កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសិទ្ធិមនុស្សឲ្យកាន់តែល្អ

Chia sẻ

(VOVWORLD) - នាថ្ងៃទី ៧ ឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) វៀតណាមបានចូលរួមសម័យសន្ទនាអំពីរបាយការណ៍ជាតិរបស់វៀតណាមស្តីពីការការពារ និងលើកកំពស់សិទ្ធិមនុស្សក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី ៤របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្រៅពីការអះអាងនូវសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងដំណើរការអនុវត្តអនុសាសន៍នានាស្តីពីការធានា និងលើកកម្ពស់សិទ្ធិមនុស្ស វៀតណាមបន្តសង្កត់ធ្ងន់លើការសន្យាក្នុងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីធានាសិទ្ធិមនុស្សឲ្យកាន់តែល្អផងដែរ។

កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសិទ្ធិមនុស្សឲ្យកាន់តែល្អ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet។ (រូបថត៖ VOV)

រួមជាមួយប្រទេសជាង ១៣០ ដែលចូលរួមក្នុងកិច្ចសន្ទនា និងថ្លែងសុន្ទរកថា វៀតណាមទទួលបានអនុសាសន៍ប្រហែល ៣០០ ដែលមានខ្លឹមសារសម្បូរបែប គ្របដណ្តប់លើគ្រប់វិស័យនៃសិទ្ធិមនុស្ស។

បញ្ជាក់ពីសមិទ្ធិផលក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស

បង្ហាញរបាយការណ៍ជាតិរបស់វៀតណាមនៅសម័យសន្ទនា លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet បានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមលើការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet បានលើកឡើងថា៖

“មានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៅទូទាំងប្រទេស និងក្នុងជីវភាពរស់នៅរបស់ប្រជាជន។ ពីប្រទេសមួយដែលពឹងផ្អែកលើជំនួយបរទេស វៀតណាមបានក្លាយជាប្រទេសនាំចេញកសិផលឈានមុខគេលើពិភពលោក រួមចំណែករក្សាសន្តិសុខស្បៀងអាហារក្នុងតំបន់ និងពិភពលោក។ ធ្លាប់ស្ថិតនៅក្នុងក្រុមប្រទេសក្រីក្របំផុតលើពិភពលោក វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេ។ ក្នុងរយៈពេលពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០២៣ GDP ជាមធ្យមលើមនុស្សម្នាក់របស់វៀតណាមបានកើនឡើង ៤០ ដង”។

ទន្ទឹមនឹងការអះអាងនូវសមិទ្ធិផលនានាក្នុងការលើកកម្ពស់និងធានាសិទ្ធិមនុស្ស នៅសម័យសន្ទនា វៀតណាមក៏បានឆ្លើយតបនិងផ្តល់ព័ត៌មានពិតប្រាកដអំពីបញ្ហានានាដែលបណ្ដាប្រទេសយកចិត្តទុកដាក់ ក្នុងនោះមានកិច្ចខិតខំប្រឹងងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការកសាងសេដ្ឋកិច្ចបៃតង បរិយាប័ន្ន ការអភិវឌ្ឍអ៊ីនធឺណិត និងបណ្តាញសង្គម សេរីភាពនៃការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ សិទ្ធិរបស់ពលករ ការធានាសេរីភាពខាងជំនឿសាសនា សេរីភាពខាងសិក្សា ការចូលរួម និងអនុវត្តអនុសញ្ញាជាមូលដ្ឋានរបស់អង្គការពលកម្មអន្តរជាតិ (ILO) ការបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការអនុវត្តអនុសញ្ញាបង្ការទប់ស្កាត់ការធ្វើទារុណកម្ម និងការជួយឧបត្ថម្ភ គាំទ្រជនជាតិភាគតិច ជាដើម។ វៀតណាមបានសង្កត់ធ្ងន់លើគោលការណ៍នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពភាពខុសគ្នានៃសិទ្ធិមនុស្ស ព្រមទាំងសង្កត់ធ្ងន់ដែរថា គ្មានគំរូរួមសម្រាប់ប្រទេសទាំងអស់នោះទេ ប្រទេសនីមួយៗ អាស្រ័យលើចរិតលក្ខណៈ និងលក្ខខណ្ឌរបស់ខ្លួន នឹងមានមាគ៌ាអភិវឌ្ឍន៍ផ្ទាល់ខ្លួន។

