ការប្រមាថជំនឿសាសនា៖ ផលវិបាកដែលមិនអាចទាយទុកជាមុនបាន

Chia sẻ

(VOVWORLD) - តាមការរំពឹងទុក នៅដើមសប្តាហ៍ក្រោយ (ថ្ងៃទី ១១ ខែកក្កដា) ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នឹងបើកសម័យប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីករណីដុតគម្ពីរកូរ៉ាន ដែលបានកើតឡើងនៅខាងក្រៅវិហារឥស្លាមដ៏ធំបំផុតក្នុងរដ្ឋធានី Stockholm (ប្រទេសស៊ុយអែត) នៅថ្ងៃទី ២៨ ខែមិថុនាកន្លងទៅ។ ករណីនេះគឺជាកណ្តឹងរោទិ៍អំពីការកើនឡើងនៃការស្អប់ខ្ពើមសាសនា ដែលបង្កឲ្យមានជម្លោះកាន់តែច្រើនរវាងពិភពឥស្លាម និងសង្គមអ៊ឺរ៉ុប និងជាហានិភ័យដែលបង្កឡើងអំពើស្អប់ខ្ពើម និងអំពើហឹង្សាលើពិភពលោក។

ការប្រមាថជំនឿសាសនា៖ ផលវិបាកដែលមិនអាចទាយទុកជាមុនបាន - ảnh 1បាតុកម្មនៅខាងក្រៅស្ថានទូតស៊ុយអែតក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី ដើម្បីប្រឆាំងនឹងការដុតគម្ពីរកូរ៉ាន កាលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣។ (រូបថត៖ AFP/VNA)

សហគមន៍ឥស្លាមខឹងសម្បារ

ការខឹងសម្បាររបស់ពិភពឥស្លាមត្រូវបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពី Salwan Momika ជនជាតិអ៊ីរ៉ាក់ម្នាក់ រស់នៅក្នុងប្រទេសស៊ុយអែត បានដុតគម្ពីរកូរ៉ាននៅខាងក្រៅវិហារអ៊ីស្លាមក្នុងរដ្ឋធានី Stockholm កាលពីថ្ងៃទី ២៨ ខែមិថុនា ដែលជាថ្ងៃចាប់ផ្តើមបុណ្យ Eid al-Adha ដ៏សំខាន់របស់អ្នកកាន់សាសនាឥស្លាម។

ទួរគី ម៉ារ៉ុក អ៊ីរ៉ាក់ ប៉ាគីស្ថាន គុយវ៉ែត អ៊ីរ៉ង់ បានរិះគន់យ៉ាងខ្លាំងចំពោះករណីនេះ។ នៅក្នុងប្រតិកម្មដំបូងបំផុតនៅលើទំព័រ Twitter ផ្ទាល់ខ្លួន នៅថ្ងៃទី ២៩ ខែមិថុនា រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានថ្កោលទោសការដែលអាជ្ញាធរស៊ុយអែតបានអនុញ្ញាតឱ្យសកម្ម
ភាពប្រឆាំងឥស្លាមទាំងនេះ កើតឡើងគឺមិនអាចទទួលយកបានឡើយ។ អ៊ីរ៉ាក់ គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម (UAE) ម៉ារ៉ុក ហ្ស៊កដានី បានកោះហៅមន្ត្រីការទូតនៃរដ្ឋអំណាចក្រុង Stockholm ដើម្បីសម្ដែងការប្រឆាំងជំទាស់និងទាមទារឱ្យបញ្ឈប់រាល់សកម្មភាពផ្ទាល់ប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការផ្សព្វផ្សាយតម្លៃនៃភាពអត់ឱន ចិត្តសុភាពរាបសារ និងការលុបបំបាត់មនោគមវិជ្ជាជ្រុលនិយម។ អ៊ីរ៉ង់បានផ្អាកការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសស៊ុយអែត។ ប្រទេសឥស្លាមជាច្រើនផ្សេងទៀតបានរិះគន់រដ្ឋអំណាចស៊ុយអែតក្នុងនាមសិទ្ធិសេរីក្នុងការបញ្ចេញមតិដើម្បីអនុញ្ញាតឱ្យមនុស្សដូចជា Momika ប្រមាថសាសនាឥស្លាម។

កាលពីថ្ងៃទី ១ ខែកក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសករណីនេះ ហើយបានសង្កត់ធ្ងន់ថា ត្រូវតែចាត់វិធានការដើម្បីទប់ស្កាត់បាតុភូតប្រឆាំងនឹងសាសនាឥស្លីម។ នៅថ្ងៃដដែល ទីភ្នាក់ងារកិច្ចការបរទេសអឺរ៉ុប (EEAS) បានឲ្យដឹងថា ការដុតគម្ពីរកូរ៉ានដោយបុគ្គលម្នាក់នៅក្នុងប្រទេសស៊ុយអែត មិនបានឆ្លុះបញ្ចាំងពីជំហររបស់សហភាពអឺរ៉ុប (EU) នោះទេ។ សហភាពអឺរ៉ុបថ្កោលទោសអំពើនេះ ហើយអំពាវនាវមិនធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។

