ដោយមានប្រធានបទ "បង្កើនពហុភាគីនិយមដើម្បីការអភិវឌ្ឍន៍និងសន្តិសុខសកលដោយយុត្តិធម៌" កិច្ចប្រជុំកំពូល BRICS នៅឆ្នាំនេះ នៅប្រទេសរុស្ស៊ីបានប្រមូលផ្តុំមេដឹកនាំជាន់ខ្ពស់នៃប្រទេសសមាជិក BRICS ចំនួន ៩ (រុស្ស៊ី ប្រេស៊ីល ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ UAE) រួមជាមួយនឹងមេដឹកនាំប្រទេសជាដៃគូនិងអង្គការអន្តរជាតិជាង ២០។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ មុនពេលកិច្ចប្រជុំកំពូល BRICS។ (រូបថត៖ RIA NOVOSTI) |
ឋានៈកំពុងកើនឡើង
ការជ្រើសរើសប្រធានបទសម្រាប់កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះបង្ហាញយ៉ាងច្បាស់អំពីសកម្មភាពអាទិភាពដែលប្រទេសម្ចាស់ផ្ទះរុស្ស៊ីចង់ជម្រុញ ដែលទាក់ទងនឹងប្រធានបទសំខាន់ៗចំនួនបី រួមមានៈ នយោបាយ-សន្តិសុខ; សេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងវប្បធម៌-មនុស្សធម៌។ ថ្លែងមតិនៅសន្និសីទសារព័ត៌មានមុនជំនួបកំពូល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា BRICS កំពុងដើរតួនាទីកាន់តែធំក្នុងទំនាក់ទំនងអន្តរជាតិ ដោយបានបង្ហាញតាមគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ អភិបាលកិច្ច សន្តិសុខ ក៏ដូចជាការជម្រុញការជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាខឿនវប្បធម៌។ ទាក់ទងនឹងសេដ្ឋកិច្ច វិស័យមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតនិងអភិវឌ្ឍន៍របស់ BRICS តួនាទីកើនឡើងរបស់ BRICS ត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតនៅក្នុងសមាមាត្រនៃប្លុកនេះនៅក្នុងសេដ្ឋកិច្ចពិភពលោក ក៏ដូចជាម៉ាស៊ីនកំណើនដែលប្លុកនេះបង្កើតឡើង។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា៖
"ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ កំណើន GDP សកលជាង ៤០% បានមកពីបណ្តាប្រទេស BRICS ហើយយោងតាមតួលេខបច្ចុប្បន្នរបស់ឆ្នាំនេះ កំណើនសេដ្ឋកិច្ចជាមធ្យមរបស់ប្រទេស BRICS គឺ ៤% ខ្ពស់ជាងកំណើនជាមធ្យមនៃក្រុម G7 នៃបណ្តាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ គឺ ១,៧% និងខ្ពស់ជាងការព្យាករណ៍កំណើនសកលជាមធ្យម គឺ ៣,២%”។
ប្រការដែលសំខាន់ជាងនេះទៅទៀត បើយោងតាមអ្នកជំនាញជាច្រើនគឺថា BRICS កំពុងសុក្រិត្តអំពីស្ថាប័ន និងយុទ្ធសាស្រ្តរបស់ខ្លួនប្រកបដោយមានជំហរភូមិសាស្ត្រនយោបាយធំជាង ដោយងាកចេញពីតួនាទីដំបូងរបស់ខ្លួនជាប្លុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសដែលទើបលេចចេញ។ ចាប់តាំងពីកិច្ចប្រជុំកំពូល BRICS កាលពីឆ្នាំមុននៅអាហ្រ្វិកខាងត្បូង ប្លុកនេះបានទទួលយកសមាជិកចំនួន ៤ បន្ថែមទៀត ហើយបច្ចុប្បន្នប្រទេសជាច្រើនទៀតដូចជា ទួរគី ថៃ គុយបា ... ក៏បានបង្ហាញជាសាធារណៈនូវបំណងចង់ចូលរួម BRICS ផងដែរ។ ពីការផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច BRICS បានចាប់ផ្តើមពិភាក្សាអំពីផែនការដែលមានមហិច្ឆតាជាងក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុថ្មី ឬយន្តការកិច្ចសហប្រតិបត្តិការសន្តិសុខថ្មី ដើម្បីបង្កើតជំហរមានតុល្យភាពជាងមុននៅក្នុងលំដាប់សេដ្ឋកិច្ច-នយោបាយដែលបណ្តាប្រទេសលោកខាងលិចនៅតែដើរតួយ៉ាងសំខាន់។ លោក Raymond Matlala ប្រធានសមាគមយុវជន BRICS នៃអាហ្វ្រិកខាងត្បូង បានវាយតម្លៃថា៖
““BRICS គឺជាសម្លេងនៃពិភពលោកទិសខាងត្បូង នៅក្នុងយន្តការពហុភាគីដែលគ្រប់គ្រងដោយលោកខាងលិច។ គ្មានយន្តការ ឬអង្គការណាដែលអាចរំដោះពិភពលោកខាងត្បូងចេញពីសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នបានទេ។ មានតែប្រទេស BRICS ដែលមានសម្លេង និងកិច្ចសហប្រតិបត្តិការរឹងមាំប៉ុណ្ណោះ ដែលអាចធ្វើបាន”។
