ប្រទេសចិនបង្កើនការជះឥទ្ធិពលនៅទី្វបអាហ្រ្វិក

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋចិនលោក Xi Jinping កំពុងអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងរយៈ ពេលច្រើនថ្ងៃនៅទ្វីបអាហ្វ្រិក។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងចាប់ តាំងពីលោករូបនេះជាប់ឆ្នោតជាថ្មីម្ដងទៀតជាប្រធានរដ្ឋចិនកាលពីខែមីនាកន្លងទៅ ព្រមទាំងជាការបោះជំហានដ៏សំខាន់ក្នុងផែនការការទូតនៃប្រទេសនេះផង ដែរ។ ដំណើរទស្សនកិច្ចលើកនេះសរឲ្យឃើញថា ចិនបន្តបង្កើនការជះឥទ្ធិពល នៅទ្វីបអាហ្វ្រិក ខណៈដែលសហរដ្ឋអាមេរិក គូប្រជែងស្នូលរបស់ចិន កំពុង ព្រងើយកន្តើយទ្វីបនេះ។
ប្រទេសចិនបង្កើនការជះឥទ្ធិពលនៅទី្វបអាហ្រ្វិក - ảnh 1 ទីផ្សារពលករអាហ្វ្រិកគឺសំខាន់ណាស់ចំពោះប្រទេសចិន (រូបថត៖ sggp.org.vn)

  ក្នុងដំណើរទស្សនកិច្ចនៅទ្វីបអាហ្វ្រិកចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ប្រធានរដ្ឋចិននឹងអញ្ជើញទៅកាន់ សេណេហ្គាល់ រ៉្វាន់ដា អាហ្វ្រិកខាងត្បូង និងចូលរួមកិច្ចប្រជុំមហាអំណាចពិភពលោកទើបលេចថ្មី BRIC (រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង)។ ក្នុងដំណើរវិលត្រឡប់ មកប៉េកាំងវិញ លោក Xi Jinping ទៅបំពេញទស្សនកិច្ចមិត្តភាពនៅ Mauritius (អាហ្វ្រិកខាងកើត) ទៀតផង។

        បង្កើនការជះឥទ្ធិពល

        ដោយបង្អង់ដំណើរនៅសេណេហ្គាល់ រ៉្វាន់ដា អាហ្វ្រិកខាងត្បូង និង Mauritius ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន ត្រូវបានវាយតំលៃថា គឺសំដៅបង្កើតឡើងខ្សែក្រវ៉ាត់ឥទ្ធិពលរបស់ខ្លួនទៅលើទ្វីបអាហ្វ្រិកទាំងស្រុង ជាតំបន់ដែលកំពុងដើរតួនាទីអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់ចិន។ ហើយក្នុងយុទ្ធនាការយកជំនះលើទ្វីបនេះ ចិនមិនរំលងលើកត្តាណាមួយឡើយដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន ចាប់ពីសេដ្ឋកិច្ច នយោបាយ យោធា យុទ្ធសាស្ត្ររហូតដល់វប្បធម៌ផងដែរ។

        អាចឃើញថា ក្នុងអំឡុង១០ឆ្នាំកន្លងមក ចិនបាននិងកំពុងជំនួសឲ្យអាមេរិកក៏ដូចជាប្រទេសអឺរ៉ុបមួយចំនួន ដើម្បីក្លាយទៅជាប្រទេសមានឥទ្ធិពលយ៉ាងខ្លាំងក្លាបំផុតនៅទ្វីបអាហ្វ្រិក។ ចិនបានហួសពីអាមេរិក ដោយក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតនៅទ្វីបអាហ្វ្រិក ដោយទំហំពាណិជ្ជកម្មឡើងដល់ទៅ២២០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៧។

        ចិនបានចូលរួមកសាងមណ្ឌលឧស្សាហកម្មជាង១០០មណ្ឌលនៅទ្វីបអាហ្វ្រិក ហើយ៤០%ក្នុងនោះបានដាក់ឲ្យធ្វើសកម្មភាព។ ខឿនសេដ្ឋកិច្ចធំទី២លើពិភពលោកក៏ជួយឧបត្ថម្ភប្រទេសអាហ្វ្រិកជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ផ្លូវហាយវៃ និងរោងចក្រអគ្គីសនី ផងដែរ។

