កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង នៅពេលដែលយោធារុស្ស៊ីបានប្រកាសបើក "ប្រតិបត្តិការយោធាពិសេស" នៅលើទឹកដីអ៊ុយក្រែន។ ជម្លោះដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច មិនត្រឹមតែនៅអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោកទៀតផង។
ប្រជាជនស្វែងរកទីជម្រក នៅពេលដែលមានសំឡេងស៊ីរ៉ែន ក្នុងការបាញ់ផ្លោងលើទីក្រុងគៀវ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២។ រូបថត៖ រ៉យទ័រ |
លេចឡើងនូវក្តីសង្ឃឹម
ជិតបីឆ្នាំបន្ទាប់ពីជម្លោះបានផ្ទុះឡើង យថាទស្សន៍នៃការបញ្ចប់ជម្លោះដោយមធ្យោបាយយោធាគឺមានភាពស្រពិចស្រពិលនៅពេលដែល រុស្ស៊ីនិងអ៊ុយក្រែនរក្សាស្ថានការណ៍ជាប់គាំងនៅលើសមរភូមិ ទោះបីជាមានការខាតបង់ និងរបួសពីភាគីទាំងពីរក៏ដោយ។ ក្នុងន័យនយោបាយ ភាគីទាំងពីរក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន គឺមិនផ្តល់សម្បទាន ចំពោះរាល់ការទាមទារណាមួយរបស់ភាគីម្ខាងទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាពជាប់គាំងការទូតកំពុងបង្ហាញសញ្ញានៃការទម្លុះ ដោយកត្តាផលប៉ះពាល់ដ៏ធំបំផុតគឺការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ៥ ខែវិច្ឆិកា។ ការបោះឆ្នោតនេះ គឺជាសញ្ញាសម្គាល់ជ័យជម្នះដ៏ធំមួយសម្រាប់លោក Donald Trump ដែលមានទស្សនៈខុសគ្នាយ៉ាងខ្លាំងលើជម្លោះអ៊ុយក្រែនជាងរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden។ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Donald Trump បានប្រឆាំងម្តងហើយម្តងទៀតនូវការបង្កើនជំនួយយោធាដល់អ៊ុយក្រែន ហើយបានប្តេជ្ញាថា "នឹងបញ្ចប់ជម្លោះនៅអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការឡើងកាន់តំណែង"។ ការសន្យានេះត្រូវបានប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកអះអាងឡើងវិញ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា នៅពេលដែលលោកបានបញ្ជាក់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនត្រូវតែបញ្ចប់។ មុននេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា កាសែតនាំមុខគេរបស់សហរដ្ឋអាមេរិក «The Washington Post» ក៏បានជូនព័ត៌មានថា លោក Donald Trump បានទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន ទោះបីជារុស្ស៊ីមិនបានបញ្ជាក់ព័ត៌មាននេះក៏ដោយ។
ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក Donald Trump ។ រូបថត៖ Reuters |
ចំណាត់ការថ្មីពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបានចាប់ផ្តើមបង្កើតការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងការត្រិះរិះរបស់បណ្តាប្រទេសសម្ព័ន្ធមិត្តលោកខាងលិចនៅក្នុងប្លុកយោធានៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ការវិវឌ្ឍគួរឱ្យកត់សម្គាល់បំផុតនោះគឺថា នៅថ្ងៃទី ១៥ ខែវិច្ឆិកា អាធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានធ្វើការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នេះជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំដែលប្រមុខនៃមហាអំណាចលោកខាងលិចបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី ដែលជាទង្វើមួយដែលបានធ្វើឱ្យសម្ព័ន្ធមិត្តជាច្រើនមានការភ្ញាក់ផ្អើល។ អធិការបតីអាល្លឺម៉ង់បានការពារសេចក្តីសម្រេចនេះដោយលើកហេតុផលថា អឺរ៉ុបមិនអាចឈរនៅខាងក្រៅការពិភាក្សាអនាគតរវាងអាមេរិកនិងរុស្ស៊ីលើបញ្ហាអ៊ុយក្រែនបានទេ។
“តាមទស្សនៈរបស់ខ្ញុំ មិនមែនជាគំនិតល្អទេ ប្រសិនបើនឹងមានកិច្ចពិភាក្សានាពេលខាងមុខ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីរុស្ស៊ី ហើយគ្មានមេដឹកនាំប្រទេសសំខាន់មួយនៅអឺរ៉ុប ពុំដំណើរការកិច្ចពិភាក្សាផ្ទាល់ខ្លួននោះឡើយ។ ប្រហែលជាមនុស្សមួយចំនួននៅអាល្លឺម៉ង់គិតថា ជារឿងល្អ ប៉ុន្តែសម្រាប់រូបខ្ញុំគឺមិនល្អទេ”។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអាធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលស។ រូបថត៖ Getty |