ចំណែកខាងស៊ុយអែតវិញ នៅចំពោះមុខហានិភ័យនៃការសងសឹកការទូតថ្មី ហើយក៏ដើម្បីបញ្ចៀសបញ្ហាទាក់ទងនឹងដំណើរការចូលរួមអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ផងដែរ ក្រសួងការបរទេសស៊ុយអែតបានវាយតម្លៃជាលើកដំបូងថា ការដុតបំផ្លាញគម្ពីរកូរ៉ានគឺជាអំពើប្រឆាំងសាសនាឥស្លាម។ ក្រសួងនេះក៏បាននិយាយថា នៅក្នុងប្រទេសស៊ុយអែត លែងមានកន្លែងសម្រាប់មនោគមវិជ្ជារើសអើងជាតិសាសន៍ ការស្អាប់ជនបរទេស និងការមិនសណ្ដោសប្រណីនោះទេ ទោះបីជារដ្ឋធម្មនុញ្ញស៊ុយអែតការពារសេរីភាពនៃការបញ្ចេញមតិក៏ដោយ។

ការប្រមាថជំនឿសាសនា៖ ផលវិបាកដែលមិនអាចទាយទុកជាមុនបាន - ảnh 2 Salwan Momika នៅខាងក្រៅវិហារឥស្លាមក្នុងទីក្រុង Stockholm។ (រូបថត៖ AFP)

ជីកជ្រៅនូវជម្លោះរវាងពិភពឥស្លាមនិងសង្គមអឺរ៉ុប

ករណីដុតគម្ពីរកូរ៉ាននាពេលថ្មីៗនេះនៅក្នុងប្រទេសស៊ុយអែតមិនមែនជាករណីដំបូងទេ ដែលធ្វើអោយពិភពឥស្លាម ខឹងសម្បារដោយសារតែសាសនារបស់ពួកគេទទួលរងការប្រមាថ។ នៅខែកញ្ញា ឆ្នាំ ២០០៥ កាសែតដាណឺម៉ាកដ៏ធំមួយ បានបោះពុម្ពរូបថ្លុកចំនួន ១២ ផ្ទាំង របស់ព្យាការី Muhammad ដែលនាំឱ្យកើតឡើងបាតុកម្មដ៏ហិង្សាអស់រយៈពេលច្រើនខែរបស់អ្នកកាន់សាសនាឥស្លាម។ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១២ បាតុកម្មទ្រង់ទ្រាយធំក៏បានកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងជំទាស់នឹងការដុតគម្ពីរកូរ៉ានដោយទាហានអាមេរិក។ ឬទង្វើចំអកជនជាតិឥស្លាមដោយទស្សនាវដ្តី Charlie Hebdo (ប្រទេសបារាំង) ក្នុងឆ្នាំ ២០១៥ ដែលនាំឱ្យកើតឡើងការបាញ់ប្រហារនៅទីស្នាក់ការរបស់ទស្សនាវដ្តីនេះក្នុងទីក្រុងប៉ារីស ដែលធ្វើឲ្យមនុស្ស១២នាក់ស្លាប់និង ១១ នាក់ផ្សេងទៀតរងរបួស។

ហើយលើកនេះ ដែនកំណត់នៃសេរីភាពបុគ្គលតាមបែបលោកខាងលិច ត្រូវបានចោទសួរយ៉ាងតឹងរឹងម្តងទៀត ព្រោះវាបានបង្កឡើងបញ្ហាដ៏គ្រោះថ្នាក់ជាច្រើន។ ករណីលើកនេះគឺជាព្រនង់សំពងដ៏ខ្លាំងមួយទៅលើទំនាក់ទំនងដ៏តានតឹងរួចទៅហើយរវាងទួរគីនិងស៊ុយអែត បេក្ខជនចូលរួមអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលកំពុងត្រូវរារាំងដោយទីក្រុងអង់ការ៉ា។

កាន់តែទូលំទូលាយជាងទៀត សកម្មភាពបែបនេះបានបង្កឡើងជម្លោះរាប់មិនអស់ រវាងពិភពឥស្លាម និងសង្គមអ៊ឺរ៉ុប បណ្ដាលឲ្យបាតុភូតប្រឆាំងនឹងសាសនាឥស្លាម មនោគមវិជ្ជាជ្រុលនិយម និងភេរវកម្មកាន់តែកើនឡើង ហើយបានសាបព្រួសគ្រាប់ពូជសម្រាប់អំពើស្អប់ខ្ពើម និងអំពើហឹង្សាលើពិភពលោក។ ករណីនេះអាចក្លាយជាលេស សម្រាប់ក្រុមឥស្លាមជ្រុលនិយម (មិនលើកលែងពួកភេរវករបែប "សត្វចចកឯកោ") ធ្វើសកម្មភាពឡើងវិញ សូម្បីតែនៅហ្នឹងបេះដូងសង្គមលោកខាងលិចក៏ដោយ នៅពេលដែលត្រូវបានជំរុញដោយការខឹងសម្បារទូទៅនៃប្រជាជនឥស្លាម៕

ប្រតិកម្មទៅវិញ