ផ្សាយសម្លេង និងបេសកកម្មផ្សព្វផ្សាយបម្រើការអភិវឌ្ឍរួមរបស់សង្គម

Chia sẻ
(VOVWORLD) - មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៦ ឆ្នាំ ២០២៤កំពុងប្រព្រឹត្តទៅនៅខេត្ត Thanh Hoa (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែកក្កដា) បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សធ្វើការងារផ្សព្វផ្សាយសម្លេងនៅវៀតណាម។ ការចូលរួមរបស់ស្ថានីយ៍ផ្សាយសម្លេង និងទូរទស្សន៍នៅទូទាំងប្រទេសបានសរឲ្យឃើញថា ក្នុងយុគសម័យនៃប្រព័ន្ធផ្សព្វផ្សាយពហុយមេឌៀជាមួយនឹងទម្រង់ថ្មីៗជាច្រើនបានលេចចេញដូចបច្ចុប្បន្ន ការផ្សាយសម្លេងនៅតែបញ្ជាក់ពីសារៈសំខាន់របស់ខ្លួន ពោលគឺជាមធ្យោបាយ ដែលអាចបញ្ជូនព័ត៌មានទៅកាន់មិត្តអ្នកស្ដាប់រាប់លាននាក់នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាយ៉ាងឆាប់រហ័សបំផុត។
ផ្សាយសម្លេង និងបេសកកម្មផ្សព្វផ្សាយបម្រើការអភិវឌ្ឍរួមរបស់សង្គម - ảnh 1មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៦ ឆ្នាំ ២០២៤កំពុងប្រព្រឹត្តទៅនៅខេត្ត Thanh Hoa (រូបថត៖ VOV)

រលកផ្សាយសម្លេងទៅដល់តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រៃភ្នំ និងកោះសមុទ្រ

ពង្រីកវិសាលភាពគ្របដណ្តប់ទៅកាន់តំបន់ឆ្ងាយដាច់ស្រយាល ព្រៃភ្នំ ព្រំដែន និងកោះសមុទ្រគឺជាអាទិភាពមួយក្នុងចំណោមអាទិភាព ដែលត្រូវបានបក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់ និងវិនិយោគយ៉ាងសកម្ម។ ប្រការនេះបានបង្ហាញតាមរយៈការអភិវឌ្ឍនៃកម្មវិធីផ្សាយសម្លេងសម្រាប់មិត្តអ្នកស្ដាប់នៅតំបន់ទាំងនេះ ជាពិសេសគឺការបង្កើតកាណាល់ផ្សាយសម្លេងឯកទេសនៅលើរលកធាតុអាកាសរបស់នៃវិទ្យុសម្លេងវៀតណាម។

អស់រយៈពេលជាង ៣០ឆ្នាំ ចាប់តាំងពីពេលបង្កើតនាឆ្នាំ ១៩៩៣ មក គណៈកម្មការជនជាតិ (VOV4) ដែលជាកាណាល់ផ្សាយសម្លេងជាភាសាជនជាតិនៃវិទ្យុសម្លេងវៀតណាមបានផលិតកម្មវិធីផ្សាយសម្លេងជាជនជាតិភាគតិច ដើម្បីឃោសនាជាប្រព័ន្ធនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្ដីពីបញ្ហាជនជាតិ; ឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយអំពីជីវភាព សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់បងប្អូនជនរួមជាតិ។ សាស្ត្រាចារ្យរង បណ្ឌិត Buon Krong Tuyet Nhung នាយិការងមជ្ឈមណ្ឌលវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យ Tay Nguyen បានឲ្យដឹងថា៖ 

