ដើម្បីត្រៀមរៀបចំសម្រាប់យុទ្ធនាការ Linebacker ទី២ កងទ័ពអាមេរិកបានកៀរគរកម្លាំងអាវុធនិងយុទ្ធភ័ណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ ដែលរួមមាន៖ យន្តហោះ B-៥២ ចំនួន ១៩៣ គ្រឿង (ស្មើនឹងជិត ៥០% នៃបរិមាណយន្តហោះ B-៥២ផ្លូវការសរុប ក្នុងកងទ័ពសហរដ្ឋអាមេរិក); យន្តហោះ F-១១១As ចំនួន ៤៨ គ្រឿង; យន្តហោះចម្បាំងគ្រប់ប្រភេទ ៩៩៩ គ្រឿង ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសថៃ ភាគខាងត្បូងវៀតណាម និងនៅលើនាវាផ្ទុកយន្តហោះចំនួន ៦ គ្រឿង នៅសមុទ្រខាងកើត។ ទាក់ទងនឹងកងទ័ពជើងទឹក សហរដ្ឋអាមេរិកបានបង្កើននាវាចម្បាំងដែលប្រតិបត្តិការនៅឈូងសមុទ្រខាងជើង ពី ១៨ ឡើងដល់ ៦៦ គ្រឿង។
វាយឲ្យបរាជ័យនូវការវាយឆ្មក់យុទ្ធសាស្ត្រតាមជើងអាកាសរបស់កងទ័ពអាមេរិក
ក្នុងអំឡុងពេល ១២ ថ្ងៃយប់នៃយុទ្ធនាការ Linebacker ទី២ (ថ្ងៃទី ១៨-២៩ ខែធ្នូ ឆ្នាំ ១៩៧២) កងទ័ពអាមេរិកបានដាក់ពង្រាយយន្តហោះយុទ្ធសាស្ត្រ B-៥២ ចំនួន ៧៤០ ដង និងយន្តហោះយុទ្ធសាស្ត្រជាង ១ ពាន់ដង ដើម្បីទម្លាក់គ្រាប់បែកចំនួន ៣៦ ពាន់តោនលើគោលដៅសេដ្ឋកិច្ច និងយោធានានានៅទីក្រុងហាណូយ ហាយហ្វុង ថៃង្វៀន និងកន្លែងមួយចំនួនទៀត។ ជាពិសេស យន្តហោះ B-៥២ បានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ និងតំបន់ដែលមានប្រជាជនរស់នៅច្រើននៅទីក្រុងហាណូយ ដូចជាមន្ទីរពេទ្យ Bach Mai (យប់ថ្ងៃទី ២១ ខែធ្នូ) និងតំបន់វិថី Kham Thien (យប់ថ្ងៃទី ២៦ ខែធ្នូ) ដែលបានបណ្ដាលឲ្យមនុស្សជិត ៥០០ នាក់ ស្លាប់និងរងរបួស ផ្ទះ ២ ពាន់ខ្នង ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។
លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
(រូបថត៖ VOV) |
ទោះជាយ៉ាងណាក៏ដោយ ដោយមានការត្រៀមរៀបចំយ៉ាងសកម្ម ម្ចាស់ការ រួមជាមួយស្មារតី ឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ កម្លាំងការពារដែនអាកាស-ទ័ពជើងអាកាស រួមជាមួយកងទ័ព និងប្រជាជនទីក្រុងហាណូយ ហាយហ្វុង និងខេត្ត-ក្រុងភាគខាងជើងដទៃទៀត បានបាញ់ទម្លាក់យន្តហោះចម្បាំងគ្រប់ប្រភេទចំនួន ៨១ គ្រឿង រួមទាំងយន្តហោះ B-៥២ ចំនួន ៣៤ គ្រឿង និង F-១១១ ចំនួន ៥ គ្រឿង ហើយបានចាប់ខ្លួនអ្នកបើកយន្តហោះអាមេរិកជាច្រើននាក់។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-៥២ ដែលត្រូវបានគេហៅថា "បន្ទាយហោះហើរ" របស់កងទ័ពអាមេរិក ត្រូវបានបាញ់ទម្លាក់ក្នុងបរិមាណដ៏ច្រើនបែបនេះ។ លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា៖
“យុទ្ធនាការការពារដែនអាកាសឆ្នាំ ១៩៧២ ដើម្បីការពារហាណូយ -ហាយហ្វុង គឺជាលើកដំបូងលើពិភពលោក ដែលយន្តហោះ B-៥២ ត្រូវបាញ់ធ្លាក់ច្រើនបែបនេះ ធ្វើឱ្យកងទ័ពអាកាសអាមេរិកទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ កំចាត់ឧបាយកលដណ្ដើមយកប្រៀបនៅលើតុចរចា រួមចំណែកបង្ខំឱ្យអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ខែមករា ឆ្នាំ ១៩៧៣) ស្តីពីការបញ្ឈប់សង្គ្រាម ស្តារសន្តិភាពឡើងវិញនៅវៀតណាម។ ជ័យជំនះ “ហាណូយ - ដៀនបៀនភូ នៅលើអាកាស” បានបង្កើតលក្ខខណ្ឌអំណោយផល និងឱកាសយុទ្ធសាស្ត្រសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ខិតខំប្រឹងប្រែងនាំការតស៊ូប្រឆាំងអាមេរិក សង្គ្រោះជាតិឲ្យឈានទៅដល់ជ័យជំនះពេញលេញ”។
