹងការវិវឌ្ឍន៍ដ៏គ្រោះថ្នាក់ និងការជាប់គាំងផ្នែកការទូត។ ជាពិសេស ជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា កំពុងរីករាលដាលយ៉ាងទូលំទូលាយនៅក្នុងតំបន់។ ការវាយប្រហារសងសឹកគ្នារវាងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ និងកងកម្លាំង ហេសបូឡា នៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មានហានិភ័យផ្ទុះឡើងជាសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ា។ នៅទ្វីបអាហ្រ្វិក សង្គ្រាមស៊ីវិលនៅស៊ូដង់ ដែលបានអូសបន្លាយតាំងពីខែមេសាឆ្នាំមុន កំពុងប្រែក្លាយប្រទេសនេះទៅជាចំណុចក្តៅគគុកផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតលើពិភពលោក។ ហានិភ័យជម្លោះផ្សេងទៀត ក៏កំពុងកើនឡើង នៅអាហ្រ្វិកខាងលិច និងតំបន់ Sahel ផងដែរ ជាមួយនឹងការលេចឡើងនៃសាខាសមាជិកនៃអង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ឬនៅអាស៊ីឦសាន នៅពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។

ក្នុងបរិបទនៃបរិយាកាសសន្តិសុខអន្តរជាតិកាន់តែអាក្រក់ទៅៗនោះ កាលពីថ្ងៃទី ២១ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាន់ខ្ពស់ដើម្បីពិភាក្សាអំពីការបង្កើតរបៀបវារៈថ្មីស្តីពីការទប់ស្កាត់ជម្លោះថ្នាក់តំបន់និងថ្នាក់ជាតិ។ លោកស្រី Elizabeth Spehar ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ នៃនាយកដ្ឋានកិច្ចការនយោបាយ និងការស្ថាបនាសន្តិភាព បានធ្វើអត្ថាធិប្បាយថា៖

“សន្តិភាពគឺជាគោលដៅមូលដ្ឋានរបស់អង្គការសហប្រជាជាតិ។ ការស្ថាបនានិង រក្សាសន្តិភាព គឺជាចំណុចស្នូលនៃការងាររបស់ក្រុមប្រឹក្សាសន្តិសុខ និងអង្គការសហប្រជាជាតិ ប៉ុន្តែចំនួនជម្លោះជុំវិញពិភពលោក គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដែលបណ្តាលឱ្យមានការលំបាកវេទនាដែលមិនអាចនឹកស្មានដល់ បំផ្លិចបំផ្លាញសេដ្ឋកិច្ច និងឆក់យកអនាគតរបស់សហគមន៍”។

ទោះបីជាមានការរិះគន់ និងការសង្ស័យអំពីសមត្ថភាពរបស់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខក្នុងការធានាសន្តិភាព និងសន្តិសុខអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះក៏ដោយ អង្គការនេះនៅតែដើរតួនាទីសំខាន់ក្នុងការកសាង និងអនុវត្តយន្តការធានាសន្តិភាព។ នៅតំបន់មជ្ឈិមបូព៌ា នៅចំពោះមុខហានិភ័យដែលជម្លោះរវាងអ៊ីស្រាអែល និងកម្លាំងហេសបូឡានៅលីបង់ កើនឡើងភាពតានតឹងក្លាយជាសង្រ្គាមទូទាំងកម្លាំងមួយ កាលពីថ្ងៃទី ២៨ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចពន្យាពេលបេសកកម្មរបស់កងកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) ១ ឆ្នាំទៀត។

នេះគឺជាការសម្រេចចិត្តដ៏កម្រមួយ ដែលទទួលបានការឯកភាពពីសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងប្រទេសដែលមានការខ្វែងគំនិតគ្នានៅក្នុងក្រុមប្រឹក្សាសន្តិសុខ ជាពិសេសសមាជិកអចិន្ត្រៃយ៍ដែលមានអំណាចវេតូ (សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង រុស្ស៊ី ចិន)។

ពិភពលោកនិងបញ្ហាប្រឈមនៃការរក្សាសន្តិភាព - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ THX/TTXVN)