ទោះបីជាមានការរិះគន់លោកអាធិការបតី Olaf Scholz ចំពោះការផ្តល់ឱ្យរុស្ស៊ីនូវអត្ថប្រយោជន៍ចរចាក៏ដោយ បើយោងតាមអ្នកសង្កេតការណ៍ រដ្ឋាភិបាលអ៊ុយក្រែនក៏ហាក់ដូចជាកំពុងផ្លាស់ប្តូរជំហររបស់ខ្លួនដែរ។ មួយថ្ងៃបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំរុស្ស៊ី-អាល្លឺម៉ង់ទាំងពីរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានប្រកាសតាមវិទ្យុអ៊ុយក្រែនថា អ៊ុយក្រែនត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ចប់ជម្លោះនៅឆ្នាំ ២០២៥ តាមរយៈផ្លូវការទូត។ សេចក្តីប្រកាសនេះ គូសសញ្ញាសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគោលជំហររបស់ទីក្រុងគៀវ ពីព្រោះពីមុន មេដឹកនាំអ៊ុយក្រែនតែងតែបញ្ជាក់ "គ្មានការសន្ទនា" ដរាបណាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាន់តំណែង។
ហានិភ័យកើនឡើងជម្លោះនៅតែមាន
ថ្វីបើក្តីសង្ឃឹមដ៏ស្តួចស្តើងនៃការបន្តកិច្ចសន្ទនាដើម្បីដោះស្រាយជម្លោះការទូតក៏ដោយ ក៏ហានិភ័យនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែនដែលកើនឡើងនៅតែស្ថិតក្នុងកម្រិតខ្ពស់។ ព័ត៌មានទាក់ទងនឹងស.ប.ប.កូរ៉េ បញ្ជូនទាហានទៅរុស្ស៊ី ហើយថ្មីៗនេះ រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ដកការរឹតបន្តឹង ដោយអនុញ្ញាតឱ្យយោធាអ៊ុយក្រែនប្រើប្រាស់អាវុធវាយប្រហារចម្ងាយឆ្ងាយ ឧបត្ថម្ភដោយសហរដ្ឋអាមេរិកកំពុងប្ថែមដល់ភ័យខ្លាចថា ជម្លោះនឹងកាន់តែធ្ងន់ធ្ងរឡើងថ្មី កម្រិតគ្រោះថ្នាក់ជាង។
ភ្លើងឆេះបានផ្ទុះឡើង បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅក្នុងក្រុងគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ រូបថត៖ រ៉យទ័រ |
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានចាត់ទុកថា ទោះបីជាហានិភ័យកើនឡើងជម្លោះ ពីភាគីទាំងពីរនៅតែមានកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែបណ្តាប្រទេសលោកខាងលិចនៅតែដឹងពីបន្ទាត់ក្រហម ហើយមិនមានឆន្ទៈអនុញ្ញាតឱ្យយោធាអ៊ុយក្រែនធ្វើសកម្មភាពហួសហេតុនោះទេ។ ដូច្នេះហើយ ការដែលអ៊ុយក្រែនអាចប្រើប្រាស់សព្វាវុធឧបត្ថម្ភដោយលោកខាងលិច ដើម្បីវាយលុកចូលជ្រៅក្នុងទឹកដីរុស្ស៊ីក៏ត្រូវបានគណនាតាមប្រកបលក្ខណៈនយោបាយជាង។ លោក Ian Kelly អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំរដ្ឋ Georgia និងបច្ចុប្បន្នជាអ្នកជំនាញនៅសាកលវិទ្យាល័យពារយ័ព្យ (សហរដ្ឋអាមេរិក) បានបញ្ចេញមតិថា៖ “នៅខែកុម្ភៈខាងមុខ គឺមានន័យថា ជម្លោះបានបន្តអស់រយៈពេល ៣ ឆ្នាំ ហើយខ្ញុំគិតថាមានភាពអស់កម្លាំងខ្លាំងនឹងការប្រយុទ្ធនេះ ហើយមានការរំពឹងទុកថា ទាំងនៅអាមេរិក និងអឺរ៉ុបត្រូវការសកម្មភាពការទូត។ ប្រសិនបើយើងធ្វើដូច្នេះ យើងត្រូវដាក់ភាគីរបស់យើង (អ៊ុយក្រែន) នៅក្នុងទីតាំងដ៏រឹងមាំមួយ ទាំងផ្នែកយោធានិងយុទ្ធសាស្ត្រ។ ប្រការនេះមានន័យថា ការបន្តការគាំទ្រខាងយោធាដើម្បីត្រៀមខ្លួនសម្រាប់ដំណោះស្រាយចរចារណាមួយ”។
ចំណុចសំខាន់នៃបញ្ហានេះ បើយោងតាមអ្នកសង្កេតការណ៍ គឺរបៀបដែលរុស្ស៊ីមានប្រតិកម្មចំពោះកាយវិការពន្លឿនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែននៅក្នុងថ្ងៃចុងក្រោយនៃអាណត្តិប្រធានាធិបតីអាមេរិក Joe Biden។ ប្រសិនបើរុស្ស៊ីឆ្លើយតបយ៉ាងខ្លាំងចំពោះចំណាត់ការទាំងនេះ ការចាប់ផ្ដើមកិច្ចសន្ទនាដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះនៅពេលដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់អំណាចជាផ្លូវការនៅថ្ងៃទី ២០ ខែមករាឆ្នាំក្រោយនឹងកាន់តែពិបាកជាង បើទោះបីជាលោក Donald Trump ជាអ្នកមានគំនិតគាំទ្រច្បាស់លាស់ចំពោះការបញ្ចប់ជម្លោះ៕