ដោយមានចំនួនសំឡេងគាំទ្រគួរឲ្យកត់សម្គាល់ ១៩២ លើ ១៩៣ នាថ្ងៃទី ៧ខែមិថុនា វៀតណាមបានក្លាយទៅជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាផ្លូវការសម្រាប់អាណត្តិ ២០២០-២០២១ (រូបថត៖ TTXVN) |
មិនត្រឹមតែពង្រឹងនិងពង្រីកថែមទៀតនូវក្របខ័ណ្ឌនៃទំនាក់ទំនងជាមួយដៃគូសំខាន់ៗ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង មិត្តភក្តិប្រពៃណីប៉ុណ្ណោះទេ កិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០១៩ ថែមទាំងបានគូសញ្ញានូវរបត់សំខាន់ៗនៅឯវេទិកាពហុភាគី នៅពេលដែលវៀតណាមជាប់ឆ្នោតធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ជាមួយនឹងចំនួនសម្លេងគាំទ្រខ្ពស់បំផុតទៀតផង។
តួនាទីភាពជាស្ថាបនិកនៃសន្តិភាព
ព្រឹត្តិការណ៍ការទូតសំខាន់បំផុតមួយដែលទាក់ទាញការចាប់អារម្មណ៍របស់ពិភពលោកក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០១៩ គឺការដែលវៀតណាមត្រូវបានជ្រើសតាំងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េលើកទី ២ ។ នេះគឺជាសក្ខីភាពមួយដែលបញ្ជាក់ពីការជឿទុកចិត្តរបស់សហរដ្ឋអាមេរិក និងស.ប.ប កូរ៉េ ក៏ដូចជាសហគមន៍អន្តរជាតិអំពីសមត្ថភាពរបស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់បំផុតក្នុងឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះដែរ ដោយមានចំនួនសំឡេងគាំទ្រគួរឲ្យកត់សម្គាល់ ១៩២ លើ ១៩៣ នោះនាថ្ងៃទី ៧ខែមិថុនា វៀតណាមបានក្លាយទៅជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាផ្លូវការសម្រាប់អាណត្តិ ២០២០-២០២១ ។ នេះជាលើកទី ២ ដែលប្រទេសវៀតណាមទទួលភារកិច្ចនេះដ៏សំខាន់នេះ។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖ «អាទិភាពរបស់យើងគឺបង្កើនតួនាទីនៃលទ្ធិពហុភាគីនិយម គោរពច្បាប់អន្តរជាតិ។ ជាមួយនឹងបទពិសោធរបស់ខ្លួន យើងមានបំណងចង់រួមចំណែកក្នុងរាល់បញ្ហារបស់អង្គការសហប្រជាជាតិ ដូចជាការដោះស្រាយបញ្ហាក្រោយពីជំលោះ បញ្ហាស្ត្រីនិងកុមារក្នុងជម្លោះ ក៏ដូចជាការបោះសំអាតគ្រាប់បែក មីន ក្រោយពីជម្លោះផងដែរ។ នៅពេលដែលចូលរួមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នោះគោលដៅរបស់យើងគឺត្រូវកសាងបរិយាកាសប្រកប ដោយស្ថេរភាពនៅលើពិភពលោកនិងក្នុងតំបន់ផងដែរ»។
គួរបញ្ជាក់ថាកាលពីខែមិថុនាឆ្នាំ ២០១៩ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏បានអញ្ជើញក្លាយជាភ្ញៀវពិសេសចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន។ ប្រការនេះបង្ហាញពីការទទួលស្គាល់ពីសហគមន៍អន្តរជាតិចំពោះកិត្យានុភាពនិងឋានៈរបស់វៀតណាម ដែលជាដៃគូគួរឱ្យទុកចិត្តនិងមានការទទួលខុសត្រូវចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់។
ជំរុញពាណិជ្ជកម្មពហុភាគី
