វេជ្ជបណ្ឌិតនិងគិលានុបដ្ឋយិកាជាច្រើនត្រូវធ្វើការពេញមួយយប់ដើម្បីថែទាំអ្នកជំងឺកូវីដ ១៩ (រូបថត៖ VOV) |
ដោយបាវចនា“គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល” ត្រូវបានបញ្ជាក់វៀតណាមនៅពេលប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ ១៩ ជាលើកដំបូងនៅឆ្នាំ ២០២០។ ចាប់តាំងពីពេលនោះមក បាវចនាសកម្មភាពនេះ តែងតែត្រូវបានអនុវត្តន៍នៅកម្រិតខ្ពស់បំផុត តាមគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងជាសកម្មភាពនៃប្រព័ន្ធនយោបាយទាំងមូល អង្គការសេដ្ឋកិច្ច សង្គមនិងប្រជាជនទាំងមូល។ ជាមួយនឹងលក្ខណៈមនុស្សសាស្ត្រនៃរបបសង្គមនិយម ការងារការពារសុខភាពនិងសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនត្រូវបានចាត់ទុកថាជាវិធីសាស្ត្រក្នុងការធានាសិទ្ធិមនុស្ស ក្នុងបរិបទឆ្លង រាលដាលនៃជំងឺរាតត្បាត។
ក្នុងរលកឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ លើកទី ៤ នេះ បាវចនាធ្វើសកម្មភាព “គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល” របស់វៀតណាមកាន់តែបានបង្ហាញយ៉ាងច្បាស់លាស់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរនិងទីភ្នាក់ងារពាក់ព័ន្ធជាច្រើន បានចុះទៅដល់ “ចំណុចក្តៅ” ដោយផ្ទាល់ ដើម្បីពិនិត្យនិងសង្កេតមើលការវិវត្តនៃការរីករាលដាលនៃជំងឺកូវីដ ១៩។ ដោយហេតុនេះ បានសម្របសម្រួលដឹកនាំការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត និងធានាសន្តិសុខសង្គម។ ទន្ទឹមជាមួយគ្នានោះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានចំណាយពេលច្រើនដើម្បីអញ្ជើញទៅកាន់តំបន់ជា “ចំណុចកណ្តាលផ្ទះជំងឺរាតត្បាត” នៅ Bac Giang, Bac Ninh, Dong Nai, Tay Ninh, Long An, Binh Duong និងទីក្រុងហូជីមិញ ព្រមទាំងបានចេញនូវ ឯកសារសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំង រុញថយក្រោយជំងឺរាតត្បាតនិងធានាសុខុមាលភាពសង្គម។
ចាប់តាំងពី ជំងឺរាតត្បាតត្រូវផ្ទុះឡើង ដោយព្យាករណ៍ពីគ្រោះថ្នាក់ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ក៏ដូចជាស្វែងរកដំណោះស្រាយនិងមូលដ្ឋានគ្រឹះដើម្បីនាំប្រទេសរួចផុតពីជំងឺរាតត្បាតនេះ បក្សនិងរដ្ឋវៀតណាមបានប្តេជ្ញាចិត្តអនុវត្តន៍យុទ្ធសាស្ត្រវ៉ាក់សាំង។ តាមនោះ នឹងផ្តោតលើខ្លឹមសារសំខាន់គឺការនាំចូល ការផ្ទេរបច្ចេកវិទ្យាការ ស្រាវជ្រាវដើម្បីផលិតនិងអភិវឌ្ឍន៍វ៉ាកសាំងក្នុងប្រទេសដើម្បីម្ចាស់ការក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ វៀតណាមបានអនុវត្តន៍ “យុទ្ធនាការជាតិដើម្បីចាក់វ៉ាក់សាំងបង្ការកូវីដ ១៩” ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្ររបស់ប្រទេសជាតិ ដោយមានទីតាំងចាក់វ៉ាក់សាំងឡើងទៅដល់ ១៨.០០០ កន្លែងទូទាំងប្រទេស។ ចំណាយថវិការសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងធំបំផុតនេះត្រូវបានធានាដោយថវិការដ្ឋ មូលនិធិវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និងប្រភពជំនួយផ្សេងទៀត។ ទាំងនេះជាមូលដ្ឋានសម្រាប់ប្រជាជនវៀតណាមរាប់លាននាក់ ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ សំដៅឈានដល់គោលដៅ បង្កើតភាពស៊ាំសហគមន៍ ធានាសុខភាពនិងពង្រឹងភាពធន់របស់មនុស្សគ្រប់រូបចំពោះជំងឺរាតត្បាត។
កងទ័ព នគរបាលនិងអាជ្ញាធរមូលដ្ឋានកំពុងបញ្ជូនទំនិញចាំបាច់ជាបន្ទាន់ដើម្បីជួយដល់កន្លែងដែលមានកម្មករក្រីក្រ (រូបថត៖ VOV) |
