ជនក្រីក្រជាច្រើនទទួលបានផ្ទះថ្មីពីមូលនិធិឧបត្ថម្ភរបស់រណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហូជីមិញ និងជំនួយឧបត្ថម្ភពីអង្គភាពអាជីវកម្ម ( រូបថត៖ VOV) |
ក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាត ប្រជាជនក្រីក្រនៅក្នុងប្រទេសវៀតណាម ក៏ដូចជានៅគ្រប់ទីកន្លែងទូទាំងពិភពលោកទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ គ្រួសារហៀបក្រីក្រមិនមានប្រាក់សន្សំទេ ដូច្នេះរឹតតែពិបាកជាងក្នុងការជៀសវាងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។ យោងតាមការស្រាវជ្រាវនាពេលថ្មីៗ នេះរបស់មជ្ឈមណ្ឌលវិភាគនិងព្យាករណ៍ (បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម) បង្ហាញថា អត្រានៃភាពក្រីក្រលើប្រាក់ចំណូលបណ្តោះអាសន្ននៅវៀតណាមបានកើនឡើងពី ១០% មុនពេលផ្ទុះជំងឺរាតត្បាត ដល់ ៣៣,៤% នៅក្នុងខែសីហា ឆ្នាំ ២០២១។
ដើម្បីផ្តល់ជំនួយជាបន្ទាន់ដល់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ រដ្ឋាភិបាលបានអនុវត្តន៍ សេចក្តីសម្រេចចិត្តលេខ ៦៨ ជាមួយនឹងកញ្ចប់ជំនួយរហូតដល់ ២៦.០០០ ពាន់លានដុង ឬថ្មីៗនេះ កញ្ចប់ជំនួយចំនួន ៣៨.០០០ ពាន់លានដុង ពីមូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ សម្រាប់ជួយដល់និយោជិតនិងនិយោជកជួបការលំបាកដោយសារតែការរីករាលដាល នៃជំងឺ កូវីដ-១៩។ អាជ្ញាធរខេត្តក្រុងនានា ក៏ប្រើប្រាស់ថវិការបស់ខ្លួនដើម្បីមានកញ្ចប់ជំនួយជាច្រើនសម្រាប់ជួយប្រជាជនជំនះការលំបាក។ អង្គការសង្គមទាំងអស់ក៏មានសកម្មភាពជាក់ស្តែងក្នុងការជួយដល់ប្រជាជនដែលជួបការលំបាក និងពលករដែលបាត់បង់ការងារធ្វើនៅតាមផ្ទះជួល។ ក្រៅពីលើជំនួយសង្គ្រោះបន្ទាន់ ដំណោះស្រាយជួយឧបត្ថម្ភការកាត់បន្ថយភាពក្រីក្ររយៈពេលវែងក៏កំពុងត្រូវបានស្ថាប័នមានសមត្ថកិច្ចអនុវត្តន៍ផងដែរ។ តាមនោះ ធនាគារសម្រាប់គោលនយោបាយសង្គមបានបង្កើតផែនការកាត់បន្ថយអត្រាការប្រាក់ ចំនួន ១០% ផ្តល់ប្រាក់កម្ចីសម្រាប់គ្រួសារក្រីក្រនិងអ្នកទទួលផលគោលនយោបាយជាមួយនឹងតួលេខរំពឹងទុកជាង ៤៣២ ពាន់លានដុង សម្រាប់អ្នកទទួលផលប្រហែល ៦,៤ លាននាក់។ ក្រសួងហិរញ្ញវត្ថុនិងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនក៏បានស្នើសុំកញ្ចប់ជំនួយចំនួន ៣,៥០០ ពាន់លានគ្រឿងដើម្បីចំណាយលើការនាំយកកុំព្យូទ័រដល់សិស្សក្រីក្រ។ អាចមើលឃើញថា គោលនយោបាយជួយដល់ជនក្រីក្រកាន់តែមានភាពសម្បូរបែប ដើម្បីសមស្របនឹងស្ថានភាពលំបាកបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩។
អំណោយដែលជារបស់របរចាំបាច់ត្រូវបានផ្តល់ជូនដល់អ្នកដែលមានការលំបាកក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ (រូបថត៖ VOV) |
មិនត្រឹមតែមានការចូលរួមរបស់មជ្ឈឹមប៉ុណ្ណោះទេ បណ្តាខេត្ត ក្រុងនានាទូទាំងប្រទេស ក៏បានធ្វើសកម្មភាពស្រាវជ្រាវ ដាក់ចេញសំណើរ និងអនុវត្តន៍គោលនយោបាយផ្តល់ជំនួយដែលសមស្របទៅនឹងលក្ខខណ្ឌមូលដ្ឋាន ដើម្បីធានាសុខុមាលភាពរបស់ប្រជាជន ជាពិសេសគ្រួសារក្រីក្រជំនះលើការលំបាក។ នៅទីក្រុងហាណូយ គិតត្រឹមដើមខែតុលា ស្ថាប័នមានសមត្ថកិច្ចបានអនុម័តនិងអនុវត្តន៍កញ្ចប់ជំនួយឧបត្ថម្ភសម្រាប់ក្រុមមុខសញ្ញា ៨/៨។ ចំនួនអ្នកទទួលផលពីគោលនយោបាយមានជិត ២៨៩,០០០ នាក់។ថវិកាឧបត្ថម្ភដែលបានអនុម័តគឺជិត ៣០០ ពាន់លាន ដុង។ ពីប្រភពធនធានក្នុងការប្រមូលផ្តុំសង្គម ទីក្រុងទាំងមូលបានជួយឧបត្ថម្ភប្រជាជនជិត ១,០៦ លាននាក់ និងគ្រួសារដែលជួបការលំបាកនៅតំបន់ដើម្បីរក្សាលំនឹងជីវភាពរបស់ជាមួយ នឹងទឹកប្រាក់ចំនួនជាង ៣០៤ ពាន់លានដុង។ នៅក្នុងទីក្រុងហូជីមិញ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសាររលកផ្ទុះជំងឺលើកទី ៤ ហើយអាជ្ញាធរកំពុងអនុវត្តន៍គោលនយោ បាយជួយដល់ជីវភាពប្រចាំថ្ងៃដើម្បីជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រ ប្រកបដោយចីរភាព។ ក្រៅពីកម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ជនក្រីក្រ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង ហូជីមិញទើបតែផ្តល់អំណោយជាឧបករណ៍រកស៊ី និងឧបករណ៍សម្រាប់ជនពិការនិងជនក្រីក្រ ចំនួន ៣០ គ្រឿង។
យ៉ាងណាមិញ គោលនយោបាយសំដៅលើករណីប្រជាជនងាយរងគ្រោះក្នុងសង្គម ជាពិសេសជនក្រីក្រ មិនត្រឹមតែបានដំណើរការក្នុងកំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ដែលជាគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋអស់ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ទោះបីជាមានគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាតជាច្រើន ជាពិសេសជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ រដ្ឋសភានិងរដ្ឋាភិបាលនៅតែបង្កើនប្រភពធនធានវិនិយោគសម្រាប់កាត់បន្ថយភាពក្រីក្រទ្វេដងបើប្រៀបនឹងឆ្នាំមុន។ ថវិការដ្ឋ ២១% ត្រូវបានចំណាយដល់ការធានាសុខុមាលភាពសង្គម ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសអាស៊ាន។ រដ្ឋាភិបាលមានគោលនយោបាយជួយឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាជនចំនួន ១៣ លាននាក់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ក្នុងនោះផ្តោតសំខាន់លើជនក្រីក្រ។ ជំនួយឧបត្ថម្ភទាំងនោះរឹតតែខ្លាំងនៅពេលដែលថ្មីៗនេះ រដ្ឋសភាបានអនុម័តសេចក្តីសម្រេចលើគោលនយោបាយវិនិយោគនៃកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រ ប្រកបដោយនិរន្តរភាពដំណាក់កាល ២០២១-២០២៥។ ថវិកាសរុបសម្រាប់កម្មវិធីគឺ ៧៥ ពាន់ពាន់លានដុង។ អ្នកទទួលផលក្នុងកម្មវិធីនេះ រួមមាន អ្នកទើបតែក្រីក្រ ដោយសារហេតុផលផ្សេងៗ រួមទាំងអ្នកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ជនក្រីក្រនៅតាមជនបទនិងទីក្រុង។
ជាពិសេស ដោយស្មារតី “ប្រទេសទាំងមូល រួមដៃគ្នាជួយអ្នកក្រ មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ” នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីបានផ្តល់ការណែនាំជំរុញការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព; អនុវត្តន៍គោលនយោបាយ ភារកិច្ច និងដំណោះស្រាយលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធ ភាព។ រដ្ឋាភិបាលក៏បន្តផ្តល់អាទិភាពលើការបែងចែកធនធានពីថវិការដ្ឋ និងកៀរគរធនធានសង្គមស្របច្បាប់ផ្សេងទៀត ដើម្បីបម្រើឱ្យមានប្រសិទ្ធភាពការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ផ្តល់ជំនួយដល់ជនក្រីក្រនិងធានាសន្តិសុខសង្គម។
ការងារកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពក្នុងរយៈពេលបច្ចុប្បន្ននេះគឺជាបញ្ហាប្រឈមធំដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់បញ្ហាសន្តិសុខសង្គម។ សកម្មភាពក្នុងខែកំពូល “ដើម្បីជនក្រីក្រ” ចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលចាប់ផ្តើមដោយរណសិរ្សមាតុភូមិវៀតណាម នឹងជួយជនក្រីក្រជំនះការលំបាកក្នុងអំឡុងរាតត្បាតជំងឺ កូវីដ-១៩ បន្តបំពេញបន្ថែមឲ្យប្រពៃណីនៃការស្រឡាញ់គ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាមកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ៕