“តាមរយៈការផ្សព្វផ្សាយជាភាសាកំណើតតាមរលកអាកាសរបស់ VOV បងប្អូនប្រជាជនត្រូវបានលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ខ្លួនតាមរយៈការទទួលបានគោលនយោបាយ គោលការណ៍របស់បក្ស និងរដ្ឋ។ ខ្លឹមសារជាង ៧៥% គឺមានប្រសិទ្ធភាព ដោយបានជះឥទ្ធិពលដល់ការយល់ដឹងក៏ដូចជាសកម្មភាពវប្បធម៌ប្រចាំថ្ងៃ ក្នុងនោះមានការពង្រីកតម្លៃវប្បធម៌ក្នុងស្រុកផងដែរ”។

ទន្ទឹមនឹងការគ្របដណ្ដប់រលកអាកាសនៅលើដីគោក វិទ្យុសម្លេងវៀតណាមក៏បានពង្រីករលកអាកាសទៅកាន់កោះសមុទ្រនៃមាតុភូមិ។ ចាប់ពីពាក់កណ្តាលខែមិថុនាឆ្នាំ ២០២៣ វិទ្យុសម្លេងវៀតណាមបានបើកសម្ពោធជាផ្លូវការស្ថានីយ៍ផ្សាយភូមិភាគកណ្ដាលបែកខាងត្បូងដែលជាស្ថានីយ៍ផ្សាយមួយក្នុងចំណោមស្ថានីយ៍ផ្សាយសំខាន់ថ្នាក់ជាតិ។ ជាមួយបច្ចេកវិទ្យាបច្ចេកទេសទំនើប ស្ថានីយ៍ផ្សាយភូមិភាគកណ្ដាលបែកខាងត្បូងបានគ្របដណ្ដប់រលកអាកាសយ៉ាងខ្លាំងក្លា ស្ថិរភាព ហើយផ្សាយជាបន្តបន្ទាប់នូវកម្មវិធីផ្សាយតាមកាណាល់ព្រឹត្តិការណ៍ (VOV1) និងកាណាល់ផ្សាយជាភាសាបរទេស (VOV5) នៃវិទ្យុសម្លេងវៀតណាម ផ្តល់ព័ត៌មាននយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមដល់មិត្តអ្នកស្ដាប់វិទ្យុយ៉ាងច្រើនកុះករនៅតំបន់ជាប់ឆ្នេរសមុទ្រភូមិភាគកណ្ដាលបែកខាងត្បូង បងប្អូនជនរួមជាតិ និងយុទ្ធជន ដែលប្រតិបត្តិការនៅប្រជុំកោះ Truong Sa របស់វៀតណាម និងនាវិកបរទេសនៅលើនាវាអន្តរជាតិ។ លោកស្រី Chamaléa Thi Thuy សមាជិកាសភានីតិកាលទី ១៥ ខេត្ត Ninh Thuan បានចាត់ទុកថា៖

“នៅពេលដែលវិទ្យុសម្លេងវៀតណាមបានបើកសម្ពោធន៍ស្ថានីយ៍ផ្សាយនៅតំបន់ភូមិភាគកណ្ដាលបែកខាងត្បូង ប្រជាជនសប្បាយរីករាយណាស់។ ប្រការនេះបានរួមវិភាគទានបញ្ជូនព័ត៌មានថ្មីៗបំផុសរបស់បក្ស និងរដ្ឋទៅកាន់ប្រជាជននៅដែនសមុទ្រ Ninh Thuan និយាយដោយឡែក ក៏ដូចជាប្រជាជននៅតំបន់ភូមិភាគកណ្ដាលបែកខាងត្បូងនិយាយរួមយ៉ាងឆាប់រហ័សជាង។ ទន្ទឹមនឹងនោះជួយប្រជាជនគ្រប់រូមយល់ដឹងពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយរបស់រដ្ឋ។ លើលពីនេះទៅទៀត ការផ្សាយសម្លេងរបស់ VOV ក៏បានជួយប្រជាសេសាទទទួលបានព័ត៌មាននានាឲ្យទាន់ពេលវេលា ដើម្បីរួមចំណែកច្បាមជាប់សមុទ្រ នៅលើដែនទឹករបស់ប្រទេសជាតិផងដែរ”។