ពីការកំណត់ថា សុខភាពនិងអាយុជីវិតរបស់ប្រជាជនជាអាទិភាពកំពូលរាល់ “ចំណុចក្តៅ” ដែលរីករាលដាលជំងឺរាតត្បាតគឺទទួលបានយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់បំផុត។ អាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រព័ន្ធនយោបាយទាំងមូល ផ្គត់ផ្គង់វ៉ាក់សាំងជាបន្ទាន់និងរៀបចំការចាក់វ៉ាក់សាំង ដោយផ្តោតលើការព្យាបាល ការស៊ើបអង្កេត ការតាមដាន ការបង្កើតតំបន់ធ្វើចត្តាឡីស័ក មន្ទីរពេទ្យបណ្តោះអាសន្ន ការកៀងគរប្រភពធនធានមនុស្សពីវិស័យសាខាស្ថាប័ននិងមូលដ្ឋាន ។ល។ ដោយរួមគ្នាខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ម្យ៉ាងវិញទៀត កៀរគរធនធានទាំងអស់ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខសង្គម។ ជាពិសេសសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ជាមួយនឹងការពង្រីកវិសាលភាពទ្រង់ទ្រាយអ្នកទទួលផល ដោយផ្តោតលើក្រុមដែលងាយរងគ្រោះនិងក្រុមមនុស្សជួបការលំបាក ដែលបានបង្ហាញយ៉ាងច្បាស់ពីលក្ខណៈមនុស្សសាស្ត្រនៅក្នុងគោលនយោបាយសង្គម និងបាវចនា “គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល”។
នេះគឺជាដំណោះស្រាយគាំទ្រដ៏ចាំបាច់បំផុតនាពេលបច្ចុប្បន្នផង និងបង្កើតលក្ខខ័ណ្ឌដើម្បី ជួយនិយោជិកនិងនិយោជក បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់និងជំនះលើផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាត ដើម្បីបន្តខិតខំផលិតកម្មនិងអាជីវកម្ម។ ទន្ទឹមជាមួយគ្នានេះ អាជ្ញាធរនៃទីក្រុងហាណូយ ហូជីមិញ Da Nang និងខេត្តជាច្រើនទៀត ក៏បានចំណាយថវិការរាប់ពាន់លានដុង ដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ អាជ្ញាធរមូលដ្ឋានមិនត្រឹមតែគាំទ្រប៉ុណ្ណោះទេ ថែមទាំងខិតខំប្រឹងប្រែងសម្របសម្រួលម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្រាប់ប្រជាជននៅតាមមណ្ឌលចត្តាឡីស័ក និងកន្លែងដែលផលិតកម្មត្រូវរអាក់រអួន ដើម្បីប្រើប្រាស់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ -១៩ ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច បក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមក៏ខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្ថិរភាពនិងបន្តផលិតកម្មនិងធ្វើអាជីវកម្ម។ ជាលទ្ធផល ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ ផលិតកម្មឧស្សាហកម្មរបស់វៀតណាមរក្សាបានអត្រាកំណើនខ្ពស់ជាង ៩,៣% ហើយទំហំពាណិជ្ជកម្មនៃការនាំចេញកសិផលកើនឡើងជាង ២៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយមើលឃើញពីការលំបាកបណ្តាលពីជំងឺរាតត្បាតនេះ រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានបានតភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម តាមរយៈការបង្កើតបណ្តាញសម្រាប់ផ្លាស់ប្តូរនិងផ្តល់ព័ត៌មាន នាំចេញដំណោះស្រាយដោះស្រាយការលំបាក និងឆ្លើយតបទាន់ពេលវេលាដើម្បីសកម្មភាពនាំចេញមិនរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត។
ដោយគិតគូរពីតម្រូវការរបស់បុគ្គលម្នាក់ៗក្នុងកំឡុងពេលមានជំងឺរាតត្បាត ការគាំទ្រនិងជំនួយរបស់អាជ្ញាធរមូលដ្ឋានប្រហែលជាមិនឆ្លើយតបតាមការរំពឹងទុករបស់មនុស្សគ្រប់រូបនោះទេ ប៉ុន្តែមើលពីជ្រុងធំទូលាយជាង អាចមើលឃើញថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់បក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាម។ ទោះបីជា ក្នុងបរិបទដែលប្រទេសជាតិនៅតែក្រីក្រហើយកំពុងប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏វៀតណាមនៅតែអនុវត្តយ៉ាងសកម្មនូវគោលដៅ “គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល” នៅពេលអនុវត្ត “គោលដៅពីរទន្ទឹមគ្នា” ពោលគឺបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចផងដោយធានាកំណើនសេដ្ឋកិច្ច។ ការអនុវត្តនូវគោលដៅពីរដើរទន្ទឹមគ្នា គឺជាការបង្ហាញយ៉ាងច្បាស់បំផុតនៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការធានាសិទ្ធិមនុស្សក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាតនាបច្ចុប្បន្ននេះ៕