គ្រោះអាសន្ននៃការផ្ទុះឡើងភាពតានតឹងថ្មីនៅមជ្ឈឹមបូព៌ា

Chia sẻ
(VOVWORLD) - ក្រោយពីសម្រេចចិត្តទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល នាថ្ងៃទី២៥ ខែមីនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថ លេខាលើសេចក្ដីថ្លែងការណ៍ដែលទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ខ្ពង់រាបហ្គោលែន (Golan)។ 
គ្រោះអាសន្ននៃការផ្ទុះឡើងភាពតានតឹងថ្មីនៅមជ្ឈឹមបូព៌ា - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ដែលទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ខ្ពង់រាបហ្គោលែន (រូបថត៖ AP)

  កាយវិការនេះរបស់លោក Trump បាននាំប្រធានាធិបតីរូបនេះក្លាយទៅជាចំណុចកណ្ដាលគួរអោយយកចិត្តទុកដាក់លើឆាកអន្តរជាតិ ពេលដែលលោកបានបញ្ច្រាសគោលនយោបាយរបស់អាមេរិកចំពោះតំបន់នេះក្នុងអំឡុងពេលជាង៥០ឆ្នាំកន្លងទៅ។ បម្រែបម្រួលនេះក៏បានធ្វើអោយកើតមាន ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅលើទូទាំងពិភពលោក ដែលព្រមានថា អាចបង្កផលវិបាកដ៏គ្រោះថ្នាក់ទៅលើនយោបាយសន្តិសុខនិងគតិយុត្តអន្តរជាតិ។

        ការផ្លាស់ប្ដូរគោលនយោបាយគួរអោយភ្ញាក់ផ្អើល

        សេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីលោក Donald Trump ជាការផ្លាស់ប្ដូរគួរអោយភ្ញាក់ផ្អើលក្នុងគោលនយោបាយរបស់អាមេរិកចំពោះបទបញ្ញត្តិនៃតំបន់ដីដែលមានជម្លោះ។ តំបន់ខ្ពង់រាប ហ្គោលែននេះត្រូវបានអ៊ីស្រាអែលទន្ទ្រានកាន់កាប់ពីប្រទេសស៊ីរីក្នុងការប្រយុទ្ធគ្នាអស់រយៈពេល៦ថ្ងៃកាលពីឆ្នាំ១៩៦៧ ហើយត្រូវបានអ៊ីស្រាអែលរួមបញ្ចូលទៅក្នុងដែនដីខ្លួននាឆ្នាំ១៩៨១ ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់សហគមន៍អន្តរជាតិ។

        សេចក្ដីថ្លែងការណ៍របស់លោក Trump ស្ដីពីខ្ពង់រាបហ្គោលែន មិនត្រឹមតែដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងផ្ទុយទៅនឹងទស្សនៈរបស់អាមេរិកស្ដីពីបញ្ហានេះតាំងពីមុនមកទៀតផង។ តំបន់ហ្គោលែនគឺជាកម្មសិទ្ធិរបស់ស៊ិរី។ អ៊ីស្រាអែលបានទន្ទ្រានកាន់កាប់តំបន់ដីនេះក្នុងការប្រយុទ្ធនាឆ្នាំ១៩៦៧ហើយបានរួមបញ្ចូលទៅក្នុងដែនដីខ្លួននាឆ្នាំ១៩៨១។ អង្គការសហប្រជាជាតិបានបញ្ជាក់លើអធិបតេយ្យភាពជាដាច់ខាតរបស់ស៊ីរីលើតំបន់ខ្ពង់រាបហ្គោលែន ព្រមទាំងហៅសកម្មភាពរបស់អ៊ីស្រាអែលចំពោះហ្គោលែន ជាការរំលោភបំពានលើច្បាប់អន្តរជាតិ ហើយសំណូមពរអោយអ៊ីស្រាអែលប្រគល់តំបន់ដីនេះមកអោយស៊ីរីវិញផងដែរ។ នេះក៏ជាទស្សនៈជាផ្លូវការរបស់អាមេរិកតាំងពីមុនមកស្ដីពីបញ្ហាខ្ពង់រាបហ្គោលែនដែរ។ ភស្តុតាងគឺអាមេរិកបានគាំទ្រចំពោះសេចក្ដីសម្រេចចិត្តទាំងពីររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបញ្ហានេះដែលបានចេញនាថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ១៩៦៧និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៨១។

        ដោយហេតុនេះ សេចក្ដីថ្លែងការណ៍របស់លោក Trump បានធ្វើអោយកើតមានរលករិះគន់ពីប្រទេសជាច្រើននៅក្នុងនិងក្រៅតំបន់។ ស៊ីរីចាត់ទុកថា នេះជាការវាយប្រហារទៅលើប្រទេសមានអធិបតេយ្យភាពមួយនៅក្នុងតំបន់។ ប្រទេសផ្សេងៗជាច្រើនក៏បានព្រមានថា ការដែលអាមេរិកទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើខ្ពង់រាបហ្គោលែន នឹងបង្កភាពតានតឹងថ្មីនៅមជ្ឈឹមបូព៌ា ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពសេចក្ដីសម្រេចចិត្តស្ដីពីលក្ខណៈស្របច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ បន្ទាប់ពីសេចក្ដីថ្លែងការណ៍របស់លោក Trump អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric ក៏បានអះអាងថា គោលនយោបាយរបស់អង្គការសហប្រជាជាតិស្ដីពីខ្ពង់រាបហ្គោលែនមិនទាន់មានការផ្លាស់ប្ដូរណាមួយឡើយ។