បញ្ហាប្រឈមផ្នែកធនធាន

កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការរក្សាបរិយាកាសសន្តិភាពលើពិភពលោកប្រឈមមុខនឹងបញ្ហាជាច្រើន។ ម៉្យាងវិញទៀត ការវិលត្រឡប់មកវិញនៃទម្រង់នៃការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាច ដូចជាសម័យសង្គ្រាមត្រជាក់ កំពុងធ្វើឲ្យសឹករិចរិលសណ្តាប់ធ្នាប់ពិភពលោកចាស់ ក៏ដូចជាប្រសិទ្ធភាពនៃយន្តការចាស់ជាច្រើន។ ម្យ៉ាងវិញទៀត ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ ក៏កំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ផងដែរ។ បច្ចុប្បន្ន អ.ស.ប កំពុងរក្សាបេសកកម្មរក្សាសន្តិភាពចំនួន ១១ ជុំវិញពិភពលោក ដែលមានទាហាន ប៉ូលីស និងបុគ្គលិកស៊ីវិលសរុបចំនួន ៧០,០០០ នាក់ និងថវិកាចំនួន ៥,៥៩ ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៣-២០២៤។ ចំនួនទឹកប្រាក់នេះគឺ ៧០០ លានដុល្លារតិចជាងឆ្នាំសារពើពន្ធមុន ហើយត្រូវបានចាត់ទុកថា មិនគ្រប់គ្រាន់សម្រាប់តម្រូវការរក្សាសន្តិភាពនោះទេ។ កង្វះធនធានហិរញ្ញវត្ថុបានបង្ខំឱ្យអង្គការសហប្រជាជាតិកាត់បន្ថយបេសកកម្មនយោបាយពិសេសមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ៨ ខែសីហា នាយិកាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (UN Women) លោកស្រី Sima Bahous បានព្រមានថា ការសម្រេចចិត្តនេះកំពុងបំផ្លាញសមិទ្ធិផលសន្តិភាពជាច្រើនដែលសម្រេចបានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ជាពិសេសនៅអាហ្វ្រិក។

“យើងខ្ញុំសូមផ្តល់អនុសាសន៍ថាក្រុមប្រឹក្សាសន្តិសុខគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាហិរញ្ញវត្ថុ។ តួនាទីនៃមូលនិធិស្ថាបនាសន្តិភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ ជាមួយស្ថាប័នហិរញ្ញវត្ថុមានសារៈសំខាន់ខ្លាំងណាស់។ លើសពីនេះ ការកាត់បន្ថយទាំងអស់ត្រូវតែភ្ជាប់មកជាមួយផែនការស្តីពីការបែងចែកធនធានឱ្យបានសមហេតុផល សម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខ រក្សាសមិទ្ធិផលដែលសម្រេចបាន”។

យោងតាមអ្នកសង្កេតការណ៍បានឲ្យដឹងថា បញ្ហាប្រឈមដ៏ធំផ្នែកហិរញ្ញវត្ថុ សម្រាប់អង្គការសហប្រជាជាតិនឹងមិនត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះទេ ដោយសារតែវិបត្តិនេះបានអូសបន្លាយជាច្រើនឆ្នាំ ហើយកាលពីឆ្នាំមុន ថវិកាប្រតិបត្តិការរបស់អង្គការសហប្រជាជាតិមានឱនភាពរហូតដល់ ៨០០ លានដុល្លារ។ លោក Michael Moller អតីតអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានធ្វើអត្ថាធិប្បាយថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការនៃការបែកបាក់គ្នា ហើយប្រទេសជាច្រើនស្វែងរកវិធីដោះស្រាយបញ្ហាដោយខ្លួនឯង ហើយក្នុងពេលជាមួយគ្នានោះ តួនាទីរបស់អ.ស.ប ជាពិសេសផ្នែកនយោបាយកាន់តែត្រូវបានគេវាយតម្លៃទាប។ ដូច្នេះហើយ ប្រទេសសមាជិកអង្គការសហប្រជាជាតិជាច្រើន រួមទាំងមហាអំណាចឈានមុខគេ បានកាត់បន្ថយ ឬពន្យាពេលការរួមចំណែកផ្នែកហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់អង្គការសហប្រជាជាតិ ដែលបណ្ដាលឱ្យបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាន់តែលំបាក៕

ប្រតិកម្មទៅវិញ