Dien Bien Phu - ជ័យជំនះនៃយុគសម័យ

Chia sẻ
(VOVWORLD) - យោងតាមលោកសាស្ត្រាចារ្យបណ្ឌិត វង្ស សុធារ៉ា ប្រធានដេប៉ាតឺម៉ងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថា ជ័យជំនះ Dien Bien Phu បានចាប់បង្ខំឲ្យពួកអាណានិគមបារាំងត្រូវចូលអង្គុយតុចរចា។
Dien Bien Phu - ជ័យជំនះនៃយុគសម័យ - ảnh 1ប្រវត្តិវិទូ Alain Ruscio (ឆ្វេង) ។ រូបថត៖ Anh Tuan/VOV-Paris

ថ្ងៃនេះ វៀតណាមបានរៀបចំយ៉ាងមហោឡារឹកពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ជាជ័យជម្នះដែលបានចារឹកក្នុងបរវត្តិសាស្ត្រពិភពលោក។ ជ័យជំនះ Dien Bien Phu មិនត្រឹមតែអះអាងពីកម្លាំងសាមគ្គីភាពរបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាចំណុចភ្លឺក្នុងប្រវត្តិសាស្ត្ររំដោះជាតិនៅលើពិភពលោក ហើយជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្រជាជាតិដែលស្រឡាញ់សន្តិភាពទៀតផង។ ជ័យជំនះ Dien Bien Phu បានបានជំរុញចលនារំដោះជាតិនៅជុំវិញពិភពលោកដើម្បីទទួលបានជ័យជំនះពេញលេញ។

ជ័យជំនះដ៏មហិមា

ប្រវត្តិវិទូបារាំង លោក Alain Ruscio បានបញ្ជាក់ថា ជ័យជំនះ Dien Bien Phu គឺជាការវាយប្រហារសម្រេច ដែលនាំឲ្យបារាំងត្រូវយល់ព្រមចូលអង្គុយតុចរចា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ នាំមកនូវសន្តិភាពដល់វៀតណាម។ នោះគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នាប្រកបដោយជោគជ័យរវាងកម្លាំងនៃសេចក្ដីស្នេហាជាតិ និងបំណងប្រាថ្នាសន្តិភាពរបស់ប្រជាជនវៀតណាមក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធានហូជីមិញ៖

“Dien Bien Phu គឺជាពេលវេលាដ៏សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនវៀតណាម។ ជ័យជំនះនេះគឺជាលទ្ធផលនៃការប្រយុទ្ធដ៏លំបាកបំផុតដោយចាប់ផ្តើមពីភាពឯកោ ព្រោះថាតាំងពីដើមមក កងទ័ពរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវរងការឯកោ។ ក្រោយមក ការវិវឌ្ឍនៃការប្រយុទ្ធបានផ្លាស់ប្ដូរជាមួយនិយមន័យ "សង្រ្គាមប្រជាជន" ពោលគឺ នេះមិនមែនជាការប្រយុទ្ធរបស់កងទ័ពជំនាញប៉ុណ្ណោះទេ ថែមទាំងមានការស្រុះចិត្តគំនិង ការលះបង់ និងការប្តេជ្ញាចិត្តរបស់ប្រទេសជាតិទាំងមូលទៀតផង”។

Dien Bien Phu - ជ័យជំនះនៃយុគសម័យ - ảnh 2លោកសាស្ត្រាចារ្យបណ្ឌិត វង្ស សុធារ៉ា ប្រធានដេប៉ាតឺម៉ងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

យោងតាមលោកសាស្ត្រាចារ្យបណ្ឌិត វង្ស សុធារ៉ា ប្រធានដេប៉ាតឺម៉ងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថា ជ័យជំនះ Dien Bien Phu បានចាប់បង្ខំឲ្យពួកអាណានិគមបារាំងត្រូវចូលអង្គុយតុចរចា។

