កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ សាមគ្គីភាពដើម្បីសន្តិភាពនិងការអភិវឌ្ឍ

Chia sẻ

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ ទើបតែបានបញ្ចប់នៅទីក្រុង Bagan ប្រទេស មីយ៉ាន់ម៉ា ដោយមានការចូលរួមពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។ ឆ្លងកាត់ការរៀបចំឡើងចំនួន ៧លើកមក  យន្តការកិច្ចសហប្រតិបត្តិការ MLC បានបង្ហាញឱ្យឃើញលក្ខណៈប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន្នលើគ្រប់វិស័យ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសសមាជិក កសាងសហគមន៍អាស៊ាន និងអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ សាមគ្គីភាពដើម្បីសន្តិភាពនិងការអភិវឌ្ឍ - ảnh 1កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៧ បានប្រព្រឹត្តទៅនៅទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា (រូបថត៖ កាសែតពិភពលោក និងវៀតណាម)

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែមិនាឆ្នាំ ២០១៦។ ក្នុងចំណោមយន្តការសហប្រតិបត្តិការចំនួនជាង ១០ នៅក្នុងមហាអនុតំបន់មេគង្គដែលមានស្រាប់ កិច្ចសហប្រតិបត្តិការ MLC កំពុងលេចឡើងជាមួយនឹងគុណសម្បត្តិនិងការរំពឹងទុកយ៉ាងខ្លាំង។ នេះជាយន្តការមួយដែលមានការចូលរួមពីប្រទេសទាំង ៦ នៅតាមដងទន្លេមេគង្គ-ឡានឆាង រួមមាន វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងចិន។

សន្ទុះនៃកិច្ចសហប្រតិបត្តិការ MLC នៅរក្សាបានលក្ខណៈជាក់ស្តែងប្រកបដោយប្រសិទ្ធភាព

បន្ទាប់ពីសន្ទុះនៃកិច្ចសហប្រតិបត្តិការដែលបានរៀបចំឡើង ៦ លើកមក កិច្ចសហប្រតិបត្តិការ MLC លើកទី ៧ ដែលប្រារព្ធនៅប្រទេសមីយ៉ាន់ម៉ា បានធ្វើជាសាក្សីនូវការរួមចំណែកជាវិជ្ជមានរបស់ MLC ចំពោះកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ជាពិសេសក្នុងបរិបទនៃការរីករាលដាលយ៉ាងស្មុគ្រស្មាញនៃជំងឺរាតត្បាតកូវីដ ១៩។ សន្និសីទបានអនុម័តលើសេចក្តីប្រកាសព័ត៌មានរួម និងសេចក្តីថ្លែងការណ៍រួមចំនួន ៤ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ការបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយ ការសម្របសម្រួលគយ ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងបណ្តាខឿនអរិយធម៌ក្នុង MLC ផងដែរ។

តាមនោះ កិច្ចសហប្រតិបត្តិការ MLC នាពេលខាងមុខនឹងផ្តោតលើខ្លឹមសារដូចខាងក្រោម៖ ការស្តារឡើងវិញនិងអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការពង្រឹងការតភ្ជាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល សមត្ថភាពផលិត ខ្សែសង្វាក់ផ្គត់ផ្គង់ដោយខ្លួនឯង បង្កើតការសម្របសម្រួលពាណិជ្ជកម្ម;  ការគ្រប់គ្រងគ្រោះមហន្តរាយ ការពារបរិស្ថាន ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព; ការពង្រឹងសន្តិសុខសុខាភិបាល ជាពិសេសការលើកកម្ពស់សមត្ថភាពក្នុងការគ្រប់គ្រង និងទប់ស្កាត់ជំងឺរាតត្បាត ការទូតប្រជាជនតាមរយៈសកម្មភាពវប្បធម៌ ទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ កីឡា ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងបរិបទដែលតំបន់និងពិភពលោកមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ សន្និសីទបានសង្កត់ធ្ងន់លើគោលការណ៍នៃកិច្ចសហប្រតិបត្តិការលើការឯកភាព និងសមភាព ការពិគ្រោះយោបល់គ្នាទៅវិញទៅមក ការចែករំលែកអត្ថប្រយោជន៍ និងការគោរពចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ស្តង់ដារអន្តរជាតិ ព្រមទាំងស្របតាម ច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសនីមួយៗ។ បណ្តារដ្ឋមន្ត្រី MLC បានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការ MLC ក្នុងទិសដៅបង្រួបបង្រួមទំនាក់ទំនងជាអ្នកជិតខាងល្អ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសសមាជិក ការកសាងសហគមន៍អាស៊ាន និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់មេគង្គកំពុងមើលឃើញការផ្លាស់ប្តូរយ៉ាងធំធេង។ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសជាសមាជិក អាងទន្លេមេគង្គកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថាន។ ដំណោះស្រាយជាច្រើនអំពីសេដ្ឋកិច្ច និងបច្ចេកទេសត្រូវបានស្នើឡើង។ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើនត្រូវបានបង្ហើយ។ ប្រទេសជាសមាជិកក៏បានបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការឯកទេស រៀបចំវេទិកាសន្ទនា គោលនយោបាយដែលទាក់ទាញការចូលរួមពីក្រសួង ស្ថាប័ន និងតំបន់មួយចំនួនធំនៃប្រទេសសមាជិក។

ចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៦ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅតែទទួលបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។ ក្នុងនោះ ត្រូវទទួលស្គាល់ដល់ការរៀបចំប្រកបដោយជោគជ័យនូវវេទិកាប្រភពទឹកមេគង្គ-ឡានឆាងលើកទី២; ធ្វើការស្រាវជ្រាវរួមគ្នាលើឧតុនិយម និងការងារបង្ការទប់ទល់គ្រោះមហន្តរាយ; គម្រោងជាច្រើនដែលប្រើប្រាស់មូលនិធិពិសេសមេគង្គ-ឡានឆាងក្នុងឆ្នាំ ២០២១ ត្រូវបានចុះហត្ថលេខា និងអនុវត្តន៍...។ គួរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសមេគង្គ និងប្រទេសចិននៅឆ្នាំ ២០២១ សម្រេចបានជិត ៤០០ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣% បើធៀបនឹងឆ្នាំ ២០២០ ទោះបីជាជួបប្រទះនឹងការលំបាកជាច្រើនបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។

វៀតណាមតែងតែអះអាងនូវសារៈសំខាន់និងការរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះកិច្ចសហប្រតិបត្តិការ MLC

ចាប់តាំងពីយន្តការ MLC ត្រូវបានបង្កើតមក វៀតណាមបានជម្រុញយ៉ាងសកម្ម លើការដែល MLC ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារ ការគ្រប់គ្រង ការប្រើប្រាស់ប្រភពទឹកប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ហើយចាត់ទុកថា នេះជាចំណុចសហប្រតិបត្តិការសំខាន់ក្នុងចំណោមប្រទេសទាំង ៦។ ក្នុងដំណើរការចូលរួម MLC វៀតណាមបានស្នើនូវគំនិតផ្តួចផ្តើមជាក់ស្តែងជាច្រើន ដូចជាការបង្កើតបណ្តាញទំនាក់ទំនង (hotline) ដោយសហការក្នុងការដោះស្រាយស្ថានភាពអាសន្ននៅតាមដងទន្លេមេគង្គ ហើយទទួលបានការគាំទ្រពីបណ្តាប្រទេសនិងឈានចូលការអនុវត្តជាក់ស្តែង។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ សាមគ្គីភាពដើម្បីសន្តិភាពនិងការអភិវឌ្ឍ - ảnh 2សន្និសីទនេះមានការចូលរួមពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម (រូបថត៖ កាសែតពិភពលោក និងវៀតណាម)

ក្នុងសន្និសីទលើកនេះ វៀតណាមបានស្នើឲ្យមានក្រុមសហប្រតិបត្តិការជាក់ស្តែងចំនួន ៤។ នោះគឺបង្កើនកិច្ចសហប្រតិបត្តិការគយ និងសម្រួលពាណិជ្ជកម្ម ដើម្បីដោះស្រាយការកកស្ទះនៃទំនិញ ធានាចរាចរទំនិញ និងសេវាកម្ម; លើកកម្ពស់សមត្ថភាពផលិតកម្ម និងការផ្ទុកថាមពលស្អាត អនុវត្តន៍បច្ចេកវិទ្យាខ្ពស់ក្នុងការអភិវឌ្ឍកសិកម្មឆ្លាតវៃ សម្របខ្លួនទៅនឹងអាកាសធាតុ; ជម្រុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការប្រើប្រាស់ប្រភពទឹកប្រកបដោយនិរន្តរភាព ជាពិសេសការពន្លឿនការអភិវឌ្ឍន៍ផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការប្រភពទឹក MLC ដំណាក់កាល ២០២៣-២០២៧;  ពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមរយៈការស្តារឡើងវិញ និងបើកទូលាយសកម្មភាពទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្នុងតំបន់ និងកម្មវិធីវប្បធម៌ កីឡា ប្រព័ន្ធផ្សព្វផ្សាយ កម្មវិធីពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងយុវជន។

ការរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការគឺតែងតែជាបញ្ហាប្រឈមសម្រាប់បណ្តាយន្តការពហុភាគី ដែលទាម ទារកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់។ ផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានលើបញ្ហាស្នូលនៃអនុតំបន់ ជាពិសេសបញ្ហាសន្តិសុខទឹក ជម្រុញការអភិវឌ្ឍប្រកបដោយ ចីរភាព និងតុល្យភាពគឺតែងតែជាអាទិភាពរបស់វៀតណាម៕

ប្រតិកម្មទៅវិញ