នវានុវត្តន៍ដើម្បីនាំវៀតណាមឡើងនាវាអភិវឌ្ឍន៍រួមជាមួយពិភពលោក

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៨ តុលា វៀតណាមបានសម្ពោធគ្រឹះស្ថានប្រតិបត្តិការថ្មីនៃមជ្ឈមណ្ឌលនវានុវត្តន៍ជាតិនៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac រដ្ឋធានីហាណូយ (NIC Hoa Lac)។ ព្រឹត្តិការណ៍នេះគឺជាការគូសសញ្ញាដ៏សំខាន់មួយក្នុងដំណើរការបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដោយបង្ហាញថា វៀតណាមបាននិងកំពុងផ្តោតលើប្រភពធនធានដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំរុញនវានុវត្តន៍និងអនុវត្តន៍បេសកកម្មក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់ និងលើពិភពលោក។

នវានុវត្តន៍ដើម្បីនាំវៀតណាមឡើងនាវាអភិវឌ្ឍន៍រួមជាមួយពិភពលោក - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូធ្វើពិធីកាត់ខ្សែបូសម្ពោធមជ្ឈមណ្ឌល NIC Hoa Lac។ (រូបថត៖ TTXVN)

បង្កើតលំហនវានុវត្តន៍របស់ប្រទេសជាតិ

NIC Hoa Lac មានទំហំជាន់ធ្វើការសរុបជិត ២០ ពាន់ម៉ែត្រការ៉េ រួមទាំងប្លុកអគាររដ្ឋបាល ២ និងប្លុកមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ១។ នេះគឺជាគំរូមួយក្នុងចំណោមគំរូមជ្ឈមណ្ឌលនវានុវត្តន៍ដំបូងបង្អស់នៅលើពិភពលោក ដែលគ្រប់គ្រងដោយរដ្ឋ បម្រើដល់គោលដៅរួមរបស់ប្រទេសជាតិ ដោយមានយន្តការដោយឡែក ហើយបានវិនិយោគ និងដំណើរការទាំងស្រុងដោយមូលធនសង្គម។ NIC មានភារកិច្ចគាំទ្រសហគ្រាសក្នុងការទទួលបានធនធានសម្រាប់នវានុវត្តន៍; អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍និងចាប់ផ្តើមអាជីវកម្ម; បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ប្រកបដោយគុណភាពខ្ពស់; អភិវឌ្ឍបណ្តាញនវានុវត្តន៍វៀតណាម តភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងស្រុកជាមួយបណ្តាញមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់ និងលើពិភពលោក រួមចំណែកលើកកំពស់ឋានៈរបស់វៀតណាម អនុវត្តន៍បេសកកម្មប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់ និងលើពិភពលោក។

ថ្លែងមតិក្នុងពិធីសម្ពោធ NIC Hoa Lac នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា នវានុវត្តន៍គឺជានិន្នាការជៀសមិនរួច ដែលជាជម្រើសដោយមានលក្ខណៈរបកគំហើញយុទ្ធសាស្ត្រសម្រាប់វៀតណាម៖

“ការសម្រេចនិងដាក់ឲ្យប្រតិបត្តិការនូវមជ្ឈមណ្ឌលនវានុវត្តន៍ជាតិនៅ Hoa Lac មានតួនាទី និងអត្ថន័យដ៏ធំធេងក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម។ នេះគឺជាការចាប់ផ្តើមនៃដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសមាកាលកម្ម ដើម្បីជំរុញឲ្យកាន់តែឆាប់រហ័សនិងខ្លាំងក្លាថែមទៀតនូវប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាម”។

រួមជាមួយនឹងការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ NIC បានអភិវឌ្ឍន៍បណ្តាញនវានុវត្តន៍វៀតណាមលើទូទាំងពិភពលោក។ រហូតមកដល់បច្ចុប្បន្ន បណ្តាញនេះត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន ២០០០ នាក់ រួមទាំងអ្នកជំនាញ បញ្ញវន្តវៀតណាមគំរូក្នុងស្រុកនិងនៅប្រទេស និងដែនដីចំនួន ២០ (បណ្តាញសមាសភាគចំនួន ៨ នៅអាល្លឺម៉ង់ ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង អឺរ៉ុប តៃវ៉ាន់ (ចិន) ឆ្នេរខាងកើត និង ឆ្នេរខាងលិច (សហរដ្ឋអាមេរិក)។

សហប្រតិបត្តិការ តភ្ជាប់ប្រកបដោយប្រសិទ្ធភាព ចីរភាព និងគ្រប់ជ្រុងជ្រោយ

ពិធីសម្ពោធ NIC Hoa Lac មិនត្រឹមតែជាការបង្កើតលំហនវានុវត្តន៍របស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញការផ្លាស់ប្ដូរគំរូកំណើនតាមទិសដៅលឿន ចីរភាពដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កសាងសេដ្ឋកិច្ចឯករាជ្យ មានភាពខ្លួនទីពឹងខ្លួនខ្ពស់ អនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបកម្មប្រទេសជាតិ។ ដើម្បីពង្រីកជាអតិបរមានូវប្រសិទ្ធភាពវិនិយោគសម្រាប់ NIC នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា៖

“ចាំបាច់ត្រូវស្រាវជ្រាវ ហ៊ានដាក់ពង្រាយយន្តការសាកពិសោធន៍ដោយឡែកសម្រាប់មុខសញ្ញា វិស័យនវានុវត្តន៍ ដែលមានសក្តានុពលក្នុងការបង្កើតរបកគំហើញ និងកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ច។ ចាំបាច់ត្រូវកសាងយុទ្ធសាស្ត្រ ផែនការ កម្មវិធីសកម្មភាព ដើម្បីផ្តោតលើការអភិវឌ្ឍវិស័យដែលមានសមាមាត្រវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ហើយនាំមកនូវតម្លៃបន្ថែមខ្ពស់ដល់វៀតណាមក្នុងដំណាក់កាលខាងមុខ ដូចជាឧស្សាហកម្មវត្ថុពាក់កណ្ដាលចំឡង បច្ចេក
វិទ្យាអ៊ីដ្រូសែនបៃតង។ រៀបចំលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម និងវិស័យទាំងនោះ។ ពង្រីកស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព ចីរភាព និងគ្រប់ជ្រុងជ្រោយរវាងម្ចាស់កម្មវត្ថុនានានៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍”។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យគ្រប់ផ្នែកនិងកម្រិតជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យនវានុវត្តន៍ និងវិទ្យាសាស្ត្របច្ចេកវិទ្យា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនិងអង្គការនវានុវត្តន៍ក្នុងប្រទេស ជាមួយសហគ្រាស សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោក។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យស្ថានទូត អង្គការអន្តរជាតិ ជាពិសេសថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជំរុញសកម្មភាពវិនិយោគ កិច្ចសហប្រតិបត្តិការវិនិយោគអាជីវកម្ម ហើយគាំទ្រសហគ្រាសក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍វៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើការបន្តកែលម្អស្ថាប័ននិងគោលនយោបាយសម្រាប់សកម្មភាពនវានុវត្តន៍នៅវៀតណាម បំពេញឲ្យទាន់ពេលវេលានូវតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ម្ចាស់កម្មវត្ថុនានាក្នុងប្រព័ន្ធអេកូឡូស៊ី ជាពិសេសសហគ្រាសនវានុវត្តន៍និងសហគ្រាសចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត បង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកនាំវៀតណាមឡើងនាវាអភិវឌ្ឍន៍រួមជាមួយពិភពលោក៕

ប្រតិកម្មទៅវិញ