ប្រធានរដ្ឋសភាម៉ូសំប៊ិកលោកស្រី Esperanca Laurinda Francisco Nhiuane Bias មកដល់ព្រលានយន្តហោះ Noi Bai នាព្រឹកថ្ងៃទី១៨ ខែមិថុនា។ (រូបថត៖ qdnd.vn) |
ដំណើរ ទស្សនកិច្ចនៅវៀតណាមរបស់លោកស្រីប្រធានរដ្ឋសភាម៉ូសំប៊ិកប្រព្រឹត្តទៅពីថ្ងៃទី១៨ដល់ទី២៣មិថុនា។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់លោកស្រី Esperanca Laurinda Francisco Nhiuane Bias ក្នុងនាមជាប្រធានរដ្ឋសភាម៉ូសំប៊ិកចាប់តាំងពីចូលកាន់តំណែងកាលពីខែមករាឆ្នាំ ២០២០ និងជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់ប្រធានរដ្ឋសភាម៉ូសំប៊ិកសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរផងដែរ។
សញ្ញាសម្គាល់នៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល៤៧ ឆ្នាំចាប់ពីការបង្កើតទំនាក់ទំនងការទូត
ដំណើរទស្សនកិច្ចលើកនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមនិងម៉ូសំប៊ិកប្រារព្ធខួបលើកទី៤៧ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២៥ មិថុនា ឆ្នាំ ១៩៧៥ - ថ្ងៃទី២៥ មិថុនា ឆ្នាំ២០២២)។ ក្នុងដំណើរការអភិវឌ្ឍ ប្រទេសទាំងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាង អភិវឌ្ឍសេដ្ឋកិច្ច នៅប្រទេសនីមួយៗ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ។ នាពេលថ្មីៗនេះ កាល ពីថ្ងៃទី ៦ មិថុនា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានគណៈបក្ស Frelimo និងជាប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Jacinto Nyusi។ ថ្នាក់ដឹកនាំបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាទាញយកប្រយោជន៍ឲ្យបានល្អនូវសក្តានុពល និងប្រៀបខ្លាំងរបស់ភាគីនីមួយៗ សំដៅជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម សន្តិសុខ-ការពារជាតិ ការអប់រំ-បណ្តុះបណ្តាល ទេសចរណ៍ វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន; បង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីក្នុងតំបន់និងអន្តរជាតិ ជាដើម។ លោកប្រធានាធិបតីម៉ូសំប៊ិកបានបញ្ជាក់ថា វៀតណាមជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសឆ្ពោះទៅខាងកើតរបស់ម៉ូសំប៊ិក។
ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាម-ម៉ូសំប៊ិកត្រូវបានរក្សា។ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ១៥០ លានដុល្លាអាមេរិក ដែលក្នុងនោះ វៀតណាមនាំចេញទៅម៉ូសំប៊ិកទំនិញក្នុងតម្លៃ ៩៩ លានដុល្លា ដូចជា អង្ករ ជីគ្រប់ប្រភេទ វាយនភ័ណ្ឌ ផលិតផលដែកថែប ខណៈដែលនាំចូលទំនិញក្នុងតម្លៃ៥០,៥លានដុល្លាដែលជាគ្រាប់ស្វាយចន្ទី ចំណីសត្វ ឈើ និងរ៉ែ ជាដើម។
បច្ចុប្បន្ននេះ ម៉ូសំប៊ិកជាប់ចំណាត់ថ្នាក់ទី ១១ ក្នុងចំណោមប្រទេស និងដែនដីចំនួន ៧២ ដែល វៀតណាមមានសកម្មភាពវិនិយោគ។ សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel និង Hapro (វៀតណាម) កំពុងវិនិយោគនៅម៉ូសំប៊ិក ក្នុងវិស័យទូរគមនាគមន៍ និងពាណិជ្ជកម្ម។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មក៏ត្រូវបានផ្ដោតសំខាន់ដើម្បីជំរុញផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបសន្ទនាជាមួយប្រធានរដ្ឋសភាម៉ូសំប៊ិកលោកស្រី Esperanca Laurinda Francisco Nhiuane Bias នៅកិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើកទី៥។ (រូបថត៖ TTXVN) |
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម-ម៉ូសំប៊ិក
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរត្រូវបានរក្សា ភាគច្រើនក្នុងក្របខ័ណ្ឌនៃវេទិកាសភាពហុភាគី។ នៅកិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើកទី៥ (WCSP5) នៅប្រទេសអូទ្រីស (ខែកញ្ញា ឆ្នាំ ២០២១) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាម៉ូសំប៊ិកលោកស្រី Esperanca Laurinda Francisco Nhiuane Bias។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពសភានៃប្រទេសនីមួយៗ; សម្របសម្រួលក្នុងសកម្មភាពឃ្លាំមើល ហើយជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា។ ភាគីទាំងពីរក៏បានឯកភាពជួយគាំទ្ររដ្ឋាភិបាល មូលដ្ឋាន សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ ពង្រីកការជួបប្រាស្រ័យ ជំរុញទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ នៅក្នុងជំនួបខាងលើ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា រដ្ឋនិងប្រជាជន វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីជាមួយម៉ូសំប៊ិក ដែលជាដៃគូសំខាន់មួយរបស់វៀតណាមនៅអាហ្វ្រិក។
បន្តលទ្ធផលនៃជំនួបខាងលើ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះ របស់ប្រធានរដ្ឋសភាម៉ូសំប៊ិក ប្រធានរដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តពិភាក្សាយ៉ាងស៊ីជម្រៅ ថែមទៀតអំពីវិធានការពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរឲ្យកាន់តែជាក់ស្ដែង មានប្រសិទ្ធភាព ក្លាយជាបណ្ដាញសហប្រតិបត្តិការដ៏សំខាន់ និងមានប្រសិទ្ធភាពដើម្បី ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាទាំងពីរក៏ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរផងដែរ។
ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកសិកម្មរវាងវៀតណាម -ម៉ូសំប៊ិកក៏ត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកស្រីប្រធានរដ្ឋសភា Esperanca Laurinda Francisco Nhiuane Bias រួមទាំងជំនួបសន្ទនាជាមួយសហគ្រាស វៀតណាម ដំណើរទស្សនកិច្ចនៅវិទ្យាស្ថានស្រូវតំបន់ដីសណ្តទន្លេ Cuu Long និងជំនួបធ្វើការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាម។
វៀតណាមនិងម៉ូសំប៊ិកកំពុងខិតខំប្រឹងប្រែងដើម្បីពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ ឆ្ពោះទៅខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ឆ្នាំ ២០២៥)។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភាម៉ូសំប៊ិកនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅនេះ៕