ពិភពលោកទន្ទឹងរង់ចាំអ្វីខ្លះពី Davos ២០១៩?

Chia sẻ
(VOVWORLD) - កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF 2019) កំពុងប្រព្រឹត្ត ទៅនៅទីក្រុង Davos ប្រទេសស្វីសចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែមករា។ ក្រោម ប្រធានបទ “សកលភាវូបនីយកម្ម៤.០៖ កំណត់រចនាសម្ព័ន្ធថ្មីក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មលើកទី៤” កិច្ចប្រជុំលើកនេះត្រូវបានវាយតម្លៃថា ជាទីកន្លែង ជួបជុំគ្នារបស់ឥស្សរៈជនជួរមុខលើពិភពលោក។ ប៉ុន្តែ អវត្តមានរបស់ឥស្សរៈជន សំខាន់មួយចំនួនទៀត ក៏ធ្វើអោយ Davos 2019 មិនសូវទាក់ទាញឡើយ ហើយអាច ងាកចេញពីគោលដៅសកលភាវូបនីយកម្មផងដែរ។

លេចធ្លោឡើងបញ្ហាទាំងខាងនយោបាយនិងសេដ្ឋកិច្ច

        ចាប់តាំងពី Davos 2018 មក ទំនាក់ទំនងពាណិជ្ជកម្មនិងការទូតលើទូទាំងពិភពលោកមានបញ្ហាជាច្រើនដែលត្រូវការលើកយកមកពិភាក្សា។ នាខែមករាឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសជាលើកដំបូងការដម្លើងពន្ធលើទំនិញនាំចូលពីប្រទេសចិន ហើយចាប់តាំងពីពេលនោះមក អាមេរិកនិងចិនបានដម្លើងពន្ធចំនួន២៥០ពាន់លាននិង១១០ ពាន់លានដុល្លាអាមេរិកលើទំនិញរបស់គ្នាទៅវិញទៅមក។ នាបច្ចុប្បន្ន រដ្ឋអំណាចវ៉ាស៊ីនតោនកំពុងប្រឈមនឹងស្ថានការណ៍បិទទ្វាររដ្ឋាភិបាល ក្នុងរយៈពេលយូរបំផុតតាំងពីមុនមក ដែលបានបង្កឡើងដោយភាពជាប់គាំងក្នុងផែនការកសាងជញ្ជាំងតាមបណ្ដោយខ្សែព្រំដែន។ ចំណែកឯបញ្ហា Brexit វិញ ក៏កំពុងជួបប្រទះនឹងភាពវឹកវរហើយមិនទាន់មានលទ្ធផលច្បាស់លាស់ ផងដែរ។

        ក្នុងពេលជាមួយគ្នានោះ នៅទ្វីបអឺរ៉ុប ឆ្នាំកន្លងទៅក៏ជាឆ្នាំដែលលទ្ធិប្រជានិយមនិងគណៈបក្សស្ដាំនិយមមានប្រៀបផងដែរ ជាពិសេសគឺនៅប្រទេសអ៊ីតាលី។ ការរីកចម្រើននៃលទ្ធិប្រជានិយម បានធ្វើអោយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ត្រូវប្រកាសដកខ្លួនចេញពីឆាកនយោ បាយនៃទាំងប្រទេសអាល្លឺម៉ង់និងទ្វីបអឺរ៉ុប ព្រមទាំងលាលែងពីតំណែងជាប្រធានគណៈបក្ស CDU ផងដែរ។ ចំណែកឯនៅប្រទេសបារាំងវិញ ប្រធានាធិបតីលោក Emmanuel Macron កំពុងខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយចំពោះបាតុកម្មដែលផ្ទុះឡើងយ៉ាងញឹកញាប់និងតានតឹងណាស់នៅរដ្ឋធានីប៉ារីស។

        ទន្ទឹមនឹងនោះ ឧក្រិដ្ឋជនសន្តិសុខបណ្ដាញអ៊ីនធឺណែត ការគំរាមកំហែងអំពីបរិស្ថាន ក៏ដូចជាការផ្លាស់ប្ដូរខាងភូមិសាស្ត្រនយោបាយ ក៏ជាគ្រោះអាសន្នដ៏ធ្ងន់ធ្ងរចំពោះពិភពលោកផងដែរ។ ប៉ុន្តែក្នុងកាលៈទេសៈយ៉ាងដូច្នេះ ពិភពលោកកំពុងឃើញការកើនឡើងនៃការខ្វែងគំនិតរវាងបណ្ដាប្រទេស ដែលធ្វើអោយយន្តការពហុភាគីចុះខ្សោយកម្លាំង។ ក្នុងរបាយការណ៍ដែលបានប្រកាសនាពេលថ្មីៗនេះ WEF បានសង្កត់ធ្ងន់ថា ហានិភ័យលើទូទាំងពិភពលោកកំពុងកើនឡើង ក៏ប៉ុន្តែស្មារតីឯកភាពគ្នាដើម្បីដោះស្រាយបញ្ហាទាំងនោះហាក់ដូចជាមិនទាន់គ្រប់គ្រាន់នៅឡើយ។

        តើ Davos ២០១៩អាចជំរុញសកលភាវូបនីយកម្មបានទេ?

        ក្នុងកាលៈទេសៈនោះ វេទិកា WEF Davos ឆ្នាំ២០១៩ ដោយមានការចូលរួមរបស់ប្រមុខរដ្ឋាភិបាលនិងមន្ត្រីជាន់ខ្ពស់មកពីប្រទេសជាង១០០ រួមជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនជាង១០០០ អង្គភាពនោះ ត្រូវបានរំពឹងទុកថា នឹងរួមចំណែកកែលម្អស្ថានភាពនៃពិភពលោក។

        ប៉ុន្តែ ដោយអ្វីៗដែលកំពុងប្រព្រឹត្តទៅនៅ Davos ឆ្នាំនេះ ពួកគេមិនសូវទន្ទឹងរង់ចាំចំពោះជំហានលោតផ្លោះណាមួយឡើយ។ ក្ដីសង្ឃឹមចំពោះជំហានលោតផ្លោះមួយក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិកនិងចិនត្រូវបានរលាយបាត់ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump លុបចោលដំណើរទៅកាន់ Davos របស់គណៈប្រតិភូអាមេរិក។ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ក៏លុបចោលដំណើរចូលរួម WEF ក្រោយពីកិច្ចព្រមព្រៀង Brexit មិនត្រូវបានអនុម័តនៅសភាផងដែរ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រធានរដ្ឋចិនលោក Xi Jinping និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ក៏មិនចូលរួមវេទិកាឆ្នាំនេះ ដោយសារតែមូលហេតុខុសគ្នា ផងដែរ។

        ទោះបីវេទិកា WEF ជាកាលានុវត្តភាពធំមួយដើម្បីអោយរាល់នាយកប្រតិបតិ្ត ទេសាភិបាល អ្នកជំនាញហិរញ្ញវត្ថុ អ្នកមានទ្រព្យសម្បត្តិនិងអ្នកឧកញ៉ា ជួបពិភាក្សាគ្នាអំពីបញ្ហាសេដ្ឋកិច្ច នយោ បាយនិងសង្គមនានាលើទូទាំងពិភពលោក ប៉ុន្តែអវត្តមានរបស់ថ្នាក់ដឹកនាំស្នូលនៃមហាអំណាចពិភពលោក គឺជាសញ្ញាដែលសរអោយឃើញថា ដំណើរការសកលភាវូបនីយកម្មកំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំងណាស់៕

ប្រតិកម្មទៅវិញ