ប្រទេសជាច្រើនបានស្វាគមន៍ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធានាយុត្តិធម៌សង្គម ជំរុញការអប់រំលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស លើកកម្ពស់សិទ្ធិស្ត្រី សិទ្ធិនៃក្រុមស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរភេទ ក៏ដូចជាសិទ្ធិរបស់ជនជាតិភាគតិច។

កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសិទ្ធិមនុស្សឲ្យកាន់តែល្អ - ảnh 2គណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសម័យសន្ទនាអំពីរបាយការណ៍ជាតិរបស់វៀតណាមស្តីពីការការពារ និងលើកកំពស់សិទ្ធិមនុស្សក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR)
វដ្តទី ៤។ (រូបថត៖ VNA)

អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍របស់ UPR ដើម្បីធានាសិទ្ធិមនុស្សឲ្យកាន់តែល្អ

ចាប់តាំងពីយន្តការ UPR ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ មក វៀតណាមតែងតែចូលរួមយ៉ាងគ្រប់គ្រាន់ក្នុងវដ្តរាយការណ៍ទាំងអស់ ហើយអនុវត្តន៍យ៉ាងពេញលេញ និងម៉ឺងម៉ាត់នូវអនុសាសន៍ដែលទទួលបាន។ ការវាយតម្លៃជាសកលតាមកាលកំណត់របស់វៀតណាមសម្រាប់វដ្តទី ១ ទី ២ និងទី ៣ ត្រូវបានអនុវត្តន៍នៅក្នុងខែឧសភា ឆ្នាំ ២០០៩ ខែកុម្ភៈ ឆ្នាំ ២០១៤ និងខែមករា ឆ្នាំ ២០១៩ រៀងៗគ្នា។

ក្នុងអំឡុងពេលកន្លងមក ចាប់តាំងពីវដ្ដទីមួយរហូតមកដល់ពេលនេះ វៀតណាមសម្រេចបានវឌ្ឍភាពជាច្រើនក្នុងការធានា និងលើកកម្ពស់សិទ្ធិមនុស្ស។ វៀតណាមបានកែលម្អប្រព័ន្ធច្បាប់ជាបន្តបន្ទាប់ ជាពិសេសជាមួយនឹងការអនុម័តលើរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដោយមានជំពូកដាច់ដោយឡែកស្ដីអំពីសិទ្ធិមនុស្ស ព្រមទាំងបានកសាង និងកែលម្អឯកសារច្បាប់ផ្សេងៗគ្នាជាង ១០០ ផងដែរ។ ដោយឡែកក្នុងវដ្តទី ៣ កន្លងទៅ មានអនុសាសន៍ចំនួន ២៣៩/២៤១ (៩៩,២%) ត្រូវបានសម្រេច ឬអនុវត្តន៍មួយផ្នែក។ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានអះអាងថា៖

“វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយន្តការ UPR និងគោលការណ៍អំពីតម្លាភាព សត្យា
នុម័ត កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនៃយន្តការនេះ។ របាយការណ៍ជាតិរបស់វៀតណាមសម្រាប់វដ្តទី៤នេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពក្នុងដំណើរការអនុវត្តន៍អនុសាសន៍ខាងលើ។ របាយការណ៍ត្រូវបានកសាងគ្រប់ជ្រុងជ្រោយ បរិយាប័ន្ន និងប្រកបដោយតម្លាភាព។ សម្រាប់វៀតណាម UPR មិនត្រឹមតែជាការទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងរាយការណ៍នោះទេ។ យើងខ្ញុំចាត់ទុកវដ្ត UPR នីមួយៗ ជាឱកាសមួយដើម្បីកំណត់ពីការលំបាក បញ្ហាប្រឈម វិស័យដែលអាចធ្វើបានប្រសើរជាងមុន និងសកម្មភាពជាក់ស្តែងដើម្បីប្រែក្លាយអនុសាសន៍ទៅជាការផ្លាស់ប្តូរពិតប្រាកដក្នុងជីវភាពរស់នៅរបស់ប្រជាជន”។

តាមរយៈកិច្ចសន្ទនានៅអង្គការសហប្រជាជាតិ វៀតណាមបានអះអាងនូវសមិទ្ធិផលរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម ដោយសង្កត់ធ្ងន់លើការសន្យា បន្តអនុវត្តន៍កាតព្វកិច្ច និងការសន្យារបស់ខ្លួនក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលវៀតណាមជាសមាជិក ព្រមទាំងមានបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងដំណើរការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយឈរលើស្មារតីសមភាព និងការគោរពគ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