នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau (ខាងឆ្វេង) និងប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ EPA) |
នាសប្ដាហ៍មុន សហរដ្ឋអាមេរិកនិងម៉ិចស៊ីកូបានឯកភាពគ្នាលើការធ្វើវិសោធនកម្មកិច្ចព្រមព្រៀង NAFTA ដើម្បីដាក់សម្ពាធបង្កឲ្យកាណាដាត្រូវយល់ព្រមទៅនឹងមាត្រាថ្មីៗស្ដីពីសកម្មភាពពាណិជ្ជកម្មចំពោះមុខទំនិញរថយន្ត។ មិនតែប៉ុណ្ណោះ អាមេរិកនៅតែប្រកាសថា NAFTA អាចមានការចរចាដាច់ដោយឡែកជាមួយប្រទេសនីមួយៗ ឬ NAFTA មិនចាំបាច់ត្រូវមានការចូលរួមរបស់កាណាដាទៀតឡើយ។
គ្រោះអាសន្នដែល NAFTA ក្លាយទៅជាកិច្ចព្រមព្រៀងទ្វេភាគី
ចាប់តាំងពីកា្លយទៅជាប្រធានាធិបតីអាមេរិកមក លោក Trump តែងតែមានកាយវិការចង់ដកអាមេរិកឬធ្វើវិសោធនកម្មនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ប្រសិនបើវាគំរាមកំហែងទៅលើផលប្រយោជន៍ពាណិជ្ជកម្មរបស់អាមេរិក។ ការដែលអាមេរិកដាក់សម្ពាធទៅលើប្រទេសជិតខាងកាណាដាក្នុងកិច្ចចរចា NAFTAនោះ គឺមិនស្ថិតនៅក្រៅគោលដៅគាំពារពាណិជ្ជកម្មរបស់វ៉ាស៊ីនតោនឡើយ។
លោក Donald Trump បានធ្វើការគំរាមកំហែងដ៏តឹងរឹងក្រោយពីអាមេរិកនិងកាណាដាមិនទទួលបានកិច្ចព្រមព្រៀងណាមួយក្នុងកិច្ចចរចាឡើយ ដោយសារការខ្វែងគំនិតទាក់ទិនដល់បញ្ហាប្រឆាំងការលក់បង្ខូចតម្លៃ។ អាមេរិកចង់ឲ្យកាណាដាលុបចោលការកំណត់ស្ដីពីការប្រឆាំងការលក់បង្ខូចតម្លៃចំពោះមុខទំនិញទឹកដោះនិងបឺរនាំចូល ខណៈដែលកាណាដាចង់រាំងស្កាត់ការដែលអាមេរិកប្រើប្រាស់ការកំណត់ស្ដីពីការប្រឆាំងការលក់បង្ខូចតម្លៃនិងមូលហេតុខាងសន្តិសុខដើម្បីដម្លើងពន្ធទៅលើមុខទំនិញនានារបស់កាណាដា។
មុននោះ ប្រធានាធិបតីអាមេរិករូបនេះបានអះអាងថា វ៉ាស៊ីនតោននឹងមិនយល់ព្រមងកិច្ចព្រមព្រៀង NAFTA ថ្មីមួយដែលមិនអនុញ្ញាតឲ្យធ្វើការចរចាឡើងវិញក្រោយរយៈពេល៥ឆ្នាំម្ដងទេ។ ម្ចាស់សេតវិមានក៏បញ្ជាក់ថា វ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង NAFTA នាបច្ចុប្បន្ន ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយឡែកជាមួយកាណាដានិងម៉ិចស៊ីកូផងដែរ។
រាល់សេចក្ដីប្រកាសដ៏តឹងរឹងរបស់លោក Trump ត្រូវបានធ្វើឡើងក្នុងបរិបទដែលសហរដ្ឋ អាមេរិកនិងម៉ិចស៊ីកូបានទទួលការព្រមព្រៀងជាសារវ័ន្តនាពេលថ្មីៗនេះ។ សាធារណៈមតិកំពុងឆ្ងល់ថា តើការគំរាមកំហែងរបស់លោក Trump អាចក្លាយទៅជាការពិតដែរឬទេ ដើម្បីនាំ NAFTA ក្លាយទៅជាល្បែងមួយរវាងអាមេរិកនិងម៉ិចស៊ីកូតែប៉ុណ្ណោះ?
