ប្រទេសជាតិអភិវឌ្ឍន៍ឈានទៅមុខ ជាមួយកម្លាំងរស់នៃនិទាឃរដូវ

Chia sẻ
(VOVWORLD) - បរិយាកាសធ្វើការ ល្បឿនផលិតកម្ម និងការដោះដូរពាណិជ្ជកម្មនៅវៀតណាមមានសភាពការណ៍សស្រាក់សស្រាំនាដើមឆ្នាំថ្មី ២០២២។ នេះគឺជាសញ្ញាវិជ្ជមានក្រោយរយៈពេលវែង ដែលខឿនសេដ្ឋកិច្ចរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩។ លទ្ធផលទាំងនេះ បានសរឲ្យឃើញនូវការដឹកនាំប្រកបដោយភាពបត់បែន ទាន់ពេលវេលារបស់រដ្ឋាភិបាល និងការចូលរួមរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុង ក៏ដូជាការជួយជ្រោមជ្រែង និងកាស្រុះចិត្តគំនិតរបស់ប្រជាជន ដើម្បីដើរតាមនិន្នាការអភិវឌ្ឍន៍របស់ប្រទេសជាតិផងដែរ។
ប្រទេសជាតិអភិវឌ្ឍន៍ឈានទៅមុខ ជាមួយកម្លាំងរស់នៃនិទាឃរដូវ - ảnh 1ចំនួនអ្នកដំណើរយ៉ាងច្រើនកុះករនៅតាមអាកាសយានដ្ឋានក្នុងទីក្រុងធំៗ

រាល់សញ្ញាវិជ្ជមាន

ចំនួនអ្នកដំណើរយ៉ាងច្រើនកុះករនៅតាមអាកាសយានដ្ឋានក្នុងទីក្រុងធំៗ ឬនៅតាមខេត្ត ក្រុងនានា ដែលជាគោលដៅទេសចរណ៍បានលេចចេញឡើងវិញហើយ។ នៅតាមអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat តម្រូវការធ្វើដំណើរតាមផ្លូវអាកាសនៅតែបន្តកើនឡើង។ នៅថ្ងៃទី ៦ កុម្ភៈ អាកាសយានដ្ឋានបានទទួលស្វាគមន៍អ្នកដំណើរជាង ៧ ម៉ឺននាក់។ ទន្ទឹមនឹងនេះ មានអ្នកដំណើរប្រមាណ ៣២ ពាន់នាក់បានចេញដំណើរពីអាកាសយានដ្ឋាននេះ។ ដូច្នេះ បរិមាណអ្នកដំណើរសរុប ដែលឆ្លងកាត់អាកាសយានដ្ឋាននេះនាថ្ងៃទី ៦ កុម្ភៈបានហួសពី ១០២ ពាន់នាក់។ នេះគឺជាតួរលេខឯកទគ្គកម្មអំពីបរិមាណអ្នកដំណើរនៅអាកាសយានដ្ឋាន Tan Son Nhat ក្នុងរយៈពេលកន្លងទៅ។ នៅតំបន់ភូមិភាគកណ្ដាលវិញ គិតត្រឹមថ្ងៃទី ៣០ មករា ដល់ថ្ងៃទី ៥ កុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នៅតំបន់ភូមិភាគកណ្ដាល ដូចជា Da Nang, Hue, Binh Dinh, Quang Binh បានបើកជើងហោះហើរជាង ១ ០០០ ជើង ដោយបម្រើ អ្នកដំណើរប្រមាណ ១៤ ម៉ឺននាក់។ យោងតាមលោក Le Chi Quan នាយករងក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នៅតំបន់ភូមិភាគកណ្ដាលបានឲ្យដឹងថា នាពេលថ្មីៗនេះ អង្គភាពបានមើលឃើញពីការស្ដារវិស័យទេសចរណ៍ឡើងវិញ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាស។ បច្ចុប្បន្ននេះ ចំនួនជើងហោះហើរក្នុងស្រុកបានស្ដារឡើងវិញ ប្រមាណ ៧០% បើប្រៀបធៀបទៅនឹងរយៈពេលមុន។ “យើងអាចមើលឃើញថា មានអ្នកដំណើរយ៉ាងច្រើនកុះករនៅតាមអាកាសយានដ្ឋានធំៗដូចជា Tan Son Nhat ទីក្រុងហាណូយ ឬ Da Nang។ ដូច្នេះហើយ យើងខ្ញុំពិតជាសប្បាយរីករាយណាស់។ នេះគឺជាសញ្ញានៃភាពរីកចម្រើន ហើយខ្ញុំសង្ឈឹមថា ឆ្នាំ ២០២២ នឹងនាំមកនូវភាពរីកចម្រើនថ្មីសម្រាប់ផ្នែកទេសចរណ៍និយាយរួម និងផ្នែកអាកាសចរនិយាយដោយឡែកផងដែរ”។