តំបន់ដែលកិច្ចប្រជុំកំពូល BRICS ត្រូវបានធ្វើឡើងនៅ Kazan ដែលបានថតនៅថ្ងៃទី ២១ ខែតុលា។ (រូបថត៖ Reuters) |
អភិវឌ្ឍន៍យុទ្ធសាស្ត្រថ្មី
ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើតថានៈសមធម៌ជាងសម្រាប់ពិភពលោកទិសខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូល BRICS ឆ្នាំនេះ ប្រធានបទសំខាន់មួយដែលត្រូវបាន មេដឹកនាំ BRICS លើកមកពិភាក្សា គឺការកសាងប្រព័ន្ធទូទាត់អន្តរជាតិថ្មី ឯករាជ្យពីប្រព័ន្ធទូទាត់អន្តរជាតិបច្ចុប្បន្ន គ្រប់គ្រងដោយធនាគារលោកខាងលិច និងស្ថាប័នហិរញ្ញវត្ថុ។ ផែនការនេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រទេសម្ចាស់ផ្ទះរុស្ស៊ី ជាប្រទេសដែលកំពុងទទួលរងទណ្ឌកម្មជាច្រើនពីលោកខាងលិច ចាប់តាំងពីការផ្ទុះជម្លោះនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រដែលត្រូវបានសមាជិក BRICS គាំទ្រទៀតផង ដោយសារតែប្រទេសទាំងនេះមិនចង់ពឹងផ្អែកខ្លាំងពេកលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច ហើយទទួលរងហានិភ័យពីការសម្រេចចិត្តឯកតោភាគីនាពេលអនាគត។
តាមពិតទៅ ប្រធានបទនេះត្រូវបាន BRICS លើកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុននៅអាហ្វ្រិកខាងត្បូង ហើយក្រៅពីមហិច្ឆតាក្នុងការកសាងប្រព័ន្ធទូទាត់អន្តរជាតិថ្មី មតិមួយចំនួននៅក្នុង BRICS ក៏បានលើកឡើងពីការកសាងប្រព័ន្ធទូទាត់អន្តរជាតិថ្មីដែលជារូបិយប័ណ្ណរួមសម្រាប់ BRICS ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានចាត់ទុកថា នៅក្នុងបរិបទនៃអស្ថិរភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចក្នុងពិភពលោកនាពេលបច្ចុប្បន្ន ក្នុងពេលជាមួយគ្នានេះ BRICS ខ្លួន មិនមានការឯកភាពផ្ទៃក្នុងពិតប្រាកដទេ ដូច្នេះបណ្តាប្រទេស BRICS នឹងធ្វើសកម្មភាពដោយប្រុងប្រយ័ត្នក្នុងការបង្កើតស្ថាប័ន ឬប្រព័ន្ធថ្មីដែលប្រឈមមុខនឹងលោកទិសខាងលិចដោយផ្ទាល់។ Theresa Fallon ស្ថាបនិកមជ្ឈមណ្ឌលស្រាវជ្រាវរុស្ស៊ី អឺរ៉ុប និងអាស៊ីនៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) បានអធិប្បាយថា៖
“មានប្រទេសពីរនៅក្នុងក្រុម BRICS បើកទូលាយបច្ចុប្បន្ន ដែលចង់កសាង ឬរក្សាទិដ្ឋភាពមិនចូលបក្សសម្ព័ន្ធ នោះគឺ៖ ប្រេស៊ីល និងឥណ្ឌា។ ដូច្នេះ ចាំមើលថា តើ BRICS ដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា”។
ប្រធានបទធំមួយទៀតដែលមេដឹកនាំ BRICS ត្រូវពិភាក្សានៅទីក្រុង Kazan គឺការបញ្ចូលសមាជិកថ្មី។ នៅក្នុងសេចក្តីប្រកាសមួយមិនយូរប៉ុន្មាន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចាត់ទុកថា BRICS ចាំបាច់ត្រូវផ្អាកការបញ្ជូលសមាជិកថ្មីជាបណ្តោះអាសន្ន ក្នុងរយៈពេលមួយ ដើម្បីធ្វើឱ្យអង្គការមានស្ថិរភាព និងកំណត់គោលដៅយុទ្ធសាស្ត្ររួម។ យ៉ាងណាមិញ នាពេលថ្មីៗនេះ ប្រទេសជាច្រើននៅតែបង្ហាញជាសាធារណៈនូវបំណងចង់ចូលរួមជាមួយ BRICS ក្នុងពេលឆាប់ៗនេះ ដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺទួរគីជាសមាជិកនៃប្លុកយោធានៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងជាបេក្ខភាពចូលរួមជាមួយសហភាពអឺរ៉ុប (EU)។ ការដាក់បញ្ជូលសមាជិកដូចជា ទួរគី អាចបង្កើនអំណាចនយោបាយ និងសេដ្ឋកិច្ចសម្រាប់ BRICS យ៉ាងឆាប់រហ័ស ប៉ុន្តែក៏អាចបង្កបញ្ហាជាយុទ្ធសាស្ត្ររយៈពេលវែងដ៏លំបាកផងដែរ នៅពេលដែល BRICS ចង់កសាងឋានៈ និងអត្តសញ្ញាណផ្ទាល់ខ្លួន ដោយបម្រើផលប្រយោជន៍ជាចម្បងរបស់ពិភពលោកទិសខាងត្បូងប៉ុណ្ណោះ៕