លោកឧត្តមសេនីយ George Etter អគ្គមេបញ្ជាការរងនៃកងទ័ពជើងអាកាសយុទ្ធសាស្ត្រអាមេរិក បានទទួលស្គាល់នៅលើទស្សនាវដ្តី US.Air Forces នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៧២ យ៉ាងដូច្នេះថា៖ “ការបាត់បង់យន្តហោះយុទ្ធ
សាស្ត្រ B-៥២ និងក្រុមបុគ្គលិកអាកាសយានិក គឺធ្ងន់ធ្ងរណាស់ ដែលជាព្រនង់គួរឲ្យរន្ធត់ទៅលើអ្នករៀបចំផែនការនៃមន្ទីរបញ្ចកោណ”។ ចំណែកឯនៅក្នុងកំណត់ប្រវត្តិរបស់ខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Richard Nixon បានសរសេរថា៖ "ការព្រួយបារម្ភរបស់ខ្ញុំក្នុងប៉ុន្មានថ្ងៃនេះ មិនមែនជារលកនៃការប្រឆាំងជំទាស់និងការរិះគន់យ៉ាងធ្ងន់ធ្ងរនៅក្នុងស្រុក និងជុំវិញពិភពលោកនោះទេ ប៉ុន្តែជាទ្រង់ទ្រាយនៃការបាត់បង់យន្តហោះ B-៥២ គឺធ្ងន់ធ្ងរពេក"។
រូបភាពខ្លះនៃសមរភូមិកាំជ្រួចការពារដែនអាកាស និងកាំភ្លើងធំប្រឆាំងយន្តហោះក្នុងជ័យជម្នះ “ហាណូយ-ឌៀនបៀនភូលើអាកាស ខែធ្នូ ឆ្នាំ១៩៧២។ (រូបថតឯកសារ) |
ជ័យជំនះនៃឫទ្ធានុភាព ប្រាជ្ញា និងកម្លាំងវៀតណាម
នៅសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិដោយប្រធានបទ “ជ័យជំនះហាណូយ - ឌៀនបៀនភូ លើអាកាសឆ្នាំ ១៩៧២ - កម្លាំងពលំរបស់វៀតណាម និងឋានៈនៃសម័យកាល” ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ៩ ខែធ្នូ អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើនបានវាយតម្លៃថា ជ័យជំនះ "ហាណូយ - ឌៀនបៀនភូនៅលើអាកាស" មានអត្ថន័យជាយុទ្ធសាស្ត្រ ដោយបង្កើតចំណុចរបត់ដ៏សែនសំខាន់សម្រាប់ ជ័យជំនៈនៃការតស៊ូប្រឆាំងនឹងអាមេរិក សង្គ្រោះជាតិ ព្រមទាំងបញ្ជាក់ថា ជ័យជំនះគឺជាការគួបផ្សំរវាងឫទ្ធានុភាព ប្រាជ្ញា និងកម្លាំងវៀតណាម។ ជ័យជំនះនេះបានបង្កប់នូវសញ្ញាសម្គាល់យ៉ាងជ្រាលជ្រៅនៃសម័យកាល បង្ហាញពីកម្លាំងមិនចេះចាញ់នៃសង្រ្គាមប្រជាជនរបស់វៀតណាម ហើយត្រូវបានប្រជាជនជឿនលឿនលើពិភពលោកគាំទ្រនិងកោតសរសើរ។ លោកបណ្ឌិត Nguyen Hoang Nhien នាយកវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាមបានសង្កត់ធ្ងន់ថា៖
“ជ័យជំនះហាណូយ-ឌៀនបៀនភូ នៅលើអាកាស” គឺជាជ័យជំនះរបស់ប្រជាជាតិដ៏អង់អាចក្លាហានមួយ ដែលបានប្ដេជ្ញាតស៊ូប្រយុទ្ធដោយស្មារតី “គ្មានអ្វីមានតម្លៃជាងឯករាជ្យភាពនិងសេរីភាព” ដោយកម្លាំងនៃសង្គ្រាមប្រជាជនវៀតណាមក្នុងក្នុងសម័យហូជីមិញ។ នោះក៏ជាជ័យជំនះនៃសង្រ្គាមយុត្តិធម៍មួយ ដែលទទួលបានការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពពីមិត្តភក្តិអន្តរជាតិ និងការគាំទ្រពីប្រជាជនជឿនលឿនលើទូទាំងពិភពលោក រួមទាំងប្រជាជនអាមេរិក ព្រមទាំងជាការលើកទឹកចិត្តយ៉ាងខ្លាំងក្លាសម្រាប់ចលនាតស៊ូដណ្ដើមឯករាជ្យ សេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោកផងដែរ”។
៥០ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែបន្ទរវីរភាពនៃជ័យជំនះ "ហាណូយ-ឌៀនបៀនភូនៅលើអាកាស" នៅតែលាន់លឺរន្ទឺ ដែលជាព្រឹត្តិការដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម។ ជ័យជំនះ “ហាណូយ - ដៀនបៀនភូលើអាកាស” បានបង្ហាញពីឫទ្ធានុភាព ប្រាជ្ញា ចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្ស និងកម្លាំងនៃសង្គ្រាមប្រជាជនវៀតណាមក្នុងសម័យហូជីមិញ ដែលក្នុងនោះស្នូលគឺជាកងទ័ពប្រជាជនវៀតណាមដ៏អង់អាចក្លាហាន។ ឋានៈ អត្ថន័យ និងមេរៀនបទពិសោធន៍ដ៏មានតម្លៃពីជ័យជំនះហាណូយ - ឌៀនបៀនភូនៅលើអាកាស ឆ្នាំ ១៩៧២ នៅតែមានតម្លៃដដែលក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយមនាសព្វថ្ងៃ៕