កសាងវណ្ណៈកម្មករវៀតណាមទំនើប រឹងមាំ បម្រើដំណើរការអភិវឌ្ឍប្រទេសប្រកបដោយប្រសិទ្ធភាព

Chia sẻ

(VOVWORLD) - ដោយកំណត់យ៉ាងច្បាស់នូវតួនាទី និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ វណ្ណៈកម្មករ ចាប់តាំងពីបានបង្កើតមក បក្សកុម្មុយនិស្តវៀតណាមបានយកចិត្តទុកដាក់ពិសេសដល់បញ្ហាកសាង និងអភិវឌ្ឍន៍វណ្ណៈកម្មករ។ សព្វថ្ងៃនេះ ក្នុង បរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ និងការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៃស្ថានភាពអន្តរជាតិ ការងារកសាងនិងអភិវឌ្ឍន៍វណ្ណៈកម្មករត្រូវបានបក្សនិងរដ្ឋជំរុញកាន់តែខ្លាំងជាមួយនឹងគម្រោង ផែនការ និងដំណោះស្រាយជាច្រើនត្រូវបានដំណើរការយ៉ាងទូលំទូលាយ នាំមកនូវប្រសិទ្ធភាពជាក់ស្តែងដ៏ធំធេង។ វណ្ណៈកម្មករនិងពលករបាននិងកំពុងបន្តមានការរួមចំណែក សំខាន់ៗជាច្រើនក្នុងដំណើរការអភិវឌ្ឍនៃប្រទេសជាតិ។

កសាងវណ្ណៈកម្មករវៀតណាមទំនើប រឹងមាំ បម្រើដំណើរការអភិវឌ្ឍប្រទេសប្រកបដោយប្រសិទ្ធភាព - ảnh 1វណ្ណៈកម្មករវៀតណាមត្រួសត្រាយផ្លូវក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ (រូបថត៖ Bao Dan)

វណ្ណៈកម្មករវៀតណាមរីកធំធាត់ដោយឥតឈប់ឈរ

មកទល់នឹងពេលនេះ ចំនួនកម្មករ ពលករសរុបនៅវៀតណាមបានកើនដល់ជិត ១៧ លាននាក់ (បើធៀបនឹងចំនួន ២សែននាក់ក្នុងឆ្នាំ ១៩៤៦) ហើយបានចូលរួមក្នុងគ្រប់សមាសភាគសេដ្ឋកិច្ច វិជ្ជាជីវៈ និងវិស័យផលិតកម្ម អាជីវកម្ម និងសេវាកម្មផងដែរ។ កម្រិតអប់រំរបស់កម្មករ-ពលករ
វៀតណាមត្រូវបានលើកកំពស់ដោយឥតឈប់ឈរ ជាកម្លាំងដែលមានសមត្ថភាពច្នៃប្រឌិតក្នុងការផលិតនិងជីវភាពសង្គម សម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងយន្តការថ្មី និងវិទ្យាសាស្ត្រ
ជឿនលឿន បច្ចេកវិទ្យាទំនើប ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច។ កម្មករ ពលករភាគច្រើនមានគុណសម្បត្តិនយោបាយ និងឫទ្ធានុភាពរឹងមាំ ជឿជាក់ជាដាច់ខាតលើការដឹកនាំរបស់បក្ស និងតួនាទីគ្រប់គ្រងរបស់រដ្ឋ។

ជាពិសេស កម្មករ-ពលករ តែងតែជាកម្លាំងដែលគាំទ្រយ៉ាងពេញទំហឹង ហើយត្រួសត្រាយផ្លូវក្នុងការអនុវត្តគោលមាគ៌ាផ្លាស់ប្ដូរថ្មី ដែលផ្តួចផ្តើមនិងដឹកនាំដោយបក្ស (តាំងពីឆ្នាំ១៩៨៦); ជាកម្លាំងស្នូលក្នុងសម្ព័ន្ធភាពកម្មករ-កសិករ និងជួរបញ្ញវន្ត ជាមូលដ្ឋានគ្រឹះនៃផែនមហាសាមគ្គីភាពរបស់ប្រជាជនទាំងមូល ជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ រួមចំណែករក្សាយ៉ាងរឹងមាំនូវស្ថិរភាពនយោបាយ-សង្គម។

កសាងវណ្ណៈកម្មករវៀតណាមទំនើប រឹងមាំ បម្រើដំណើរការអភិវឌ្ឍប្រទេសប្រកបដោយប្រសិទ្ធភាព - ảnh 2លោកសាស្ត្រាចារ្យបណ្ឌិត Pham Hong Tung នាយកវិទ្យាស្ថានសិក្សាវៀតណាមនិងវិទ្យាសាស្ត្រអភិវឌ្ឍន៍ - សកលវិទ្យាល័យជាតិហាណូយ។ (រូបថត៖ Thanh Long)