សញ្ញាលេចធ្លោមួយទៀតក្នុងទំនាក់ទំនងកិច្ចការបរទេសលើវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៩ គឺជាការដែលវៀតណាមនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) ក្រោយពីរយៈពេលចរចាគ្នាជាច្រើនលើកច្រើនសារផងដែរ។ កិច្ចព្រមព្រៀងEVFTA និង EVIPA បានបើកឱកាសដ៏ធំធេង សម្រាប់ភាគីទាំងពីរ ក្នុងការធ្វើរុក រកនូវសក្តានុពលនិងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្មនិងការវិនិយោគក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ ក្រៅពីការផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចនោះ ការដែលសហភាពអឺរ៉ុបចុះហត្ថលេខាជាលើកដំបូងបង្អស់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសវៀតណាមពោលគឺជាប្រទេសទី ៤ នៅតំបន់អាស៊ីនោះ បានសរឲ្យឃើញថាសហភាពអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាម។ វាយតំលៃចំពោះអត្ថន័យនៃការចុះហត្ថលេខាលើ EVFTA និង EVIPA រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអះអាងថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ (IPA) ត្រូវបានចុះហត្ថលេខានោះអាចអះអាងបានថាឋានៈ របស់វៀតណាមកាន់តែខ្លាំងក្លានៅលើឆាកអន្តរជាតិ ពោលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានរួមចំណែកយ៉ាងធំធេងនិងមានទំនួលខុសត្រូវក្នុងការអភិវឌ្ឍសាកលភាវូបនីយកម្ម តាមទិសដៅសេរីភាវូបនីយកម្ម និងការសម្របសម្រួលខាងពាណិជ្ជកម្មផងដែរ។ កិច្ចព្រមព្រៀង EVFTA ក៏ដូចជាកិច្ចព្រមព្រៀង IPA បានបង្កើតមូលដ្ឋានគ្រឹះសំខាន់ ដែលនាំទំនាក់ទំនងវៀតណាម - EU ឈានឡើងកំពស់ថ្មី ដែលសក្ដិសមនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរផងដែរ។
ប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការតស៊ូនិងការពារអធិបតេយ្យ
នាឆ្នាំកន្លងមក អធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើត ត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរសារជាថ្មីម្តងទៀត ដោយមានសកម្មភាពខុសច្បាប់របស់នាវា ចិន។ វៀតណាមបានប្រកាន់ខ្ជាប់នូវបណ្តាវិធានការនានាតាមរយៈផ្លូវការទូត រួមទាំងលើកតម្កើងនូវតម្លាភាពក្នុងដំណើរការដោះស្រាយរាល់ជំលោះ ក៏ដូចជាការរក្សាអាកប្បកិរិយាសហប្រតិបត្តិការនៅពេលមានជំលោះកើតមានឡើងផងដែរ។ លោកសាស្ត្រាចារ បណ្ឌិត Pham Quang Minh សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យា សាស្ត្រនិងសង្គមសាស្ត្រម នុស្សធម៌វៀតណាមបានឱ្យដឹងថា៖ «ការទូតត្រូវបានចាត់ទុកជាឧបករណ៍មុតស្រួចមួយ ដើម្បិឲ្យពិភពលោកអាចការស្វែងយល់អំពីវៀតណាម ព្រមទាំងចែករំលែកតម្លៃនិងទស្សនៈរបស់វៀតណាម ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធីដោយមិនប្រើប្រាស់អំពើហឹង្សារនិងគំរាមប្រើប្រាស់អំពើហឹង្សា។ នេះគឺជាគោលការណ៍ដែលឥតងាករេហើយក៏ជាពេលវេលាដែលយើងត្រូវប្រើឧបករណ៍ការទូត ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយដៃគូ ជាពិសេសប្រទេសជិតខាង ប្រទេសជាសមាជិកអាស៊ាន និងប្រទេសធំៗជាដើម បានបន្តកាន់តែស៊ីជម្រៅនិងទូលំទូលាយ។ ជាមួយនឹងសមិទ្ធិផលគួរឱ្យកត់ សម្គាល់នៃកិច្ចការបរទេសក្នុងឆ្នាំ ២០១៩ វៀតណាមមានមោទនភាពក្នុងការជឿជាក់យ៉ាងមុតមាំចំពោះជំហានបន្តទៀតក្នុងដំណើរការធ្វើសមាហរណកម្មនិងការអភិវឌ្ឍន៍ជាមួយសហគមន៍អន្តរជាតិ ផងដែរ៕