ទន្ទឹមនឹងនេះ ស្ថានការណ៍ផលិតកម្មរបស់សហគ្រាសក៏មានសញ្ញាវិជ្ជមានជាច្រើនដែរ។ក្នុងខែមករា ឆ្នាំ ២០២២ ចំនួនសហគ្រាសចុះបញ្ជីថ្មី និងបានវិលត្រឡប់មកទីផ្សារបានកើន ២៨,៩% និង ១៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ យោងតាមក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា នេះគឺជាកម្រិតខ្ពស់បំផុតតាំងពីមុនមក។ អំពីផលិកម្មវិញ បណ្ដាសហគ្រាសនៅទូទាំងប្រទេសបានខិតខំប្រឹងប្រែងជំរុញខ្លាំងសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្ម។ សហគ្រាសរាប់រយអង្គភាព ដែលមានទុនវិនិយោគពីបរទេសនៅភូមិសាស្ត្រខេត្ត Binh Duong បានវិលត្រឡប់មកធ្វើការវិញយ៉ាងសស្រាក់សស្រាំ ក្រោយពីបុណ្យតេត។ សហគ្រាសដឹកជញ្ជូនជាច្រើនបានធ្វើសកម្មភាពក្នុងកម្លាំង ១០០ % ។ នៅទីក្រុង Da Nang សហគ្រាសប្រមាណ ៩០% នៅបណ្ដាមណ្ឌលឧស្សាហកម្ម និងមណ្ឌលកែច្នៃបានធ្វើសកម្មភាពក្នុងផលិតភាព ១០០ %។ សហគ្រាសជាច្រើនអាចចុះហត្ថលេខាលើការបញ្ជាទិញជាមួយដៃគូ។

ក្នុងពេលនោះ ទីផ្សារការងារក៏មានភាពអ៊ូអរឡើងវិញដែរ។ តាមការប៉ាន់ស្មានរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា នៅចុងខែធ្នូ ឆ្នាំ ២០២១ ទីផ្សារការងារត្រូវបានស្ដារឡើងវិញ។ ជាក់ស្ដែង កម្លាំងពលករចំនួន ៩៥% នៅតាមមណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃនាំចេញ និងមជ្ឈមណ្ឌលការងារបានប្រតិបត្តិការឡើងវិញ។

ចូលរួមដោយម្ចាស់ការ

ប្រទេសជាតិអភិវឌ្ឍន៍ឈានទៅមុខ ជាមួយកម្លាំងរស់នៃនិទាឃរដូវ - ảnh 2កម្លាំងពលករចំនួន ៩៥% នៅតាមមណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃនាំចេញ និងមជ្ឈមណ្ឌលការងារបានប្រតិបត្តិការឡើងវិញ

លទ្ធផលជាវិជ្ជមានដូចដែលបានពោលខាងលើគឺអាស្រ័យទៅលើការដែលវៀតណាមបានចេញផ្សាយ និងអនុវត្តន៍កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ និងសេចក្ដីសម្រេចចិត្តនានា ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកែលម្អបរិយាកាសធ្វើអាជីវកម្ម ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់។ គោលនយោបាយទាំងនេះបានជួយបង្កើតកម្លាំងចលករថ្មីសម្រាប់ស្ថាប័នគ្រប់ជាន់ថ្នាក់ ទាក់ទាញចំណាប់អារម្មណ៍ ការគាំទ្ររបស់ប្រជាជន និងសហគមន៍ធុរកិច្ច រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងឆ្នាំ ២០២២។

ប្រធានគណៈសិក្សាស្រាវជ្រាវបរិយាកាសធុរកិច្ច និងសមត្ថភាពប្រកួតប្រជែង  (វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម) លោក Nguyen Minh Thao បានចាត់ទុកថា ការផ្លាស់ប្ដូរបែបផែនប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកុវីដ ១៩ រួមទាំងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុបានជួយសម្រួលសហគ្រាសស្ដារឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពេលបញ្ចប់វិធានការរក្សាគម្លាតសង្គម។ ទន្ទឹមនឹងនេះ ការធ្វើកំណែទម្រង់រដ្ឋបាល កាត់បន្ថយបែបទក៏បានជួយសម្រួលសហគ្រាសអភិវឌ្ឍន៍ផងដែរ។

ស្ថានការណ៍សេដ្ឋកិច្ច សង្គមកំពុងមានការផ្លាស់ប្តូរជាវិជ្ជមាន។ នេះគឺជាសញ្ញាគួរឲ្យសប្បាយរីករាយ ដែលសរឲ្យឃើញថា វៀតណាមមិនអាចខកខាននិន្នាការអភិវឌ្ឍន៍ និងស្ដារឡើងវិញយ៉ាងឆាប់រហ័ស ក៏ដូចជាអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