ជ័យជម្នះនេះមានអត្ថន័យដ៏ធំធេងលើឆាកអន្តរជាតិ ហើយ បានចារឹកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ព្រោះថានេះគឺជាលើកដំបូង ដែលកងទ័ពរបស់ប្រទេសមួយ ដែលធ្លាប់ជាប្រទេសនៅក្រោមអាណានិគមនៅអាស៊ីបានវាយបរាជ័យកងទ័ពដ៏ទំនើបរបស់ប្រទេសមហាអំណាចអឺរ៉ុបមួយ។ ជ័យជំនះនេះបានចាប់បង្ខំឱ្យបារាំងត្រូវចរចាសន្តិភាព និងដកទ័ពចេញពីឥណ្ឌូចិន។ ជ័យជំនះដ៏មហិមានេះក៏បានជួយប្រជាជាតិទាំង ៣ វៀតណាម ឡាវ កម្ពុជារួមសាមគ្គីភាព និងបង្កើតកម្លាំងរួម នាំមកនូវជ័យជំនះនៅទេសនីមួយៗ។  

ជ័យជំនះនៃយុគសម័យ

ជ័យជំនះ Dien Bien Phu មិនត្រឹមតែបញ្ចប់នឹមត្រួតត្រានៃអាណានិគមនិយមនៅប្រទេសឥណ្ឌូចិនទាំងបីប៉ុណ្ណោះទេ ថែមទាំងបានបើកទំព័រថ្មីសម្រាប់ប្រវត្តិសាស្ត្រមនុស្សជាតិទៀតផង។ ចាប់ពីជ័យជំនះនេះ ស្មារតី Dien Bien Phu របស់ប្រជាជនវៀតណាមបានលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ប្រទេសនៅក្រោមអាណានិគមផ្សេងទៀត ក្រោកឈរឡើងតស៊ូទាមទារឯករាជ្យ តាមនោះបញ្ចប់អាណានិគមនិយមចាស់នៅទូទាំងពិភពលោក។ លោក Reda El Taify ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាមដំណាក់កាល ២០១០-២០១៤ បានអះអាងថា យុទ្ធនាការ Bien Bien Phu គឺជាការប្រយុទ្ធដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រ៖

“អាចនិយាយបានថា យុទ្ធនាការ Dien Bien Phu គឺជាការប្រយុទ្ធដ៏សំខាន់ជួរមុខមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ហើយត្រូវបានចាត់ចំណាត់ថ្នាក់ដូចគ្នាជាមួយនឹងយុទ្ធនាការ និងការប្រយុទ្ធល្បីល្បាញក្នុងប្រវត្តិសាស្ត្រ ដូចជា ការប្រយុទ្ធ Waterloo ការប្រយុទ្ធ  Pearl Harbor និងយុទ្ធនាការ Normandy ការប្រយុទ្ធរថក្រោះនៅ Kursk Arc ការវាយប្រហារលើទីក្រុងប៊ែរឡាំងក្នុងសង្គ្រាមលោកលើកទី ២ សង្គ្រាមអេហ្ស៊ីបនាថ្ងៃទី ៦ ខែតុលាឆ្នាំ ១៩៧៣ ។ យុទ្ធនាការ Dien Bien Phu បានបញ្ចប់របបអាណានិគមបារាំង មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅតំបន់អាស៊ីទាំងមូលទៀតផង”។

រយៈពេល ៧០ ឆ្នាំក្រោយជ័យជំនះ Dien Bien Phu អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជាច្រើននៅលើពិភពលោកសុទ្ធតែមានការវាយតម្លៃរួមថា៖ សារ និងមេរៀនពីជ័យជំនះ Dien Bien Phu ថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ នៅតែមានគុណតម្លៃដដែល។ វៀតណាមជាប្រទេសត្រួសត្រាយផ្លូវ ហើយជានិមិត្តសញ្ញាដ៏ភ្លឺចែងចាំងក្នុងចលនាតស៊ូរំដោះជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់មនុស្សជាតិផងដែរ៕

ប្រតិកម្មទៅវិញ