        តាមពិតទៅ ផលប្រយោជន៍របស់ចិននៅទ្វីបអាហ្វ្រិក មិនត្រឹមតែជាផលប្រយោជន៍ពាណិជ្ជកម្មប៉ុណ្ណោះទេ។ ទ្វីបនេះនៅជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏សម្បូរបែបសំរាប់ចិនទៀតផង ភាគច្រើនគឺឥន្ធនៈ រ៉ែ ប្រេងឆៅ លោហៈធាតុ ឈើ និងកសិផល។ តាមស្ថាប័នថាមពលបរិមាណូអន្តរជាតិ (IAEA) ថា ចិន នឹងក្លាយទៅជាប្រទេសប្រើប្រាស់ប្រេងធំបំផុតលើពិភពលោកនាឆ្នាំ២០៣០។ ប្រភពផ្គត់ផ្គង់ប្រេងធំទី២របស់ចិននោះគឺទ្វីបអាហ្វ្រិក ក្រោយពីមជ្ឈឹមបូព៌ា ដោយបរិមាណ១លាន៤សែនធុងក្នុងមួយថ្ងៃ។

        លើវិស័យវប្បធម៌ ចិនបានដំឡើងវិទ្យាស្ថានខុងជីចំនួន៥០នៅទ្វីបអាហ្វ្រិក ហើយផ្តលអាហា រូបករណ៍ជូននិស្សិតអាហ្វ្រិកមកសិក្សារៀនសូត្រនៅចិនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទៅបំពេញការងារនៅទ្វីបអាហ្វ្រិកក្នុងរយៈពេលមួយ ក៏ជាលក្ខខណ្ឌចាប់បង្ខំ ចំពោះថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗនៃប្រទេសចិនដែរ។

        ចំពោះវិស័យការទូត ទ្វីបអាហ្វ្រិកនាំមកនូវប្លុកសម្ព័ន្ធភាពធំមួយសំរាប់ប៉េកាំងក្នុងអ.ស.ប។

        របៀបទាក់ទងខុសពីលោកខាងលិច

        ជោគជ័យរបស់ចិននៅទ្វីបអាហ្វ្រិកគឺអាស្រ័យដោយទស្សនៈរបស់ចិនចំពោះទ្វីបនេះខុសប្លែកទាំងស្រុងបើប្រៀបនឹងលោកខាងលិច។ ចំពោះការវិនិយោគសេដ្ឋកិច្ច ប្រសិនបើចិនផ្ដល់កញ្ចប់ប្រាក់កម្ចីឲ្យទ្វីបអាហ្វ្រិកដោយលក្ខណៈសប្បុរសតែប៉ុណ្ណោះ គឺលោកខាងលិចតែងតែដាក់ចេញបទដ្ឋានឬលក្ខខណ្ឌរបស់ខ្លួនដើម្បីបង្ខំឲ្យប្រទេសអាហ្វ្រិកត្រូវអនុវត្តន៍តាម។

        លើវិស័យនយោបាយ រហូតដល់ពេលនេះ ថ្នាក់ដឹកនាំនៃប្រទេសអាហ្វ្រិកជាច្រើនចាត់ទុកថា ទ្វីបនេះមិនស្ថិតនៅក្នុងអាទិភាពរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Donald Trump ទេ។ ទំនាក់ទំនងរវាងអាមេរិកនិងទ្វីបខ្មៅនេះ ក៏បានធ្លាក់ចុះក្រោយពីប្រធានាធិបតីលោក Donald Trump មានបទថ្លែងមតិដែលរំលោភបំពាននិងរើសអើងពូជសាសន៍ជាមួយទ្វីបអាហ្វ្រិកកាលពីដើមឆ្នាំ២០១៨។

        ខណៈដែលលោកខាងលិចនៅមានការរើសអើងជាមួយទ្វីបអាហ្វ្រិកនោះគឺចិនបានរកឃើញនៅទ្វីបនេះនូវសក្ដានុភាពដ៏ធំធេង ហើយជាតំបន់ដីគួរឲ្យទាក់ទាញដោយមានផលប្រយោជន៍ធំសម្បើម។

        ច្បាស់លាស់ថា ដោយការបោះជំហានដ៏ឆ្លាតវាងវៃ ចិនកំពុងបង្កើនការជះឥទ្ធិពលនៅទ្វីបអាហ្វ្រិកពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋចិនលោក Xi Jinping បានបង្ហាញជាថ្មីម្ដងទៀតនូវគោលជំហឥតងាករេរបស់បេកាំងចំពោះតួនាទីខាងសេដ្ឋកិច្ចនិងនយោបាយរបស់ទ្វីបអាហ្វ្រិក៕

ប្រតិកម្មទៅវិញ