លោកសាស្ត្រាចារ្យបណ្ឌិត Pham Hong Tung នាយកវិទ្យាស្ថានសិក្សាវៀតណាមនិងវិទ្យាសាស្ត្រអភិវឌ្ឍន៍ - សកលវិទ្យាល័យជាតិហាណូយ បានអះអាងថា៖ “វណ្ណៈកម្មករវៀតណាមបន្តជាកម្លាំងសង្គមដែលត្រួសត្រាយផ្លូវ ជាគំរូនៃដំណើរការប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាមឆ្ពោះទៅរកទំនើបភាវូបនីយកម្ម ធ្វើម្ចាស់លើបច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើបបំផុតរបស់ពិភពលោក ដើម្បីអនុវត្តន៍សេចក្តីប្រាថ្នាដ៏មហិមាររបស់ប្រជាជាតិវៀតណាម”។

បន្តកសាងវណ្ណៈកម្មករវៀតណាមដ៏ទំនើបនិងរឹងមាំ

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (ឆ្នាំ ២០២១) បានកំណត់យ៉ាងច្បាស់ពីគោលដៅ និងភារកិច្ចកសាងវណ្ណៈកម្មករវៀតណាមឲ្យបានទំនើប និងរឹងមាំ; ចាត់ទុកថានេះជាកត្តាសំខាន់ដើម្បីអនុវត្តន៍ឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ និងសេចក្ដីប្រាថ្នាអំពីប្រជាជាតិមួយដ៏សម្បូររុងរឿងនិងសុភមង្គល។ ចាប់តាំងពីពេលនោះមក គម្រោង និងដំណោះស្រាយជាច្រើនស្ដីពីការអនុវត្តគោលដៅ និងភារកិច្ចយុទ្ធសាស្ត្រទាំងនេះ ត្រូវបានគ្រប់កម្រិត គ្រប់វិស័យ គ្រប់វិស័យ និងសង្គមទាំងមូលដាក់ឲ្យដំណើរការយ៉ាងសកម្ម។ លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Do Thi Thach អតីតនាយកស្តីទីនៃវិទ្យាស្ថានសង្គមនិយមវិទ្យាសាស្ត្រ (បណ្ឌិតសភានយោបាយជាតិហូជីមិញ) បានសង្កត់ធ្ងន់ថា៖

“ចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹង ហើយប្រកាន់ខ្ជាប់នឹងទស្សនៈថាវណ្ណៈកម្មករគឺជាវណ្ណៈដឹកនាំបដិវត្តន៍តាមរយៈកម្លាំងឈានមុខគេរបស់ខ្លួននោះគឺបក្សកុម្មុយនិស្តវៀតណាម។ ការអនុវត្តយុទ្ធសាស្ត្រកសាងវណ្ណៈកម្មកររឹងមាំត្រូវតែភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឧស្សាហូបនីយកម្ម ទំនើបកម្មរបស់ប្រទេស និងសមាហរណកម្មអន្តរជាតិ។ ប្រសិនបើមិនត្រូវបានភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះទេ វណ្ណៈកម្មករនឹងមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីពង្រីកតួនាទីស្នូលរបស់ខ្លួនបាន”។

ទន្ទឹមនឹងនោះ ចាំបាច់ត្រូវយកចិត្តទុកដាក់យ៉ាងសកម្មដល់ការថែទាំជីវភាពខាងសម្ភារៈ និងស្មារតីរបស់កម្មករ ពលករ ដើម្បីឱ្យកម្មករ ពលករនឹងនរចិត្តបំពេញការងារ លះបង់ដោយអស់ពីចិត្តសម្រាប់បេសកកម្មប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកសាស្ត្រាចារ្យរង Duong Van Sao នៅសកលវិទ្យាល័យសហជីព បានចាត់ទុកថា៖

“ក្នុងបញ្ហាកសាងវណ្ណៈកម្មករ ធ្វើយ៉ាងណាដើម្បីតាមរយៈគោលនយោបាយ អាចបង្កើតកម្លាំងចលករសម្រាប់អង្គការសហជីព ធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជាគោលនយោបាយការងារ គោលនយោបាយប្រាក់បៀវត្សរ៍ គោលនយោបាយធានារ៉ាប់រងសង្គម គោលនយោបាយសន្តិសុខសង្គម គោលនយោបាយសុខុមាលភាពសង្គម និងគោលនយោបាយលើកទឹកចិត្តសង្គម ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ”។

ការកសាងវណ្ណៈកម្មករឲ្យកាន់តែទំនើប និងរឹងមាំ មិនត្រឹមតែជាគោលនយោបាយសន្តិសុខសង្គមគន្លឹះនិងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការធានាប្រភពធនធាន និងកម្លាំងចលករដ៏សែនសំខាន់សម្រាប់បុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិស្ថិតក្នុងស្ថានភាពថ្មីទៀតផង ជាពិសេសក្នុងបរិបទដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤ កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា និងទិដ្ឋភាពភូមិសាស្ត្រនយោបាយពិភពលោកមានការប្រែប្រួលមិនអាចទាយទុកជាមុនបាន៕

ប្រតិកម្មទៅវិញ