ការបោះជំហានសកម្មក្នុងការចរចា NAFTA

Chia sẻ
(VOVWORLD) - ក្រោយរយៈពេលច្រើនខែដែលជាប់គាំងក្នុងការចរចា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វីបអាមេរិកខាងជើង (NAFTA) កំពុងមានការរីកចម្រើនថ្មី។ នេះ ជាសញ្ញាសកម្មមួយដោយសារវង់ចរចាត្រីភាគី(រវាងអាមេរិក មិកស៊ិកនិង កាណាដា) ក្នុងរយៈពេល១ឆ្នាំកន្លងមក ដើម្បីរិះរកដំណោះស្រាយសរសេរកិច្ច ព្រមព្រៀងនេះឡើងវិញ ភាគច្រើនគឺមិនទទួលបានលទ្ធផលលោតផ្លោះណាមួយ ឡើយ រហូតដល់ពេលខ្លះដែលកិច្ចព្រមព្រៀង NAFTA នេះត្រូវប្រឈម មុខនឹងគ្រោះអាសន្នលុបបំបាត់។
ការបោះជំហានសកម្មក្នុងការចរចា NAFTA - ảnh 1 អាមេរិកមិនធ្វើសម្បទានក្នុងការចរចាអំពីវិស័យផលិរថយន្តឡើយ (រូបថត៖ hanoimoi.com)


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាមេរិកខាងជើង (NAFTA) រវាងប្រទេសអាមេរិក មិកស៊ិកនិងកាណាដា ត្រូវបានចុះហត្ថលេខានាថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៩៣ ហើយចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៤។ ចាប់ពីនោះមក NAFTA បានដើរតួនាទីសំខាន់ក្នុងការបង្កើតកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជាសមាជិកទាំង៣ខាងលើ។ តាមការធ្វើស្ថិតិ ទំហំពាណិជ្ជកម្មត្រីភាគីក្នុងឆ្នាំ២០១៧ទទួលបានជាង១.២០០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៧ ក្នុងនោះអាមេរិកកំពុងជាទីផ្សារនាំចេញធំបំផុតរបស់ទាំងមិកស៊ិកនិងកាណាដា។ ប៉ុន្តែក្នុងអំឡុងពេលប្រព្រឹត្តទៅយុទ្ធនាការឃោសនារកសម្លេងឆ្នោតក៏ដូចជាក្រោយពីឡើងកាន់អំណាចមក ប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់ជាច្រើនលើកច្រើនសារថា NAFTA ជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រជាតិ ជាមូលហេតុដែលនាំយកការងារធ្វើរបស់ពលករអាមេរិករាប់លាននាក់ ដោយសារអនុញ្ញាតឲ្យកាណាដានិងមិកស៊ិកទទួលបានផលប្រយោជន៍ជាច្រើន។

