ជំងឺរាតត្បាតក្រុម A រួមមានជំងឺរាតត្បាតដ៏គ្រោះថ្នាក់ពិសេស មានសមត្ថភាពឆ្លងយ៉ាងឆាប់រហ័ស រីករាលដាលយ៉ាងទូលំទូលាយ និងមានអត្រាស្លាប់ខ្ពស់ ឬមិនទាន់ស្គាល់អត្តសញ្ញាណដែលបង្កជំងឺនៅឡើយ។ ជំងឺរាតត្បាតនៃក្រុម B គឺជាជំងឺរាតត្បាតដ៏គ្រោះថ្នាក់ មានសមត្ថភាពឆ្លងរហ័ស ហើយអាចស្លាប់ដោយសារជំងឺ។
សមិទ្ធិផលនៃការស្រុះចិត្តគំនិតប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
របាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាង ៨៥.០០០ ករណី។ មានអ្នកស្លាប់ចំនួន ២០ នាក់ដោយសារជំងឺកូវីដ-១៩ អត្រាស្លាប់បានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ០,០២% ដែលសុទ្ធតែជាករណីដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរដែលកំពុងព្យាបាលពីមុន ឬមិនទាន់បានចាក់វ៉ាក់សាំង។ អត្រាអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺទាបជាងជំងឺរាតត្បាតក្រុម B មួយចំនួន ហើយអត្រាករណីធ្ងន់ធ្ងរក៏ស្មើនឹង ឬទាបជាងជំងឺក្រុម B មួយចំនួនផងដែរដូចជាជំងឺគ្រុនឈាម ជំងឺពងបែកដៃ ជើង មាត់។
ក្រឡេកមើលរយៈពេល ៣ ឆ្នាំកន្លងទៅឡើងវិញ ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រទេសទាំងអស់លើពិភពលោកត្រូវភ្ញាក់ផ្អើល រួមទាំងប្រទេសវៀតណាមផងដែរ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រទេសវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏គ្រោះថ្នាក់នៃក្រុម A ក្នុងទ្រង់ទ្រាយទូទាំងប្រទេស ជាមួយនឹងការលំបាក និងបញ្ហាប្រឈមធំៗជាច្រើន ដែលមិនធ្លាប់មានពីមុនមក ហើយអូសបន្លាយចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ វៀតណាមបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ យោងតាមការធ្វើស្ថិតិ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ចំនួនទឹកប្រាក់សរុបដែលត្រូវបានកៀងគរដើម្បីបម្រើដោយផ្ទាល់ដល់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងការអនុវត្តគោលនយោបាយសន្តិសុខសង្គមមានចំនួនប្រហែល ២៣០ លានលានដុង (ស្មើនឹងប្រហែល ៩,៨ ពាន់លានដុល្លារអាមេរិក)។ មានអ្នកស្ម័គ្រចិត្តរាប់លាននាក់ ជាពិសេសជួរបុគ្គលិកពេទ្យ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ បានចូលរួមដោយផ្ទាល់ក្នុងខ្សែជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សហគមន៍ធុរកិច្ច រដ្ឋាភិបាលនៃប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានា បានចូលរួមដោយផ្ទាល់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ហើយបានរួមវិភាគទានកម្លាំងកាយ ថវិកាសម្ភារៈបរិក្ខារ និងការរួមវិភាគទានជាច្រើនទៀតក្នុងទម្រង់ផ្សេងៗគ្នា។ ថ្លែងមតិនៅវេទិការរដ្ឋសភា នៅសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ ដែលកំពុងប្រព្រឹត្តទៅ លោក Nguyen Anh Tri សមាជិករដ្ឋសភាទីក្រុងហាណូយ បានឲ្យដឹងថា៖
“វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យបំផុត។ ក្នុងនោះយុទ្ធសាស្ត្រការទូតវ៉ាក់សាំងគឺល្អ ឆាប់រហ័ស និងជោគជ័យខ្លាំង មានវ៉ាក់សាំងគ្រប់គ្រាន់ ទាន់ពេលវេលា ដើម្បីចាក់ជូនប្រជាជន។ រដ្ឋសភាកោតសរសើរចំពោះការស្រុះចិត្តគំនិតរបស់ប្រជាជន និងបុគ្គល សមូហភាព ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។ នេះជាសារដ៏ធំ និងពោរពេញទៅដោយអត្ថន័យអំពីស្មារតីមហាសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល”។
សមិទ្ធិផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក៏ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។ លោកស្រី Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមបានចាត់ទុកថា ការដាក់ពង្រាយយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាសមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍របស់ប្រទេសវៀតណាម។ នេះគឺជារឿងរ៉ាវដ៏ជោគជ័យបំផុតនៃការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងជំងឺរាតត្បាតកូវីដ-១៩។
មិនត្រូវអត្តនោម័ត
ទន្ទឹមនឹងការផ្ទេរជំងឺកូវីដ-១៩ ពីជំងឺរាតត្បាតក្រុម A ទៅក្រុម B វៀតណាមនឹងមិនអត្តនោម័ត ធ្វេសប្រហែស បាត់បង់ការប្រុងប្រយ័ត្ន បន្តរក្សាសមត្ថភាពជាតិ សមិទ្ធផលដែលសម្រេចបាន ហើយត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត។ តាមនោះ វៀតណាមនឹងចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ ឲ្យបានសមស្របទៅនឹងជំងឺរាតត្បាតក្រុម B និងអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដើម្បីកសាងផែនការសម្រាប់ការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយចីរភាពក្នុងដំណាក់កាលឆ្នាំ ២០២៣-២០២៥ ផងដែរ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Dao Hong Lan បានឲ្យដឹងថា៖
“នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ អង្គការសុខភាពពិភពលោកបានប្រកាសថា ជំងឺរាតត្បាតកូវីដ-១៩ លែងជាភាពអាសន្នសុខភាពសាធារណៈដែលបង្កឡើងព្រួយបារម្ភជាសកលទៀតហើយ។ ក្រសួងសុខាភិបាលកំពុងសម្របសម្រួលជាមួយក្រសួង ស្ថាប័នផ្សេងៗ ដើម្បីពិនិត្យឡើងវិញនូវបទប្បញ្ញត្តិនៃច្បាប់ ពិគ្រោះបទពិសោធន៍ពីប្រទេសនានាលើពិភពលោក ហើយ
ពិនិត្យឡើងវិញនូវវិធានការជាក់ស្តែង ដើម្បីអនុវត្តការងារបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅវៀតណាម”។
ក្រោយរយៈពេល ៣ ឆ្នាំនៃការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ វៀតណាមបានគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩ ដោយផ្ទេរជំងឺនេះពីជំងឺរាតត្បាតគ្រោះថ្នាក់ពិសេសទៅជាជំងឺរាតត្បាតគ្រោះថ្នាក់។ សមិទ្ធិផលនេះគឺជាជ័យជំនះរបស់ប្រជាជនវៀតណាមទាំងមូល៕