គ្រោះអាសន្ននៃការផ្ទុះឡើងភាពតានតឹងថ្មីនៅមជ្ឈឹមបូព៌ា - ảnh 2អ៊ីស្រាអែលបានទន្ទ្រានកាន់កាប់តំបន់ដីនេះក្នុងការប្រយុទ្ធនាឆ្នាំ១៩៦៧ហើយបានរួមបញ្ចូលទៅក្នុងដែនដីខ្លួននាឆ្នាំ១៩៨១ (រូបថត៖ AL-JAZEERA) 

        ផលវិបាកដ៏គ្រោះថ្នាក់

       រាល់គោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នាពេលថ្មីៗនេះ ចាប់តាំងពីការទទួលស្គាល់ Jerusalem ជារដ្ឋធានីនៃអ៊ីស្រាអែល ការផ្ទេរទីស្នាក់ការស្ថានទូតអាមេរិកពី Tel Aviv មក Jerusalem ហើយលើកនេះគឺការទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ហ្គោលែន ទាំងអស់នោះ បានបង្កការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះច្បាប់អន្តរជាតិនិងសន្តិសុខ ស្ថិរភាពនៅតំបន់នេះ។ តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍បានអោយដឹងថា កាយវិកានេះរបស់ប្រធានាធិបតីលោក Trump មិនមែនជាការសម្រេចចិត្តដោយចៃដន្យទេ ប៉ុន្តែជាការបោះជំហានបន្តក្នុងគោលនយោបាយរបស់រដ្ឋអំណាចអាមេរិកចំពោះអ៊ីស្រាអែលនិងតំបន់មជ្ឈឹមបូព៌ា។

        ក្នុងកាលៈទេសៈដែលសង្គ្រាមស៊ីវិលនៅស៊ីរីបានឈានចូលដំណាក់កាលចុងក្រោយ ហើយស៊ីរីបានប្រមូលផ្ដុំសម្ព័ន្ធភាពដ៏ខ្លាំងមាំមួនមួយ ដែលក្នុងនោះរុស្ស៊ីកំពុងផុសឡើងក្នុងតួនាទីជាថ្នាក់ដឹកនាំថ្មីនៅមជ្ឈឹមបូព៌ា ខណៈដែលតួនាទីរបស់អាមេរិកនៅតំបន់នេះកាន់តែសាបរលាបទៅពីមួយថ្ងៃទៅមួយថ្ងៃ។ សេចក្ដីសម្រេចរបស់ប្រធានាធិបតីលោក Donald Trump អាចគូសញ្ញានៃការវិលត្រឡប់របស់អាមេរិកមកតំបន់មជ្ឈឹមបូព៌ាវិញ ដើម្បីចាប់ផ្ដើមការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយថ្មីមួយ។ ការបង្កើតឡើងចំណុចក្ដៅគគុកមួយនាបច្ចុប្បន្នមានអត្ថន័យសំខាន់ចំពោះក្រុងវ៉ាស៊ីន តោន ហើយខ្ពង់រាបហ្គោលែនគឺជាទីកន្លែងដែលត្រូវបានជ្រើសរើស។ ប៉ុន្តែ លោក Trump ធ្វើអោយអ៊ីស្រាអែលពេញចិត្តប៉ុន្មាន ក៏ធ្វើអោយសម្ព័ន្ធមិត្តនិងដៃគូយុទ្ធសាស្ត្រនានារបស់អាមេរិកក្នុងតំបន់ត្រូវព្រួយបារម្ភនិងងឿងឆ្ងល់ប៉ុណ្ណឹងដែរ។ លើសពីនេះទៅទៀត កាយវិកានេះរបស់អាមេរិក បានជីកជ្រៅថែមទៀតចូលក្នុងជម្លោះរវាងពិភពអារ៉ាប់និងពិភពអ៊ីស្លាមនៅមជ្ឈឹមបូព៌ា។ ពិភពអារ៉ាប់ភាគច្រើនបានខឹងសម្បារលើសេចក្ដីសម្រេចរបស់ក្រុងវ៉ាស៊ីនតោនដែលទទួលស្គាល់ Jerusalem ជារដ្ឋធានីនៃអ៊ីស្រាអែល ហើយការបោះជំហានថ្មីលើកនេះរបស់អាមេរិក អាចធ្វើអោយស្ថានភាពកាន់តែអាក្រក់ទៅៗ។

        តាមពិតទៅ ការដែលអ៊ីស្រាអែលប្រកាសអធិបតេយ្យភាពលើតំបន់ហ្គោលែនគឺគ្មានអ្វីថ្មីនោះឡើយ ព្រោះថាវាបានអូសបន្លាយក្នុងអំឡុងពេលច្រើនឆ្នាំកន្លងទៅ។ ប៉ុន្តែ ការដែលក្រុងវ៉ាស៊ីនតោនចូលរួមក្នុងបញ្ហានេះ កំពុងបង្កឡើងផលវិបាកដ៏គ្រោះថ្នាក់នៅតំបន់មជ្ឈឹមបូព៌ា ហើយរាំងស្កាត់កាលានុវត្តភាពស្ដារសន្តិភាពយូរអង្វែងនៅតំបន់នេះឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