ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង

Chia sẻ
(VOVWORLD) - អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong កំពុង អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណៈរដ្ឋបារាំង តាមសេចក្ដី អញ្ជើញរបស់ប្រធានាធិបតីលោក Emmanuel Macron។
ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង - ảnh 1 សហគមន៍ជនវៀតណាមទទួលអគ្គលេខាលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង 


ដំណើរទស្សនកិច្ចលើកនេះ ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលវៀតណាមនិងបារាំងកំពុងរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត និងលើកទី៥ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ នេះជាឱកាសសំខាន់ ដើម្បីថ្នាក់ដឹកនាំភាគីទាំងពីរក្រឡេកមើលឡើងវិញពីកំណាត់ផ្លូវដែលបានឆ្លងកាត់ ក៏ដូចជាកំណត់ទិសដៅធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងក្នុងសម័យកាលថ្មីផងដែរ។

        ត្រូវបានបង្កើតឡើងជាផ្លូវការនាថ្ងៃទី១២ មេសា ឆ្នាំ១៩៧៣ ទំនាក់ទំនងវៀតណាម-បារាំងបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ ហើយទទួលបានលទ្ធផលជាក់ស្ដែងជាច្រើន។

        ចំណុចសំខាន់ៗក្រោយរយៈពេល៤៥ឆ្នាំបង្កើតទំនាក់ទំនងការទូតនិង៥ឆ្នាំ

បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

        ក្នុងអំឡុង៤៥ឆ្នាំកន្លងទៅ បារាំងជាដៃគូសំខាន់ជួរមុខរបស់វៀតណាម។ ទំនាក់ទំនងក្នុងក្របខ័ណ្ឌទ្វេភាគីក៏ដូចជាពហុភាគី អភិវឌ្ឍន៍កាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ។ បារាំងជាអ្នកផ្ដល់ហិរញ្ញប្បទានទ្វេភាគីជួរមុខនៅទ្វីបអឺរ៉ុប សំរាប់វៀតណាម។ កិច្ចព្រមព្រៀងរាប់រយត្រូវបានចុះហត្ថលេខារវាងសកលវិទ្យាល័យនិងមជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេសទាំងពីរ ហើយនាបច្ចុប្បន្នមាននិស្សិតនិងសិក្ខាកាមវៀតណាមចំនួន៧០០០នាក់ ដែលកំពុងសិក្សារៀនសូត្រនៅបារាំង។ ទំនាក់ទំនងសហប្រតិបតិ្តការថ្នាក់តំបន់ ក៏ត្រូវបានបើកទូលាយដោយមានការចូលរួមរបស់តំបន់ចំនួន២០របស់បារាំង និងខេត្តក្រុងចំនួន១៥របស់វៀតណាម។ ជាពិសេស សហគមន៍ជនវៀតណាមនៅបារាំងជាសហគមន៍ដ៏ធំបំផុតក្នុងចំណោមសហគមន៍ជនវៀតណាមនៅអឺរ៉ុប ដែលជាស្ពានតភ្ជាប់សំខាន់សំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

        ប៉ុន្តែ ស្ថានភាពជាក់ស្ដែងបានសរឲ្យឃើញថា មានសក្ដានុពលសហប្រតិបតិ្តការដ៏ធំធេងរវាងប្រទេសទាំងពីរ ដែលមិនទាន់បានធ្វើអាជីវកម្មនៅឡើយ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែតិចតួចណាស់ ដោយស្មើរនឹង១%នៃទំហំនាំចេញនាំចូលសរុបរបស់វៀតណាមតែប៉ុណ្ណោះ។

        ក្នុងដំណាក់កាលបច្ចុប្បន្ន វៀតណាមនិងបារាំងមានលក្ខណៈងាយស្រួលជាច្រើន ដើម្បីបង្កើនទំនាក់ទំនង។ បារាំងជាមហាអំណាចសំខាន់នៅទ្វីបអឺរ៉ុបខណៈដែលវៀតណាមជាខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍន៍យ៉ាងលឿននិងស្វាហាប់ដោយចំនួនប្រជាជនសរុបជិត១០០លាននាក់ ហើយដើរតួនាទីសំខាន់ក្នុងអាស៊ាននិងតំបន់អាស៊ីបូព៌ា។

        ដំណើរទស្សនកិច្ចបង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង

        ដោយឈរលើមូលដ្ឋានទំនាក់ទំនងក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅ ដំណើរទស្សនកិច្ចនៅបារាំងលើកនេះរបស់អគ្គលេខាលោក Nguyen Phu Trong ប្រព្រឹត្តទៅក្នុងកាលៈទេសៈ ដែលបារាំងកំពុងមានការផ្លាស់ប្ដូរដ៏វិជ្ជមានជាច្រើន ពិសេសគឺក្រោយពីប្រធានាធិបតីលោក Macron ឡើងកាន់តំណែងកាលពីពាក់កណ្ដាលឆ្នាំ២០១៧មក។

        នាបច្ចុប្បន្ន វៀតណាមនិងបារាំងសុទ្ធតែមានទស្សនៈវិស័យរួមស្ដីពីពិភពពហុប៉ូលនិងលទ្ធិពហុភាគី ដោយឈរលើការគោរពគ្នាទៅវិញទៅមក សមភាព និងកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍ដូចគ្នា ខំប្រឹងប្រែងដើម្បីសន្តិភាពនិងការអភិវឌ្ឍដោយចីរភាពនិងគ្របដណ្ដប់។ ជាសមាជិកសំខាន់ក្នុងអាស៊ាននិង EU វៀតណាមនិងបារាំងដើរតួនាទីសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្លុកទាំងពីរនេះ។

        ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាលោក Nguyen Phu Trongជាដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសមួយនៅក្រៅតំបន់របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្រោយពី មហាសន្និបាតលើកទី១២របស់បក្សមក។ ប្រការនេះសរឲ្យឃើញថា វៀតណាមគោរពនិងមានគោលបំណងចង់បង្កើនទំនាក់ទំនងសមភាព ដើម្បីផលប្រយោជន៍ដូចគ្នាជាមួយបារាំង៕

ប្រតិកម្មទៅវិញ