កិច្ចសហប្រតិបត្តិការទ្វេភាគីទទួលបានលទ្ធផលវិជ្ជមានជាច្រើន
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះ វៀតណាម និងកូតឌីវ័របានបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ កូតឌីវ័របានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មួយចំនួនមកបំពេញទស្សនកិច្ចនៅវៀតណាមដូចជា៖ រដ្ឋលេខាធិការទទួលបន្ទុកជំរុញវិនិយោគ (ឆ្នាំ២០១៨) រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល (ឆ្នាំ ២០១៩) រដ្ឋមន្ត្រីក្រសួងការបរទេស (ឆ្នាំ ២០១៩) ប្រធានអគ្គសហព័ន្ធម្ចាស់កម្មសិទ្ធិកូតឌីវ័រ (ឆ្នាំ ២០២២) ។ ភាគីវៀតណាមបានបញ្ជូនគណៈប្រតិភូដឹកនាំដោយប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong (ខែមិថុនា ២០១៩) ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue (ខែវិច្ឆិកា ២០១៩) ទៅបំពេញទស្សនកិច្ចនៅកូតឌីវ័រ។
ប្រទេសទាំងពីរបានសម្របសម្រួល និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិជាប្រចាំ តួរយ៉ាងគឺកូតឌីវ័របានគាំទ្រវៀតណាមចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អាណត្តិ ២០១៤ - ២០១៦, ២០២៣ - ២០២៥) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អាណត្តិ ២០២០ - ២០២១)… បក្សកុម្មុយនិស្តវៀតណាមបានបង្កើតទំនាក់ទំនងជាមួយគណបក្សប្រមូលផ្ដុំជន Hophuetists ដើម្បីប្រជាធិបតេយ្យ និងសន្តិភាព (RHDP) កាន់អំណាចនៅកូតឌីវ័រ គណបក្សប្រឆាំងទាំងពីរគឺ គណបក្សរណសិរ្សនិយមកូតឌីវ័រ (FPI) និងគណបក្សប្រជាធិបតេយ្យកូតឌីវ័រ (PDCI-RDA)។
អំពីសេដ្ឋកិច្ច ទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរអភិវឌ្ឍន៍តាមទិសដៅវិជ្ជមាន។ វៀតណាមភាគច្រើនបាននាំចូលគ្រាប់ស្វាយចន្ទីឆៅ និងកប្បាស ព្រមទាំងនាំចេញអង្ករទៅកាន់កូតឌីវ័រ។ នាបច្ចុប្បន្ន កូតឌីវ័រគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមនៅអាហ្វ្រិក ហើយជាទីផ្សារនាំចេញធំទី ៤ របស់វៀតណាមនៅទ្វីបនេះ ជាមួយនឹងទំហំពាណិជ្ជកម្មជាង ១ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ សហគមន៍ជនវៀតណាមនៅកូតឌីវ័រមានប្រជាជនប្រមាណ ៣០០ នាក់ ក្នុងនោះ ប្រជាជនចំនួន ៥០% បានរស់នៅយូរអង្វែង ហើយភាគច្រើនធ្វើអាជីវកម្មលក់ដូរ ភោជនីយដ្ឋាន និងពាណិជ្ជករប្រមាណ ១ ០០០ នាក់បានជួញដូរគ្រាប់ស្វាយចន្ទីរវាងប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការសភាបង្កើតសន្ទុះពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ការដែលប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញប្រធានរដ្ឋសភាកូតឌីវ័រមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមបានអះអាងពីគោលការណ៍ឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម ដែលតែងតែគោរពកិច្ចសហប្រតិបត្តិការមិត្តភាពយ៉ាងល្អប្រសើរជាមួយកូតឌីវ័រ និងបណ្តាប្រទេសអាហ្វ្រិក រួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគម្រោង “អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសមជ្ឈិមបូព៌ា - អាហ្វ្រិក ដំណាក់កាល ២០១៦ - ២០២៥”។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ប្រធានរដ្ឋសភាទាំងពីររូបបានផ្តោតសំខាន់វាយតម្លៃលើរាល់វិធានការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ជំរុញសកម្មភាពព័ត៌មាន ជំរុញពាណិជ្ជកម្ម វិនិយោគ បង្កើនកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធសមាគមន៍ និងសហគ្រាស។ វៀតណាមត្រៀមខ្លួនជាស្រេចបន្តសហប្រតិបត្តិការជាមួយកូតឌីវ័រកែលម្អពូជ បង្កើនទិន្នផលស្វាយចន្ទីឆៅ ព្រមទាំងពង្រីកការផ្លាស់ប្ដូរមុខទំនិញមួយចំនួនផ្សេងៗទៀតដែលវៀតណាមមានប្រៀបខ្លាំង។
ភាគីទាំងពីរក៏បានពិភាក្សាអំពីវិស័យសហប្រតិបត្តិការផ្សេងទៀត ក្នុងនោះ វៀតណាមបានកំណត់ថា កសិកម្មជាវិស័យសហប្រតិបត្តិការអាទិភាព; អបអរសាទរសំណើរបស់កូតឌីវ័រអំពីកិច្ចសហប្រតិបត្តិផ្លាស់ប្តូរបទពិសោធន៍អំពីការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន; ជំរុញកិច្ចសហប្រតិបត្តិការធនាគារ ដើម្បីសម្រួលការទូទាត់រវាងសហគ្រាសនៃភាគីទាំងពីរ ព្រមទាំងជំរុញ ការចុះហត្ថលេខាលើឯកសារសំខាន់ៗដូចជា៖ កិច្ចព្រមព្រៀងលើកទឹកចិត្តនិងគាំពារវិនិយោគ កិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នា កិច្ចព្រមព្រៀង/អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាដើម។
អំពីកិច្ចសហប្រតិបត្តិការសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកូតឌីវ័រ លោក Adama Bictogo ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការចាត់តាំងសកម្មភាពសភា សំដៅបន្តផ្លាស់ប្ដូរថ្មី និងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា និងស្ថាប័នជំនួយនានា; សហការក្នុងការត្រួតពិនិត្យការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ។
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋសភាកូតឌីវ័រលោក Adama Bictogo នឹងគូសសញ្ញាជំហានអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពដែលមានរយៈពេលជិតកន្លះសតវត្សរ៍មកហើយ៕