ផ្លាស់ប្ដូរថ្មី ដើម្បីពង្រីកការផ្សាយសម្លេង

ការផ្សាយសម្លេងនាបច្ចុប្បន្នកំពុងប្រឈមនឹងការ  ប្រកួតប្រជែងដ៏ខ្លាំងក្លាពីទម្រង់ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតនៅលើវេទិកាឌីជីថល។ យោងតាមអ្នកជំនាញបានឲ្យដឹងថា ការផ្លាស់ប្ដូរការផ្សាយសម្លេង នៅលើវេទិកាឌីជីថលត្រូវបានចាត់ទុកថាជាភារកិច្ច "ស្លាប់រស់" ដើម្បីអភិវឌ្ឍន៍ និងបញ្ជាក់ពីថានៈក្នុងបរិយាកាសឌីជីថលនាពេលបច្ចុប្បន្ននេះ។

ដោយចាប់យកនិន្នាការនោះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រៅពីការបង្កើនការគ្រប់ដណ្ដប់រលកផ្សាយសម្លេងក្នុងប្រទេស  (VOV1, VOV2, VOV3, VOV4) និងការផ្សាយសម្លេងទៅកាន់បរទេស (VOV5) វិទ្យុសម្លេងវៀតណាមកំពុងផ្លាស់ប្ដូរថ្មីឥតឈប់ឈរជាពិសេសគឺផ្លាស់ប្ដូរឌីជីថលក្នុងការផ្សាយសម្លេង ដើម្បីនាំរលកវិទ្យុទៅកាន់មិត្តអ្នកស្ដាប់ឲ្យកាន់តែច្រើនថែមទៀត។  អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានសង្កត់ធ្ងន់ថា៖

“យើងខ្ញុំតែងតែកំណត់ថា ការផ្លាស់ប្តូរគឺជាកត្តាស្លាប់រស់ ហើយបន្តបង្កើនការប្រាស្រ័យទំនាក់ទំនងជាមួយមិត្តអ្នកស្ដាប់វិទ្យុ អ្នកអានកាសែត និងមនុស្សដែលស្រឡាញ់វិទ្យុសម្លេងវៀតណាម។ វេទិកាពហុមេឌៀមានវត្តមាន ដើម្បីលើកកម្ពស់ថែមទៀតគុណភាពនៃកម្មវិធីផ្សាយសម្លេង។តាមនោះ មិត្តអ្នកស្ដាប់ និងមិត្តអ្នកអាននៅទូទាំងប្រទេស និងប្រជាអាណិកជននៅបរទេសនឹងក្លាយជាអ្នកទទួលផលតម្លៃដ៏ល្អបំផុត និងទាក់ទាញបំផុតផងដែរ”។ 

មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៦ ឆ្នាំ ២០២៤ ដោយប្រធានបទ “ផ្សាយសម្លេងវៀតណាមសម្បូរបែបក្នុងការផ្លាស់ប្តូរឌីជីថល” គឺជាការបន្តដើរតួនាទីត្រួសត្រាយរបស់វិទ្យុសម្លេងវៀតណាមក្នុងបេសកកម្មអភិវឌ្ឍន៍វិស័យផ្សាយសម្លេង។ វិទ្យុសម្លេងវៀតណាមតែងតែខិតខំប្រឹងប្រែងដើម្បីរួមដំណើរជាមួយអ្នកសារព័ត៌មានផ្សាយសម្លេងក្នុងដំណើរវឌ្ឍនភាព រួមដំណើរជាមួយស្ថាប័ន អង្គភាពដើម្បីធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា មធ្យោបាយផលិតកម្ម ផ្សាយស្នាដៃនានាប្រកបដោយប្រសិទ្ធភាពបំផុត ក៏ដូចជាធ្វើជាស្ពានរវាងមិត្តអ្នកស្ដាប់វិទ្យុក្នុង និងក្រៅប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