មិនងាយដើម្បីកាណាដាឈរនៅខាងក្រៅល្បែងនេះឡើយ
តាមមជ្ឈដ្ឋានអ្នកវិភាគថា លោក Donald Trump អាចអនុវត្តន៍ការគំរាមកំហែងរបស់ខ្លួន ប្រសិនបើឈរលើវិស័យគតិយុត្ត។ ប៉ុន្តែលើវិស័យនយោបាយ នោះនឹងជាការបោះជំហានមិនងាយស្រួលជាមិនខាន។ ផលប្រយោជន៍សេដ្ឋកិច្ចក៏ជាកត្តាដែលអាមេរិកត្រូវពិចារណាយ៉ាងហ្មត់ចត់ ប្រសិនបើចង់ពន្លឿនកិច្ចព្រមព្រៀង NAFTA មួយដែលគ្មានការចូលរួមរបស់កាណាដាផងដែរ។
ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ដោយការកំណត់ដែលលុបចោលពន្ធដារសឹងតែទាំងអស់រវាងអាមេរិក កាណាដានិងម៉ិចស៊ីកូនោះ NAFTA បានរួមចំណែកកំណត់ទិសដៅឡើងវិញសម្រាប់វិស័យផលិតកម្មនៃប្រទេសទាំងបី។ អាចឃើញថា វិស័យផលិតកម្មភាគច្រើនរបស់អាមេរិកនិងកាណាដាសុទ្ធតែមានការជាប់ទាក់ទិនគ្នាយ៉ាងស្និទស្នាលជាងប្រទេសផ្សេងណាក៏ដោយលើពិភពលោក។ កាណាដាឥឡូវជាទីផ្សារនាំចូលធំបំផុតរបស់អាមេរិកក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ ប្រសិនបើលោក Trump ពិតជាបណ្ដេញកាណាដាចេញពីកិច្ចព្រមព្រៀង NAFTA ហើយដម្លើងពន្ធប្រមាណ២៥%ទៅលើរថយន្តដែលបានផលិតនៅកាណាដានោះ គឺប្រការនេះនឹងជះឥទ្ធិពលអវិជ្ជមានទៅលើក្រុមហ៊ុនផលិតកម្មនិងអតិថិជនអាមេរិក។ ហើយប្រការសំខាន់មួយទៀតគឺ កិច្ចព្រមព្រៀង NAFTA ថ្មីមួយដែលមានការចូលរួមរបស់ប្រទេសអាមេរិកខាងជើងទាំងបី ទើបបង្កើតឡើងកម្លាំងប្រកួតប្រជែងដ៏គ្រប់គ្រាន់ចំពោះមុខក្រុមហ៊ុនផលិតកម្មអាស៊ីនិងអឺរ៉ុប។
ក្រៅពីនោះ លោក Trump និងគណៈបក្សសាធារណៈរដ្ឋនឹងចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឡើងវិញនាខែវិច្ឆិកាខាងមុខ ។ ដោយហេតុនេះ កិច្ចព្រមព្រៀងទ្វេភាគីមួយ អាចត្រូវប្រឈមមុខនឹងការប្រឆាំងជំទាស់ក្នុងរដ្ឋសភាអាមេរិក។
ដោយហេតុនេះ អាមេរិកនិងកាណាដានឹងខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀង NAFTA ត្រីភាគីមួយ។ ឥឡូវនេះ នៅតែមានរយៈពេល៨០ថ្ងៃទៀតទើបដល់កាលកំណត់ចុងក្រោយដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង NAFTA ថ្មី។ ក្នុងរយៈពេលនេះ អាមេរិកនិងកាណាដានៅមានឱកាសជាច្រើនដើម្បីដោះស្រាយការខ្វែងគំនិតដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀង NAFTA ធ្វើវិសោធនកម្មរវាងភាគីទាំងបី៕