ជំនួបកំពូលអាមេរិក-រុស្ស៊ីតាមអ៊ីនធឺណិតនិងផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី

Chia sẻ

(VOVWORLD) - ទន្ទឹមនឹងព័ត៌មានអំពីវីរុសបំប្លែងថ្មី Omicron កិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី ៧ ខែធ្នូ គឺជាបញ្ហាអន្តរជាតិលេចធ្លោមួយដែលត្រូវបានសាធារណៈជនអន្តរ ជាតិ ផ្តោតការយកចិត្តទុកដាក់លើកយកមកពិភាក្សផងដែរ។ មតិ ភាគច្រើនបានវាយតម្លៃថា ជំនួបនេះទំនងជាមិនអាចឈានដល់ចំណុចលោតផ្លោះណាមួយឡើយ ដោយសារបរិបទយ៉ាងស្មុគស្មាញនៃទំនាក់ទំនងរុស្ស៊ី-អាមេរិក ប៉ុន្តែជំនួបនេះជាជំហានចាំបាច់ដើម្បីរក្សាឲ្យទំនាក់ទំនងរវាងមហាអំណាចទាំងពីរកុំឲ្យធ្លាក់ទៅសភាពអាក្រក់ទៅៗ។

ជំនួបកំពូលអាមេរិក-រុស្ស៊ីតាមអ៊ីនធឺណិតនិងផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Joe Biden  បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ ២០២១ (រូបថត៖ Reuters)

កិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតនៅថ្ងៃទី ៧ ខែធ្នូត្រូវបានបញ្ជាក់ក្នុងពេលដំណាលគ្នានៅដើមខែធ្នូ ពីភាគីទាំងពីរគឺសហរដ្ឋអាមេរិកនិងរុស្ស៊ី នៅពេលដែល ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកកំពុងមានភាពតានតឹង។ ភាគីទាំងពីរមានការខ្វែងគំនិតគ្នា និងភាពចម្រូងចម្រាសជាច្រើន ពីសន្តិសុខបណ្តាញ ការចោទប្រកាន់លើការបោះឆ្នោត ការបណ្តេញអ្នកការទូត រហូតដល់បញ្ហាអន្តរជាតិ ដូចជាស៊ីរី អ៊ុយក្រែន និងការពង្រីកអង្គការណាតូជាដើម។

បរិបទពោរពេញទៅដោយឧបស័គ្គ

កិច្ចប្រជុំកំពូលនៅថ្ងៃទី ៧ ខែធ្នូបានដំណើរការក្រោយរយៈពេលកន្លះឆ្នាំ បន្ទាប់ពីកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងហ្សឺណែវ (ស្វីស) កាលពីខែមិថុនាកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងមហាអំណាចទាំងពីរនេះ មិនឈានទៅដល់ចំណុចវឌ្ឍនភាពណាមួយដែលគួរឲ្យកត់សម្គាល់នៅឡើយ ចាប់តាំងពីព្រឹត្តិការណ៍ពិសេសនោះ។

ជាងនេះទៅទៀត នៅមុនពេលកិច្ចប្រជុំ អាមេរិកនិងអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីការប្រមូលផ្តុំកងទ័ពប្រហែលជិត ១ម៉ឺននាក់ និងឧបករណ៍យោធា នៅជិតព្រំដែនភាគខាងលិចរបស់រុស្ស៊ី និងកំពុង “រៀបចំផែនការវាយប្រហារអ៊ុយក្រែន”។ នៅថ្ងៃទី៦ ខែធ្នូ មន្ត្រីជាន់ខ្ពស់របស់សេតវិមាន (សហរដ្ឋអាមេរិក) បានព្រមានថា "សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ត្រៀមខ្លួនដើម្បីចាត់វិធានការណ៍ឆ្លើយតបលើសេដ្ឋកិច្ចដោយមានទ្រង់ទ្រាយធំ ដែលអាចបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសរុស្ស៊ី ប្រសិនបើរុស្ស៊ីសម្រេចចិត្តវាយប្រហារអ៊ុយក្រែន”។

ថ្វីត្បិតដូច្នេះក៏ដោយ រដ្ឋាភិបាលរុស្ស៊ីបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ហើយក្នុងពេលជាមួយគ្នានោះ បានចោទប្រកាន់លោកខាងលិចពីការបង្កហេតុ ជាក់ស្តែងគឺការធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ។ រុស្ស៊ីក៏បានទាមទារឱ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដឹកនាំដោយសហរដ្ឋអាមេរិក បញ្ឈប់ការពង្រីកវិសាលភាពទៅភាគខាងកើត បន្ទាប់ពី អឺរ៉ុបខាងកើតភាគច្រើនបានចូលរួមជាមួយសម្ព័ន្ធមិត្តនេះ។ នៅក្នុងសេចក្តីប្រកាសមួយទៅកាន់សារព័ត៌មាននាថ្ងៃទី ៦ ខែធ្នូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានវាយតម្លៃថា ទំនាក់ទំនងរុស្ស៊ី-អាមេរិកបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពគួរឲ្យសោកស្ដាយណាស់”។