កិច្ចព្រមព្រៀងជាបឋមរវាងអាមេរិកនិងមិកស៊ិក

កិច្ចព្រមព្រៀងស្ដីពីការធ្វើវិសោធនកម្មនូវខ្លឹមសារសំខាន់ៗនៃ NAFTA ដែលអាមេរិកនិងមិកស៊ិកទទួលបានកាលពីដើមសប្ដាហ៍នេះ យ៉ាងហោចណាស់បានបង្កើតឡើងរបត់មួយ ដែលជួយដោះស្រាយភាពជាប់គាំងក្នុងការចរចានាពេលកន្លងទៅ។ កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថា បានជួយសម្រួលដល់បញ្ហាគន្លឹះនានាក្នុងដំណើរការចរចាដូចជាបញ្ហាប្រភពដើមរថយន្ត ការដោះស្រាយជម្លោះនិងបញ្ហាកសិកម្ម។ តាមកិច្ចព្រមព្រៀងនេះ អាមេរិកនិងមិកស៊ិនបានឯកភាពគ្នាថា ៧៥%នៃតម្លៃរបស់មធ្យោបាយមួយនឹងត្រូវបានផលិតនៅប្រទេសមួយក្នុងចំណោមប្រទេសទាំងពីរនេះ ដែលខ្ពស់ជាងកម្រិត៦២,៥%តាមកិច្ចព្រមព្រៀង NAFTA ជំនាន់មុន។ កម្រិតថ្មីនេះនឹង ជំរុញផ្នែកផលិតរថយន្តក្នុងតំបន់ទ្វីបអាមេរិកខាងជើង ក៏ដូចជាបង្កើតការងារធ្វើសម្រាប់ប្រជាជនផងដែរ។ ប្រទេសទាំងពីរក៏យល់ស្របគ្នាថា កិច្ចព្រមព្រៀងថ្មីនឹងមានសុពលភាពក្នុងរយៈពេល១៦ឆ្នាំ ហើយនឹងត្រូវបានយកមកពិចារណានិងវាយតំលៃក្នុងរយៈពេល៦ឆ្នាំម្ដង ដើម្បីជៀសវាងការបង្កឡើងអស្ថិរភាពចំពោះវិនិយោគិន។ប្រការនេះត្រូវបានចាត់ទុកថា ជាការធ្វើសម្បទានរបស់អាមេរិក ព្រោះថាមុននោះវ៉ាស៊ីនតោនបានសំណូមពរឲ្យមានការចរចាឡើងវិញក្នុងរយៈពេល៥ឆ្នាំម្ដង។ ការធ្វើសម្បទានមួយទៀតរបស់អាមេរិកនោះគឺ ការរំលងសំណូមពរបង្កើតរបាំងពាណិជ្ជកម្មសំដៅការពារផលិតផលកសិកម្មតាមរដូវនៃប្រទេសនេះចំពោះមុខការប្រកួតប្រជែងពីមិកស៊ិក។

ទោះបីជាកិច្ចព្រមព្រៀងរវាងអាមេរិកនិងមិកស៊ិកនេះត្រូវបានប្រធានាធិបតីលោក Donald Trump វាយតំលៃថា ជាកិច្ចព្រមព្រៀងល្អណាស់ ប៉ុន្តែវាមិនអាចជំនួសឲ្យ NAFTA ឡើយដោយសារខ្វះប្រទេសកាណាដា។

សញ្ញាសកម្មពីកាណាដា

បន្ទាប់ពីអាមេរិកនិងមិកស៊ិកទទួលបានការព្រមព្រៀងជាបឋម ស្ដីពីខ្លឹមសារមួយចំនួននៃ NAFTA គឺអាមេរិកនិងកាណាដាក៏ឯកភាពគ្នាលើការពិភាក្សាយ៉ាងលំអិតអំពីកិច្ចព្រមព្រៀងនេះដែរ សំដៅជំរុញការអនុម័តលើឯកសារថ្មី។ កិច្ចខិតខំប្រឹងប្រែងរបស់មិកស៊ិនបានជួយកាណាដានិងអាមេរិកមានជំនួបសន្ទនាដ៏ជាក់ស្ដែងនិងមានប្រយោជន៍ក្នុងសប្ដាហ៍នេះ។ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau មានសុទិដ្ឋិនិយមថា កាណាដានិងអាមេរិកអាចសម្រេចបានកិច្ចព្រមព្រៀងក្នុងវង់ចរចាក្រោយនាថ្ងៃទី៣១ ខែសីហា។ ដូច្នេះហើយ ក្រោយពីច្រើនសប្ដាហ៍ដែលមិនចូលរួមជំនួបចរចានៅទីក្រុងវ៉ាស៊ីនតោននោះ កាណាដាបានវិលត្រឡប់មកតុចរចាវិញ ហើយប្រការនេះអាចបង្កើតឡើងជំហានលោតផ្លោះក្នុងដំណើរការចរចា។

មជ្ឈដ្ឋានវិនិយោគិនសង្ឃឹមថា ដោយការរីកចម្រើនទាំងនោះ កាណាដានឹងយល់ព្រមធ្វើសម្បទានក្នុងផ្នែកកែច្នៃទឹកដោះ ដែលជាបញ្ហាធំបំផុតរវាងអាមេរិកនិងកាណាដាក្នុងការចរចា NAFTA ដើម្បីរួមចំណែកបង្កើត NAFTA ថ្មីរក្សាស្ថិរភាពក្នុងកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មរវាងប្រទេសទាំងបី៕

ប្រតិកម្មទៅវិញ