ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវ មានគោលបំណងបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ ដែលផ្តល់អាទិភាពលើការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជិតខាងនិងបណ្តាប្រទេសអាស៊ាន។ ទន្ទឹមនឹងនោះ ម៉ាឡេស៊ីជាប្រទេសដែលមានតួនាទីដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ មានកិត្យានុភាព និងឥទ្ធិពលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនឹងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២៥។ ម៉ាឡេស៊ីក៏ត្រូវបានវាយតម្លៃជាគំរូជោគជ័យនៃការអភិវឌ្ឍន៍ផងដែរ។
ភាពជាដៃគូយុទ្ធសាស្ត្រកំពុងអភិវឌ្ឍយ៉ាងល្អ
ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវត្រូវបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងម៉ាឡេស៊ី មានការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងទូលំទូលាយ ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៥។ វៀតណាមជាប្រទេសអាស៊ានតែមួយគត់ដែលម៉ាឡេស៊ីបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។
នាពេលថ្មីៗនេះ ទំនុកចិត្តនយោបាយរវាងវៀតណាម និងម៉ាឡេស៊ីត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ ប្រទេសទាំងពីរតែងតែសម្របសម្រួលគោលជំហររបស់ខ្លួនយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីក្នុងតំបន់និងអន្តរជាតិ ជាពិសេសក្នុងតំបន់អាស៊ាន។ វៀតណាមនិងម៉ាឡេស៊ី គឺជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់គ្នាទៅវិញទៅមក។
ទាក់ទងនឹងវិស័យសេដ្ឋកិច្ច វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ម៉ាឡេស៊ី។ បច្ចុប្បន្នម៉ាឡេស៊ីគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមក្នុងតំបន់អាស៊ាន និងទី ១១ នៅលើពិភពលោក។ វៀតណាមជាដៃគូពាណិជ្ជកម្មធំទីបីរបស់ម៉ាឡេស៊ីនៅអាស៊ាន។ ប្រទេសទាំងពីរមានសក្ដានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើវិស័យដែលកំពុងរីកចម្រើន ដូចជាសេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងថាមពលប្រកបដោយនិរន្តរភាព។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung បានឲ្យដឹងថា៖ “ម៉ាឡេស៊ីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថលនិងបច្ចេកវិទ្យាបៃតង ដែលជាសសរស្តម្ភនៃផែនការសេដ្ឋកិច្ច "Malaysia Madani" ដែលផ្តួចផ្តើមដោយលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ដើម្បីប្រែក្លាយម៉ាឡេស៊ីទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វៀតណាមកំពុងឈានចូលយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ ជាមួយនឹងទិសដៅដ៏ធំធេង ក្នុងនោះទិដ្ឋភាពសេដ្ឋកិច្ចគឺការរំដោះនិងពង្រីកកម្លាំងផលិតកម្មថ្មី ទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាបៃតង ដែលម៉ាឡេស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ និងជាប្រៀបខ្លាំងរបស់ម៉ាឡេស៊ី។ នេះនឹងក្លាយជាការរួមបញ្ចូលគ្នាដ៏ល្អមួយ ដែលតាមនោះ វៀតណាម និងម៉ាឡេស៊ី អាចបំពេញបន្ថែម និងបង្កើតកម្លាំងបន្ថែមសម្រាប់គ្នាទៅវិញទៅមក ដើម្បីឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍសម្រាប់ប្រទេសនីមួយៗ”។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung ឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មាន នៅមុនដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសម៉ាឡេស៊ីរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវ។ រូបថត៖ qdnd.vn |
ក្នុងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន របស់វៀតណាមនិងម៉ាឡេស៊ីកាន់តែកើនឡើង។ ការផ្លាស់ប្តូរក្នុងវិស័យអប់រំ វប្បធម៌ និងទេសចរណ៍បន្តរីកចម្រើន ជួយបង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ។ ប្រទេសទាំងពីរវាយតម្លៃខ្ពស់ចំពោះប្រពៃណីរបស់គ្នាទៅវិញទៅមក។ សហគមន៍ជនវៀតណាមក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្នមានប្រជាជនប្រមាណ ៣០.០០០ នាក់ ក្នុងនោះមាននិស្សិតអន្តរជាតិជិត ១.១០០ នាក់នៅម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចនេះជាព្រឹត្តិការណ៍ថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគី
ដោយឈរលើភាពជាដៃគូយុទ្ធសាស្ត្រដែលបានអភិវឌ្ឍយ៉ាងល្អ ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការពង្រឹងទំនុកចិត្តនយោបាយ បង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានជួបជាមួយមេដឹកនាំនយោបាយកំពូលរបស់ម៉ាឡេស៊ី។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស តូ ឡឹម នឹងថ្លែងសុន្ទរកថាគោលនយោបាយដ៏សំខាន់មួយនៅសាកលវិទ្យាល័យ Malaya ដែលជាសាកលវិទ្យាល័យឈានមុខគេរបស់ប្រទេសម៉ាឡេស៊ី; ជួបពិភាក្សាជាមួយធុរជននិងអាណិកជនវៀតណាមនៅម៉ាឡេស៊ី។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖ “ដំណើរទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់មេដឹកនាំនៃប្រទេសទាំងពីរធ្វើការពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ ក៏ដូចជាស្ថានភាពនៃប្រទេសនីមួយៗ។ តាមនោះ បង្កើនការយោគយល់គ្នាទៅវិញទៅមក និងពង្រឹងការជឿទុកចិត្តនយោបាយ។ តាមនោះ សម្រេចបានកិច្ចព្រមព្រៀងដើម្បីលើកកំពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីយ៉ាងទូលំទូលាយ”។
នៅឆ្នាំ ២០២៥ ម៉ាឡេស៊ីនឹងកាន់តំណែងជាប្រធានអាស៊ាន ក្នុងបរិបទដែលអាស៊ានប្រារព្ធខួប ១០ឆ្នាំ នៃការបង្កើតសហគមន៍អាស៊ាន តាមរយៈចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ដោយបង្ហាញពីទិសដៅយុទ្ធសាស្ត្រសម្រាប់រយៈពេល ២០ឆ្នាំខាងមុខ។ តាមរយៈដំណើរទស្សនកិច្ចនេះ វៀតណាមក៏បានអះអាងថា នឹងគាំទ្រម៉ាឡេស៊ីទទួលបានជោគជ័យក្នុងតំណែងថ្មី នៅឆ្នាំខាងមុខ ដោយបានឯកភាព សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក និងជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីកសាងសហគមន៍អាស៊ានសមគ្គីភាព ឯកភាព និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្លុក ជំរុញមជ្ឈភាពលើបញ្ហាក្នុងតំបន់។ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីរបស់លោកអគ្គលេខាបក្ស តូឡឹម គឺជាព្រឹត្តិការដ៏សំខាន់ ជំរុញការជឿទុកចិត្តនយោបាយ និងបង្កើតសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងម៉ាឡេស៊ី ដើម្បីអភិវឌ្ឍយ៉ាងស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