បរិបទពោរពេញទៅដោយបញ្ហាប្រឈមនេះ ធ្វើឱ្យសាធារណៈមតិវាយតម្លៃថា ទំនាក់ទំនងអាមេរិក-រុស្ស៊ីស្ទើរតែមិនអាច "បំបែកផ្ទាំងទឹកកក” បានឡើយ បន្ទាប់ពីកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិត ជាពិសេស បន្ទាប់ពីកិច្ចប្រជុំកំពូលទល់មុខគ្នាកាលពីខែមិថុនា មិនបាននាំមកនូវផលប៉ះពាល់វិជ្ជមានណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការរៀបចំកិច្ចប្រជុំកំពូលលើកនេះ នៅតែជាជំហានចាំបាច់មួយ ដើម្បីផលប្រយោជន៍របស់ភាគីនីមួយៗ និងស្ថិរភាពក្នុងទំនាក់ទំនងអន្តរជាតិ។

ជំហានសំខាន់មួយដើម្បីកាត់បន្ថយការខ្វែងគំនិតគ្នា

ទោះបីជាបានដាក់ចេញការចោទប្រកាន់និងសេចក្តីប្រកាសយ៉ាងតឹងតែងម្តងហើយម្តងទៀត ប្រឆាំងនឹងគ្នាទៅវិញទៅមកក៏ដោយ ប៉ុន្តែទាំងរុស្ស៊ីនិងសហរដ្ឋអាមេរិក សុទ្ធតែបង្ហាញនូវសកម្មភាពសុច្ឆន្ទៈ។ ពោលគឺ  ថ្មីៗនេះ សហរដ្ឋអាមេរិកបានដកខ្លឹមសារដែលទាក់ទងនឹងការដាក់ទណ្ឌកម្មលើគម្រោងបំពង់ឧស្ម័នយក្សរវាងរុស្ស៊ី និងអាល្លឺម៉ង់ហៅថា “Nord Stream 2” ចេញពីសេចក្តីព្រាងថវិកាការពារជាតិសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ខាងមុខ។ ចំណែករុស្ស៊ីវិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃទី៦ ខែធ្នូ បានបន្តបញ្ជាក់ពីភាពចាំបាច់ក្នុងការដំណើរការកិច្ចសន្ទនារវាងភាគីទាំងពីរដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។

យោងតាមមជ្ឈដ្ឋានអ្នកអ្នកវិភាគ ទាំងអាមេរិក និងរុស្ស៊ីគឺសុទ្ធតែត្រូវការកិច្ចសន្ទនា។ ការដែលមេដឹកនាំទាំងពីររបស់អាមេរិកនិងរុស្ស៊ី អាចដំណើរការកិច្ចប្រជុំពីរជាប់គ្នាក្នុងរយៈពេលកន្លះឆ្នាំកន្លងមកនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់លាស់លើបញ្ហានេះ។ ជាងនេះទៅទៀត បរិបទបច្ចុប្បន្នក៏បង្កើនតម្រូវការឲ្យមានកិច្ចសន្ទនាទ្វេភាគីផងដែរ។ សម្រាប់ប្រធានាធិបតីអាមេរិក លោក Biden មេដឹកនាំរូបនេះកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងក្នុងការទប់ទល់នឹងបញ្ហាប្រឈមដែលចិនបង្កឡើង ដើម្បីធានាបាននូវអត្ថប្រយោជន៍មួយសម្រាប់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅឆ្នាំ ២០២២។ ការបង្កើនការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីអាចនឹងជំរុញឱ្យមហាអំណាចនេះកាន់តែខិតទៅជិតប្រទេសចិន ដែលមិនអំណោយផលដល់យុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការឆ្លើយតបនឹងទីក្រុងប៉េកាំង ។

ចំពោះរុស្ស៊ីវិញ ការកែលម្អទំនាក់ទំនងជាមួយលោកខាងលិចនិយាយរួម និងសហរដ្ឋអាមេរិកនិយាយដោយឡែក គឺតែងតែជាគោលដៅរបស់ប្រធានាធិបតី Putin  ដើម្បីពង្រឹងឋានៈរបស់រុស្ស៊ី និងធានាផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងតំបន់ និងជុំវិញពិភពលោក។ ទស្សនៈនេះបន្តបង្ហាញយ៉ាងច្បាស់នៅក្នុងគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី Putin ស្តីពីការធានាសន្តិសុខដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីលើកនេះ៕

ប្រតិកម្មទៅវិញ