លំហូរទុនវិនិយោគផ្ទាល់ពីបរទេសចូលមកវៀតណាមបានបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញ អាស្រ័យដោយមានគោលនយោបាយទាក់ទាញការវិនិយោគ និងគោលជំហរបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយរយៈពេលពីរឆ្នាំរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។
សហគ្រាស FDI និងជំនឿជាក់លើការងើបឡើងវិញរបស់វៀតណាម
នៅដើមខែមីនា ឆ្នាំ ២០២២ វិនិយោគិនបរទេសបានមើលឃើញសញ្ញាសុទិដ្ឋិនិយមអំពីការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ចវៀតណាមក្រោយពីជំងឺរាតត្បាត។ វិនិយោគិនដែលជាដៃគូតាំងពីរយូរមករបស់អឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងស្វែងរកគោលដៅវិនិយោគប្រកបដោយសុវត្ថិភាពក្នុងរយៈពេលយូរអង្វែង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា ដែលកំពុងជួយតភ្ជាប់វៀតណាមជាមួយតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងពិភពលោកទាំងមូល គឺជាគុណសម្បត្តិប្រកួតប្រជែងមួយ។ យោងតាមក្រសួងផែនការនិងវិនិយោគ វិស័យឧស្សាហកម្មផលិត និងកែច្នៃ ស្រូបយកដើមទុនភាគច្រើន ហើយចំនួនដើមទុននេះផ្តោតទៅលើគម្រោងប្រកបដោយគុណភាពខ្ពស់ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចិរភាព ពីសម្ព័ន្ធក្រុមហ៊ុនធំៗដូចជា Apple Lego និង Samsung។ គម្រោងខ្នាតធំប្រកបដោយគុណភាពកំពុងជំនួសគម្រោងតូចៗជាបណ្ដើរៗ។ លោក Do Nhat Hoang ប្រធាននាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការនិងវិនិយោគ បានឲ្យដឹងថា៖
“នៅក្នុងរចនាសម្ព័ន្ធដើមទុនវិនិយោគនៃគម្រោងនានា វិស័យឧស្សាហកម្មកែច្នៃ ផលិត និងឧស្សាហកម្មអេឡិចត្រូនិកកាន់តែកើនឡើង ដោយស្រូបយកជិត ៦០% ជាពិសេសក្នុងឆ្នាំនេះ យើងមានគម្រោងវិនិយោគជាច្រើនក្នុងវិស័យនិងប្រព័ន្ធអេកូឡូស៊ីទាក់ទងនឹងការផលិតសារធាតុ semiconductor ដែលធ្វើឲ្យលំហូរទុនវិនិយោគបរទេសរបស់យើងកាន់តែមានគុណភាពថែមទៀត”។
តាមទស្សនៈរបស់វិនិយោគិនបរទេសម្នាក់ លោក Alain Cany ប្រធានសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាមបានបញ្ជាក់ថា៖
“វៀតណាមផ្តល់ឱកាសវិនិយោគដ៏ធំសម្រាប់ធុរកិច្ចអឺរ៉ុប ហើយយើងខ្ញុំមានក្តីសោមន្សរីករាយចំពោះយថាទស្សន៍របស់វៀតណាមក្នុងរយៈពេលមធ្យមនិងរយៈពេលខ្លី។ ប្រាកដណាស់ថា វៀតណាមនឹងមានឋានៈប្រសើរជាងក្នុងរយៈពេល ២ ដល់ ៣ ឆ្នាំខាងមុខ ហើយនឹងបញ្ជាក់ពីឋានៈរបស់ខ្លួន ដែលជាគោលដៅវិនិយោគនិងអាជីវកម្មដ៏ស្វាហាប់បំផុត។ សហគមន៍ធុរកិច្ចអឺរ៉ុបក៏វាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅវៀតណាម ជាពិសេសក្រោយពីការសន្យានិងការតម្រង់ទិសច្បាស់លាស់របស់វៀតណាមចាប់តាំងពីកិច្ចប្រជុំ COP ២៦ អំពីការទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ កំណើនបៃតង។ វៀតណាមកំពុងបង្កើតបរិយាកាសអំណោយផលទាំងខាងគតិយុត្តនិងហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់ដំណើរការបំប្លែងថាមពល ជំរុញកំណើនប្រកបដោយចីរភាពនិងការផ្ទេរបច្ចេកវិទ្យា។ ខ្ញុំចាត់ទុកថា វៀតណាមមិនគួរតែសម្លឹងមើលទៅលើតួរលេខនៃការទាក់ទាញការវិនិយោគថ្មីនោះទេ ប៉ុន្តែគួរតែមើលទៅលើចំនួនដើមទុនត្រូវបានបើកចំណាយ ដែលកំពុងមានកម្រិតខ្ពស់ ហើយក្នុងឆ្នាំនេះនឹងឈានដល់កំណត់ត្រាមួយ”។
គិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំ ២០២២ ចំនួនទុន FDI សរុបដែលបានបើកចំណាយនៅវៀតណាមបានកើនឡើងជាង ១៥% ហើយដើមទុនចុះបញ្ជីបានកើនឡើងជាង ២៣% បើធៀបនឹងរយៈពេលដូចគ្នា ដែលបញ្ជាក់ពីជំនឿជាក់របស់វិនិយោគិនបរទេសចំពោះសេដ្ឋកិច្ច និងបរិយាកាសវិនិយោគរបស់វៀតណាម។ លោក Niels Christiansen អគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន LEGO បានចាត់ទុកថា៖
“រោងចក្រនៅប្រទេសវៀតណាមនេះគឺជារោងចក្រទី ៦ របស់យើងខ្ញុំ ហើយក៏ជារោងចក្រអព្យាក្រឹតកាបូនដំបូងគេផងដែរ។ រោងចក្រនេះនឹងចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងខ្ញុំ ក្នុងតួនាទីស្មើនឹងរោងចក្រទាំង ៥ ផ្សេងទៀត ហើយយើងខ្ញុំនឹងផ្គត់ផ្គង់ផលិតផលទាំងអស់ដែលផលិតនៅក្នុងប្រទេសវៀតណាមដល់អតិថិជនទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាមក្រោយពីជំងឺរាតត្បាត បានបង្កើតទំនុកចិត្តចំពោះការអភិវឌ្ឍក្នុងរយៈពេលយូរអង្វែងនៅវៀតណាម”។
វៀតណាមខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ
តាមការព្យាករណ៍ ស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាមនៅតែប្រឈមមុខនឹងការលំបាកជាច្រើន ក្នុងបរិបទដែលស្ថានការណ៍ពិភពលោកពិបាកទាយទុកជាមុន ប៉ុន្តែក្នុងរយៈពេលយូរអង្វែង វៀតណាមនៅតែត្រូវបានអង្គការ សហគ្រាសអន្តរជាតិវាយតម្លៃថា ជាគោលដៅទាក់ទាញសម្រាប់លំហូរទុនវិនិយោគបរទេស ព្រោះនេះជាតំបន់សំខាន់ដែលប្រទេសនានាឆ្ពោះទៅរក ដើម្បីអនុវត្តន៍សកម្មភាពកែច្នៃ និងផលិត សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារអាស៊ាន និងពិភពលោក។ លោកស្រី Virgina B. Foote អនុប្រធានសភាពាណិជ្ជកម្មអាមេរិកនៅវៀតណាម ចាត់ទុកថា៖
“នេះគឺជាពេលវេលាដែលវៀតណាមបន្តកែលម្អបរិយាកាសវិនិយោគឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់វិនិយោគិន ដោះស្រាយការលំបាកខាងធនធានមនុស្ស ភស្តុភារកម្ម និងសុវត្ថិភាពពីជំងឺរាតត្បាត។ វិនិយោគិនជ្រើសរើសគោលដៅវិនិយោគ មិនត្រឹមតែអាស្រ័យលើបរិយាកាសអាជីវកម្មដ៏គួរឱ្យទាក់ទាញ តម្លៃពលកម្មទាបប៉ុណ្ណោះទេ ថែមទាំងត្រូវមានសមត្ថភាពស្រូបយកបច្ចេកវិទ្យា និងតម្លៃបន្ថែមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលទៀតផង”។
ដើម្បីលើកកំពស់គុណភាពនៃគម្រោង FDI វៀតណាមបានខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មីសកម្មភាព ចាប់ពីការពន្លឿនការវិនិយោគ កសាង សុក្រិតរបៀបរបប និងគោលនយោបាយស្ដីពីការវិនិយោគបរទេស ឲ្យស្របតាមនិន្នាការអភិវឌ្ឍន៍ ខិតជិតនឹងស្តង់ដារអន្តរជាតិដ៏ជឿនលឿន ចុះសម្រុងជាមួយនឹងការសន្យាអន្តរជាតិ ធានាសមកាលកម្ម ភាពខ្ជាប់ខ្ជួន តម្លាភាព និងសមត្ថភាពប្រកួតប្រជែងខ្ពស់។ ទន្ទឹមនឹងនោះ ជំរុញការធ្វើពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវដៃគូ និងទម្រង់វិនិយោគ គួបផ្សំផលប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគបរទេស តភ្ជាប់ជាមួយនឹងវិស័យសេដ្ឋកិច្ចក្នុងស្រុក ស្របតាមទិសដៅរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